27.5 C
Phnom Penh

វេជ្ជ​បណ្ឌិត រីចន័រ ៖ ការ​ព្យា​បាល​​ មិន​​បាន​ត្រឹម​ត្រូវនាំ​ឲ្យ​កុមារ​ស្លាប់​ ដោយ​សារ​ជំងឺ​គ្រុន​ឈាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថាបនិក​មន្ទីរ​ពទ្យ​គន្ធ​បុប្ផា ​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា ការ​ប្រើ​ឱសថ​មិន​ត្រឹម​ត្រូវពី​សំណាក់​​វេជ្ជ​បណ្ឌិត​នៅតាម​​គ្លីនិក​ឯក​ជន​ និងការ​ប្រើ​​ឱ​សថ​ក្លែង​ក្លាយ​ គឺ​ជា​បញ្ហា​ដែល​ត្រូវ​បន្ទោស​ចំពោះ​​ការ​​ស្លាប់​កុមារ​យ៉ាង​​ហោចណាស់​២១នាក់ ដោយ​សារ​ជំងឺ​គ្រុន​ឈាម​ មក​ទល់​​ពេល​នេះ​នាឆ្នាំ​នេះ។

អ្នក​ជំនាញ​សុខាភិបាល​លើក​ឡើង​ថា អត្រាឆ្លង​ជំងឺ​គ្រុន​ឈាម​ក្នុង​ប្រទេស​កម្ពុជា មាន​កម្រិត​ខ្ពស់​ គឺ​​កើន​ឡើង​ជាង​បួន​ដង​នៅ​ឆ្នាំ​នេះ​ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​មុន​ ពី​ព្រោះ​អាជ្ញា​ធរ​មិនបាន​ខិត​ខំ​ប្រឹង​ប្រែង​លុប​បំបាត់​ទឹក​ដក់កន្លែង​សត្វ​មូស​ពង​​ និង​ចែក​ចាយ​ថ្នាំ​អាបែត ដែល​ជា​សារធាតុ​គីមី​ម្យា៉ងសម្រាប់​សម្លាប់​​សត្វ​មូស​ទេ​។

លោ​កវេជ្ជ​បណ្ឌិតប៊ីតរីចន័រ (Beat Richner) ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ​លើក​ឡើង​ថា កុមារ​​១៨​នាក់ ក្នុង​ចំណោម​កុមារ​ចំនួន​២១​នាក់ដែល​បាន​ស្លាប់​នៅ​ឆ្នាំ​នេះបានចូល​មក​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​របស់​លោក​ក្នុង​​ខេត្ត​សៀម​រាប និង​រាជធានី​ភ្នំពេញ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ព្យាបាល​​​​ និងផ្តល់​​ឱសថ​មិន​ត្រឹម​ត្រូវ​នៅ​​តាម​គ្លីនិក​ឯក​ជន​។

លោក​ រីចន័រ ​បាន​មាន​ប្រសាសន៍​ទៀត​ថា “ មាន​កុមារ​១៨​​នាក់ ក្នុង​ចំណោម​កុមារ​ទាំងនោះ​ បាន​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​របស់យើងហើយកុមារទាំង​អស់​សុទ្ធ​តែ​ពុល​ថ្នាំ​”។ លោក​​មាន​ប្រសាសន៍ថា “ការ​ព្យា​បាល​នៅ​ផ្នែក​ឯក​ជន​មិនល្អទេ។មាន​កុមារ​ពុល​ថ្នាំនិង​ស្ទះ​តម្រង​នោម”។​ លោក​បញ្ជាក់ថា ​អំពើ​ពុក​រលួយកម្រិត​ខ្ពស់​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​ កំពុង​តែ​ជំរុញ​ឲ្យ​អ្នក​ជំងឺ​ងាក​ទៅ​រក​គ្លីនិក ​ឯក​ជន ​ដែលភាគច្រើន​វេជ្ជបណ្ឌិត​​មាន​ការ​បណ្តុះ​បណ្តាល​មិនសូវ​ល្អ។

កាលពី​ថ្ងៃ​ពុធ​ នៅ​ខេត្ត​សៀម​រាប កុមារ​ចំនួន​ប្រាំបីនាក់​បានចូល​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​គន្ធបុប្ឆា ក្នុង​ស្ថាន​ភាព​​ជំងឺ​គ្រុន​ឈាម ​​កម្រិតធ្ងន់​ និងមាន​​ភាព​ស្លេក​ស្លាំង​ ល្ហិត​ល្ហៃ​ដែល​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​មាន​គ្រោះ​ថ្នាក់​ហើយ​កុមារ​ប្រាំ​ពីរ​នាក់​ទៀត​ បាន​ចូល​សម្រាក​​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ឆា​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។បច្ចុប្បន្ននេះ មាន​កុមារ​ចំនួន​៣៤២​នាក់ កំពុង​សម្រាក​ព្យាបាល​ជំងឺ​គ្រុន​ឈាម​ដែលមាន​អាការ​បែក​គ្រាប់​ឈាម​នៅ​ក្នុង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ឆា​ ហើយ​អាការ​បែប​នេះ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​​ជីវិត​ និង​តម្រូវ​ឲ្យ​ចាក់​បញ្ចូល​ឈាម។

យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា ដល់​​ខែ​ឧសភាមាន​​ឯក​សារ​ជា​ផ្លូវការបង្ហាញ​ថា មាន​ករណី​ជំងឺគ្រុនឈាម​​ចំនួន​៤.៤៣៤​ករណី​នៅ​ទូទាំង​ប្រទេស​ បើ​ធៀប​ទៅនឹង​រយៈ​ពេល​ដូច​គ្នា​កាលពីឆ្នាំ​មុន​មាន​ចំនួន​១.០០៧​ករណី។​ ក្នុង​ចំណោម​​ការ​ស្លាប់​កុមារដែលគេ​បាន​កត់​ត្រា​ទុក​​ទាំង​​២១ករណី​​នោះ​ មាន​បី​ករណី​កើត​ឡើង​​នៅ​​រាជធានី​ភ្នំពេញ។

លោក​ ង៉ាន់ចន្ថានាយក​កម្ម​វិធី​ជាតិ​គ្រប់​គ្រង​ជំងឺ​គ្រុន​ឈាម​របស់​ក្រសួង​សុខាភិបាល​បាន​យល់​ស្រប​​តាម​​ការ​វាយ​តម្លៃ​របស់​លោក​​វេជ្ជ​បណ្ឌិត​​ រីចន័រ ដែល​ថា ការ​ព្យាបាល​មិន​បាន​ត្រឹម​ត្រូវ​​នៅ​តាម​គ្លីនិកឯក​ជន គឺ​ជា​រឿង​ត្រូវ​បន្ទោស​ចំពោះ​ការ​ស្លាប់កុមារ​កើត​ជំងឺ​គ្រុន​ឈាម​ដ៏​ច្រើន​បែប​នេះនៅ​ឆ្នាំ​នេះ គឺ​​ករណី​​ស្លាប់កើន​ឡើង​​១៣​នាក់ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន។

លោក​បាន​មាន​ប្រសាសន៍បន្ថែម​ថា“ប្រជា​​ពល​រដ្ឋ​ភាគ​ច្រើន​​តែង​តែបញ្ជូន​កូនៗរបស់​ខ្លួន​ទៅ​ព្យា​បាល​នៅ​​មន្ទីរ​ពេទ្យ​ឯក​ជន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ក៏ប៉ុន្ដែ មិន​មែន​មាន​ន័យ​ថា វេជ្ជ​បណ្ឌិតនៅ​តាម​មន្ទីរ​ពេទ្យ​​ខេត្ត​មិន​អាច​ព្យាបាល​កុមារ​​ទាំង​នេះនោះ​ទេ គឺ​ជាទូទៅ​ គ្រាន់​តែឪពុក​ម្ដាយ​មិន​ទុក​ចិត្ត​ពួកគេតែ​ប៉ុណ្ណោះ”។

ខណៈ​ដែល​មន្ទីរ​ពេទ្យ​រដ្ឋ​ភាគ​ច្រើន​នៅ​តាម​ខេត្ត​ និង​រាជធានីភ្នំពេញ​ អាច​ព្យាបាល​អ្នក​ជំងឺ​គ្រុន​ឈាម​ ដោយ​សុវត្ថិភាព​នោះប្រជា​ពល​រដ្ឋ​ជាច្រើន​ស្ទាក់​ស្ទើរ​មិន​ចង់​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រដ្ឋទេពី​ព្រោះ​ពួកគេជារឿយៗ​ត្រូវបាន​​ទាម​ទារ​​ឲ្យ​បង់​ប្រាក់ក្រៅ​​ផ្លូវ​ការទៅ​​ឲ្យបុគ្គលិក​ពេទ្យ។

លោក​ ចន្ថា ក៏បាន​លើក​ឡើង​ផង​ដែរ​ថាប្រជា​ពល​រដ្ឋ​ជាច្រើន​គ្រួសារពន្យារ​​​យូរពេក ​មុន​ពេល​នាំ​អ្នក​ជំងឺ​ទៅ​មន្ទីរ​ពេទ្យ​។ ប៉ុន្ដែ​ អាជ្ញា​ធរ​ត្រូវ​​ប្រឹង​ប្រែងថែម​ទៀត​​ ដើម្បី​ការ​ពារ​ប្រជាពល​រដ្ឋ​មិន​ឲ្យ​ស្លាប់ដោយ​​សារជំងឺ​គ្រុន​ឈាម​។

ក្រុម​អ្នក​ជំនាញ​បាន​លើក​ឡើងថា ប្រសិន​​បើ​មិនមានការ​ប្រឹង​ប្រែង​ឲ្យ​បាន​ខ្លាំង​ជាង​នេះ​ ដើម្បី​​ប្រយុទ្ធប្រឆាំង​នឹង​​ការ​រីក​រាល​ដាល​នៃការ​​ឆ្លងជំងឺ​នេះ​​នៅឆ្នាំ​នេះ​ទេនោះអាច​នឹង​មាន​មនុស្ស​ប្រមាណ​១៨.០០០​នាក់ឆ្លង​​ជំងឺ​គ្រុន​ឈាម​​មុន​ដំណាច់​​ឆ្នាំ​នេះ។ការ​ឆ្លង​​ជំងឺ​គ្រុន​ឈាម​ជាទូទៅកើន​ឡើង​ក្នុង​ខែ​សីហាដែល​ជា​រដូវភ្លៀង​ជោក​ជាំ​។ កាលពី​ឆ្នាំ​២០០៧ ជា​ឆ្នាំដែល​មាន​ជំងឺ​គ្រុន​ឈាម​ច្រើន​បំផុតនោះ​ មាន​មនុស្ស​ចំនួន​៤០៧​នាក់បានស្លាប់​ដោយ​សារ​ជំងឺ​ឆ្លង​នេះដែល​ភាគ​ច្រើន​គឺ​ជា​កុមារ។

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស