ក្រុមមន្ត្រីនិងសកម្មជនសិទ្ធិមនុស្សម្នាក់បាននិយាយកាលពីម្សិលមិញថាសាលាដំបូង ខេត្តឧត្តរមានជ័ យបានចោទប្រកាន់ទា ហានអាយ៣១ឆ្នាំម្នាក់កាលពីថ្ងៃសៅរ៍ ពីបទជួយអ្នកភូមិដែលត្រូវបានបាញ់ស្លាប់ ក្រោយពីឆ្លងចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ។
លោកទូច រ៉ា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនប្រចាំច្រកទ្វារព្រំដែនអន្តរជាតិជាំស្រង៉ាំ និយាយថា ឈ្មោះ ម៉ៅ ចិន្តា អាយុ២០ឆ្នាំ និងឈ្មោះ អ៊ុងធារ៉ា អាយុ១៧ឆ្នាំជាអ្នកភូមិមកពីស្រុកអន្លង់វែង ត្រូវទាហានថៃបាញ់ស្លាប់ កាលពីថ្ងៃទី១៣ខែឧសភា ក្រោយពីពួកគេបានចូលទៅក្នុងទឹកដីថៃ។ លោកបានបន្ថែមថា សាកសពរបស់ពួកគេត្រូវបានបញ្ជូនត្រឡប់មកវិញកាលពីថ្ងៃទី១៨ខែឧសភា។
លោកឧត្តមសេនីយ៍ត្រី នួន នៅ មេបញ្ជាការរងប្រចាំយោធភូមិភាគ៤ដែលមានមូលដ្ឋាននៅក្នុងស្រុកអន្លង់វែង បានមានប្រសាសន៍ថា កាលពីសប្តាហ៍មុន កងរាជអាវុធហត្ថបានចាប់ខ្លួនទាហានម្នាក់ឈ្មោះទុំ ឃុយ អាយុ៣១ឆ្នាំ ពាក់ព័ន្ធនឹងការស្លាប់អ្នកទាំងពីរនេះ។
លោក ស្រី ណារ៉ែនអ្នកសើុបអង្កេតរបស់អង្គការសិទ្ធិមនុស្សក្នុងស្រុកអាហុកប្រចាំខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា សាលាដំបូងខេត្តបានចោទប្រកាន់ឈ្មោះទុំ ឃុយ ពីបទជួញដូរមនុស្សហើយជននេះកំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅទីនោះ។លោក ណារ៉ែន បាននិយាយផងដែរថា មានបុរសទី៣ម្នាក់ទៀតអាយុ៥១ឆ្នាំបានចូលទៅប្រទេសថៃជាមួយអ្នកភូមិ ដែលបានស្លាប់ទាំងពីរនាក់នោះ ប៉ុន្តែមិនទាន់បានត្រឡប់មកវិញទេ។
អ្នកស្រី អិុនសុភាព អាយុ៤៧ឆ្នាំ ជាម្តាយរបស់ ម៉ៅ ចិន្តា បាននិយាយថា កូនប្រុសគាត់ទើបតែរៀបការរួចថ្មីៗនេះជាមួយសាច់ញាតិរបស់ឈ្មោះ ឃុយ។ អ្នកស្រីបាននិយាយទៀតថា ឈ្មោះ ឃុយបានបញ្ចុះបញ្ចូលកូនប្រុសពៅរបស់គាត់ឲ្យឆ្លងដែនទៅរកកាប់ឈើ ហើយគាត់ក៏បានជួយកូនគាត់ឲ្យទៅទីនោះដែរ។អ្នកស្រីសុភាពបាននិយាយទៀត ថា“កូនប្រុសរបស់ខ្ញុំត្រូវបានទាហានឈ្មោះឃុយបញ្ចុះបញ្ចូលឲ្យចូលទៅក្នុងព្រៃក្នុងទឹកដីថៃដើម្បីរកកាប់ឈើគ្រញូង។
អ្នកស្រីសុភាពបានបន្តថា គាត់បានដាក់ពាក្យបណ្តឹងប្តឹងពីការជាប់ពាក់ព័ន្ធរបស់ទាហាននេះចំពោះការស្លាប់កូនប្រុសរបស់គាត់ ហើយថា កងរាជអាវុធហត្ថបានចាប់ខ្លួនជននេះកាលពីថ្ងៃសុក្រនៅម៉ោងប្រហែល៥ល្ងាច។
អ្នកស្រីបាននិយាយថា នៅពេលគេបញ្ជូនសាកសពកូនរបស់គាត់ មកដល់ផ្ទះនៅឃុំត្រពាំងតៅ គាត់ឃើញថា កូនរបស់គាត់ត្រូវបានបាញ់ពីរគ្រាប់ មួយគ្រាប់ត្រូវចំទ្រូង និងមួយគ្រាប់ទៀតត្រូវចំដៃស្តាំ។
អ្នកស្រី សុភាព បានបន្តទៀតថា អ្នកស្រីខ្លាចមានការធ្វើបាបមកលើរូបគាត់និងកូនពីរនាក់ផ្សេងទៀត បន្ទាប់ពីការចាប់ខ្លួនទាហានរូបនេះ។អ្នកស្រីបាននិយាយបន្ថែមទៀតថា“ទោះបីជាជននេះត្រូវបានចាប់ខ្លួនហើយក៏ដោយ ក៏យើងមានការភ័យខ្លាចថាជននេះនឹងសងសឹកហើយយើងមិនហ៊ានរស់នៅក្នុងភូមិទៀតទេ”៕
ប្រែសម្រួលដោយ ឃិន ណៃ