ទើបតែប៉ុន្មានថ្ងៃបន្ទាប់ពីមានគម្រោងរួមបញ្ចូលគ្នារវាងគណបក្ស សមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សលោក កឹមសុខា បានអំពាវនាវឲ្យពន្យារពេលដើម្បីជជែកពីបញ្ហានោះដោយលោកបានលើកឡើងថា លោកមានកម្មវិធីរវល់ច្រើន។
លោកយ៉ែមបុញ្ញឫទ្ធិអគ្គលេខាធិការគណបក្សសិទ្ធិមនុស្ស បានមានប្រសាសន៍ថា “យើងមានកម្មវិធីច្រើនណាស់នៅចុងខែនេះ យើងត្រូវជួបចៅសង្កាត់-មេឃុំថ្មីនិងរៀបចំសមាជិកគណបក្សដូច្នេះយើងរវល់ណាស់ [ដើម្បីជួបគ្នាក្នុងខែនេះ]”។
លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា លោក កឹមសុខា បានផ្ញើលិខិតមួយច្បាប់ជូនលោក សមរង្ស៊ីកាលពីម្សិលមិញ ដោយស្នើសុំឲ្យគណបក្សសម រង្ស៊ី ពន្យារពេលជួបប្រជុំពីរបីសប្ដាហ៍ទៀតដើម្បីពិភាក្សាអំពីការបង្រួបបង្រួមបក្ស ។
កាលពីថ្ងៃពុធ លោក គង់ គាំ ប្រធានស្ដីទីរបស់គណបក្ស សមរង្ស៊ីបានអញ្ជើញលោកកឹម សុខា ដើម្បីជួបពិភាក្សាជាមួយមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្ស សម រង្ស៊ី នៅប្រទេសហ្វីលីពីន នៅថ្ងៃទី ២៩ និង៣០ ខែមិថុនា ។ លោកបុញ្ញឫទិ្ធបានមានប្រសាសន៍ថា“គណបក្សសិទ្ធិមនុស្សសូមស្វាគមន៍សំណើរបស់លោក ប្រធានស្ដីទី គង់ គាំ ដែលបានសុំជួបពិភាក្សាជាមួយលោកកឹមសុខា ដើម្បីបង្រួបបង្រួមបក្ស… ប៉ុន្តែ ថ្នាក់ដឹកនាំរបស់គណបក្សសិទ្ធិមនុស្ស ពេលនេះជាប់រវល់ណាស់ រហូតដល់សប្ដាហ៍ទី១នៃខែកក្កដា”។លោកបុញ្ញឫទិ្ធបានស្នើសុំជួបប្រជុំគ្នានៅសប្ដាហ៍ទី២នៃខែកក្កដាវិញ។
កាលពីម្សិលមិញ លោក គង់ គាំ បានថ្លែងថាលោកមិនទាន់បានឃើញសំណើនោះនៅឡើយទេប៉ុន្តែថាវាអាស្រ័យទៅលើមេដឹកនាំគណបក្សជាអ្នកសម្រេច។ លោកបានមានប្រសាសន៍បន្ដថា“វាអាស្រ័យលើលោក សមរង្ស៊ី ដើម្បីសម្រេចថា ថ្ងៃណាជាថ្ងៃប្រជុំមិនមែនខ្ញុំទេ”។
គម្រោងរួបរួមបក្សនេះបានកើតមានឡើង បន្ទាប់ពីការខកចិត្តយ៉ាងខ្លាំងក្នុងការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃអាទិត្យដោយគណបក្ស សមរង្ស៊ីបានបាត់បង់ដំណែងមេឃុំ-ចៅសង្កាត់ចំនួនប្រាំមួយអាសនៈ ហើយបានមើលឃើញនូវការបាត់បង់សំឡេងឆ្នោតជិតមួយភាគប្រាំបើប្រៀបធៀបទៅនឹង
ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០០៧។ទោះយ៉ាងណាក៏ដោយគណបក្សសិទ្ធិមនុស្សបានឈ្នះតំណែងមេឃុំ-ចៅសង្កាត់ចំនួន១៨ អាសនៈក្នុងអំឡុងពេលបោះឆ្នោតដែលគណបក្សនេះបានចូលរួមជាលើកដំបូង។ ផែនការបង្រួបបង្រួមរវាងបក្សទាំងពីរបានទទួលបរាជ័យដោយសារការទំនាក់ទំនងកាន់តែរង្គោះរង្គើឡើងកាលពីឆ្នាំមុន ហើយដោយមើលឃើញលិខិតសាធារណៈដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើន និងការរិះគន់គ្នាខ្លាំងៗ ទៅវិញទៅមក៕
ប្រែសម្រួលដោយ ឃិន ណៃ