31 C
Phnom Penh

គណ​បក្ស​រាជា​និយម គួរតែ​ខិត​ខំ​ស្វែង​រក​ទំនាក់​ទំនង​ និង​ការ​គាំ​ទ្រពី​ប្រជា​ពល​រដ្ឋ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​ពេល​ពីរ​សប្ដាហ៍​មក​ហើយគណ​បក្ស​ហ្វុ៊ន​ស៊ិន​បុិចនិង​គណ​បក្ស​​ នរោត្តមរណឫទ្ធិបាន​ប្រកាស​រួម​បញ្ចូល​គ្នា​ ដើម្បី​បោះ​ជំហាន​ឆ្ពោះទៅរក​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​​រាស្ត្រ​នៅ​ឆ្នាំ​ក្រោយ​នេះ។ ប្រសិន​បើ​ការ​កំណត់​ពេល​សម្រាប់ចេញសេចក្ដី​ប្រកាស​នោះ ធ្វើឡើងដើម្បីជួយគណ​បក្ស​ទាំង​ពីរក្នុ​ងការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ កាលពី​ថ្ងៃ​អាទិត្យ ផែន​ការ​នោះបាន​បរាជ័យ​គួរ​ឲ្យ​សោក​ស្ដាយ​។

នៅពេលបញ្ចប់ការ​បោះ​ឆ្នោតបង្ហាញ​ឲ្យ​ឃើញ​ថា គណ​បក្ស​ទាំង​ពីរ​កាន់​តែ​ចុះ​ថយ​សំឡេង​ឆ្នោត​ជា​ថ្មី​ម្ដង​ទៀត​ ដោយ​គណ​បក្ស​ហ្វុ៊ន​ស៊ិន​បិុច បាត់បង់​សំឡេង​ឆ្នោត​ក្រុម​ប្រឹក្សា​​ឃុំ​-សង្កាត់​ របស់​ខ្លួន​ជាង​១​ភាគ​៤ បើ​ធៀប​នឹងការ​បោះ​ឆ្នោត​​ឃុំ​-សង្កាត់​ក្នុង​ឆ្នាំ​២០០៧ដោយ​ចុះ​ពី​៥,៤​ភាគ​រយ​នៃ​សំឡេង​ឆ្នោត​សរុបមក​នៅត្រឹម​៣,៩​ភាគ​រយ​។ គណ​បក្ស​ នរោត្តម​ រណឫទ្ធិបាត់​បង​់​ប្រាំ​ចំណុច​ ដោយ​ធ្លាក​់មក​ត្រឹម​៣,១​ភាគរយ​នៃ​សំឡេង​ឆ្នោត​។គ្មាន​គណ​បក្ស​ណាមួយ​ក្នុង​ចំណោម​គណបក្ស​ទាំងពីរនេះ​ទទួល​បាន​តំណែង​មេឃុំ​ និង​ចៅ​សង្កាត់​ឡើយ​។

តាមរយៈការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ វា​អាច​​​ជា​ឱកាសមួយ ដើម្បី​ទទួលប្រយោជន៍ពីការ​ប្រកាសរួម​បញ្ចូល​គ្នា​ តែការ​បោះ​ឆ្នោត​ជ្រើស​​រើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​ក្រោយ​ ទើបជា​គោល​ដៅ​ពិត​ប្រាកដ​។ ក៏ប៉ុន្ដែជាមួយ​នឹងការ​បង្ហាញឲ្យឃើញនូវ​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ អ្នក​វិភាគ​សង្ស័យ​ថា តើ​គណ​បក្ស​នេះ​នៅមាន ​ជីវ​ិត​នយោបាយ​ខ្លះដែរឬទេ។

លោក សឺន ស៊ូបែរ្ដិ៍ អ្នក​វិភាគ​នយោបាយ​បាន​លើក​ឡើង​ថា “ ខ្ញុំ​គិត​ថា ពួក​គេ​មិន​អាច​ធ្វើ​អ្វី​កើត​ទេ…​។ ខ្ញុំ​គិត​ថា ពួកគេ​មិន​អាច​ស្រោច​ស្រង់​ខ្លួន​ឯង​បាន​ឡើយ​”។

លោក​ សឺន ស៊ូែប​រ្ដិ៍ ដែល​ជា​ទី​ប្រឹក្សា​របស់​ព្រះ​មហាក្សត្រ​ នរោត្តម​ សីហមុនី​ ផង​ដែរ​នោះ​ បាន​លើក​ឡើង​ថា គណ​បក្ស​ទាំង​ពីរ​នេះ គឺពឹង​ផ្អែក​លើ​ទំនាក់​ទំនង​បែបរាជា​និយម​របស់​ខ្លួន​ ក៏ប៉ុន្ដែ​សព្វ​ថ្ងៃ​នេះ​មាន​នៅ​សេសសល់តិច​តួច​ណាស់​ក្នុង​គោល​នយោ​បាយ​របស់​ខ្លួន​ ដែល​ឆ្លុះ​បញ្ចាំង​និន្នាការ​រាជា​និយមពិត​ប្រាកដ​នោះ។ ការ​កាត់​ផ្ដាច់​ទំនាក់​ទំនង​ខាងរាជានិយមប្រហែល​ជា​មិន​ទទួល​ផលល្អ​​ពេលអនាគតវែងឆ្ងាយ​នោះ​ឡើយ។ ​

លោក​បានចោទ​សួរ​ថា “ តើ​រាជា​និយម​នោះ មាន​ន័យ​ដូច​ម្ដេចទៅ? [ គណបក្ស ទាំង ពីរ]​​ មាន​ព្រះ​អង្គ​ម្ចាស់​ និង​ម្ចាស់​ក្សត្រី​ពីរ​បី ព្រះ​អង្គប៉ុណ្ណោះ ក៏ប៉ុន្ដែ តើ​ព្រះ​អង្គ​ម្ចាស់ ទាំងនោះមាន​ការ​គាំ​ទ្រ​ពី​​ប្រជាពល​រដ្ឋ​ដែរ​ ឬទេ? ព្រះ​មហាក្សត្រ​មាន ប៉ុន្ដែ ចុះ​ព្រះ​អង្គ​ម្ចាស់ និង​ម្ចាស់​ក្សត្រី​ទាំងនោះវិញ?”។

លោក​ ខាលីល ថាយ័រ (CarlyleThayer) សាស្ត្រាចារ្យកិត្តិយស​​នៅ​ឯ​សាកលវិទ្យា​ល័យ​​ញូសោសវ៉េល (NewSouthWales) បាន​លើក​ឡើង​ថា “ ពេល​គណ​បក្ស​ សម រង្ស៊ី មាន​កម្លាំង​រឹង​មាំនោះ វានឹង​សមតាមគណ​បក្ស​ប្រជាជន​កម្ពុជា ប្រសិន​បើ​អ្នក​រាជា​និយម​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការទាញយកសំឡេង​ឆ្នោត​​ បើ​មិន​ដូច្នេះ​ទេ ​សំឡេងទាំងនោះនឹង​បាន​ទៅ​គណ​បក្ស​ សម រង្ស៊ី ហើយ។ អ្នក​រាជា​និយម​ នឹង​ស្ថិតនៅ​ក្នុង​ល្បែងនេះ ពី​ព្រោះ​បើ​ទោះ​ជា​ពួក​គេ​មិន​អា​ច​សង្ឃឹម​​ថា នឹង​ទទួល​បាន​អំណាច​ទាំង​ស្រុង​ក៏ដោយ​ ក៏ពួក​គេ​រំពឹង​ថា លោក​ ហ៊ុន សែន នឹង​តែង​តាំង​សមា​ជិក​មួយ​​ចំនួន​របស់​ពួកគេ​ ឲ្យកាន់តំណែង​កំបុិក​កំប៉ុក​នៅក្នុង​រដ្ឋាភិបាលដែរ​”។

បើទោះ​ជា អ្នក​វិភាគ​នយោបាយ​នៅ​តែ​សង្ស័យ​អំពី​អនាគត​របស់​អ្នក​រាជា​និយម​ក៏ដោយ ក៏​ក្រុម​អ្នក​សង្កេត​ការណ៍បោះ​ឆ្នោត​ និង​គណ​បក្ស​ខ្លួនឯងផ្ទាល់ បាន​ទទូច​ថា ការ​ប្រឹង​ប្រែង​ឲ្យបានខ្លាំង​ក្លា​នៅ​ឆ្នាំ​ក្រោយ​នេះ អាច​ទទួលលាភ​ខ្លះដែរ។

ទោះ​ជាយ៉ាង​ណា អ្នក​ទាំង​អស់​លើក​ឡើង​​ថា វានឹង​ជា​ការ​ពុះ​ពារ​តស៊ូកាន់​តែខ្លាំង​ក្លា​មួយ ​បន្ទាប់​ពីទទួលបរាជ័យក្នុងការ​​បោះឆ្នោត​​កាលពី​ថ្ងៃ​អាទិត្យ។

លោក​ គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈ​​កម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​នៅ​ក្នុង​ប្រទេស​​កម្ពុជា បានលើក​ឡើងថា “ ពួកគេ​អាច​មើល​ឃើញ​តាម​រយៈ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ ដែល​បាន​បង្ហាញ​ថា វាមិន​ល្អ​សម្រាប់​ពួកគេ​ ដែល​នៅ​តែ​បែក​បាក់​ជាពីរ​គណ​បក្ស​នោះ​”។

លោក​បាន​បន្ថែមថា ប្រវត្តិ​នៃ​ជម្លោះ​ផ្ទៃ​ក្នុង​បង្ហាញ​ថា ការងារ​របស់ពួកគេ​កាត់​ផ្តាច់​ពីអ្នក​គាំទ្រ​ ដែល​ជាដៃ​គូ​ពិត​ប្រាកដ​របស់​ខ្លួននោះ។លោក​បាន​មាន​ប្រសាសន៍ថា “ ពួកគេ​នឹង​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​បាន​ខ្លាំង​ ដើម្បី​អនុវត្ត​នូវ​អ្វី​ ដែល​ពួកគេ​បាន​ព្រម​ព្រៀង​គ្នា​មុនការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ​…។ នៅ​ជាង​មួយ​ឆ្នាំ​ទៀត​ ពួកគេ​នៅ​មាន​ពេល​ទៀត​ ប៉ុន្ដែ​ មានការងារ​ត្រូវ​ធ្វើ​ច្រើនណាស់​”។

លោក ទុំ សំបូរ អ្នក​នាំ​ពាក្យ​របស់​គណ​បក្ស​​ហ្វុ៊ន​ស៊ិន​បុិច បាន​ទទួល​ស្គាល​់ថា ការ​ខិត​ខំ​ប្រឹង​ប្រែង​រួម​បញ្ចូល​គ្នា​មុន​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ មិន​ត្រូវ​បាន​អនុវត្ត​ឲ្យបាន​ល្អឡើយ​។ លោក​បាន​ថ្លែងថា ប៉ុន្ដែ នៅ​មាន​ពេល ​ដើម្បី​ដោះ​ស្រាយបញ្ហាមុន​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​ចូលមកដល់។

លោក​បាន​ទទួល​ស្គាល់​ថា “ អ្នកគាំ​ទ្រភាន់​ច្រឡំ​ខ្លាំងណាស់​”។ លោក​កត់​សម្គាល់​ថា លទ្ធផលកាលពី​ថ្ងៃ​អាទិត្យ គឺ​បង្ហាញពី​ “ ការ​ចុះ​ខ្សោយ ដែល​មិនធ្លាប់​មាន​ពីមុន​មក​”។ លោក ទុំ សំបូរ បាន​មាន​ប្រសាសន៍ថា“ ប៉ុន្ដែ យើង​មាន​ការ​គាំ​ទ្រ​​ខ្លាំង​នៅ​តាមមូល​ដ្ឋាន…​បន្ទាប់​ពី​ការ​រួម​បញ្ចូល​គ្នា​ សំឡេង​បែក​ខ្ញែក​ទាំង​អស់​នឹង​រួម​ជា​សំឡេង​មួយ​ ដូច្នេះ​យើង​នៅ​តែ​សង្ឃឹម​សម្រាប់​ការ​បោះ​ឆ្នោត​បន្ទាប់ទៀត”៕

ប្រែ​សម្រួល​ដោយ ចេវ ប៊ុននី​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស