38 C
Phnom Penh

លោក ហ៊ុន សែន អួតអាង​ពី​ជ័យ​ជម្នះ​របស់​គណបក្សប្រជាជន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋមន្ត្រីហ៊ុនសែន​ កាល​ពី​ម្សិល​មិញ​បាន​ថ្លែ​ង​អំណរ​គុណ​ចំពោះ​អ្នក​បោះ​ឆ្នោត​ ដែល​នាំ​ជ័យ​ជម្នះ​ដ៏​រំភើប​មក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​​នៅ​ក្នុង​ការ​បោះ​ឆ្នោតឃុំ​​-សង្កាត់​កាល​ពី​ថ្ងៃ​អាទិត្យ​ និង​បាន​ប្រាប់​ទៅ​គណបក្ស​ប្រឆាំង​ថា គម្រោង​រួម​បញ្ចូល​​គ្នា​របស់​គណបក្ស​ប្រឆាំង​ ​និង​មិន​អាច​បញ្ឈប់​ជ័យ​ជម្នះ​ដ៏​លើស​លប់​ក្នុង​ការ​បោះ​ឆ្នោតរបស់គណបក្សដែលកំពុងកាន់​អំណាច​បាន​ឡើយ។

ថ្លែង​​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​មក​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​បាន​ដើរ​​លើ​ផ្លូវ​មួយ​ដ៏​វែង​ឆ្ងាយ​ ចាប់​តាំង​ពីការ​បោះ​ឆ្នោត​ជាតិ​រៀប​ចំ​ឡើងដោយអ៊ុនតាក់កាល​ពី​ឆ្នាំ​១៩៩៣​ ហើយ​បាន​កោត​សរសើរ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ដែល​បាន​បង្ក​ឲ្យ​មាន​សុវត្ថិភាពក្នុងការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​។

លោក ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​​ក្នុង​ពិធី​សម្ពោធផ្លូវ​ជាតិ​លេខ​៥៦​ដែល​ទើប​តែ​ស្ថាបនា​ឡើង​វិញ​​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ថា​”ការ​បោះ​ឆ្នោត​របស់​កម្ពុជាមិន​ប្រើ​កាំ​ភ្លើង​យន្ដ​ដូច​សម័យ​អ៊ុនតាក់​ទេ​”។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បន្ថែម​ថា “ ខ្ញុំ​សូម​កោត​សរសើរ​ និង​គោរព​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតសម្រាប់​ការ​ខិត​ខំ​ប្រឹង​ប្រែង​។ យើង​មិន​អាច​បោះ​ឆ្នោត​អំឡុង​ពេល​មាន​គ្រាប់​បែក​​ផ្ទុះ​ទេ”។

យោង​តាម​គណបក្ស​ប្រជាជន​កម្ពុជាបាន​ឲ្យដឹងថាគណបក្សកំពុង​កាន់​អំណាច​បាន​ឈ្នះ​​​៩៧​ភាគ​រយ ​នៃ​តំណែង​មេឃុំ​-ចៅសង្កាត់​សរុប​​ចំនួន​១.៦៣៣​ ដែល​ជា​ជ័យ​ជម្នះ​ដ៏លើស​​​លប់​ និង​បាន​ឈ្នះ​៧២​ភាគរយ​នៃ​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​។ លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែននិយាយ​លេងថា “ សួរ​ថា​ តើ​សប្បាយ​ចិត្ត​ទេនៅពេល​​គណបក្ស​ឈ្នះ​ សប្បាយ​ សប្បាយ​ ព្រោះ​គ្មាន​នរណា​បង្កើត​គណបក្ស​ចង់​ចាញ់​ទេ​”។

នៅ​ពេល​សម្ដែង​ការ​ដឹង​គុណ​ចំពោះ​អ្នក​បោះ​ឆ្នោត​ ដែល​បាន​ជ្រើស​រើស​គណបក្ស​ប្រជា​ជន​​កម្ពុជា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ​គូស​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ ជារឿង​មួយ​​​សម្រាប់​​​ជាតិ​ ដែល​សំខាន់​ជាង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​។

លោកបាន​មាន​ប្រសាសន៍​ថា “ ទោះ​បី​គណបក្ស​ណា​ឈ្នះ​ គណបក្ស​ណា​ចាញ់​ក៏​ដោយ​ វាមិន​សំខាន់​សម្រាប់​​ខ្ញុំ​ទេ​ ប៉ុន្ដែ​អ្វី​ដែល​សំខាន់​សម្រាប់​រដ្ឋាភិបាល​គឺ ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ យុត្តិធម៌​ ហើយ​មាន​តម្លាភាព​ និង​គ្មាន​អំពើ​ហិង្សា​”។ ទោះ​បី​ជា​មាន​ការ​កោត​សរសើរ​របស់​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​ ក៏​ដោយ​ ក៏​អ្នក​សង្កេត​ការណ៍បោះឆ្នោត​បាន​លើក​ឡើង​ ​ថា ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​មាន​ករណី​មិន​ប្រក្រតី​មួយ​ចំនួន ​ដូច​ជា​ ការ​បំភិត​បំភ័យ​ពី​មន្ត្រី​មូលដ្ឋាន​​ និង​ហេតុ​ផល​មួយ​ចំនួន​ទៀត​ដូច​ជា​ ប្រជាពលរដ្ឋ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បោះ​ឆ្នោត​ជា​ដើម​។ ការ​ប្រើ​ប្រាស់​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ជាតិ​ របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ត្រូវ​បាន​គេមើល​ឃើញ​ជា​យូរ​មក​ហើយ​​ថាបាន​បង្កើត​ឲ្យ​មាន​ភាព​មិន​យុត្តិធម៌​ចំពោះ​​ការ​ប្រកួត​ប្រជែង​ក្នុងការ​បោះ​ឆ្នោត​។

អំឡុង​ថ្លែង​សុន្ទរកថា​ កាលពី​ម្សិល​មិញ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​ បាន​បន្ដ​វាយ​​ប្រហារ​គណបក្សសមរង្ស៊ីនិង​គណបក្ស​ សិទ្ធិ​មនុស្ស​ ដោយ​ហៅ​គណបក្ស​ទាំង​ពី​រនេះ​ថា  “ ​ជា​គណបក្ស​តូច​”ហើយ​ “ខ្សោយ”។ គណបក្ស​ សមរង្ស៊ីកាល​ពី​ថ្ងៃ​អាទិត្យ​ បាន​បាត់​បង់​​តំណែង​មេឃុំ-ចៅសង្កាត់​ប្រាំ​មួយ​តំណែង​នៃ​តំណែង​មេឃុំ-​ចៅ​សង្កាត់​ចំនួន​២៨​ ដែល​ខ្លួន​បាន​ឈ្នះ​​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​កាល​ពី​ឆ្នាំ​២០០៧​ ហើយ​បាន​ឈ្នះ​ ត្រឹម​តែ​១៩​ភាគរយ​ នៃ​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​។ ដោយ​ទើ​បតែ​ចូល​ប្រឡូក​​​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ជា​លើក​ដំបូង​ គណ​បក្ស​ សិទ្ធិ​មនុស្ស​ បាន​ឈ្នះ​តំណែង​មេឃុំ-ចៅ​សង្កាត់​ចំនួន​១៨​។ ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​គណបក្ស​ សិទ្ធិមនុស្ស​ អំពាវ​នាវ​ម្ដង​ទៀត​ឲ្យ​គណបក្ស​ សមរង្ស៊ីរួម​បញ្ចូល​គ្នា​រវាង​គណ​បក្ស​ទាំង​ពីរ​នេះ​។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន​ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ខ្វល់​ថា តើ​គណ​បក្ស​ទាំង​ពីរ​នេះ​រួម​បញ្ចូល​គ្នា​ ឬ​ក៏​អត់​ទេ​ ហើយ​ថាការ​រួម​បញ្ចូល​គ្នា​នេះ​​អាច​ទាញ​យក​អំណាច​​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​តែ​បន្ដិច​បន្ដួច​តែ​ប៉ុណ្ណោះ​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ថា “ ឯ​គណបក្ស​ទី​៣​ ដែល​​ទើប​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​វា​ដូច​ជា​ក្អេង​ក្អាង​ណាស់។ គណបក្ស​ទាំងពីរ​ចូល​​គ្នា​ ក៏​មិន​អាច​ស្មើ​៥០​ភាគ​រយ​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​”។

គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​នៅ​មិនទាន់​ចេញ​តួលេខ​នៃ​​សន្លឹក​ឆ្នោត​ ដែល​​​គណបក្ស​នីមួយ​ៗ​ទទួល​បាន​អំឡុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​នៅឡើយទេ។ ការ​ប្រកាស​លទ្ធផល​​ជា​ផ្លូវ​ការ​ត្រូវ​បាន​គេ​រំពឹង​ថានឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤​ ខែ​មិថុនា។

លោក​នាយករដ្ឋមន្ត្រីហ៊ុនសែនក៏​បាន​លើក​ឡើង​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​​ សម រង្ស៊ី ផង​ដែរ​ ដោយ​លោកបាន​​​មាន​ប្រសា​​​សន៍​​ថា លោក​មិន​ចាប់​អារម្មណ៍ ចំពោះ​​ការ​អនុញ្ញាតឲ្យ​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ត្រឡប់​ពី​ប្រទេស​បារាំង​ដែល​លោក​កំពុង​ស្នាក់​នៅបែបនិរទេស​ខ្លួន​ ដើម្បី​ជៀស​វាង​ពី​ការ​​កាត់​​ទោស​​ឲ្យ​ជាប់ពន្ធនាគារ​​រយៈ​ពេល​១២​ឆ្នាំនៅក្នុង​ប្រទេស​កម្ពុជា​នោះ​​។

លោក​បាន​ថ្លែង​ថា “ ខ្ញុំ​មិន​ត្រូវ​ការ​ឲ្យ​អ្នក​ទោស​មក​រំខាន​ខ្ញុំ​ទេ”។ លោក​បាន​អះ​អាង​ថាលោកសមរង្ស៊ីបាន​ប្រមាថ​មើល​ងាយ​លោក​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ដោយ​ហៅ​លោក​ថាជា “ អាយ៉ង” របស់​វៀត​ណាម។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែនបាន​មាន​ប្រសាសន៍​ថាលោក​នឹង​មិន​ទទួល​​យកសំណើ​​ណា​មួយ​របស់​លោក សម រង្ស៊ី ដែល​អាច​​អនុញ្ញាត​ឲ្យ​លោកបានវិល​ត្រឡប់​​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នោះទេ។ mលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែនបាន​ថ្លែង​ថា “ប្រសិន​បើ​លោក​ សមរង្ស៊ីសរសេរ​លិខិត​មួយ​​​​ផ្ញើ​មក​ [ ខ្ញុំ ] ហើយ​បញ្ជា​ឲ្យ​មន្ត្រី​របស់​ខ្លួន​​យក​​លិខិត​នេះ​មក​ប្រគល់​ឲ្យ​ [ ខ្ញុំ ] ដើម្បី​ចរចានោះ​ ខ្ញុំ​គ្មាន​សិទ្ធិ​ចរចា​ជា​មួយ​នឹង​លោក​ សមរង្ស៊ីទេពីព្រោះ​ខ្ញុំ​ជា​អាយ៉ង”។

លោក​​បាន​ថ្លែង​ថា “ ​នៅ​លើ​​ពិភព​លោក​មាន​តែ​ប្រជាជន​ទេ​ ដែល​អាច​ត្រួត​ត្រា​ ហ៊ុនសែន បាន។សំឡេង​ភាគ​ច្រើន​នៃ​ប្រជាជន​មាន​សិទ្ធិ​ត្រួត​ត្រា​ ហ៊ុនសែនប្រសិន​បើ​ប្រជា​ជន​បោះ​ឆ្នោត​ទម្លាក់​គណបក្ស​ប្រជា​ជន ឬហ៊ុនសែនខ្ញុំ​ត្រូវ​តែ​គោរព​​”។លោកយឹមសុវណ្ណ​ អ្នកនាំ​ពាក្យ​គណបក្ស

សមរង្ស៊ីបាន​ច្រានចោល​​សេចក្ដី​អត្ថា​ធិប្បាយ​​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែនហើយ​បាន​មាន​ប្រសាសន៍​ថាការ​រួម​បញ្ជូល​គ្នា​រវាង​គណបក្ស​ សិទ្ធិមនុស្ស​ និង​គណបក្សរបស់​លោក​​អាច​នឹង​កើត​មាន​មុន​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​។

លោក​ យឹម​ សុវណ្ណ​ បាន​លើក​ឡើង​ថា “ ​ការ​រួម​បញ្ចូល​គ្នា​នេះ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​រួចផុតពី​អំពើពុក​រលួយ​” លោកគល់បញ្ញានាយក​ប្រតិបត្តិ​នៃ​គណៈ​ កម្មការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ បាន​រិះ​គន់​ការ​ប្រៀប​ធៀប​រវាង​ការ​បោះ​ឆ្នោត​ ​រៀប​ចំ​ដោយអ៊ុនតាក់ កាល​ពី​ឆ្នាំ​១៩៩៣​ និង​ការ​បោះ​ឆ្នោត​ កាល​ពី​ថ្ងៃ​អាទិត​្យ​ ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុនសែន។

លោក​បាន​មាន​ប្រសាសន៍​ថា “ អំឡុង​ការ​​បោះ​ឆ្នោត​ ដែល​​រៀប​ចំ​ឡើង​ដោយ​ អ៊ុន​តាក់​ស្ថាន​ភាព​ គឺ​វា​ផ្សេង​គ្នាពីព្រោះ​វា​ទើប​តែ​រួច​ផុត​ពី​សង្គ្រាម​ស៊ីវិល​”។លោកគល់បញ្ញា​ បាន​មាន​ប្រសាសន៍​បន្ដ​ថា “ ​យើង​បាន​រកឃើញ​ថាប្រជាពលរដ្ឋ​នៅ​តែ​ភ័យ​ខ្លាច… អាជ្ញាធរ​ដែល​គាំទ្រ​គណបក្ស​កំពុងកាន់​អំណាច…ពួក​គេ​​បាន​ធ្វើ​ឲ្យ​ [អ្នក​បោះ​ឆ្នោត] ​ឃ្លាត​ឆ្ងាយ​ពី​ការ​បោះ​ឆ្នោត។ វា​មិនមែន​ជា​ការ​ប្រើ​អំពើ​ហិង្សា​ប្រើ​រាង​កាយ​ទេ​ ប៉ុន្ដែ​វា​ជាការ​​បង្ខិត​បង្ខំ​ផ្នែក​សតិ​អារម្មណ៍​”។ លោក​បាន​លើក​ឡើង​ថា “ប្រជា​ពលរដ្ឋ​នៅ​តែ​ភ័យ​ខ្លាច”៕

ប្រែសម្រួល​ដោយស៊ាស៊ុយឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស