អ្នកតវ៉ានៅសហគមន៍បឹងកក់ បានបន្តទាមទារឲ្យមានការដោះលែងស្ត្រីចំនួន១៤នាក់ និងបុរសម្នាក់ដែលត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារតាំងពីថ្ងៃទី២៤ខែឧសភាមកនោះ ដោយពួកគាត់បានផ្ញើញត្តិមួយទៅព្រឹទ្ធសភា និងស្ថានទូតជប៉ុនកាលពីថ្ងៃសុក្រហើយពួកគាត់សង្ឃឹមថាព្រឹទ្ធសភានិងស្ថានទូតជប៉ុននឹងធ្វើអន្តរាគមន៍សាជាថ្មីនៅក្នុងជម្លោះដីធ្លីដ៏អូសបន្លាយនេះ។
ប្រជាពលរដ្ឋប្រមាណជាង១០០នាក់រួមទាំងអ្នកភូមិ ដែលត្រូវបានបណ្តេញចេញពីសហគមន៍បុរីកីឡាដែរនោះ បានប្រមូលផ្តុំគា្ននៅក្រៅអគារព្រឹទ្ធសភា និងស្ថានទូតជប៉ុន ដែលនៅជិតនោះ ដោយពួកគាត់បានស្រែកឡើងថា “ដោះលែងអ្នកតវ៉ាទាំង១៥នាក់នៅសហគមន៍បឹងកក់មកវិញ!”។
អ្នកស្រី បូ ឆវី តំណាងអ្នកភូមិមកពីសហគមន៍បឹងកក់ បានលើកឡើងថា ការចាប់ខ្លួនអ្នកតវ៉ាទាំង១៥នាក់ដាក់ពន្ធនាគារ ដែលធ្វើឡើងបន្ទាប់ពីមានការតវ៉ាដោយសន្តិវិធីមួយប្រឆាំងនឹងគម្រោងអចលនទ្រព្យនៅឯអតីតបឹងកក់របស់លោកឡៅម៉េងឃិនសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជានោះគឺមិនត្រឹមត្រូវតាមច្បាប់នោះទេ។
អ្នកស្រីបូឆវីបានចោទសួរថា “ ខ្ញុំគិតថាការកាត់ទោស និងការចោទប្រកាន់ពួកគាត់ គឺមិនយុត្តិធម៌ទេ ពីព្រោះយើងជាម្ចាស់ដី។ពួកគាត់គ្រាន់តែតវ៉ាដើម្បីការពារដីធ្លីរបស់ពួកគាត់ប៉ុណ្ណោះ។ ចុះហេតុអ្វីបានជាពួកគាត់ត្រូវចាប់ខ្លួននិងផ្តន្ទាទោសបែបនេះទៅវិញ”?។ អ្នកស្រីបាននិយាយថា មន្ត្រីរដ្ឋបាលព្រឹទ្ធសភាបានទទួលញត្តិរបស់ពួកគាត់ហើយ។អ្នកស្រីបានបន្តថា គេបានប្រាប់គាត់ថា ព្រឹទ្ធសភានឹងព្យាយាមដោះស្រាយបញ្ហានេះជូនពួកគាត់។
អ្នកស្រី បូ ឆវី បានលើកឡើងថា អ្នកទោសបឹងកក់ទំាង១៥នាក់នេះ កំពុងរងទុក្ខវេទនានៅក្នុងពន្ធនាគារក្នុងរាជធានីភ្នំពេញ។ អ្នកស្រីបាននិយាយថា “ពួកគាត់កំពុងតែរងទុក្ខវេទនា ពីព្រោះបន្ទប់របស់ពួកគាត់ក្នុងពន្ធនាគារ មានអ្នកទោសច្រើនពេក និងគ្មានអនាម័យ។ស្ថានភាពនៅក្នុងពន្ធនាគារនេះ ធ្វើឲ្យពួកគាត់ឈឺនិងក្អួតចង្អោរពីព្រោះពួកគាត់មានជំងឺលើសឈាម និងជំងឺបេះដូង”។
មន្ត្រីស្ថានទូតជប៉ុនក៏បានប្រាប់អ្នកដាក់ញត្តិទាំងនោះ ដែលអ្នកខ្លះមានកាន់បដានៅក្នុងដៃដែលសរសេរថា “ ពិភពលោកកំពុងតែមើលមកពួកយើង” ថា ពួកគាត់នឹងព្យាយាមជួយដែរ។
កូនស្រីអាយុ១៣ឆ្នាំរបស់អ្នកស្រីហេង មុំ ដែលតែងតែនាំមុខគេជាយូរមកហើយក្នុងការតវ៉ាដោយសន្តិវិធីប្រឆាំងនឹងការកូនស្រីអាយុ១៣ឆ្នាំរបស់អ្នកស្រីហេង មុំ ដែលតែងតែនាំមុខគេជាយូរមកហើយក្នុងការតវ៉ាដោយសន្តិវិធីប្រឆាំងនឹងការបណ្តេញចេញដោយបង្ខំនៅបឹងកក់នោះ បាននិយាយថា “ម្តាយរបស់ខ្ញុំនិងអ្នកភូមិទាំង១៤នាក់ទៀត គ្មានទោសពៃរ៍នោះទេ”។
ក្មេងស្រីនេះបានចោទសួរនៅខាងក្រៅអាគារព្រឹទ្ធសភាថា”ហេតុអីបានជាម្ចាស់ដីត្រូវជាប់គុក ហើយចោរពិតប្រាកដបែរជាមានសេរីទៅវិញ”? លោកមឿនតុលាប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានលើកឡើងថា សារដ៏សំខាន់ដែលផ្ញើទៅព្រឹទ្ធសភានិងស្ថានទូតជប៉ុនកាលពីថ្ងៃសុក្រ គឺថាប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា មិនដំណើរទាំងស្រុង ហើយប្រព័ន្ធច្បាប់ដែលមិនដំណើរការ នឹងធ្វើឲ្យវិនិយោគិនបរទេសមិនហ៊ានមកវិនិយោគនៅប្រទេសកម្ពុជាឡើយ។
លោកមឿនតុលាបានមានប្រសាសន៍ថា “ពេលនេះ សារនេះប្រាប់ស្ថានទូតជប៉ុនថា ពួកគេគួរតែជួយនិយាយជាមួយរដ្ឋាភិបាលកម្ពុជាហើយប្រាប់ពួកគេថាកម្ពុជានឹងបាត់បង់វិនិយោគិន”៕
ប្រែសម្រួលដោយស៊ាស៊ុយឈាង