មន្ត្រីមួយរូបបានមានប្រសាសន៍ថា ក្រសួងព័ត៌មានបានចេញបទបញ្ជាមិនឲ្យស្ថានីយវិទ្យុក្នុងស្រុកចាក់ផ្សាយបន្ដនូវកម្មវិធីពីវិទ្យុ ដែលគាំទ្រដោយសហរដ្ឋមេរិក និយាយអំពីការបោះឆ្នោតនៅចុងសប្ដាហ៍នេះទេ។
វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ដែលជាវិទ្យុផ្លូវការរបស់រដ្ឋាភិបាលអាមេរិកនិងវិទ្យុអាស៊ីសេរី (RFA) ដែលជាស្ថានីយវិទ្យុមួយឧបត្ថម្ភមួយផ្នែកដោយរដ្ឋាភិបាលអាមេរិក ដែរនោះ សុទ្ធតែមានគម្រោងផ្សាយជាភាសាខ្មែរ ត្រូវផ្អាកការផ្សាយរបស់ខ្លួនដោយគ្មានការជូនដំណឹងឡើយ។
លោកប៊ុតបូវុធអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍របស់ក្រសួងព័ត៌មាន មានប្រសាសន៍កាលពីម្សិលមិញថា មន្ត្រីក្រសួងបានស្នើកុំឲ្យស្ថានីយវិទ្យុ FM ក្នុងស្រុកផ្អាកការចាក់ផ្សាយកម្មវិធីរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក និងអាស៊ីសេរី ព្រោះវិទ្យុទាំងពីរជាវិទ្យុបរទេស ហេតុដូច្នេះហើយ “វាមិនស្ថិតនៅក្រោមច្បាប់របស់យើងទេ”។
លោកប៊ុតបូវុធបានលើកឡើងថា“យើងហាមឃាត់មិនឲ្យស្ថានីយវិទ្យុទាំងនេះចាក់ផ្សាយ ពីព្រោះយើងខ្លាចថា វិទ្យុទាំងនេះនឹងផ្សាយព័ត៌មានលម្អៀងអំពីដំណើរការបោះឆ្នោតឃុំ-សង្កាត់េនះ”។
លោកបានមានប្រសាសន៍ថាមជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា វិទ្យុសម្បុកឃ្មុំ វិទ្យុសារិកានិងវិទ្យុ FM ៩០ក្នុងរាជធានីភ្នំពេញ ក៏ដូចជាវិទ្យុអង្គររដ្ឋាក្នុងខេត្ដសៀមរាប ត្រូវបានគេប្រាប់មិនឲ្យចាក់ផ្សាយពីកម្មវិធីរបស់វិទ្យុអាស៊ីសេរី ឬវិទ្យុសំឡេងសហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះទេ។
លោកខៀវសួនអគ្គនាយកវិទ្យុ FM៩០ដែលជាតំណាងតែមួយគត់នៅក្នុងចំណោមស្ថានីយវិទ្យុទាំងនេះ បានយល់ព្រមធ្វើអត្ថាធិប្បាយអំពីបទបញ្ជារបស់រដ្ឋាភិបាល បានមានប្រសាសន៍ថា ស្ថានីយវិទ្យុរបស់លោកគ្មានជម្រើសក្រៅពីធ្វើតាមសំណើរបស់ក្រសួងព័ត៌មាននោះទេ។ លោកបានមានប្រាសាសន៍ថា “ ប្រសិនយើងមិនព្រមបិទ គេនឹងប្រើកម្លាំងបិទដោយផ្ទាល់”។
លោកហ៊ួតវុទ្ធីប្រធានការិយាល័យប្រចាំនៅកម្ពុជារបស់វិទ្យុអាស៊ីសេរី មានប្រសាសន៍ថាលោកប៊ុតបូវុធបានប្រាប់លោកថាកម្មវិធី
របស់វិទ្យុអាស៊ីសេរី “ ជ្រៀតជ្រែកដល់ការបោះឆ្នោតឃុំ-សង្កាត់”។
លោកគ្រីសដេឈឺត (Chris Decherd) ប្រធានវិទ្យុសំឡេងសហរដ្ឋអាមេរិកផ្នែកភាសាខ្មែរ មានប្រសាសន៍ថា ក្រសួងព័ត៌មាន
មិនបានទាក់ទងលោកដោយផ្ទាល់អំពីបទបញ្ជាមិនឲ្យចាក់ផ្សាយកម្មវិធីរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិកនោះទេ។
លោក ដេឈឺត បានលើកឡើងកាលពីម្សិលមិញថា “ វាស្ថិតនៅក្រៅការគ្រប់គ្រងរបស់យើង។ថ្ងៃនេះជាថ្ងៃសំខាន់មួយសម្រាប់
ប្រទេសកម្ពុជានៅក្នុងការកសាងស្ថាប័ណ្ណនេះជាយូរមកហើយ និងដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ។យើងមានកម្មវិធីសំខាន់
សម្រាប់ផ្សាយនៅយប់នេះ ហើយការផ្សាយនេះមានបំណងបម្រើប្រជាជនកម្ពុជាដូច្នេះហើយវាជារឿងគួរឲ្យសោកស្ដាយណាស់ប្រសិនបើកម្មវិធីនេះមិនត្រូវបានផ្សាយឲ្យប្រជាពលរដ្ឋកម្ពុជាបានដឹងទេនោះ”។
លោក ដេឈឺត បានលើកឡើងថា វិទ្យុសំឡេងសហរដ្ឋអាមេរិកនឹងនៅតែផ្សាយតាមរលកធាតុអាកាសកម្ពស់ទាប និងកម្ពស់មធ្យមនៅទូទាំងប្រទេសកម្ពុជា ប៉ុន្ដែលោកបានបន្ដថាជាងពាក់កណ្ដាលនៃប្រជាពលរដ្ឋកម្ពុជាស្ដាប់វិទ្យុសំឡេងសហរដ្ឋអាមេរិកតាមរយៈស្ថានីយវិទ្យុ FM ។
លោកសៀនម៉ាកអុិនតុស (Sean McIntosh) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ បានលើកឡើងតាមអីុម៉េលថា ស្ថានទូតសហរដ្ឋអាមេរិក “កំពុងប្រមូលព័ត៌មានទាំងអស់អំពីស្ថានការណ៍នេះ”។
កាលពីព្រឹកម្សិលមិញវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដែលជាវិទ្យុរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចាប់ផ្ដើមផ្សាយផ្ទាល់រយៈពេលបួនម៉ោងកន្លះ គឺនៅម៉ោង៥ និង៣០ព្រឹកតាមវិទ្យុសារិការFM ១០៦.៥ក្នុងរាជធានីភ្នំពេញ ប៉ុន្ដែការផ្សាយផ្ទាល់នេះត្រូវបានកាត់ផ្ដាច់ទៅវិញនៅម៉ោង៨និង៣៥នាទីព្រឹក។
លោក អៀត ដារ៉ាវុធ និពន្ធនាយកជាន់ខ្ពស់វិទ្យុសំឡេងប្រជាធិបតេយ្យបានថ្លែងថា “ក្រសួងព័ត៌មានបានទូរស័ព្ទប្រាប់យើងឲ្យបញ្ឈប់ការផ្សាយអំពីភាពមិនប្រក្រតីនៃការបោះឆ្នោត ដូចជាប្រជាពលរដ្ឋរកមិនឃើញឈ្មោះរបស់ពួកគាត់នៅមជ្ឈមណ្ឌលបោះឆ្នោត ហើយមានជនជាតិវៀតណាម ដែលមិននិយាយខ្មែរច្បាស់ទៅបោះឆ្នោត”។
លោក ប៉ាងួនទៀងនាយកគ្រប់គ្រងវិទ្យុសំឡេងប្រជាធិបតេយ្យបានលើកឡើងថាការចាក់ផ្សាយមួយផ្សេងទៀតកាលពីព្រឹកម្សិលមិញ តាមវិទ្យុអង្គររដ្ឋា ក្នុងខេត្តសៀមរាប ក៏ត្រូវបានលុបចោលដែរ ដោយលោកកែវ រដ្ឋា ម្ចាស់ស្ថានីយវិទ្យុនេះបានអះអាងថាអង់តែនស្ថានីយវិទ្យុរបស់លោកខូច។
លោកប៊ុតបូវុធបានមានប្រសាសន៍ថាក្រសួងរបស់លោកមិនបានហាមវិទ្យុសំឡេងប្រជាធិបតេយ្យមិនឲ្យធ្វើការផ្សាយនោះទេ ប៉ុន្ដែក្រសួងរបស់លោកបានស្នើឲ្យពួកគេបញ្ឈប់ការផ្សាយរិះគន់ចំពោះគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។លោកបានបន្ថែមថា វិទ្យុសំឡេងប្រជាធិបតេយ្យមិនគួរផ្សាយព័ត៌មានអំពីការបណ្ដេញប្រជាពលរដ្ឋចេញពីសហគមន៍បឹងកក់ និងសហគមន៍បុរីកីឡា នៅពេលជិតដល់ថ្ងៃបោះឆ្នោតឃុំ-សង្កាត់នោះទេ។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា វាជាការត្រឹមត្រូវហើយក្នុងការហាមឃាត់ការផ្សាយណា ដែលអាចបង្កឲ្យមានការយល់ច្រឡំ អំឡុងការបោះឆ្នោតឃុំ-សង្កាត់។
លោកបានលើកឡើងថា “ខ្ញុំដឹងថា វិទ្យុពីរទៅបីបានផ្សាយព័ត៌មានអវិជ្ជមានជាច្រើនអំពីរដ្ឋាភិបាល ដែលជាព័ត៌មានលម្អៀង។ ខ្ញុំគិតថា ក្រសួងព័ត៌មានអនុវត្តតាមគោលការណ៍គ.ជ.ប”។
លោក ហង្ស ពុទ្ធា ប្រធានគណៈកម្មាធិការអព្យាក្រឹត និងមិនលម្អៀងសម្រាប់ការបោះឆ្នោតដោយសេរីនៅកម្ពុជាមានប្រសាសន៍ថាបម្រាមមិនឲ្យចាក់ផ្សាយព័ត៌មានតាមវិទ្យុេនះគឺជាការចាប់ពិរុទ្ធ។ លោកបានមានប្រសាសន៍ថា “ [ស្ថានីយវិទ្យុទាំងេនះ] មិនលម្អៀងនោះទេ។ស្ថានីយទាំងនោះផ្ដោតលើវិជ្ជាជីវៈរបស់ខ្លួន”។
លោកហង្សពុទ្ធាបានបន្ថែមថាស្ថានីយវិទ្យុ និងស្ថានីយទូរទស្សន៍ផ្សេងៗទៀតដែលមិនបានបញ្ឈប់ការផ្សាយរបស់ខ្លួនអំពីការបោះឆ្នោតឃុំ-សង្កាត់នោះ “ផ្សាយតែសកម្មភាពរបស់រដ្ឋាភិបាល និងសកម្មភាពរបស់គណបក្សកាន់អំណាចតែប៉ុណ្ណោះ”៕
ប្រែសម្រួលដោយ ស៊ាស៊ុយឈាង