មុនពេលរួមបញ្ចូលគ្នាមិនទាន់ទាំងចាប់ផ្ដើមផង ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិកាលពីម្សិលមិញ បានស្ដីបន្ទោសលោកញឹកប៊ុនឆៃប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិចថាបានធ្វើឲ្យខូចដំណើរការបង្រួបបង្រួមគ្នារវាងគណបក្សរាជានិយមទាំងពីរដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយ។
ព្រះអង្គម្ចាស់ នរោត្ដមរណឫទ្ធិមានបន្ទូលទៅកាន់អ្នកយកព័ត៌មាន អំឡុងពេលធ្វើសន្និសីទកាសែតមួយ នៅឯព្រះរាជដំណាក់របស់ព្រះអង្គក្នុងខណ្ឌចំការមន រាជធានីភ្នំពេញថា គឺលោក ញឹក ប៊ុនឆៃ [ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច] ទេ ដែលជាអ្នកធ្វើឲ្យខូចការរួមបញ្ចូលគ្នា មិនមែនខ្ញុំទេ ហើយឥឡូវការរួមបញ្ចូលគ្នានេះវាបានចប់ទាំងស្រុងទៅហើយ”។
ព្រះអង្គម្ចាស់ រណឫទ្ធិ មានព្រះបន្ទូលថា “ លោកញឹក ប៊ុនឆៃ បានបញ្ចប់ការរួមបញ្ចូលគ្នានេះទាំងស្រុងខ្ញុំមិនបានធ្វើរឿងនេះដោយខ្លួនខ្ញុំផ្ទាល់នោះទេ។ខ្ញុំនឹងមិនជួបជាមួយលោកញឹកប៊ុនឆៃដើម្បីពិភាក្សាអំពីការរួមបញ្ចូលគ្នានេះទេ”។
ព្រះអង្គម្ចាស់បានមានបន្ទូលថាព្រះអង្គនិងលោកនាយករដ្ឋមន្ត្រី ហ៊ុនសែនដែលបានពិនិត្យមើលការចុះហត្ថលេខា លើកិច្ចសន្យាស្តីពីការរួមបញ្ចូលគ្នានៅឯវិមានសន្ដិភាព កាលពីថ្ងៃទី២៤ ខែឧសភាបានទទួលបរាជ័យដោយសារលោក ញឹកប៊ុនឆៃដែលកាលពីដើមសប្ដាហ៍នេះ បានប្រាប់អ្នកយកព័ត៌មានថាគណបក្ស នរោត្ដម រណឫទ្ធិបានខ្វែងគំនិតគ្នា ជុំវិញការរួមបញ្ចូលគ្នាជាមួយគណបក្សហ៊្វុនស៊ិនប៉ិចដែរ។
ព្រះអង្គម្ចាស់ នរោត្ដមរណឫទ្ធិ មានបន្ទូលថា“វាមិនមែនលើកដំបូងទេ ចំពោះការព្យាយាមរួមបញ្ចូលគ្នារវាងគណបក្សរាជានិយម និងអ្នកសីហនុនិយម ក្រោមឈ្មោះចលនាតស៊ូហៅកាត់ថាហ៊្វុនស៊ិនប៉ិចនោះទេ”។ព្រះអង្គលើកឡើងថា“ខ្ញុំបរាជ័យ… លោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បរាជ័យដោយសារលោកញឹកប៊ុនឆៃ ដែរ”។
ព្រះអង្គម្ចាស់ នរោត្ដមរណឫទ្ធិក៏នឹងមិនមានបំណងរួមបញ្ចូលគ្នាទៀតដែរ។ព្រះអង្គម្ចាស់បានមានបន្ទូលថា“ខ្ញុំខ្លាចក្រែងថាគណបក្សទាំងពីរនេះមិនអាចរួមបញ្ចូលគ្នាបានទេ ពីព្រោះគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិចមាននិន្នាការម្ខាង រីឯគណបក្ស នរោត្ដម រណឫទ្ធិមាននិន្នាការម្ខាងទៀត។
ព្រះអង្គម្ចាស់ បន្ទាប់មកបានប្ដូរចំណាប់អារម្មណ៍របស់ព្រះអង្គសំដៅទៅរកគណបក្សសិទ្ធិមនុស្សដែលបានឈ្នះតំណែងប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន១៨ នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃទី៣ ខែមិថុនានៅពេលគណបក្ស នរោត្ដមរណឫទ្ធិរបស់ព្រះអង្គមិនបានឈ្នះតំណែងអ្វីសោះនោះ។
ព្រះអង្គបានមានបន្ទូលថា“ គណបក្ស នរោត្តមរណឫទ្ធិបានចាញ់នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ទោះបីជាយើងបានធ្វើសេចក្ដីថ្លែងការណ៍រួមមួយ [ជាមួយនឹងគណបក្សហ៊្វុនស៊ិនប៉ិច] ថាយើងនឹងជួយគ្នាទៅវិញទៅមកក៏ដោយ”។
ព្រះអង្គម្ចាស់រណឫទ្ធិបានសួរថា“តើនរណាជាអ្នកដណ្ដើមសន្លឹកឆ្នោតពីគណបក្ស នរោត្ដមរណឫទ្ធិ? លោក កឹមសុខា [ប្រធានគណបក្សសិទ្ធិមនុស្ស] បានដណ្ដើមសន្លឹកឆ្នោតជាច្រើន ចំណែកឯគណបក្ស សមរង្ស៊ីនិងគណបក្សប្រជាជនកម្ពុជាមិនបានដណ្ដើមសន្លឹកឆ្នោតពីគណបក្ស នរោត្ដមរណឫទ្ធិនោះទេ”។ ដោយលើកឡើងពីការសហការគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសិទ្ធិមនុស្សព្រះអង្គម្ចាស់ នរោត្ដមរណឫទ្ធិបានមានបន្ទូលថាព្រះអង្គអាចជាអ្នកគាំទ្រដែល ស្មោះស្ម័គ្រចំពោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាងលោកកឹមសុខា។
ព្រះអង្គម្ចាស់ នរោត្ដមរណឫទ្ធិបានមានបន្ទូលថាការរួមបញ្ចូលគ្នា ដែលគេសង្ឃឹមថាព្រះអង្គម្ចាស់នឹងក្លាយជាមេដឹកនាំចលនាមួយ ដែលហៅថា កាត់ថា ហ៊្វុនស៊ិនប៉ិចម្ដងទៀតនោះ ព្រះអង្គម្ចាស់នឹងងាកមករកការគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជាវិញហើយនឹងមិនរិះគន់រដ្ឋាភិបាល ដូចគណបក្សសិទ្ធិមនុស្សនោះទេ។ ព្រះអង្គម្ចាស់បានមានព្រះបន្ទូលថា “ លោកកឹមសុខាមានប្រសាសន៍ថាស៊ូស្លាប់ជាខ្មែរ ប្រសើរជាងធ្វើជាឆ្កែបម្រើយួន”។ នៅពេលទាក់ទងតាមទូរស័ព្ទ កាលពីម្សិលមិញ លោកប៉ុលហំមអ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស បដិសេធចំពោះការមានទំនាក់ទំនងគ្នាជាមួយនឹងគណបក្សកាន់អំណាច។ លោក ប៉ុលហំមបានមានប្រសាសន៍ថា
“ គណបក្សប្រជាជនកម្ពុជាជាគណបក្សកាន់អំណាច រីឯគណបក្សសិទ្ធិមនុស្ស គឺជា គណបក្សប្រឆាំង។គោលដៅសំខាន់របស់យើង គឺដើម្បីទម្លាក់គណបក្សប្រជាជនកម្ពុជា ពីអំណាច។ព្រះអង្គម្ចាស់ នរោត្ដមរណឫទ្ធិ មាន បន្ទូលអ្វីតាមតែព្រះអង្គចង់ ប៉ុន្ដែ យើងមានគោលជំហរច្បាស់លាស់។ខ្ញុំមិនដឹងថាហេតុអ្វីបានជាព្រះអង្គមានបន្ទូលថាដូច្នេះទេ”។
កាលពីរសៀលម្សិលមិញគណបក្សហ៊្វុនស៊ិនប៉ិចបានឆ្លើយតបចំពោះការលើកឡើងរបស់ព្រះអង្គម្ចាស់ នរោត្ដមរណឫទ្ធិដោយចេញនូវសេចក្ដីថ្លែងការណ៍របស់ខ្លួនមួយ។លោកញឹកប៊ុនឆៃ បានលើកឡើងថា “ខ្ញុំសោកស្ដាយណាស់ដែលព្រះអង្គម្ចាស់ រណឫទ្ធិបានមានបន្ទូលថាការរួមបញ្ចូលគ្នាបានបញ្ចប់នោះ។គណបក្ស ហ៊្វុនស៊ិនប៉ិច មិនបានបញ្ចប់ការរួមបញ្ចូលគ្នានោះទេ”៕
ប្រែសម្រួលដោយស៊ាស៊ុយឈាង