30 C
Phnom Penh

ក្រុម​អ្នក​ភូមិ​នៅ​ខេត្ត​សៀម​រាប​នាំ​គ្នា​តវ៉ា​ចំពោះ​តម្លៃ​អគ្គិសនី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តវ៉ា​និយាយ​កាល​ពី​ម្សិល​មិញ​ថា​ ប្រជា​ពលរដ្ឋ​ប្រមាណ​២០០​នាក់​មក​ពី​ស្រុក​អង្គរជុំ​ បាន​នាំ​គ្នា​តវ៉ា​នៅ​ខាង​ក្រៅ​សា​លា​ខេត្ត​​សៀមរាប ​កាល​ពី​ថ្ងៃ​សុក្រ  ដោយពួក​គាត់អំពាវ​នាវ​ឲ្យ​ក្រុម​ហ៊ុន​អគ្គិសនី​ឯក​ជន​ ឌួង​ ណារិន​ បញ្ចុះ​តម្លៃ​អគ្គិសនី​ ហើយ​ស្នើ​សុំ​ឲ្យ​អាជ្ញា​ធរ​អគ្គិសនី​រដ្ឋ​ភ្ជាប់​បណ្តាញ​អគ្គិសនី​ទៅ​កាន់​តំបន់​ ដែល​ពួក​គាត់​កំពុង​រស់​នៅ។​ ក្រុម​អ្នកស្រុក​មក​ពី​ឃុំ​តាសោម​ បាន​តវ៉ា​សុំ​ឲ្យ​ក្រុម​ហ៊ុន​ ឌួង​ ណារិន​ បញ្ចុះ​តម្លៃ​អគ្គិសនី​របស់​ខ្លួន​ពី​ចំនួន​៣.៤០០​រៀល​ មក​ត្រឹម​ចំនួន​១.៥០០​រៀល​ក្នុង​មួយ​គីឡូ​វ៉ាត់​ម៉ោង។

អ្នក​ភូមិ​ម្នាក់​ឈ្មោះ​ ថន​ ចំរើន​ អាយុ​ ៤២​ឆ្នាំ​ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​អ្នក​តវ៉ានេះ​ដែរ​ បាន​និយាយ​ថា​ “កាល​ពី​មុន​ខ្ញុំ​ធ្លាប់ចំណាយ​ប្រាក់​តែ​១០​ដុល្លារប៉ុណ្ណោះ​ក្នុង​មួយ​ខែ​លើថ្លៃ​អគ្គិសនី​ ក៏​ប៉ុន្តែ​ឥឡូវ​នេះ​​ត្រូវ​ចំណាយ​អស់​ដល់​ទៅ​៣០​ដុល្លារ។​ ខ្ញុំ​ប្រើ​អគ្គិសនី​សម្រាប់​បំភ្លឺ​ និង​មើល​ទូរទស្សន៍​តែ​ប៉ុណ្ណោះ”។

លោក​ ចំរើន​ និយាយ​ថា​ ក្រុម​អ្នក​ភូមិ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​អភិបាល​ស្រុក​ ដើម្បី​ស្នើ​សុំ​ឲ្យ​លោក​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​ និង​ឲ្យ​ជួយ​តភ្ជាប់​បណ្តាញ​អគ្គិសនី​រដ្ឋ​ ដែល​យក​ថ្លៃ​តែ​៨២០​រៀល​ប៉ុណ្ណោះ ​ក្នុងមួយគីឡូ​វ៉ាត់​ម៉ោង។

លោក​ ឌួង​ ណារិន​ ម្ចាស់​ក្រុម​ហ៊ុន​អគ្គិសនី​ឯក​ជន​នេះ បាន​និយាយ​ថា​ លោក​មិន​អាច​បញ្ចុះ​តម្លៃ​បាន​ទេ​ ដោយ​លោក​លើក​ឡើង​ថា​ តម្លៃនេះ​ត្រូវ​បាន​កំណត់​ដោយអាជ្ញាធរ​អគ្គិសនី​កម្ពុជា។​ លោក​ រ័ត្ន​ ជុំ​ អភិ​បាល​ស្រុក​អង្គរ​ជុំ​ ឲ្យ​ដឹង​ថា​ វា​អាស្រ័យ​លើ​អាជ្ញាធរ​អគ្គិ​សនី​កម្ពុជា​ទេ​ ក្នុងការ​ដោះ​ស្រាយ​បញ្ហា​នេះ​ ដោយ​លោកបន្ថែមថា​ រូប​លោក​បាន​បញ្ជូន​លិខិត​របស់​អ្នក​ភូមិ​ទៅឲ្យអាជ្ញាធរ​អគ្គិសនី​កម្ពុជា​ហើយ។​ អាជ្ញា​ធរ​អគ្គិស​នី​កម្ពុជា ​​មិន​អាច​ទាក់​ទង​ដើម្បី​សុំ​ការ​ពន្យល់​បាន​ទេ៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស