ភូមិពញាឮ, ខេត្តកណ្ដាល- អង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវដ៏ធំល្វឹងល្វើយនៃផ្ទះទើបសង់ថ្មីរបស់លោកលោកសំសុថារ៉េត បាននិយាយរៀបរាប់ទាំងអស់អំពីការដែលជនជាតិរុស្ស៊ីឈ្មោះ ស្តានីស្លាវ ម៉ូឡូឌីយ៉ាកូវ (Stanislav Monodyakov) បានទូរស័ព្ទកាលពីថ្ងៃអាទិត្យមកសួរលោកថាតើលោកអាចមកលេងជាមួយគាត់បានឬទេ។
លោក សុថារ៉េត អាយុ៤៣ឆ្នាំ បានរៀបរាប់អំពីម៉ូឡូឌីយ៉ាកូវដែលត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោកផ្ទាល់កាលពីព្រឹកថ្ងៃច័ន្ទនោះថា“ព្រះមហាក្សត្របានលើកលែងទោសឲ្យគាត់ហើយដូច្នេះគាត់ពិតជាផ្លាស់ប្ដូរអត្តចរិតរបស់គាត់ហើយ”។
ជាអតីតបុគ្គលិករបស់ក្រុមហ៊ុនវិនិយោគ កោះពស់ ដែលជាក្រុមហ៊ុនចំណាយប្រាក់រាប់លានដុល្លារសាងសង់រមណីយដ្ឋាននៅលើកោះក្នុងសមុទ្រខេត្តព្រះសីហនុដែលម៉ូឡូឌីយ៉ាកូវធ្លាប់ធ្វើជាអ្នកដឹកនាំនោះ លោក សុថារ៉េតបាននិយាយថាជនជាតិរុស្ស៊ីរូបនេះ បានជិះរថយន្ដ ឡិចស៊ីសពណ៌ខ្មៅមកផ្ទះរបស់លោកនៅម៉ោងប្រហែល៩និង៣០នាទីយប់និងបានសម្រាកនៅទីនោះមួយយប់។
លោកសុថារ៉េតបានបន្ដទៀតថា លុះព្រឹកឡើង ពេលដែលម៉ូឡូឌីយ៉ាកូវ“ហៀបហូបអាហារពេលព្រឹក ស្រាប់តែនគរបាលបានចូលមកដល់ហើយបានសួររកលិខិតឆ្លងដែនរបស់គាត់។គាត់មិនបានបង្ហាញលិខិតឆ្លងដែនទៅនគរបាលទេ ដូច្នេះ នគរបាលក៏ចាប់គាត់តែម្តង”។
លោក ម៉ូឡូឌីយ៉ាកូវ ដែលគេស្គាល់ច្បាស់ថា អាឡិចសាន់ដឺនោះ ត្រូវបានចាប់ខ្លួនតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃមានរយៈពេលមិនដល់ប្រាំមួយខែផងទេ បន្ទាប់ពីគាត់បានទទួលព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រនិងត្រូវបានដោះលែងពីពន្ធនាគារ ដែលគាត់ទើបតែជាប់ទោសបានពាក់កណ្ដាលនៃទោសជាប់ពន្ធនាគាររបស់គាត់ចំនួនប្រាំបីឆ្នាំ ពីបទបំពានផ្លូវភេទកុមារកម្ពុជាចំនួន១៥នាក់។
នៅថ្ងៃចាប់ខ្លួនគាត់លោកគៀត ច័ន្ទថារិទ្ធអ្នកនាំពាក្យនគរបាលជាតិបានថ្លែងថា លោកសង្ស័យថាម៉ូឡូឌីយ៉ាកូវប្រហែលជាបានបំពានផ្លូវភេទកូនស្រីអាយុ១២ឆ្នាំរបស់ លោក សុថារ៉េត ។
លោកសុថារ៉េតបានបដិសេធការចោទប្រកាន់នេះក៏ដូចជាពាក្យចចាមអារា៉មដែលថា ម៉ូឡូឌីយ៉ាកូវបានផ្ដល់លុយសម្រាប់ការសាងសង់ផ្ទះរបស់គាត់ឬធ្លាប់បានមកលេងកាលពីលើកមុន។
យ៉ាងណាក៏ដោយក៏អ្នកជិតខាងបានបដិសេធចំពោះការលើកឡើងបែបនេះ។ អ្នកជិតខាងវ័យចំណាស់ម្នាក់ដែលបានឃើញការចាប់ខ្លួនម៉ូឡូឌីយ៉ាកូវ នៅពេលព្រឹកដោយផ្ទាល់ភ្នែកប៉ុន្តែបានបដិសេធមិនប្រាប់ឈ្មោះដោយភ័យខ្លាចពីការធ្វើបាបនោះ បាននិយាយថា“កាលពីខែ កុម្ភៈ ខ្ញុំបានឃើញគាត់ [ជនជាតិរុស្ស៊ីរូបនេះ] មកទីនេះរយៈពេលបីថ្ងៃ”។គាត់បានបន្ថែមថាគាត់ក៏បានឃើញ ម៉ូឡូឌីយ៉ាកូវជិះរថយន្ដមកទីនេះដែរកាលពីថ្ងៃអាទិត្យ។
អ្នកភូមិឈ្មោះចាបបញ្ញាអាយុ២០ឆ្នាំបាននិយាយថា“ខ្ញុំបានឃើញរថយន្ដរបស់គាត់ចតនៅមុខផ្ទះនោះនៅថ្ងៃបោះឆ្នោត[ថ្ងៃអាទិត្យ] ។ ខ្ញុំមិនបានឃើញគាត់ទេ”។
អ្នកជិតខាងដទៃទៀតបាននិយាយថា ពួកគាត់មិនបានដឹងរឿងរបស់ម៉ូឡូឌីយ៉ាកូវ ឬប្រវត្តិអតីតកាលរបស់គាត់ទេរហូតដល់ក្រោយថ្ងៃចាប់ខ្លួនគាត់ទើបដឹង។
លោកតាជួន នៅអាយុ៦៧ឆ្នាំ និយាយថា“ខ្ញុំឮគេនិយាយថានគរបាលមកចាប់ខ្លួនជនជាតិរុស្ស៊ីម្នាក់នេះ។ ពេលនេះទើបគេដឹងថាគាត់គឺជាសេដ្ឋី ហើយគាត់បានសង់ស្ពានមួយទៅកោះពស់” ។
មន្ត្រីនគរបាលជាន់ខ្ពស់និងមន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃពុធថា ម៉ូឡូឌីយ៉ាកូវ កំពុងត្រូវបានឃុំខ្លួននៅឯទីស្នាក់ការនគរបាលអន្ដោប្រវេសន៍ហើយនឹងធ្វើបត្យាប័នទៅប្រទេសរុស្ស៊ីក្នុងពេលឆាប់ៗនេះដែលនៅទីនោះអ្នកបំពានផ្លូវភេទកុមារជាបន្ដបន្ទាប់រូបនេះត្រូវតុលាការទីក្រុងមីទីសឈី (Mytischi) តាមចាប់ខ្លួនពីបទរំលោភបំពានផ្លូវភេទកុមារអាយុ១១ឆ្នាំពីរនាក់និងអាយុ១០ឆ្នាំម្នាក់ កាលពីឆ្នាំ២០០៤។
ក្នុងឆ្នាំ២០០៩ប្រទេសរុស្ស៊ីបានស្នើសុំជាផ្លូវការឲ្យមានការធ្វើបត្យាប័នម៉ូឡូឌីយ៉ាកូវ ទៅប្រទេសកំណើតរបស់លោកវិញដើម្បីប្រឈមនឹងការផ្ដន្ទាទោស។នៅពេលជននេះត្រូវបានដោះលែងមុនកាលកំណត់ពីពន្ធនាគារខេត្តព្រះសីហនុកាលពីខែធ្នូ អង្គការការពារសិទ្ធិកុមារចំនួន១៤បានចុះហត្ថលេខាលើញត្តិមួយ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាធ្វើតាមសំណើសុំធ្វើបត្យាប័ននោះ។ កាលពីម្សិលមិញក្រុមមន្ត្រីពុំបានផ្ដល់សេចក្ដីលម្អិតអំពីការចេញដំណើររបស់ម៉ូឡូឌីយ៉ាកូវ នោះទេ។
លោក គៀតច័ន្ទថារិទ្ធ បានថ្លែងថា ក្រសួងមហាផ្ទៃកំពុងរង់ចាំឯកសារធ្វើដំណើរពីស្ថានទូតរុស្ស៊ីប្រចាំរាជធានីភ្នំពេញដើម្បីអនុញ្ញាត្តឲ្យ ម៉ូឡូឌីយ៉ាកូវចេញពីប្រទេសដោយស្របច្បាប់។ នៅពេលសួរថាតើលោកសង្ឃឹមថាឯកសារទាំងនោះនឹងរួចរាល់នៅពេលណានោះ លោកគៀតច័ន្ទថារិទ្ធថ្លែងថា “យើងមិនទាន់ដឹងទេ”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា