ខណៈពេលលទ្ធផលបឋមពីការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃអាទិត្យបង្ហាញថា គណបក្ស សម រង្ស៊ី បានទទួលសម្លេងឆ្នោតច្រើនក្នុងទីក្រុងនោះ តាមពិតគណបក្ស សម រង្ស៊ី បានបាត់បង់តំណែងចៅសង្កាត់ទាំងបីនៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែ គណបក្សនេះ ទំនងទទួលបានអាសនៈច្រើននៅតាមតំបន់ជនបទ ដែលជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លី។
អ្នកវិភាគលើកឡើងកាលពីម្សិលមិញថា បើទោះជាតួលេខនេះជាលទ្ធផលបឋម និងមិនគួរឲ្យជឿជាក់ក៏ដោយ ក៏លទ្ធផលដំបូងទំនងជាមានការប្រែប្រួលក្នុងចំណោមអ្នកបោះឆ្នោតនៅតាមជនបទ ទីដែលមានការបាត់បង់ដីប្រជាពលរដ្ឋ ដោយសារតែសម្បទានដីសេដ្ឋកិច្ច។
លទ្ធផលបឋមនេះបង្ហាញថា គណបក្ស សមរង្ស៊ីបានទទួលអាសនៈច្រើននៅក្នុងឃុំដែលមានវិវាទដីធ្លីក្នុងខេត្តរតនគិរី ក្រចេះ កោះកុង បន្ទាយមានជ័យ និងកំពង់ឆ្នាំង។
នៅក្នុងឃុំស្រែចានិងឃុំស្នួលដែលស្ថិតនៅក្នុងស្រុកស្នួលខេត្តក្រចេះនោះ អ្នកភូមិបាននិងកំពុងតែមានវិវាទជាមួយក្រុមហ៊ុនចម្ការកៅស៊ូបីអស់រយៈពេលជាងបួនឆ្នាំមកហើយ។ ក្នុងឃុំនីមួយៗក្នុងចំណោមឃុំទាំងពីរនេះ គណបក្ស សមរង្ស៊ីទទួលបានអាសនៈក្រុមប្រឹក្សាឃុំមួយ។
បើទោះជាគណបក្សនេះគ្មានតំណែងមុនការបោះឆ្នោតនៅក្នុងឃុំចងក្រង ស្រុកចិត្តបុរី ក៏ដូចជាក្នុងឃុំអូរគ្រៀង ឃុំក្បាលដំរី និងឃុំរលួសមានជ័យ ក្នុងស្រុកសំបូរ ក៏ដោយក៏នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យគណបក្សនេះបានទទួលអាសនៈមួយក្នុងឃុំនីមួយៗក្នុងចំណោមឃុំទាំងបួននេះដែរ។ ឃុំទាំងបួននេះជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លីជាមួយក្រុមហ៊ុនសម្បទានដីចំនួនបី មកពីប្រទេសចិន និងប្រទេសវៀតណាម។
លោក ឡុងរីសមាជិកសភាគណបក្ស សម រង្ស៊ីដែលជាប្រធានគណបក្សខេត្តដែរនោះបានថ្លែងថា “ យើងទទួលបានអាសនៈថែមទៀតក្នុងឃុំ ដែលមានជម្លោះដីធ្លីច្រើន ជាមួយក្រុមហ៊ុនដែលទទួលបានសម្បទានដីសេដ្ឋកិច្ច និងអ្នកជំនួញដែលមានអំណាច។ យើងទទួលបាន៧៥អាសនៈ គឺកើនឡើងពី៧២អាសនៈក្នុងឆ្នាំ២០០៧”។ បើទោះជាទទួលបានអាសនៈច្រើននៅជនបទក៏ដោយ ក៏លោក ឡុង រីទទួលស្គាល់ថា បក្ស សមរង្ស៊ី បាត់បង់អាសនៈក្រុមប្រឹក្សា ចំនួនពីរដែរ ក្នុងក្រុងក្រចេះ។ លោកថ្លែងថា “ យើងបាត់បង់អាសនៈនៅតាមក្រុង”។ នៅក្នុងខេត្តកោះកុងឯណោះវិញក៏មានលទ្ធផលស្រដៀងគ្នានេះដែរ គឺគណបក្ស សមរង្ស៊ីទទួលបានប្រាំអាសនៈបន្ថែមពីលើ២០អាសនៈដែលខ្លួនមានបច្ចុប្បន្ន។
លោក ជិនសុផលប្រធានគណបក្ស សមរង្ស៊ីប្រចាំខេត្តកោះកុងបានថ្លែងថា “ អាសនៈថ្មីដែលយើងទទួលបាននេះត្រូវបានប្រជាពលរដ្ឋ ក្នុងតំបន់មានវិវាទដីធ្លីរុាំរ៉ៃបោះឲ្យ”។ នៅក្នុងខេត្តរតនគិរីវិញ គណបក្សនេះក៏ទទួលបានអាសនៈក្រុមប្រឹក្សាច្រើនដែរ គឺកើនឡើងពី២១ដល់៣៥អាសនៈ។ លោករិនកញ្ញាប្រធានក្រុមប្រឹក្សាខេត្តរតនគិរីរបស់គណបក្ស សមរង្ស៊ីបានថ្លែងថា “ នៅឆ្នាំនេះ យើងទទួលបានអាសនៈថ្មីជាច្រើនពីអ្នកបោះឆ្នោតដែលជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លីយូរមកហើយជាមួយនឹងក្រុមហ៊ុននិងបុគ្គលដែលមានខ្នងក្រាស់…។ យើងទទួល
បានអាសនៈច្រើនក្នុងការបោះឆ្នោតនេះ បើទោះជាប្រជាពលរដ្ឋមិនអាចបោះឆ្នោត ដោយឆន្ទៈរបស់ខ្លួនទាំងស្រុងក៏ដោយ”។ លោក ស្វេន វ៉េវ អ្នកភូមិជនជាតិដើមភាគតិចទំពួន ដែលបានជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីមួយនៅឃុំបាតាង ស្រុកលំផាត់ ជាមួយក្រុមហ៊ុន DM គ្រុបដែលមានខ្នងក្រាស់ អស់រយៈពេលច្រើនឆ្នាំមកហើយនោះបានមានប្រសាសន៍ថាការផ្ដាច់ទំនាក់ទំនងនយោបាយ
របស់លោកពីគណបក្សប្រជាជនកម្ពុជា គឺជាេសចក្ដីសម្រេចដ៏ងាយស្រួលមួយ។ លោក វ៉េវ ដែលធ្លាប់ជាសមាជិករបស់គណបក្សប្រជាជនកម្ពុជានិងធ្លាប់ធ្វើជាមន្ត្រីនគរបាលស្រុកអស់រយៈពេល១០ឆ្នាំ មុនពេលធ្វើជាតំណាងភូមិអំឡុងវិវាទនេះបានមានប្រសាសន៍ថា “ ខ្ញុំឆ្អែតចិត្តនឹងមន្ត្រីឃុំ និង មន្ត្រីស្រុករបស់គណបក្សប្រជាជនកម្ពុជាដោយសារតែពួកគេគ្មានសមត្ថភាពដោះស្រាយវិវាទដីធ្លីនេះ។ ខ្ញុំបានចូលរួមជាមួយគណបក្ស សម រង្ស៊ី និងបោះឆ្នោតឲ្យគណបក្ស សមរង្ស៊ីនៅឆ្នាំនេះ ពីព្រោះខ្ញុំសង្ឃឹមថាមន្ត្រីមកពីគណបក្ស សមរង្ស៊ីនឹងផ្លាស់ប្ដូរឃុំនេះជាពិសេសដោះស្រាយបញ្ហាជម្លោះដីធ្លីឲ្យប្រជាជនក្រីក្រ”។
លោក គល់ បញ្ញានាយកប្រតិបត្តិនៃគណៈ កម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាបានលើកឡើងថាការទទួលបានអាសនៈរបស់គណបក្ស សម រង្ស៊ី នៅក្នុងតំបន់ទាំងនេះ គឺជាការឆ្លុះបញ្ចាំងពីការមិនពេញចិត្តកាន់តែខ្លាំងឡើងពីសំណាក់ប្រជាជនចំពោះការដោះស្រាយវិវាទដីធ្លីរបស់រដ្ឋាភិបាល។ លោកបានថ្លែងថា “ នៅតំបន់ខ្លះ ជម្លោះដីធ្លីបានអូសបន្លាយពេលយូរ ហើយប្រជាជនមិនសប្បាយចិត្តទាល់តែសោះ…នោះជាមូលហេតុដែលពួកគេត្រូវជ្រើសរើសក្រុមប្រឹក្សាឃុំថ្មី”។
លោកបន្ដថា ក្នុងតំបន់ដែលរដ្ឋាភិបាលអាចរកដំណោះស្រាយបាន បក្សកាន់អំណាច នៅតែមានប្រៀប បើទោះមានវិវាទក៏ដោយ ក៏ប៉ុន្ដែ តាមជនបទដាច់ស្រយាល ដែលពាក់ ព័ន្ធនឹងវិវាទដីធ្លី អ្នកបោះឆ្នោតមានអារម្មណ៍ថា រងការគាបសង្កត់ច្រើន។ លោកបានថ្លែងថា “ប្រជាពលរដ្ឋដែលរងប៉ះពាល់ដោយសារសម្បទានដី មានការព្រួយបារម្ភណាស់ ដូច្នេះពួកគាត់ចាំបាច់ត្រូវស្វែងរកដំណោះស្រាយផ្សេងចំពោះបញ្ហាេនះ”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីសារៈសំខាន់នៃបញ្ហាវិវាទដីធ្លីសម្រាប់គណបក្សប្រជាជនកម្ពុជា នៅមុនការបោះឆ្នោត ដោយអំពាវនាវឲ្យមានការផ្អាកការផ្ដល់ដីសម្បទានជាបណ្តោះអាសន្ន។មុនការបោះឆ្នោតនេះ លោកនាយករដ្ឋមន្ត្រីបានបំពានការសន្យារបស់លោកថា នឹងនៅស្ងៀមស្ងាត់ ប៉ុន្តែបែរជាទូរស័ព្ទទៅសហគមន៍
នៅក្នុងខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យ ដើម្បីសន្យាជាមួយពួកគាត់ថា នឹងរកដំណោះស្រាយល្អៗ ចំពោះជម្លោះដីធ្លីរបស់ពួកគាត់៕
(រាយការណ៍បន្ថែមដោយ Abby Seiff)
ប្រែសម្រួលដោយ ចេវ ប៊ុននី