29 C
Phnom Penh

​នគរបាល​អន្តរជាតិ​ដំឡើង​ប្រព័ន្ធទិន្នន័យ​ស្ដីអំពីបទឧក្រិដ្ឋអន្តរជាតិ​នៅ​ប្រទេស​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​ថ្លែង​នៅឯពិធីសិក្ខា​សាលា​មួយនៅ​រាជធានីភំ្នពេញ​កាល​ពីម្សិលមិញ​​ថា​ ក្រុម​មន្ត្រី​មកពី​ច្រក​ទ្វារ​ព្រំដែន ​កំពង់ផែ​និង​អាកាស​យានដ្ឋាន​នៃប្រទេស​កម្ពុជា​បាន​​ដំឡើង​​​​​ប្រព័ន្ធ​​កុំព្យូ​ទ័រ​កាលពីម្សិលមិញ ​ដែល​មាន​លទ្ធភាព​អាច​បញ្ចូល​​ព័ត៌មាន​ស្តី​ពី​បទ​​​ឧក្រិដ្ឋ​អន្តរជាតិ​ ដែល​ជា​ផ្នែក​​នៃ​គម្រោង​មួយ​គាំ​ទ្រ​ដោយ​នគរបាល​អន្តរជាតិ ​និង​សហភាព​អឺរ៉ុប។

លោក​ កែវ​ វណ្ណថនប្រធានការិយា​​​ល័យនគរ​​​បាល​អន្តរជាតិ​កម្ពុជា​បាន​ថ្លែង​ថា ​ប្រព័ន្ធ​ចែក​រំ​លែក​ព័ត៌មាន​របស់​​ស្ថាប័ន​​នគរបាល​អន្តរជាតិ​​ ​ត្រូវបាន​ដំឡើងនៅ​​​តាម​​​ការិយា​​​ល័យនគរ​បាល​អន្តោប្រវេសន៍​ចំនួន​​​ប្រាំបី​​នៅ​ទូទាំង​ប្រទេស។ លោក​បាន​បន្តថា​ “នៅ​ពេលណា​ព័ត៌មាន​លម្អិតបាន​ដាក់​បញ្ចូលក្នុង​​ប្រព័ន្ធ​កុំព្យូទ័រ​​​នេះ​​​ហើយ​ ដូច​ជា​លិខិតឆ្លង​ដែន​ក្លែងក្លាយ​​វា​នឹង​​បង្ហាញ​ថា​ក្លែង​ក្លាយ​ ព័ត៌មាន​​ទាក់​ទង​នឹង​ជន​ដែលគេ​តាម​រក​ចាប់​ខ្លួន​នឹង​បង្ហាញ​ឡើង​ផង​ដែរ ​ហើយ​ព័ត៌មាន​ទាក់​ទង​នឹង​រថយន្ត​ចោរ​ប្លន់​ឬ​លួច​ ក៏​នឹង​​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​”។

លោក​​បន្ថែម​ថា​ ប្រសិន​បើ​អាជ្ញាធរ​​​បាន​​​​ប្រទះ​ឃើញ​​​ជន​សង្ស័យ​ជា​ឧក្រិដ្ឋជន​ណា​​​​ម្នាក់ពួកគេ​នឹង​​ស្នើឲ្យ​ប្រទេស​​នោះ​បញ្ជាក់​​​​ព័ត៌មាន​​​លម្អិត​ ហើយ​ចាប់​ខ្លួន​​ជន​នោះ​តែម្តង​​​។​​​លោកវណ្ណថនបានថ្លែងថា ​​មាន​បទឧក្រិដ្ឋប្រហែល​ជាង​៣០លាន​ករណី​ដែលបាន​កើតឡើង​​នៅ​ក្នុង​ប្រទេស​ចំនួន​១៩០​ត្រូវ​បាន​កត់​ត្រា​ទុក​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​នេះ​ ហើយ​​លោក​បាន​​ថ្លែង​ថា​ មាន​ឧក្រិដ្ឋជន​​​ដែល​នគរ​បាល​អន្តរជាតិ​កំពុង​តាម​រក​ចាប់​ខ្លួន​​ប្រហែល​​៨០.០០០​នាក់​ និង​រថយន្ត​ដែល​​​​ចោរ​បាន​​​ប្លន់​ ​​​ឬ​លួច​ប្រហែល​ប្រាំពីរ​​​លានគ្រឿង​ក៏ដាក់​បញ្ចូល​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​នេះ​ផង​ដែរ​​​​។

ប្រព័ន្ធនេះបាន​ដំឡើង​នៅ​អាកាសយាន​​​ដ្ឋាន​អន្តរជាតិ​ភ្នំពេញអាកាស​យានដ្ឋានខេត្ត ​សៀមរាប​ ច្រក​ទ្វារ​ព្រំ​ដែន​​ចាំយាម​នៅ​ក្រុង​ខេត្ត​កោះ​កុង​ ​ក្រុង​ប៉ោយ​ប៉ែត​តាម​ព្រំដែន​​​​កម្ពុជា​-ថៃ​ នៅក្រុង​បាវិត​នៅ​​​ព្រំដែន​​​កម្ពុជា​​​​-​វៀតណាម ​​​នៅ​កំពង់​ផែក្រុង​ព្រះ​សីហនុ​ និង​​​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​សៀម​​​រាប​ ​​។

សហភាពអឺរ៉ុប​បាន​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​៧៩.០០០​ដុល្លារ​សម្រាប់​ទិញ​កុំព្យូទ័រថ្មី​​ ដើម្បី​ដំណើរការ​ទិន្នន័យនេះ ​និង​បណ្តុះបណ្តាល​បុគ្គលិក​ឲ្យ​ចេះ​​ប្រើប្រព័ន្ធ​នេះ។លោកស្រីឃិនណាមីយាតជិត (Khina Myat Chit) ជាមន្ត្រី​មកពី​រដ្ឋ​លេខា​ធិការដ្ឋាន​​​អាស៊ាន​បានថ្លែង​ថា​ គម្រោង​នេះ​ត្រូវ​បាន​ស្នើ​​​​ឡើង​ពី​ដំបូង​ជា​គម្រោង​សាកល្បង​​នៅ​ប្រទេសកម្ពុជា ​និង​នៅ​ប្រទេស​វៀតណាម​ ប៉ុន្តែ​ គម្រោង​នេះ​អាចនឹង​ពង្រីក​​ទៅ​ប្រទេស​​​​ជាសមាជិក​អាស៊ាន​ដទៃ​ទៀត​។

លោកស្រី​បាន​បន្តទៀតថា ​ប្រព័ន្ធ​ទិន្នន័យនេះ​អាច​ជួយ​ស្វែង​រក​មនុស្ស​ ដែលមាន​ប្រវត្តិ​ពាក់​ព័ន្ធនឹង​បទ​ល្មើស​ផ្លូវ​ភេទ ​​ដែល​​​លោក​​​ស្រី​បាន​ថ្លែង​ថា​ ជា​បញ្ហា​កំពុង​តែ​​​កើត​​​មាន​ឡើង​នៅក្នុងប្រទេស​កម្ពុជា ​និង​​នៅ​ប្រទេស​​​​​ផ្សេងៗទៀត​ក្នុង​តំបន់។

លោកស្រី​​​​មាន​​​ប្រសាសន៍បន្ថែម​​​ទៀត​​​ថា“ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ផ្សេងៗទៀត​ដូច​ជាការ​រួម​ភេទជា​​​មួយកុមារ ​ក៏អាច​ដាក់​បញ្ចូល​ក្នុង​ប្រព័ន្ធនេះ​​បាន​ដែរ​”។ ទោះជា​យ៉ាងណាលោក​ នាងបូរ៉ាទីណូ​ អ្នកសម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ​ប្រចាំខេត្ត​កោះ​កុង ​បាន​ថ្លែងថាប្រព័ន្ធ​​​ទិន្នន័យថ្មី​នេះ​អាច​រារាំង​ឧក្រិដ្ឋជន ​មិន​ឲ្យចូល​ក្នុង​ប្រទេស​កម្ពុជា​​បាន ​ប្រសិនបើ​​​​មន្ត្រី​​ប្រើ​ប្រាស់​ប្រព័ន្ធ​នេះ​មិន​ពុក​រលួយ​។ លោក​ថ្លែងបន្តថា“អ្នក​មាន​លុយ​អាច​សូក​ប៉ាន់​មន្ត្រី​ធ្វើការ​នៅ​ច្រក​ទ្វារ​ព្រំដែន​ទាំង​នេះ​បាន”៕

ប្រែសម្រួលដោយឃិន​ ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស