រដ្ឋាភិបាលបានវាយបកវិញចំពោះអត្ថបទវិចារណកថាមួយ ចេញផ្សាយនៅក្នុងកាសែតឌឹញូវយ៉កថែមស៍ (The New York Times) និពន្ធដោយនាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី ដែលបានវាយតម្លៃអន់ចំពោះការគ្រប់គ្រងអំណាចរយ:ពេលដ៏យូររបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។
អត្ថបទរិះគន់និពន្ធដោយលោក ប្រាដ អាដាម (Brad Adams) ដែលបានចុះផ្សាយក្នុងកាសែត ឌឹ ញូវយ៉ក ថែមស៍ កាលពីថ្ងៃទី៣១ ខែឧសភា នេះ បានរិះគន់លោកហ៊ុន សែនខ្លាំងៗអំពីការគ្រប់គ្រងប្រទេសកម្ពុជា ក្រោមកណ្តាប់ដៃដែក ដោយគាបសង្កត់គូប្រជែងផ្នែកនយោបាយរបស់ខ្លួន ហើយក៏បានភ្ជាប់ក្រុមអង្គរក្សនាយករដ្ឋមន្ត្រីទៅនឹងការបោកគ្រាប់បែកក្នុងឆ្នាំ១៩៩៧ទៅលើក្រុមបាតុករដែលដឹកនាំដោយលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងផងដែរ។
លោកកែវរ៉េមី អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណ:រដ្ឋមន្ត្រី បានធ្វើសន្និសីទកាសែតមួយ កាលពីថ្ងៃសុក្រ ដើម្បីថ្កោលទោសលោក អាដាមដោយលើកឡើងថា ជាមនុស្សមានទោសពីបទរិះគន់ទាំងងងឹតងងល់មកលើរដ្ឋាភិបាល និងសង្គមប្រជាធិបតេយ្យពិតប្រាកដ ដែលប្រទេសកម្ពុជា ទទួលបានចាប់តាំងពីការបោះឆ្នោត រៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៩៣មក។
លោកកែវរ៉េមីបានមានប្រសាសន៍នៅទីស្តីការគណ:រដ្ឋមន្ត្រីថា “ យើងបានសង្កេតឃើញថាបុគ្គល ប្រាដអាដាម នេះ តែងតែធ្វើការចោទប្រកាន់ និងរិះគន់រាជរដ្ឋាភិបាលទាំងងងឹតងងល់”។ លោក កែវរ៉េមី បានមានប្រសាសន៍ថា បទវិចារណកថានេះពោរពេញទៅដោយ “ ការស្អប់ខ្ពើម ការសងសឹក និងប្រើប្រាស់អារម្មណ៍ផ្ទាល់ខ្លួន ដោយផ្អែកលើព័ត៌មានដែលគាត់ជឿតាមគេ”។
លោកក៏បានមានប្រសាសន៍ដែរថាលោកអាដាម ដែលបានលើកឡើងអំពីការធ្លាក់ពីអំណាចរបស់បណ្តាមេដឹកនាំផ្តាច់ការក្នុងប្រទេសទុយនីស៊ី អេហ្ស៊ីប លីប៊ី និងយេម៉ែន ក្នុងអត្ថបទរបស់លោកស្តីពីការគ្រប់គ្រងអំណាចដ៏យូររបស់លោកហ៊ុនសែននោះ មិនទាំងដឹងថា ប្រទេសកម្ពុជា រៀបចំការបោះឆ្នោតស្របតាមលទ្ធិប្រជាធិបតេយ្យ ជារៀងរាល់ប្រាំឆ្នាំម្តងផងទេ។ លោកបានមានប្រសាសន៍ថា “ បណ្តាមេដឹកនាំនៅអារ៉ាប់ មិនបានរៀបចំការបោះឆ្នោតនោះទេ”។
ក្នុងរយៈពេល១០ឆ្នាំដែលលោកធ្វើជាប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីលោកអាដាមតែងតែរិះគន់រដ្ឋាភិបាលដោយខុសរឿង។កាលពីខែមករាឆ្នាំ២០១១ លោក អាដាមបាននិយាយរិះគន់ការក្រាញអំណាចរបស់លោក ហ៊ុនសែននៅក្នុងបទសម្ភាសតាមវិទ្យុមួយ ដែលនាំឲ្យលោក ទិត្យសុធាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ប្រៀបប្រដូចលោកទៅនឹង “ ចោរព្រៃ”។ លោក អាដាម មានប្រសាសន៍ថា លោកនឹងមិនឆ្លើយតបទៅនឹងការរិះគន់របស់លោក កែវ រ៉េមី ទេ។ អត្ថបទរបស់លោក អាដាម បានរិះគន់មន្ត្រីរដ្ឋាភិបាលផ្សេងៗទៀតផងដែរ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយក្នុងទីក្រុងឡុងដ៍លោកហោណាំបូរា៉ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអង់គ្លេស ក៏បានរិះគន់ខ្លាំងៗផងដែរ ចំពោះពាក្យសម្ដីរបស់លោក អាដាម ហើយបានចាត់ទុកអត្ថបទរបស់លោកថា“ពិសពុល” ។
លោកហោណាំបូរា៉បានសរសេរថា “ ជាអកុសលសម្រាប់លោក អាដាម ឧបាយកលរបស់គាត់មិនបានសម្រេចទេ។ លោក អាដាមមានបំណងធ្វើអ្វីៗ ដើម្បីសម្ដែងការស្អប់ខ្ពើមចំពោះ[លោកហ៊ុនសែន] ”។ នៅក្នុងអត្ថបទនេះលោក អាដាមលើកឡើងថា ពេលនេះ លោក ហ៊ុនសែន បានចូលរួមជាមួយ “ក្លឹប១០.០០០” របស់ “បុរសខ្លាំងមួយក្រុម” ដែលអាចនៅរក្សាអំណាចបានរយៈពេល១០.០០០ថ្ងៃ។
ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែនបានចោទប្រកាន់ក្រុមអ្នករិះគន់ជាជនបរទេសថាបានព្យាយាមបង្កឲ្យមានសង្គ្រាមក្នុងប្រទេសកម្ពុជា ហើយបាននិយាយចំអកឲ្យលោក អាដាមដែលបានលើកឡើងអំពីការកាន់អំណាចរយៈពេល១០.០០០ថ្ងៃ។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងនៅក្នុងពិធីបើកការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ៥៦ក្នុងខេត្តបន្ទាយមានជ័យថា “ ជនបរទេសមកបង្កតែសង្គ្រាមប៉ុណ្ណោះ ប៉ុន្ដែជនរងគ្រោះដោយសារសង្គ្រាម គឺប្រជាជនខ្មែរ។
លោក ប្រាដ អាដាមបានសរសេរអ្វីមួយ និងបានចុះផ្សាយក្នុងកាសែត ឌឹ ញូវយ៉ក ថែមស៍ដោយលើកឡើងថាហ៊ុន សែនកាន់អំណាចបាន១០.០០០ថ្ងៃ។ខ្ញុំមិនដឹងច្បាស់ថា ខ្ញុំបានឮពាក្យថា ១០.០០០ថ្ងៃ នៅពេលណាទេប៉ុន្ដែខ្ញុំកាន់អំណាចបានរយៈពេលជាង២០.០០០ថ្ងៃរួចមកហើយ”៕
(រាយការណ៍បន្ថែមដោយ Lauren Crothers)
ប្រែសម្រួលដោយ តែមសុខុម