32 C
Phnom Penh

កម្ពុជា​រង់​​ចាំ​ភស្តុតាង​ពី​​ចិន​ បន្ទាប់​ពី​ចាប់​ខ្លួន​ស្ថាបត្យករជនជាតិ​​​បារាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកឧត្តមសេនីយ៍ឯក​ ខៀវសុភ័គ​ អ្នក​​​នាំ​​​ពាក្យក្រសួង​មហា​ផ្ទៃ​ កាល​ពី​ម្សិល​មិញ​បាន​មាន​ប្រសាសន៍​ថា​ ការចាប់​ខ្លួន​ស្ថាបត្យ​ករ​ជន​ជាតិ​បារាំង​ម្នាក់នៅក្នុង​ប្រទេសកម្ពុជា​ ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​លោក ប៉ូស៊ីឡាយ (Bo Xilai) អ្នក​នយោបាយ​បណ្តេញ​ចេញ​ពី​តំណែងក្នុង​ប្រទេស​ចិន ​​និង​ភរិយា​របស់​លោក​​ ត្រូវ​បាន​ធ្វើ​ឡើង​តាម​សំណើពី​ក្រុម​មន្ត្រី​របស់​​​​​ចិន​និង​មិនមាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ជាមុន​នោះ​ទេ​។

លោកប៉ាទ្រីកឌឺវីឡេ (Patrict   Devillers) អាយុ៥២ឆ្នាំគឺ​ជា​ជន​បរទេស​ម្នាក់​ក្នុង​ចំណោម​​​​ជន​បរទេស​តែ​ពីរ​នាក់គត់​ ដែល​គេដឹង​ថា ​មាន​​​​ទំនាក់​ទំនង​ជាមួយនឹងលោកប៉ូស៊ីឡាយនិង​ភរិយា​របស់​លោក​ គឺលោកស្រី​ គូខៃឡាយ​ (Gu Kailai) ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​កាល​​​ពីខែវិច្ឆិកា ​ពី​បទសម្លាប់​លោកណេលហេវូដ(Neil Heywood) អ្នក​ជំនួញ​ជន​ជាតិ​អង់​គ្លេស​។

លោកឧត្តមសេនីយ៍ឯកខៀវសុភ័គ ​បាន​លើក​ឡើង​ថាប្រទេស​កម្ពុជា​បាន​យល់​ព្រម​ចាប់​ខ្លួន​លោកឌឺវីឡេ​ គឺដោយសារ​ប្រទេស​​​កម្ពុជា​បាន​ផ្តល់​សច្ចាប័នអំពី​​​សន្ធិសញ្ញា​​​បត្យាប័ន ជាមួយ​ប្រទេស​ចិន​រួច​ហើយ។ លោក​បាន​​បន្ដទៀត​ថា“ពាក់់ព័ន្ធ​នឹង​ការ​ចាប់​​​​ខ្លួន​លោកឌឺវីឡេ​ គឺ​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឡើង​យោង​តាមកិច្ចព្រម​ព្រៀង​ធ្វើបត្យាប័ន​ទ្វេភាគី​មួយ​រវាង​​ចិន និង​កម្ពុជា​។ប្រទេស​ចិន​បាន​ស្នើ​ឲ្យ​យើង​ជួយ​ចាប់​ខ្លួនគាត់​​”។

ពេលសួរ​អំពី​មូលហេតុពិតប្រាកដនៃ​ការ​ចាប់​ខ្លួន​ លោកឧត្តមសេនីយ៍ឯកខៀវសុភ័គបានលើកឡើងថាប្រទេស​កម្ពុជា​នៅ​មិន​ទាន់​មាន​ព័ត៌​មាន​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​ “ ភស្តុ​តាង” កំពុង​បញ្ជូន​មក​ពី​រដ្ឋធានី​ប៉េកាំង​។ លោក​មាន​ប្រសាសន៍​ដោយ​មិន​រៀប​រាប់​ច្រើន​ថា​ “ ប្រទេស​ចិន​នឹង​បញ្ជូន​ភស្តុតាងពាក់​ ព័ន្ធ​នឹង​បទឧក្រិដ្ឋរបស់គាត់​​មកឲ្យ​យើង”។ ជោគ​វាសនា​របស់លោកឌឺវីឡេ នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេទោះបី​ជា​ការ​ធ្វើ​បត្យា​

​ប័ន​លើក​មុនប្រទេសកម្ពុជា​បាន​បំពេញ​តាម​បំណង​ប្រទេសចិន​ ដូចជា​ករណីចាប់បញ្ជូន​អ្នក​ស្វែង​រក​សិទិ្ធ​ជ្រក​កោន​ជន​ជាតិ​ភាគ​តិច​វីហ្គួ​ចំនួន២០រូប ដែលកាល​ពី​ឆ្នាំ​២០០៩​ អ្នក​ទាំងនោះស្ថិត​ក្រោម​ការ​មើល​ថែ​ទាំ​របស់​ ឧត្តម​ស្នងការ​សហ​ប្រជាជាតិទទួលបន្ទុកជន​ភៀស​​ខ្លួន​ក្នុង​រាជ​ធានី​ភ្នំពេញ ហើយ​ក្រោយ​មក​​​បាន​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​ចិន​វិញ​នោះ។

តើ​ប្រទេស​កម្ពុជា​នឹង​ដោះ​ស្រាយ​ករណី​នៃ​ការ​ចាប់ខ្លួន​ជនជាតិបារំាងដែលទីក្រុងប៉េ​កាំង​ចង់​បាន​នេះ​យ៉ាង​ដូច​ម្តេច​ នៅ​ពេល​ប្រទេស​កម្ពុជា​មាន​ទំនាក់​ទំនង​ការ​ទូត​យ៉ាង​ជិត​ស្និទ្ធ​ជាយូរ​មក​ហើយ​ជាមួយ​នឹង​ប្រទេស​បារាំង​នោះ​។ លោកឧត្តមសេនីយ៍ឯក​ ខៀវ សុភ័គ បាន​លើក​ឡើងថា “យើង​កំពុង​តែ​ពិចារ​ណា​អំពី​ករ​ណី​នេះ។ យើង​មិន​គ្រាន់​តែ​ធ្វើ​ការជា​មួយប្រទេសចិន​​ទេ​ តែ​យើង​ក៏​ធ្វើ​ការ​ជា​មួយ​ប្រទេស​បារាំង​ដែរ”។​

ការចាប់ខ្លួនលោក ឌឺវីឡេ​ កាលពី​ថ្ងៃ​ទី​១៣ខែមិថុនាគឺ​កើត​ឡើង​ស្រប​ពេល​នឹង​ការ​មក​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​ របស់ក្រុម​គណ​ៈប្រតិ​ភូ​ចិន​ ដែល​រួម​មាន​លោក​ហឺ ហ្គួឈៀង សមាជិក​មួយ​រូប​នៃ​គណៈកម្ម​ការ​អចិន្ត្រៃយ៍​របស់​គណ​បក្ស​កុម្មុយ​នីស្តចិន​ ដែលតាម​សេចក្តី​រាយ​ការណ៍នានាបាន​ឲ្យ​ដឹង​ថា ជាអ្នក​​នៅ​ពី​​ក្រោយការ​ស៊ើប​អង្កេត​ករណី​របស់លោក ប៉ូ​ ស៊ីឡាយ និងភរិយា​របស់​លោក។ នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​មួយធ្វើឡើង​នៅ​​ក្រសួង​ការបរទេសបារាំង ​ក្នុង​ទី​ក្រុង​ប៉ារីស​កាល​ពី​ម្សិល​មិញ​ អ្នក​នាំ​ពាក្យ​ក្រសួង​នេះ​បានប្រាប់អ្នកកាសែតថា​ អា​ជ្ញា​ធរ​បារាំង​ កំពុង​ “តាម​ដាន​ករណី​នេះ​ជាប់ជានិច្ច”ហើយ​ ​កំពុងជួយជ្រោមជ្រែងឲ្យ​​លោក ​ឌឺវីឡេ​ ទទួល​បាន​ជំនួយ​ពី​ស្ថាន​កុង​សុ៊ល​។

អ្នកនាំ​ពាក្យ​រូបនេះ ​លើក​ឡើង​ថា ​ “ មន្ត្រី​កុងសុ៊ល បាន​ទៅ​សួរ​សុខទុក្ខ​លោក ឌឺវីឡេ​ ភ្លាមបន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួនលោក ហើយ​មន្ត្រីកុង​ស៊ុល​បាន​ទៅ​សួរ​សុខ​ទុក្ខលោក​ជា​រៀង​រាល់​ថ្ងៃ។ យើង​បាន​ស្នើ​ឲ្យអាជ្ញាធរ​កម្ពុជា​ជួយផ្តល់​ព័ត៌មាន​លម្អិត​នៃ​មូលហេតុ​នៅ​ពី​ក្រោយ​ការ​ចាប់​ខ្លួន​នេះ”។

នៅ​ពេលាលោក ប៉ូ​ ស៊ីឡាយ​ ចង់ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ សម្រាប់​អាសន​ៈនៅ​គណៈ​កម្មការអចិន្ត្រៃយ៍​នៃ​ការិយាល័យ​សមា​ជិក​ទាំង​ប្រាំបួនរបស់ចិនលោកប៉ូស៊ីឡាយ ត្រូវ​​ បាន​បណ្តេញ​ចេញ​ពី​គណ​បក្ស ​កាល​ពីខែ​មីនា

ពីបទប្រព្រឹត្ត អំពើពុករលួយ និងបទ​មនុស្ស​ឃាត ហើយបានទម្លាយនូវនយោបាយអាថ៌​កំបាំងរបស់ប្រទេសចិន ឲ្យពិភពលោកដឹងឮហើយបាន​​បង្ហាញ​ឲ្យ​មានការ​យល់​ដឹង​ដ៏​កម្រ​ពី​​ការប្រឆាំង​គ្នា​​ផ្នែក​នយោ​បាយ ​និង​ល្បិច​កលនៅ​​ក្នុង​​ប្រទេស​មហា​​​អំណាច​នេះ។

កាសែតឌឹញូវយ៉កថែមស៍​ បាន​ចេញ​​ផ្សាយ​កាល​ពី​ខែមុនថាគេជឿជាក់​ថាលោក​ ឌឺវីឡេ ធ្លាប់​បាន​ជួយ​គូរប្លង់អគារ​សំខាន់ៗ​សម្រាប់​ទីក្រុង ដាលាន ​ក្នុង​ប្រទេស​​ចិន​កាល​ពី​​ទសវត្សរ៍៩០​ ឲ្យ​លោក​ប៉ូស៊ីឡាយ។ ​លោកឌឺវីឡេ ក៏​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ជំនួញ​ជាមួយ​នឹងភរិយា​របស់​លោកប៉ូស៊ីឡាយ ​ដែរ​ ហើយ​លោក​ស្រីហ្គូ​ ខៃឡាយ ​បាន​ហៅ​ឈ្មោះ​គាត់​​ថា “ ហូរ៉ាស់កៃ” (Horus kai) ដែល​ឈ្មោះនេះ​ជានាយក​​ក្រុមហ៊ុន អាឌេត លីមីធីត​ (Adad Limited) ដែល​មាន​មូល​ដ្ឋាន​ក្នុង​ប្រទេស​អង់​គ្លេស​ ហើយ​បាន​ដួល​រលំ​កាលពី​ឆ្នាំ២០០៣។

ចំណែក​ឯ​លោកប៉ូស៊ីឡាយវិញគាត់​គឺ​ជា​អតីត​ប្រធាន​គណបក្ស​កុម្មុយនីស្ត​ចិន នៅ​កណ្តាល​ក្រុង​ឧស្សាហកម្ម ជុង​ឈីង​ ​(Chongqing)​ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជាមនុស្ស​មាន​​ប្រជា​ប្រិយ​ភាព​ខ្លាំង​នៅក្នុងគណបក្ស។ប៉ុន្តែ​កាល​ពី​ខែមីនា​ លោកត្រូវ​បាន​គេ​បណ្តេញ​ចេញ​​ពី​គណ​បក្ស​ ហើយ​កំពុង​រង់​ចាំ​​ការ​ស៊ើប​អង្កេត​​ពាក់​ព័ន្ធនឹង​បទ​ឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ ដែល​គេ​មិន​ទាន់​ពន្យល់​ប្រាប់​ឲ្យ​បាន​ច្បាស់​លាស់​នៅឡើយ​នោះ៕​

ប្រែសម្រួល​ដោយ ស៊ាស៊ុយឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស