សាលារាជធានីភ្នំពេញ បានលើកឡើងក្នុងសេចក្ដីប្រកាសមួយ កាលពីម្សិលមិញថាការចាក់ខ្សាច់បំពេញបឹងកក់និងការបណ្ដេញអ្នកភូមិរាប់ពាន់នាក់ចេញ ជាការចាំបាច់ក្នុងការលុបបំបាត់ “ស្រីពេស្យា និងភេរវករ”ដែលចូលចិត្តរស់នៅក្នុងតំបន់នេះ។
ក្នុងសេចក្ដីប្រកាសមួយចេញផ្សាយលើគេហទំព័រសាលារាជធានី លើកឡើងពីទិដ្ឋភាពច្បាប់ សង្គម សេដ្ឋកិច្ច និងបរិស្ថាន ដោយវែកញែកថាមន្ត្រីសាលាក្រុងគ្មានជម្រើសទេ ប៉ុន្ដែ ត្រូវតែចាក់បំពេញបឹង ហើយប្រគល់ទៅឲ្យក្រុមហ៊ុនស៊ូកាគូអុីនដែលជាក្រុមហ៊ុនឯកជនរបស់លោក ឡៅ ម៉េងឃិនសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។
សាលារាជធានីបានលើកឡើងថា“ដោយសារការជួលស្នាក់នៅចម្រុះពីសំណាក់ប្រជាពលរដ្ឋគ្រប់ប្រភេទ បានប្រែក្លាយទីតាំងនេះទៅជាតំបន់អសន្តិសុខជាជម្រកនៃឧក្រិដ្ឋជនភេរវកម្មគ្រឿងញៀនពេស្យាចារក្រុមបងតូច បងធំ”។ ជាលទ្ធផល បឹងកក់ ទទួលរងនូវ “ការបាត់បង់ទំនៀមទម្លាប់ប្រពៃណី វប្បធម៌ខ្មែរ”។
ការស្ដីបន្ទោសភាគច្រើនរបស់សាលារាជធានី គឺផ្ដោតលើទេសចរសម្ពាយដែលធ្វើ ឲ្យតំបន់នេះមានកេរ្ដិ៍ឈ្មោះមិនល្អ។សំណង់អនាធិបតេយ្យនៅក្នុងតំបន់នេះក៏ធ្វើឲ្យវាមានការលំបាកក្នុងការពន្លត់អគ្គិភ័យ ដោយសារតែផ្លូវចង្អៀត ហើយកាកសំណល់ពុលបានធ្វើឲ្យផ្ទៃទឹកបឹងនេះមានកំហាប់ក្រាស់។
សាលារាជធានីក៏ចោទប្រកាន់អតីតអ្នកភូមិនៅក្នុងតំបន់នេះដែលរាប់ពាន់នាក់ក្នុងចំណោមនោះ ត្រូវបានបណ្ដេញចេញដោយហិង្សានិងចោទថាបានទន្ទ្រានលើដីរដ្ឋ ដោយសាងសង់លំនៅដ្ឋាននៅលើទឹក។ហើយខណៈដែលគ្រួសារប្រជាពលរដ្ឋ ដែលត្រូវបានបណ្ដេញចេញជាច្រើនតវា៉អំពីបញ្ហាហិរញ្ញវត្ថុចាប់តាំងពីមានការបណ្ដេញពួកគេ សាលារាជធានីបានលើកឡើងថាស្ថានភាពក្រីក្រ កខ្វក់ និងដ៏តានតឹងនៅបឹងកក់ បានធ្វើឲ្យអ្នកស្រុកគ្មានឱកាសធ្វើឲ្យជីវិតខ្លួនឯងបានប្រសើរឡើយ។
សេចក្ដីប្រកាសនេះក៏បានអះអាង ដោយចម្រូងចម្រាសថាបឹងដែលមានផ្ទៃ១០៤ហិកតាគ្មានតួនាទីជួយបង្ហូរទឹកភ្លៀងធម្មជាតិក្នុងក្រុង ដែលអាចធ្វើឲ្យមានទឹកជំនន់បាចសាចក្នុងរាជធានីភ្នំពេញនោះទេ។
ក្នុងករណីនេះ សាលារាជធានីលើកឡើងអំពីការសិក្សារបស់បារាំងដែលគ្មានចុះកាលបរិច្ឆេទ ដែលបានរកឃើញថា បឹងកក់មិនមែនជាកន្លែងស្តុកទឹកក្នុងក្រុង និងការសិក្សាមួយទៀតរយៈពេលយូរមកហើយ ដោយទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន (JICA) ដែលជាទូទៅ មិនបានលើកឡើងអំពីបឹងនេះ។
ទោះជាយ៉ាងណា សាលារាជធានីមិនបានរាប់បញ្ចូលភស្ដុតាងថ្មីៗបន្ថែមទៀត ដែលបង្ហាញថា តាមពិតទៅបឹងកក់មានតួនាទីយា៉ងសំខាន់មួយក្នុងការស្រូបទឹកភ្លៀង រាប់ទាំងការសិក្សាឯករាជ្យមួយក្នុងឆ្នាំ២០០៨ ដោយជលវិទូអូស្ត្រាលី ដែលបានហៅការជន់លិច ដែលគេរំពឹងទុកពីការចាក់បំពេញបឹងកក់នោះ“ មិនអាចទទួលយកបានឡើយ” ហើយបានជំរុញឲ្យរដ្ឋាភិបាលពិចារណាឡើងវិញ។
កាលពីខែមុន លោក វណ្ណ ម៉ូលីវណ្ណ ជាស្ថាបត្យករដ៏លេចធ្លោរបស់ប្រទេសកម្ពុជាក៏បានសង្កត់ធ្ងន់ផងដែរ ដោយហៅការបាត់បង់បឹងនេះថាជា “គ្រោះថ្នាក់”សម្រាប់ការគ្រប់គ្រងការបង្ហូរទឹកចេញនៅក្នុងរាជធានី។លោក ម៉ូលីវណ្ណ បានមានប្រសាសន៍ថា ការសិក្សាដែលខំបញ្ចុះបញ្ចូលរដ្ឋាភិបាលកុំឲ្យចាក់ខ្សាច់ក្នុងបឹងនេះ កើតមាន ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មក។ លោក សេងសូឡាឌីមន្ត្រីផ្នែកគម្រោងប្រចាំអង្គការ JICAដែលបានចំណាយប្រាក់រាប់មុឺនដុល្លារក្នុងការកាត់បន្ថយការជន់លិចនៅតាមផ្លូវក្នុងរាជធានី ក៏បានលើកឡើងកាលពីខែមុនផងដែរថា ការសិក្សាមួយចំនួនបានផ្ដោតលើផលប្រយោជន៍នៃការរក្សាការពារបឹងកក់។
លោកបានមានប្រសាសន៍ថា“ការសិក្សាមួយចំនួនបានផ្ដល់អនុសាសន៍ ដោយរក្សាការពារបឹងនៅក្នុងរាជធានី ដើម្បីរក្សាប្រព័ន្ធលូបង្ហូរទឹកឲ្យបានសមរម្យ”។ សាលារាជធានីបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការសិក្សាទាំងនោះទេ កាលពីម្សិលមិញ។ សាលារាជធានីក៏បានចេញសេចក្ដីប្រកាសលើកទី២ផងដែរកាលពីម្សិលមិញ ដោយរិះ គន់ “អង្គការក្រៅរដ្ឋាភិបាល ជនបរទេស និង សកម្មជនសិទ្ធិមនុស្សជ្រុលនិយម” ដោយបាននាំឲ្យអ្នកតវ៉ានៅបឹងកក់ ជាប់ពន្ធនាគារ។
កាលពីថ្ងៃទី២២ ខែឧសភា ស្ត្រីបឹងកក់ចំនួន១៣នាក់ ត្រូវបានចាប់ខ្លួនក្នុងការតវ៉ាចំពោះការបំពេញដីនៅក្នុងបឹងនេះ។ពីរថ្ងៃក្រោយមក សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ និងផ្ដន្ទាទោសស្ត្រីទាំងនេះ ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកន្លះ។អ្នកតវ៉ាពីរនាក់ទៀត ត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារដោយសារតវ៉ានៅក្រៅតុលាការ ប៉ុន្ដែត្រូវបាន ដោះលែងជាបណ្ដោះអាសន្នកាលពីថ្ងៃសុក្រ។
សាលារាជធានី បានស្ដីបន្ទោសជន បរទេសនិងអង្គការក្រៅរដ្ឋាភិបាលដោយមិនបញ្ចេញឈ្មោះចំពោះស្ថានភាពស្ត្រីជាប់ពន្ធនាគារ។ សាលារាជធានីបានលើកឡើងថា “កូនៗរបស់ពួកគាត់នឹកពួកគាត់ចាប់តាំងពីពួកគាត់ជាប់ពន្ធនាគារ ពីព្រោះពួកគេស្ដាប់ និងធ្វើតាមបញ្ជាពីជនបរទេស និងអង្គការក្រៅរដ្ឋាភិបាលទាំងនោះ”។
លិខិតដដែលនេះបន្តថា“ តាមពិត ស្ត្រីប្រាំបួននាក់ ក្នុងចំណោមស្ត្រីជាប់ពន្ធនាគារទាំងនោះបានទទួលដី និងប័ណ្ណកម្មសិទ្ធិរបស់ខ្លួននៅក្នុងសហគមន៍បឹងកក់រួចហើយ។ ប៉ុន្ដែ ព្រោះតែពួកគាត់យល់ខុសជាយូរមកហើយ ដោយសារតែជនបរទេស និងអង្គការក្រៅរដ្ឋាភិបាលទាំងនោះ ឲ្យជំទាស់នឹងរដ្ឋាភិបាល និងសាលារាជធានី”។
ក្នុងសម្តីចំអកមួយ សាលារាជធានីបានជំរុញឲ្យ “ជើងឯកខាងលទ្ធិប្រជាធិបតេយ្យ” ឲ្យរកវិធីការពារតាមផ្លូវច្បាប់ដល់ស្ត្រីទាំងនោះ។សេចក្តីប្រកាសនេះក៏បានលើកឡើង ផងដែរថា“ធ្វើដូច្នេះ គ្រាន់ជាការប្រើប្រាស់រួចហើយទុកស្ត្រីទាំងនេះឲ្យរងាឯកា។នេះគឺជាអំពើអមនុស្សធម៌ និងជាការមិនទទួលខុសត្រូវ”។
សាលារាជធានីក៏បានចោទក្រុមអ្នករិះគន់ផងដែរថា បានប្រើវិធីគំរាមកំហែង និងមិនទទួលស្គាល់ការពិត។សេចក្តីប្រកាសនេះលើកឡើងថា “ពួកគេបាញ់មុន រួចទើបសួរជាក្រោយ ហើយជារឿយៗ ពួកគេតែងតែបាញ់ដោយមិនបាច់សួរនាំទេ។ពួកគេគិតថាពួកគេមានគ្រាប់កាំភ្លើងប្រាក់”។ អ្នកស្រីសែនទូចដែលបាត់បង់ផ្ទះរបស់អ្នកស្រីនៅបឹងកក់ បានបដិសេធចំពោះការវែកញែករបស់សាលារាជធានី។
ខណៈដែលតំបន់នេះ ប្រហែលជាមិនចម្លែកបើនិយាយអំពីស្រីពេស្យា និងអ្នកជួញដូរគ្រឿងញៀននាពេលកន្លងមកនេះ អ្នកស្រី ទូច បានលើកឡើងថា ពួកគេបានសម្រុកចូលមកក្នុងតំបន់នេះជាក្រុម ពីព្រោះនគរបាលមូលដ្ឋានដកចេញពីតំបន់នោះនៅពេល ក្រុមហ៊ុនស៊ូកាគូអុីនទទួលបានសិទ្ធិគ្រប់គ្រងសហគមន៍នេះ។ អ្នកស្រីបាននិយាយថា “បរិយាកាសចាប់ផ្តើមមិនល្អ អ្នកជួញដូរគ្រឿងញៀននិងចោរបានកើតឡើងនៅពេលក្រុមហ៊ុនស៊ូកាគូអីុនបានទៅអភិវឌ្ឍតំបន់បឹងកក់នេះ”។
អ្នកស្រីយ៉ម បុប្ផាដែលជាអ្នកស្រុកបឹងកក់ម្នាក់ទៀត បានមានប្រសាសន៍ថា ការលើក ឡើងរបស់សាលារាជធានី ចោទប្រកាន់អំពី តំបន់នេះមិនមានអ្វីគួរឲ្យចម្លែកនោះទេ។អ្នកស្រីថ្លែងថា “អ្វីៗទាំងអស់នេះ ដូចជា អ្នកជួញដូរគ្រឿងញៀន ស្រីពេស្យា កើតឡើងគ្រប់កន្លែងទាំងអស់។ ហេតុអ្វីបានជាគេ និយាយថា កើតឡើងតែនៅតំបន់បឹងកក់?”។ អ្នកស្រីបុប្ផាក៏បានបដិសេធផងដែរថាអ្នកតវ៉ាមិនមែនជាឧបករណ៍រៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាលនោះទេ។
អ្នកស្រីបានលើកឡើងថា”គ្មានឧបាយកលរបស់អង្គការក្រៅរដ្ឋាភិបាលឯណាជំរុញឲ្យយើងធ្វើការតវ៉ានោះទេពីព្រោះវាផ្ទះរបស់ពួកយើង មិនមែនជាផ្ទះរបស់អង្គការក្រៅរដ្ឋាភិបាលទេ”។
លោកអៀង វុទ្ធីអ្នកនាំពាក្យរបស់អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយឈ្មោះ Equitable Cambodia ដែលជំនួសសាខាអង្គការក្រៅរដ្ឋាភិបាលកម្ពុជា ឈ្មោះស្ពានទៅកាន់សន្តិភាពដែលពេលនេះក្ស័យធន់ទៅហើយនោះបានមានប្រសាសន៍ថាអង្គការទាំងនេះដូចជាអង្គការរបស់លោកដែរគ្រាន់តែណែនាំអ្នកស្រុកបឹងកក់ប៉ុណ្ណោះ។ លោកបានថ្លែងថា”យើងបង់ឲ្យប្រាកដថាពួកគេមិនរងគ្រោះថ្នាក់ទេហើយណែនាំពួកគេអំពីសិទ្ធិរបស់ខ្លួន”។
រដ្ឋាភិបាលសឹងតែស្ងាត់ស្ងៀមអំពីអនាគតរបស់បឹងកក់ដោយបានចេញតែផ្សាយសេចក្តីលម្អិតនិងបង្ហាញផ្ទាំងគំនូររៀបរាប់អំពីប៉មការិយាល័យដ៏ធំនិងវីឡាដែលក្រុមហ៊ុន ស៊ូកាគូអីុនមានផែនកសាងនៅលើើអតីតដីបឹងនេះហើយបដិសេធមិនព្រមនិយាយជាមួយអ្នកកាសែតទេ៕ ប្រែសម្រួលដោយចេវប៊ុននី