28 C
Phnom Penh

សាលា​​​រាជធានីភ្នំពេញ​ដំ​ឡើង​កាមេរា៉​សុវត្ថិភាព​ដើម្បី​ត្រួត​ពិនិត្យ​​ការ​កកស្ទះ​ចរាចរ​​ណ៍ក្នុង​រាជធានី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​និង​បុគ្គលិក​នៅ​ក្រុមហ៊ុន​​ផ្តល់​សេវា​អីុនធើណិត បាន​​ឲ្យ​ដឹង​កាលពី​សបា្តហ៍​មុន​ថា ​សាលា​រាជធានីភ្នំពេញ​បាន​ដំឡើង​កាមេរា៉​សុវត្ថិភាព​ថ្មី​ចំនួន​ប្រាំ​នៅ​​ចំណុច​ផ្លូវ​ប្រសព្វ​​សំខាន់ៗនៅ​ទូទាំង​រាជ​ធានី​​ ដើម្បី​ជួយ​សម្រួល​ដល់​​​មន្ត្រីនគរបាលក្នុង​ការត្រួត​ពិនិត្យ​ផ្លូវ​ដែល​​មាន​ការ​កក​ស្ទះ​ខ្លាំង​។

លោក Paul Blanch-Horgan នាយក​ប្រតិបត្តិ​​នៃ​ក្រុមហ៊ុន ​EZECOM ដែល​ជា​ក្រុម​ហ៊ុន​ផ្តល់​​​សេវា​អុីនធើ​ណិត និង​ជា​ក្រុម​ហ៊ុន​ដំឡើង​កាមេរ៉ាទាំង​នេះ​​​បាន​​មាន​​ប្រសាសន៍​ថា គេ​បាន​ជ្រើសរើស​កន្លែង​ទាំង​ប្រាំ​នេះ​ដោយ​សារតែ​មាន​ការ​កកស្ទះ​ខ្លាំង​ ហើយ​ត្រូវ​ដំឡើង​​​កាមេរ៉ា​តាម​សំណើ​​របស់​​នគរ​បាល​ចរាចរ​។

កាមេរ៉ា​ថ្មី​ទាំង​េនះ​​ត្រូវ​បាន​​ដំឡើងកាល​ពី​ខែ​មករា​ នៅ​រង្វង់​មូល​​ជិត​គម្រោង​សាង​សង់​អចលន​ទ្រព្យ​​​ កាំកូស៊ីធី (Camko City)​ក្នុង​ខណ្ឌ​ប្ញស្សីកែវ​ នៅ​​មុខ​ផ្សារ​សីុដនី​​ ​តាម​មហា​វីថី​​កម្ពុជា​ក្រោម​ ​ ​ស្ពាន​អាកាស​​តាម​បណ្តោយ​​មហា​វិថី​សហព័ន្ធរុស្សី​ ​ផ្លូវ​ប្រសព្វ​នៃ​មហា​​​វិថីព្រះមុនីរេ៉ត និង​​មហាវិថី​ព្រះសីហនុ​ និង​​​​ចំណុច​ប្រសព្វ​​ទាំង​បួន​​រវាងផ្លូវ​ជាតិ​លេខ​៣ ​ផ្លូវ​ជាតិលេខ៤ ​មហាវិថី​សហព័ន្ធ​រុស្សុីនិងផ្លូវចោមចៅ​ លោក Blanche-Horgan បាន​លើក​ឡើង​តាម​អីុម៉េលថា “ប្រសិន​បើមើល​ឃើញ​​​​ករណី​គ្រោះថ្នាក់​ ចរាចរណ៍​តាម​កាមេរ៉ានោះ យើងសង្ឃឹមថា វា​អាច​ផ្តល់​របាយ​ការណ៍​​ដ៏​មាន​ប្រយោជន៍ ដូច​ដែល​គេ​​បាន​ប្រើ​កាមេរ៉ា​​បែប​នេះ​នៅ​ទូ​ទាំង​ពិភព​លោក”។

លោក​ សោម ​ឆាយា អគ្គ​​នាយករង​​ស្ថានីយ​​ទូរទស្សន៍ CTN ថ្លែង​ថាទូរទស្សន៍​ CTN​ ​​​​​​​ផ្សព្វ​​​ផ្សាយ​រូប​ភាព​ពី​កាមេរ៉ា​ទាំង​នេះ​ជា​ទៀងទាត់​​​​ចន្លោះពី​​ម៉ោង​៦ព្រឹកដល់ម៉ោង​៩ព្រឹក ​​​​ដើម្បី​ជួយ​សម្រួលដល់​ប្រជាពលរដ្ឋ​ដែល​​ធ្វើ​ដំណើរ​ទៅ​ធ្វើការពេលព្រឹក។ ​ឥឡូវ​ ​មាន​កាមេរ៉ា​​ចំនួន​​​​១០​ ហើយ​នៅ​​ទូទាំង​រាជ​ធានីភ្នំពេញ៕

ប្រែសម្រួលដោយ ថូណារឿន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស