អ្នកភូមិប្រហែល៥០នាក់មកពីសហគមន៍បឹងកក់ ក្នុងរាជធានីភ្នំពេញបានឆក់ឱកាសក្នុងថ្ងៃបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រិយ៍នរោត្ដម មុនីនាថ សីហនុ កាលពីម្សិលមិញដើម្បីបួងសួងសុំឲ្យទ្រង់ជួយដោះលែងអ្នកជិតខាងចំនួន១៣នាក់របស់ខ្លួន ដែលត្រូវបានសាលាដំបូងកាត់ទោសឲ្យជាប់ពន្ធនាគារកាលពីខែមុន ដោយសារការធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអចលនទ្រព្យរបស់សមាជិកព្រឹទ្ធសភាមួយរូបមកពីគណបក្សប្រជាជនកម្ពុជា។
អ្នកភូមិទាំងនេះ ដែលចោទប្រកាន់ក្រុមហ៊ុនស៊ូកាគូអុីន របស់លោក ឡៅ ម៉េងឃិន ថាបានប្លន់យកដីរបស់ខ្លួន និងបានបណ្ដេញប្រជាពលរដ្ឋរាប់ពាន់គ្រួសារចេញពីលំនៅដ្ឋានដោយខុសច្បាប់នោះ បាននាំគ្នាអុជធូបទៀនបួងសួងដល់បារមីព្រះអង្គដងកើ នាមាត់ទន្លេទល់មុខព្រះបរមរាជវាំង។
អ្នកភូមិម្នាក់ឈ្មោះ កែក ច័ន្ទរស្មី បាននិយាយថា “ យើងបានសម្រេចចិត្តបួងសួងសុំឲ្យបារមីព្រះអង្គដងកើ ជួយដោះលែងស្ត្រីទាំងនោះមកវិញ និងថ្វាយព្រះពរឲ្យសម្តេចម៉ែមានព្រះរាជសុខភាពល្អក្នុងឱកាសចម្រើនព្រះជន្មគម្រប់ជន្មាយុ៧៦ព្រះវស្សារបស់ទ្រង់។ នេះជាសារមួយថ្វាយសម្តេចម៉ែ សុំឲ្យទ្រង់ជួយអន្ដរាគមន៍ដោះលែងពួកគេ[ស្ត្រីទាំងនោះ]”។
ស្ត្រីទាំង១៣នាក់នេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកន្លះ បន្ទាប់ពីបានការបើកសវនាការកាត់ក្ដីដ៏លឿនមួយកាលពីថ្ងៃទី២៤ ខែឧសភា តាមការចោទប្រកាន់ពីបទកាន់កាប់ដីធ្លីដោយខុសច្បាប់ និងបទបះបោរ ការកាត់ទោសនេះត្រូវបានអង្គការសិទ្ធិមនុស្សនានាថ្កោលទោសយ៉ាងខ្លាំង។
អ្នកស្រី បូ ឆវី អ្នកភូមិបឹងកក់ម្នាក់ទៀតដែលបានចូលរួមក្នុងការបួងសួងកាលពីម្សិលមិញនេះដែរ បាននិយាយថា “ ថ្ងៃនេះជាឱកាសដ៏ល្អ សម្រាប់ថ្វាយសារនេះទៅសម្តេចម៉ែ ដោយសារតែវាជាថ្ងៃចម្រើនព្រះជន្មរបស់ទ្រង់”។ អ្នកស្រីបាននិយាយថា “ យើងបានមកបួងសួងនៅថ្ងៃនេះ ដើម្បីថ្វាយព្រះពរដល់សម្តេចម៉ែ ឲ្យមានព្រះរាជសុខភាពល្អ និងសុំឲ្យទ្រង់ជួយអន្តរាគមន៍ដោះលែងស្ត្រីទាំងនោះ។ ខ្ញុំជឿជាក់ថា សម្តេចម៉ែនឹងព្យាយាមជួយអ្នកភូមិបឹងកក់យើងដែលជាជនស្លូតត្រង់”។ តាមសំណើរបស់មេធាវីពួកគាត់ស្ត្រីទាំង១៣នាក់នោះបានឲ្យគេបញ្ជូនសំណុំរឿងរបស់ខ្លួនទៅសាលាឧទ្ធរណ៍ ដែលបានកំណត់យកថ្ងៃទី២៧ ខែមិថុនាមកបើកសវនាការជំនុំជម្រះ។
ស្ត្រីប្រាំមួយនាក់ក្នុងចំណោមស្ត្រីទាំងនេះ បានធ្វើកូដកម្មបង្អត់អាហារ ដោយអ្នក ខ្លះបានចាប់ផ្ដើមបង្អត់អាហារខ្លួនឯងតាំងពីថ្ងៃទី១០ ខែមិថុនាមកម្លេ៉ះ ដើម្បីតវ៉ានឹងការផ្ដន្ទាទោសខ្លួន។ ប៉ុន្ដែ សាច់ញាតិ និងមិត្តភក្ដិរបស់ពួកគាត់បានអះអាងថា ពួកគាត់ទាំងអស់គ្នាបានសុំឲ្យស្ត្រីទាំងនោះបញ្ឈប់កូដកម្មភ្លាម បន្ទាប់ពីបានដឹងថា បុរសម្នាក់ និងស្ត្រីមកពីសហគមន៍បឹងកក់ម្នាក់ដែលត្រូវបានចាប់ខ្លួននៅខាងក្រៅតុលាការពេលកាត់ក្ដីកាលពីថ្ងៃទី២៤ខែឧសភាត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីថ្ងៃសុក្រ ។
អ្នកស្រី ច័ន្ទរស្មី បាននិយាយថា “ ពួកគាត់បានចាប់ផ្ដើមទទួលទានអាហារវិញហើយនៅពេលពួកគាត់បានឮដំណឹងថា តុលាការបានដោះលែងអ្នកទាំងពីរនោះឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។វាគឺជារឿងល្អ ហើយយើងសប្បាយចិត្តខ្លាំងណាស់ ដែលពួកគាត់បញ្ឈប់ការធ្វើកូដកម្មបង្អត់អាហារ”។ លោក ប៉ោ គុណ្ណារ៉ា ប្ដីរបស់អ្នកស្រី តុលស្រីពៅ បាននិយាយថា គាត់បានទៅសួរសុខទុក្ខប្រពន្ធរបស់គាត់កាលពីព្រឹកម្សិលមិញ។ គាត់បាននិយាយថា “ ស្ថានភាពជំងឺរបស់ប្រពន្ធខ្ញុំបានគ្រាន់បើ ហើយគាត់បានចាប់ផ្ដើមទទួលទានអាហារឡើងវិញហើយ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលគាត់បញ្ឈប់ការធ្វើកូដកម្មបង្អត់អាហារ ពីព្រោះប្រសិនបើគាត់នៅតែបន្ដទៀតនោះ ជីវិតរបស់គាត់នឹងមានគ្រោះថ្នាក់ជាមិនខាន”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា