កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជាបានប្រកាសអំពីជ័យជម្នះនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់កាលពីថ្ងៃអាទិត្យ ដោយលើកឡើងថា ខ្លួនទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៧២ភាគរយ និងទទួលបានមុខតំណែងជាមេឃុំ-ចៅសង្កាត់ជិត៤១ភាគរយក្នុងចំណោមមុខតំណែងជាមេឃុំ-ចៅសង្កាត់ទាំង១.៦៣៣។
ចំណែកគណបក្ស សម រង្ស៊ី បានឲ្យដឹងថាខ្លួនទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន១៩ភាគរយ និងរក្សាមុខតំណែងមេឃុំ-ចៅសង្កាត់បានតែ២២ប៉ុណ្ណោះក្នុងចំណោមមុខតំណែងចំនួន២៨ ដែលខ្លួនទទួលបានក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០០៧។
ឥឡូវនេះ បក្សប្រជាជនកម្ពុជា និយាយថា ខ្លួនគ្រប់គ្រង១.៥៩២ឃុំ-សង្កាត់ គឺមានការកើនឡើងមុខតំណែងមេឃុំ- ចៅសង្កាត់ចំនួនមួយលើសលទ្ធផលបោះឆ្នោតរបស់ខ្លួនក្នុងឆ្នាំ២០០៧ ហើយលើកឡើងទៀតថាខ្លួនឈ្នះបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៨.២៨៣ក្នុងចំណោម១១.៤៥៩អាសនៈ។
លោក ជាម យៀប សមាជិកសភាជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍អំពីលទ្ធផលបោះឆ្នោតបឋមនេះថា “ គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះយ៉ាងច្រើននៅក្នុងការបោះឆ្នោតឃុំ-សង្កាត់លើកនេះ។ យើងគ្រប់គ្រងជាង១.០០០ឃុំ-សង្កាត់នៅទូទាំងប្រទេស ហើយយើងសប្បាយរីរាយចំពោះលទ្ធផលនេះ ហើយយើងសូមអរគុណដល់អ្នកគាំទ្ររបស់យើង”។ លោកបានបន្ថែមទៀតថា “ ប្រជាជនជាង៣,៨លាននាក់បានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា”។
យោងតាមគេហទំព័រផ្លូវការរបស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញថា គណបក្សសម រង្ស៊ី ដែលធ្លាប់ទទួលបានជ័យជម្នះច្រើនក្នុងការបោះឆ្នោតឆ្នាំ២០០៧នោះ ទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់តែ២.១៥៥ប៉ុណ្ណោះ គឺធ្លាក់ចុះពី២.៦៦០អាសនៈ ដែលគណបក្សនេះកាន់កាប់ នៅមុនពេលបោះឆ្នោតកាលពីថ្ងៃអាទិតុ្យនេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានមានប្រសាសន៍ថា “យោងតាមលទ្ធផលបឋម យើងទទួលបានសន្លឹកឆ្នោតយ៉ាងតិចណាស់ចំនួន២១ភាគរយនៃសន្លឹកឆ្នោតសរុប ហើយគ្រប់គ្រងចំនួន២២ឃុំ-សង្កាត់”។ លោកបានមានប្រសាសន៍ថា លោកសង្ឃឹមថា ចំនួននេះនឹងកើនឡើង បន្ទាប់ពីគណបក្ស សម រង្ស៊ី ដាក់ពាក្យបណ្ដឹងទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជុំវិញភាពមិនប្រក្រតី ដែលកើតមានក្នុងពេលបោះឆ្នោត។
