28 C
Phnom Penh

អ្នក​ភូម​ិ​សុំ​វីស៊ីឌី​ចម្លង​សុន្ទរកថា​ស្ដី​ពី​សិទ្ធិ​ដីធ្លី​របស់លោក​ ហ៊ុន​ សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្ស​រាប់​រយ​នាក់បាន​ស្នើ​សុំ​ឌីស​វីដេអូ​វីសុីឌី ថតសុន្ទរកថា កាលពី​ថ្ងៃ​ព្រ​ហស្បតិ៍របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនស្ដី​ពី​សិទ្ធ​ិ​ដី​ធ្លីបន្ទាប់​ពី​មន្ត្រី​ម្នាក់ នៅ​ឯ​ស្ថានីយទូរ​ទស្សន៍​​​ស៊ីធី​អិនបានផ្សព្វ​ផ្សាយកាលពី​ម្សិល​មិញ​ ដើម្បី​បញ្ជូន​ឌីស​ចម្លង​នេះទៅ​ឲ្យអ្នកស្នើ​សុំ​។

ការ​ស្នើ​សុំ​សុន្ទរកថា​នេះ ចេញ​ពី​អ្នក​ភូមិ​ ដែល​ខ្លះ​ក្នុង​ចំណោម​នោះ បាន​និយាយ​ថាពួកគេ​នឹង​ប្រើ​ឌីស​វីដេអូចម្លង​នេះ ជា​ការ​ធានាដល់ការទាម​ទារ​ដី​របស់ខ្លួន​ ប្រសិន​បើ​អាជ្ញា​ធរ​មូល​ដ្ឋាន​ស្ទាក់ស្ទើ​រមិន​ចង់​​អនុវត្ត​តាម​បទ​បញ្ជា​របស់លោក​នា​យក​​រដ្ឋ​មន្ត្រី​។

អំឡុង​ពេល​ធ្វើ​សុន្ទរកថា​ លោក​ ហ៊ុន​ សែន​បាន​គូស​បញ្ជាក់​អំពីគោល​នយោ​បាយ​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ដ៏ល្អិត​ល្អន់​មួយ​សម្រាប់​អ្នក​ភូមិ​ ​រស់​នៅ​ក្នុង​ព្រៃ​របស់​រដ្ឋ​ និង​ដី​សម្បទាន​ ជា​ទ​ីដែលប័ណ្ណ​កម្ម​សិទ្ធិ​បឋម​អាច​ត្រូវ​បានប្រគល់ឲ្យ​​ជំនួស​ប័ណ្ណ​រឹង​ថែមទៀត​។លោក​ក៏បាន​ពោល​សង្កត់​ផង​ដែរ​ថាការ​ហាម​ប្រាម​របស់លោក​កាលពី​ថ្ងៃ​ទី​៧ខែ​ឧសភាដល់​​​ការ​​​ផ្តល់ដី​សម្បទាន​សេដ្ឋ​កិច្ច​ នឹង​នៅ​តែ​ចូល​ជា​ធរមានរហូត​។

យោង​តាម​លោក​ សោមឆាយាអគ្គ​នា​យក​រង​នៃ​ទូរទស្សន៍សុីធីអិនបាន​ឲ្យ​ដឹង​ថាប្រជា​ពល​​​​រដ្ឋ​ប្រហែល​៣០០​នាក់បាន​ស្នើ​សុំ​​​វីសុីឌី​​​ថតចម្លង​ បើគិត​ត្រឹម​រសៀល​ម្សិល​មិញ​េនះ​​​។ លោកឆាយាមានប្រសាសន៍ថា “យើង​​​​បាន​ទទួល​សំណើ​សុំ​ជា​ច្រើន​ពី​អ្នក​ភូមិ​ ជា​ពិសេស​ ប្រជា​ពល​រដ្ឋ​ ដែល​ប្រឈម​នឹង​ជម្លោះ​​​ដី​ធ្លី​ដ៏​ចម្រូង​ចម្រាស​ ដូច​ជា​អ្នក​ភូមិ​ ដែល​ទូរ​ស័ព្ទ​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ ជាដើម”។

លោកបានមានប្រសាសន៍ថាឌីស​​​នេះ​​​មិន​​​​មា​ន​កា​រ​ដាក់​តម្លៃទេប៉ុន្ដែ​ លោកកំពុង​តែ​ស្នើ​សុំ​​ការ​បរិច្ចាគ​ដោយ​ស្ម័គ្រ​ចិត្ត​ពី​អ្នក​ដែល​ស្នើ​សុំ​ ដើម្បី​ចំណាយ​ទៅ​លើ​ការ​ថត​ចម្លង​។លោក​បានបញ្ជាក់ថាលោក​បានទទួល​ការ​អនុញ្ញាត​ពី​លោក​ ហ៊ុនសែន​ ឲ្យ​ចែកចាយ​សុន្ទរកថានេះ​ ហើយថាការ​ផ្ដួច​ផ្ដើមនេះ​គឺជា​គំនិត​ផ្ទាល់របស់លោក​ ហើយ​មិន​មាន​ជាប់ពាក់​ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​ ឬស្ថានីយ​ទូរទស្សន៍សុីធីអិននោះទេ។

លោក​ ឆាយាបាន​ថ្លែងថា“នៅ​ពេល​ខ្ញុំ​ប្រកាស​ថា​ វីសុីឌីនិយាយអំពី​សុន្ទរកថា​របស់​សម្ដេច​​ ហ៊ុនសែនអាច​ស្នើ​សុំ​បាន​នោះខ្ញុំ​មិន​រំពឹង​ថានឹង​ទទួល​បាន​សំណើ​សុំ​ច្រើន​ដូច្នេះ​​​ទេ”។លោក​បន្ថែមថា“អ្នក​ភូមិ​ចង់​រក្សា​បទ​បញ្ជា​របស់​សម្ដេច​ ហ៊ុនសែននិយាយអំពី​គោល​នយោ​បាយ​ដី​ធ្លីដើម្បីឲ្យ​អាជ្ញា​ធរ​មាន​​​ការទទួលខុសត្រូវ”។

សុន្ទរកថា​របស់លោក​ ហ៊ុនសែនបាន​​ធ្វើ​ឡើង​បន្ទាប់​ពីមាន​វិវាទ​ដី​ធ្លី​ជា​ច្រើន​កើត​​​ឡើង​​​នៅទូទាំង​ប្រទេស​បាន​ប្រែ​ក្លាយ​ទៅ​ជា​អំពើ​ហិង្សា​នៅ​ឆ្នាំ​នេះខណៈ​ដែល​គណ​បក្ស​ សមរង្ស៊ីដែលជា​បក្ស​ប្រឆាំង​ទទួល​បាន​តួនាទី​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ភាគច្រើននៅ​តាម​តំបន់​ ​​​ដែល​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លី​។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​កាលពី​​ថ្ងៃ​ព្រហស្បតិ៍ថា “ប្រភេទ​ដី​ដែល​ត្រូវ​​បាន​ផ្ដល់​កម្មសិទ្ធិ​ដល់​ប្រជាពល​រដ្ឋ​មិន​ឲ្យហួស​ពី​ប្រាំ​មួយ​ខែនោះគឺ​ជា​ដី​សម្បទាន​ព្រៃ​ដំបូង”។លោក​​​​បាន​បញ្ជា​ឲ្យ​មន្ត្រី​​ខេត្ត​ធ្វើ​ការ​វាស់​វែង​ដី​ និង​ចាប់​ផ្ដើម​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​។

លោក​ កង​ ហ៊ាងអភិបាល​ខេត្ត​កំពង់ស្ពឺបាន​​​មា​ន​ប្រ​សាសន៍ថា លោក​កំពុង​តែ​អនុវត្ត​តាម​គោលនយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ និង​បាន​ស្នើ​សុំ​វីសុីឌីថតចម្លង​និយាយ​អំពីសុន្ទរកថា​​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​។

លោក​បានមា​ន​ប្រ​សាសន៍ថា “វាមានសារៈ​​សំខាន់ណាស់​ ពេលមានវីសុីឌី និយាយអំពី​បទ​បញ្ជា​របស់ [សម្តេច] នាយក​រដ្ឋ​មន្ត្រី​ ពីព្រោះ​ប្រជា​ពល​រដ្ឋ​ខ្លះ​បានដឹង​ ហើយ​ខ្លះ​មិន​បាន​ដឹង​នូវ​អ្វី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បញ្ជា​នោះ​ទេ”។ លោក​មា​ន​ប្រ​សាសន៍បន្ថែមថា លោក​​ក៏មាន​ផែន​ការ​ដាក់​បញ្ចាំង​សុន្ទរកថានៅ​តាម​តំបន់​ជន​បទ​ ដែលមានវិវាទ​ដី​ធ្លី​ ដើម្បី​បញ្ជាក់​ជូន​​អ្នក​ភូមិ​ឲ្យបា​ន​ដឹងច្បាស់អំពី​គោល​នយោ​បាយ​នេះផង​ដែរ។

នៅ​ទូទាំង​ប្រទេស​ អ្នក​ភូមិ​ បុគ្គលិក​សិទ្ធិ​មនុស្ស​ និង​សមាជិក​គណ​បក្ស​ប្រឆាំង​បាន​លើក​ឡើង​នូវ​ក្ដី​សង្ឃឹម​លាយ​ឡំជា​មួយ​នឹង​ការ​មន្ទិល​សង្ស័យ​​អំពីការ​សន្យា​របស់លោក​នាយក​រដ្ឋ​មន្ត្រី​។

លោក​ សារិន រី អ្នក​ភូមិ​អាយុ​៤៦​ឆ្នាំដែលមាន​វិវាទ​ដីធ្លី​ជាយូរ​មក​ហើយ ​ជាមួយ​នឹង​ក្រុម​ហ៊ុន​កសិកម្ម​ក្នុង​ស្រុកមួយ ឈ្មោះ​អភិវឌ្ឍន៍​ជាតិ នៅ​ក្នុង​ស្រុក​ថ្មពួកខេត្ត​បន្ទាយ​មានជ័យបាន​មាន​ប្រសាសន៍​ថា“ដី​នេះ​ ជា​ដី​របស់ពួកយើង​តាំង​ពី​ជំនាន​់មុន​មក។ យើង​ធ្វើ​ស្រែ​ចម្ការ​នៅ​លើ​ដី​នេះ ចាប់តាំង​ពី​ឆ្នាំ​​១៩៨០​​មក ដូច្នេះ​សម្ដេច​ពិត​ជា​ធ្វើ​សេចក្ដី​សម្រេច​បាន​ត្រឹម​ត្រូវ​ក្នុង​ការ​ផ្ដល​់​ដី​ឲ្យ​មក​ពួកយើង​វិញ​”។

ក៏ដូច​ជា​អ្នក​ភូមិ​ផ្សេង​ទៀត​ដែរ លោក​​ សារិន រី  មាន​ផែនការ​ស្នើ​សុំ​វីសុីឌីថតចម្លងអំ​ពី​សុន្ទរកថានេះដែរ។​លោក​បាន​ពន្យល​់​ថា “វីសុីឌីនេះ​នឹង​ជា​ភស្ដុតាង​នៅ​ពេល​អនាគត​ ប្រសិន​បើ​អាជ្ញា​ធរ​មិន​ព្រម​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិដី​របស់​ខ្ញុំទេ​នោះ”។ នៅ​ក្នុង​ខេត្ត​រតនគិរី លោក​ ប៉ែន​ ប៊ុណ្ណារ៍​អ្នក​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ នៅ​ក្នុង​ខេត្ត​នេះបាន​ហៅ​សុន្ទរកថា​នេះថា ជា “សារ​ដ៏រឹង​មាំ​មួយ​” សម្រាប់មន្ត្រី​មូល​ដ្ឋាន​។លោក​ ប៊ុណ្ណា ​មាន​ប្រសាសន៍ថា“វិវាទ​​ដីធ្លី​កើន​ឡើង​ដោយ​សារ​តែ​អាជ្ញា​ធរ​ខេត្ត​​អនុវត្តមិន​ល្អ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ពាក់​ព័ន្ធ​ទៅ​នឹង​គ្រួសារ​ប្រជា​ពល​រដ្ឋដែល​រង​ផល​ប៉ះពាល់​”។

លោក​បាន​មានប្រសាសន៍​ថា “វាជា​សារ​ដ៏រឹងមាំ​មួយ​ចេញ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​ ព្រមានដល់​អាជ្ញាធរ​ខេត្ត​របស់​លោកឲ្យ​វាស់​វែង​ និង​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ឲ្យ​អ្នក​ភូមិ។ ប្រជា​ពល​រដ្ឋ​​បានទទួលរងផល​ប៉ះ​ពាល់​ដោយសារ​ការ​ចាប់​យកដី​ពី​ក្រុម​ហ៊ុន​​​មាន​ប្រាក់​ និង​មាន​អំណាច​ ដែល​ទន្ទ្រាន​ ឬចាប់​យក​”។ លោក​ សុន ឆ័យ សមាជិក​សភាមកពី​​គណ​បក្ស​ សម រង្ស៊ី បាន​ថ្លែង​ថា លោក​មិន​ភ្ញាក់​ផ្អើលទេ នៅពេលបា​ន​ឮ​អំពី​ប្រជា​ប្រិយ​ភាព​របស់​សុន្ទរកថា​នេះ ក៏ប៉ុន្ដែ​ លោក​បាន​លើកឡើង​ថា ទីបំផុត​តើ​រដ្ឋាភិបាលធ្វើ​តា​ម​កា​រ​សន្យា​​របស់​ខ្លួ​ន​ដែរ​ឬអត់​។ លោក​ សុន ឆ័យ បាន​មា​ន​ប្រ​សាសន៍ថា “កន្លង​មក​ ប្រជា​ពល​រដ្ឋ​បាន​ថត​ទុកសុន្ទរកថា​របស់​លោក​​ ហ៊ុន សែន ដើម្បី​ប្រើ​ជា​ភស្ដុ​តាង​នូវ​អ្វី​ដែលលោក​បានលើក​ឡើង​ ឧទាហរណ៍

ដូចជា​ភស្ដុ​តាង​អំពីការ​ហាម​ប្រាម​របស់លោក​មិន​ឲ្យ​មានការកាប់​ឈើ​ខុស​ច្បាប់​ ប៉ុន្ដែគ្មាន​នរណា​ម្នាក់​យក​ចិត្ត​ទុក​ដាក់​អំពីភស្ដុ​តាង​បែប​នេះទេនៅពេលកន្លង​មក​។ ខ្ញុំ​សង្ឃឹមថា អ្វ​ី​ដែល​បាន​​និយាយហើយ​​ ​ត្រូវតែ​​អនុវត្ត​”៕

​ (រាយ​ការណ៍​បន្ថែម​ដោយ Abby Seiff)

ប្រែសម្រួល​ដោយចេវប៊ុននី

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស