មន្ត្រីតុលាការម្នាក់បាននិយាយកាលពីម្សិលមិញថា សាលាដំបូងខេត្តក្រចេះបានដោះលែងមនុស្សប្រាំនាក់ នៅក្នុងចំណោមប្រាំបីនាក់ឲ្យនៅក្រៅឃុំ បណ្ដោះអាសន្ន ដែលត្រូវបានចោទប្រកាន់បន្ទាប់ពីកងកម្លាំងសន្ដិសុខធ្វើប្រតិបត្តិការបែបយោធាចូលទៅក្នុងភូមិតូចមួយ ដែលគេសង្ស័យថា ជាទីតាំងរបស់ចលនាអបគមន៍។
កាលពីថ្ងៃទី១៦ ខែឧសភា ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ត្រូវបានបាញ់ស្លាប់ពេលទាហាននគរបាល កងរាជអាវុធហត្ថប្រដាប់អាវុធបានសម្រុកចូលភូមិប្រមា នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីបណ្ដេញអ្នកភូមិដែលជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏យូរជាមួយនឹងក្រុមហ៊ុនចម្ការកៅស៊ូមួយនៅក្នុងតំបន់នោះ។
បុរសប្រាំបីនាក់ត្រូវបានចាប់ខ្លួនក្នុងពេលប្រតិបត្តិការនោះ ហើយក្រោយមក ត្រូវបានដាក់ពន្ធនាគារ។ នគរបាលបាននិយាយថា ពួកគេកំពុងស្វែងរកបុរសប្រាំនាក់ផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងមនុស្សមួយក្រុម ដែលពួកគេចោទថា បានព្យាយាមបង្កើតតំបន់មួយនៅក្រៅការគ្រប់គ្រងរបស់រដ្ឋាភិបាលកម្ពុជាជាការអះអាងមួយរងការចំអកពីអង្គការសិទ្ធិមនុស្សនានា ដែលលើកឡើងថា អ្នកភូមិទាំងនោះគ្រាន់តែធ្វើការតវ៉ាប្រឆាំងនឹងការបាត់បង់ដីធ្លីរបស់ពួកគាត់ទៅលើក្រុមហ៊ុនឯកជនមួយតែប៉ុណ្ណោះ។
បុរសទាំងប្រាំបីនាក់នោះ ត្រូវបានចោទប្រកាន់ថា បានធ្វើការបះបោរប្រឆាំងនឹងអ្នករាជការសាធារណៈ ហើយត្រូវប្រឈមនឹងទោសជាប់ពន្ធនាគារចន្លោះពីប្រាំពីរឆ្នាំ ទៅ១៥ឆ្នាំ។
លោក ចុក ងួន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ បានមានប្រសាសន៍កាលពីម្សិលមិញថា ប៉ុន្តែ បុរសប្រាំនាក់ក្នុងចំណោមបុរសទាំងនោះត្រូវបានដោះលែងកាលពីថ្ងៃទី៣១ ខែឧសភារួចហើយ។ លោកបានបន្ថែមថា “ មូលហេតុដែលយើងដោះលែងមនុស្សទាំងប្រាំនាក់ឲ្យនៅក្រៅឃុំ គឺដោយសារតែពួកគេមិនបានជាប់ពាក់ព័ន្ធនៅក្នុងរចនាសម្ពន្ធ[អង្គការ]របស់មេខ្លោងឈ្មោះ ប៊ុន រដ្ឋា នោះទេ ហើយយើងកំពុងធ្វើការស៊ើបអង្កេតថែមទៀតលើករណីនេះ”។ លោកបានបន្ដទៀតថា មិនទាន់មានការដកការចោទប្រកាន់ ចំពោះអ្នកនៅក្រៅឃុំទាំងប្រាំនាក់នោះទេ ហើយថា ពួកគេនៅតែស្ថិតក្រោមការឃ្លាំមើលរបស់តុលាការដដែល។
លោក ហុក ផល្លា មេធាវីជនជាប់ចោទតំណាងឲ្យអង្គការសិទ្ធិមនុស្សអាដហុកបានប្រាប់ថា អ្នកដែលត្រូវដោះលែងទាំងនោះមានឈ្មោះ ហង្ស ផល អាយុ៤៨ឆ្នាំ ឈ្មោះ សារឿន រុំ អាយុ២៤ឆ្នាំ ឈ្មោះ ពុំ វណ្ណៈ អាយុ៥៣ឆ្នាំ ឈ្មោះ ហេង ធឿន អាយុ៣១ឆ្នាំ និង ឈ្មោះ ម៉ៅ វាសនា អាយុ៣២ឆ្នាំ។
លោកមានប្រសាសន៍បន្ដទៀតថា “ យើងរីករាយណាស់ដែលតុលាការបានដោះលែងពួកគេឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ហើយខ្ញុំនឹងព្យាយាមដាក់ឯកសារថែមទៀត ដើម្បីដោះបន្ទុកកូនក្ដីរបស់ខ្ញុំ”។លោកបានថ្លែងថា លោកមិនបានទទួលដំណឹងទេ នៅពេលតុលាការបង្គាប់ឲ្យដោះលែងកូនក្ដីរបស់លោកនោះ ហើយថា លោកមិនបានដឹងថា បច្ចុប្បន្ននេះពួកគេនៅទីណានោះទេ។
លោក ខ្វា សារ៉ន ប្រធានពន្ធនាគារខេត្តក្រចេះបានបញ្ជាក់ថា អ្នកទោសទាំងនោះត្រូវបានដោះលែងរួចហើយ ហើយលោកបានមានប្រសាសាន៍ថា ពួកគេបានត្រឡប់ទៅផ្ទះអស់ហើយ។ លោក ចាន់ សុវ៉េត អនុប្រធានផ្នែកសើុបអង្កេតនៅអង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា ការចោទប្រកាន់ពីបទបះបោរចំពោះបុរសទាំងប្រាំបីនាក់នោះ គឺពុំមានមូលដ្ឋានច្បាស់លាស់ទេ។
លោកបានថ្លែងបន្ដថា “ យើងសំណូមពរឲ្យតុលាការសម្រេចឲ្យអ្នកភូមិទាំងនោះរួចទោស ពីព្រោះពួកគេមិនបានជាប់ពាក់ព័ន្ធនឹងចលនាអបគមន៍ ឬការបះបោរប្រឆាំងនឹងអ្នករាជការសាធារណៈនោះទេ។ ពួកគេគឺជាជនរងគ្រោះដោយសារជម្លោះដីធ្លី”៕
ប្រែសម្រួលដោយ ឃិន ណៃ
និង ហម សុផាណ្ណា