លោកអះអាងផងដែរថា អ្នកបោះឆ្នោតចំនួន៤លាននាក់មិនអាចរកឈ្មោះរបស់ពួកគេនៅថ្ងៃបោះឆ្នោតឃើញទេ។ លោក យឹម សុវណ្ណ បានបន្ដទៀតថា “នឹងមានឃុំ-សង្កាត់លើសពីនេះទៀត ដែលត្រូវគ្រប់គ្រង ពីព្រោះឥឡូវនេះយើងកំពុងតែរៀបចំពាក្យបណ្ដឹង”។លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា លទ្ធផលបោះឆ្នោតជាផ្លូវការនឹងមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ រហូត ដល់ថ្ងៃទី២៤ ខែមិថុនា ព្រោះ គ.ជ.ប ជាធម្មតាទុកពេលប្ដឹងតវ៉ាបន្ទាប់ពីការបោះឆ្នោត។
ការភ្ញាក់ផ្អើលដ៏ខ្លាំងបំផុតនៅក្នុងការបោះឆ្នោកាលពីថ្ងៃអាទិត្យគឺថា គណបក្សសិទ្ធិមនុស្សទទួលបានមុខតំណែងមេឃុំ-ចៅសង្កាត់ចំនួន១៨ ទោះបីជាគណបក្សនេះទើបឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់លើកដំបូងក៏ដោយ។
លោក កឹម សុខា ថ្លែងទៅកាន់សន្និសីទសារព័ត៌មានកាលពីម្សិលមិញ ដែលនៅទីនោះលោកបានលើកឡើងពីលទ្ធភាពនៃការរួបរួមគ្នាជាមួយគណបក្ស សម រង្ស៊ី នៅមុនពេលបោះឆ្នោតជាតិឆ្នាំក្រោយថា “យើងយកមុខតំណែងមេឃុំចំនួន១៨ពីគណបក្សប្រជាជនកម្ពុជា មិនមែនយកពីគណបក្សសម រង្ស៊ី ទេ។
លោក សម គន្ធាមី អ្នកសម្របសម្រួលគណៈកម្មាធិការ និកហ្វិក បានមានប្រសាសន៍ថា ការបញ្ចូលគ្នារវាងសំឡេងឆ្នោតគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះតែបន្ដិចបន្ដួច និងអាចជាសញ្ញាវិជ្ជមានសម្រាប់គណបក្សតូចៗនៅក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ។ លោកបានបន្ដទៀតថា “ សម្រាប់គណបក្សប្រជាជនកម្ពុជាវិញ ខ្ញុំយល់ឃើញថា អ្នកបោះឆ្នោតនៅតែមានចំនួនដូចការបោះឆ្នោតលើកមុន។
គណបក្សប្រជាជនកម្ពុជា មានអ្នកបោះឆ្នោតគាំទ្រចំនួន៣លាននាក់ គឺនៅមានចំនួនដដែល ប៉ុន្ដែអ្នកបោះឆ្នោត២លាននាក់ផ្សេងទៀតបានបោះឆ្នោតឲ្យគណបក្សសិទ្ធិមនុស្ស គណបក្ស សម រង្ស៊ីនិងគណបក្ស ហ្វុ៊នស៊ិនប៉ិច។ ខ្ញុំគិតថា សម្រាប់ការបោះឆ្នោតនាពេលខាងមុខ គណបក្សប្រឆាំងនឹងទទួលបានអាសនៈច្រើនជាងនេះ[នៅក្នុងរដ្ឋសភា] ដោយផ្អែកលើលទ្ធផលបោះឆ្នោតកាលពីថ្ងៃអាទិត្យ។
គណៈកម្មាធិការនិកហ្វិក បានឲ្យដឹងថាលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យមិនមែនជាក្ដីសង្ឃឹមសម្រាប់គណបក្សរាជានិយមទេ។ គណបក្ស នរោត្តម រណប្ញទ្ធិ មិនបានទទួលកៅអីមេឃុំ-សង្កាត់ណាមួយឡើយចំណែកឯគណបក្ស ហ្វុ៊នសិុនប៉ិច បានបាត់បង់តំណែងមេឃំុពីរដែលខ្លួនបានឈ្នះកាលពីឆ្នាំ២០០៧ ។
ចំនួនអ្នកបោះឆ្នោតកាលពីថ្ងៃអាទិត្យតិចជាងកាលពីការបោះឆ្នោតលើកមុនៗ ហើយចំនួននេះក៏ខុសគ្នាទៅតាមអ្នក ដែលផ្ដល់ចម្លើយផងដែរ ។គ.ជ.ប បានលើកឡើងថា ៦៤ភាគរយនៃអ្នកចុះឈ្មោះបោះឆ្នោតទាំង៩,២លាននាក់នៅទូទាំងប្រទេសបានទៅបោះឆ្នោតគឺធ្លាក់ចុះពី៦៧ភាគរយក្នុងឆ្នាំ២០០៧ និងធ្លាក់ពី៨៧ភាគរយក្នុងឆ្នាំ២០០២។
ទោះជាយ៉ាងណា អ្នកអង្កេតការនយោបាយឯករាជ្យបានលើកឡើងថា ចំនួនអ្នកបោះឆ្នោតនេះតិចជាងពីមុនឆ្ងាយណាស់។លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការខុមហ្វ្រែល បានមានប្រសាសន៍ថាមានអ្នកចុះឈ្មោះបោះឆ្នោតតែ៦១ភាគរយប៉ុណ្ណោះបានទៅបោះឆ្នោត។
លោកប្រសាសន៍នៅឯសនិ្នសីទកាសែតកាលពីម្សិលមិញថា “ ចំនួនប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតបានធ្លាក់ចុះពី៦៧ភាគរយក្នុងឆ្នាំ២០០៧មកត្រឹម៦១ភាគរយក្នុងឆ្នាំនេះ ដូច្នេះហើយគណៈកម្មាធិការខុមហ្វ្រែល កំពុងព្យាយាមស្វែងរកមូលហេតុដែលប្រជាពលរដ្ឋជាច្រើនមិនបានទៅបោះឆ្នោតនិងអ្នកដែលរងផលប៉ះពាល់…។ យើងកំពុងស្រាវជ្រាវរកមូលហេតុ”។
លោកគល់ បញ្ញា បានមានប្រសាសន៍ថា៦១ភាគរយនៃអ្នកបោះឆ្នោតបានទៅបោះឆ្នោត ចំណែកឯគណៈកម្មាធិការនិកហ្វិក បានអះអាងថា ចំនួនអ្នកទៅបោះឆ្នោតមានតែ៥៤ភាគរយប៉ុណ្ណោះ។ លោក គន្ធាមី បានថ្លែងថា ៥៤ភាគរយនៃអ្នកចុះឈ្មោះបានទៅបោះឆ្នោត។
លោកបានមានប្រសាសន៍ថា “ ខ្ញុំគិតថាបញ្ហាមួយគឺ ពាក់ព័ន្ធនឹងកម្មកររោងចក្រ។ជាធម្មតាពួកគាត់ត្រូវទៅផ្ទះដើម្បីបោះឆ្នោតដែលមានន័យថា ពួកគាត់ត្រូវចំណាយប្រាក់ក្នុងការធ្វើដំណើរ ដូច្នេះពួកគាត់មិនបានទៅបោះឆ្នោតទេ។ ខ្ញុំបាននិយាយជាមួយកម្មកររោងចក្រជាច្រើននាក់ អំពីការបោះឆ្នោត ហើយពួកគាត់និយាយថា ពួកគាត់គ្មានប្រាក់់សម្រាប់ធ្វើដំណើរទេ”។
លោកបានមានប្រសាសន៍បន្តថា “ បញ្ហាមួយទៀតគឺពាក់ព័ន្ធជាមួយការចុះឈ្មោះបោះឆ្នោត។ ប្រជាពលរដ្ឋបាត់ឈ្មោះរបស់ពួកគាត់។ ពួកគាត់ត្រូវត្រឡប់ទៅផ្ទះវិញដោយមិនអាចប្រើសិទ្ធិរបស់គាត់ដើម្បីបោះឆ្នោតបាន”៕
(រាយការណ៍បន្ថែមដោយ ឃី សុវុឌ្ឍី)
ប្រែសម្រួលដោយ ហួង កុកទៀងនិង ហម សុផាណ្ណា