សាលាឧទ្ធរណ៍បានកោះហៅលោកស្រីមូរ សុខហួរ ដើម្បីធ្វើការសាកសួរនៅចុងខែនេះចំពោះ “ការស្ថារនីតីសម្បាទា”របស់លោកស្រីឡើងវិញ ជាជំហានដំបូងដែលត្រូវធ្វើ មុននឹងរដ្ឋសភាផ្តល់អភ័យឯកសិទិ្ធដល់លោកស្រីវិញ។
នៅក្នុងដីកាកោះហៅរបស់តុលាការចុះថ្ងៃសុក្រលោកស្រី មូរ សុខហួរ ត្រូវចូលខ្លួននៅថ្ងៃទី២៧ ខែមិថុនាដើម្បីឲ្យ “តុលាការផ្តល់ការស្ថារនីតិសម្បទាឡើងវិញ”។ លោកស្រី មូរ សុខហួរ បានសរសេរនៅក្នុងអីុម៉េលមួយដោយសំដៅដល់ករណីមួយចំនួនដែលពាក់ព័ន្ធនឹងសមាជិកគណបក្ស សម រង្ស៊ីថា “ករណីរបស់ខ្ញុំគួរតែជាករណីមួយងាយស្រួលនៅសាលាឧទ្ធរណ៍ ប៉ុន្តែជាមួយនឹងទង្វើរបស់តុលាការក្នុងពេលថ្មីៗនេះ ខ្ញុំមិនច្បាស់ថានឹងមានអ្វីកើតឡើងនោះទេ”។
លោកស្រីបានលើកឡើងថា “តុលាការមិនមានប្រតិកម្មអ្វីទេ មុនការបោះឆ្នោតឃុំ-សង្កាត់ ប៉ុន្តែឥឡូវនេះ តុលាការចាប់ផ្តើមមានប្រតិកម្មឡើងវិញហើយ”។ លោកស្រីបានបន្ថែមថា លោកស្រីនឹងព្យាយាមពន្យារកាលបរិច្ឆេទ ដែលតុលាការកោះហៅលោកស្រី ពីព្រោះលោកស្រីមិននៅក្នុងប្រទេសកម្ពុជារហូតដល់ថ្ងៃទី១០ ខែ
កក្កដា។អភ័យឯកសិទិ្ធរបស់សមាជិកសភាមកពីគណបក្សប្រឆាំងរូបនេះ ត្រូវបានដកកាលពីឆ្នាំ២០០៩ បន្ទាប់ពីមានជម្លោះ និងការប្តឹងគ្នាតាមផ្លូវច្បាប់ដ៏អូសបន្លាយមួយ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។កាលពីខែមករាឆ្នាំនេះ តុលាការ បានទទួលឯកសារស្នើសុំផ្តល់អភ័យឯកសិទ្ធិ ឲ្យលោកស្រីវិញ។ ពេលតុលាការនិងក្រសួងយុត្តិធម៌ ពិនិត្យឯកសារនេះឡើងវិញរួច គេនឹងបញ្ជូនវាទៅរដ្ឋសភាចុះហត្ថលេខា៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង