27 C
Phnom Penh

ចំនួន​ភ្ញៀវ​ទេសចរ​កើន​ឡើង​២៧​ភាគ​រយ​ក្នុងត្រី​មាស​ទី១​ឆ្នាំ​២០១២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​​ក្រសួង​ទេសចរណ៍ បាន​ឲ្យ​ដឹង​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​ ដែល​មកទស្សនា​ប្រទេស​កម្ពុជា​ បាន​កើន​ឡើងចំនួន​២៧​ភាគ​រយ​ ពោល​គឺ​កើន​ដល់​ចំនួន​១,២៧​លាន​នាក់​នៅ​ក្នុង​រយៈ​ពេល​បួន​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១២​នេះ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១១​កន្លង​មក។​

លោក​ គង់​ សុភារៈ​ ប្រ​ធាន​នាយក​ដ្ឋាន​ស្ថិតិ​ក្រសួង​ទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា​ គ្រាន់​តែ​​ក្នុង​ខែ​មេសា​ មាន​ភ្ញៀវទេសចរ​ចំនួន​២៨២.៥១៤​នាក់​ បាន​ធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា​​ ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​មក​ពី​ប្រទេសក្នុង​តំបន់ ដូចជាប្រទេស​វៀត​ណាម​ កូរ៉េ​ខាង​ត្បូង​ ចិន​ និង​ប្រទេស​ជប៉ុន។​ លោក​បាន​បន្ត​ទៀត​ថា​ “ការ​កើន​ឡើង​យ៉ាង​ច្រើន​នៅ​ក្នុង​ឆ្នាំ​នេះ​ គឺ​ដោយ​សារ​តែ​ប្រទេសរបស់​​យើង​មាន​ជើង​ហោះ​ហើរ​ថ្មី​ ដែល​អាចហោះ​ហើរ​​ដោយ​ផ្ទាល់​ពី​ប្រទេស​មួយ​ចំនួន​ ដូចជា​​ហ្វីលីពីន​ មីយ៉ាន់ម៉ា​ និង​បារាំង​មក​កាន់កម្ពុជា”ដោយ​លោក​បាន​បន្ថែម​ថា​ ភ្ញៀវ​ទេសចរចំនួន​ពាក់កណ្តាល​មក​​កម្ពុជា​តាម​ផ្លូវអាកាស។​

លោក​ គង់​ សុភារៈ បាន​បញ្ជាក់​ទៀត​ថា​“យើង​ក៏​គ្រោង​នឹង​មាន​ជើង​ហោះ​ហើរ​ដោយ​ផ្ទាល់​ថ្មី​មួយ​ទៀត​ពី​ឥណ្ឌូណេស៊ី​ យើង​ សង្ឃឹម​ថា​ ជើង​ហោះ​ហើរ​ថ្មី​នេះ​នឹង​នាំ​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​​ទៀត​មក​កាន់​​កម្ពុជា”។

លោក​ ឆូយ​ ឈន​ អនុ​ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​សៀម​រាប​ បាន​ឲ្យ​ដឹង​ថា​ ចំនួនភ្ញៀវ​ទេសចរ​សរុប​ ដែល​បាន​ធ្វើ​ដំណើរ​មក​កាន់​ខេត្ត​របស់​លោក​ បាន​កើន​ឡើង​ដល់​ចំនួន​១,​៦៣​លាន​នាក់ក្នុង​រយៈ​ពេល​បួន​ខែ​ដំបូង​​ ហើយ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ទាំង​អស់មាន​ភ្ញៀវ​ទេសចរ​បរទេសចំនួន​៨១៩.០០០​នាក់​៕

ប្រែ​សម្រួល​ដោយ​ ហួង​ កុក​ទៀន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស