34 C
Phnom Penh

របាយ​ការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិបង្ហាញថា ការ​តវ៉ា​​របស់​កម្មករ​កាត់​ដេរមាន​ការ​កើនឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​របាយការណ៍​សិក្សា​ស្រាវ​ជ្រាវ​មួយ​ ដែល​បាន​ផ្សព្វ​ផ្សាយ​​ កាល​ពី​ម្សិល​មិញ​ ដោយ​អង្គការ​ពលកម្ម​អន្តរ​ជាតិ (ILO) បាន​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​នូវ​ការ​រើស​អើង​ពី​សំណាក់​រោង​ចក្រ​នានា ចំពោះ​សហ​ជីព​ទាំង​ឡាយ​ និង​ប្រាក់​ឈ្នួល​តិច​តួច​ នៅ​ក្នុង​វិស័យ​កាត់​ដេរ​របស់​ប្រទេស​កម្ពុជា​ បាន​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ចំនួន​តវ៉ា​ ពី​សំណាក់​ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​។

យោង​តាម​របាយ​ការណ៍​សំយោគ​របស់​អង្គការ​ពលកម្ម​អន្តរ​ជាតិ​ ស្តីពី​ស្ថាន​ភាព​ការ​ងារ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​របស់​ប្រទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា មាន​ក្រុម​កម្មករ​ចំនួន៣៦.០៥៣នាក់ បាន​ចូល​រួម​ធ្វើ​បាតុកម្ម​ចំនួន​២៧​លើក​ ក្នុង​ចន្លោះ​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១១ ដល់​ខែ​មេសា ឆ្នាំ​២០១២  ចំនួន​​ការ​ធ្វើ​បាតុកម្ម​នេះ បាន​កើន​ឡើង​ដល់​ទៅ​ពីរ​ដង​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ​មុន​។

របាយការណ៍​សិក្សា​ស្រាវ​ជ្រាវ​នេះបង្ហាញ​ឲ្យ​ដឹង​ថា “ហេតុផល​ជា​ទូទៅ​ចំពោះ​ការ​ធ្វើ​បាតុកម្ម​នានា គឺ​ការ​សំុ​ដំឡើង​ប្រាក់​ឈ្នួល​ និង​ផល​ប្រយោជន៍​នានា​ ព្រម​ទាំង​ការ​ចោទប្រកាន់ថា មាន​ការ​រើស​អើង​ចំពោះ​សហជីព​”។ របាយការណ៍​នេះ ឲ្យ​ដឹង​ថែម​ទៀត​ថា ការ​ចប់​អាណត្តិ​នៃ​អនុស្សរណៈ​យោគ​យល់​គ្នា​រវាង​សមាគមថៅកែ​រោង​ចក្រ​កាត់​ដេរ​កម្ពុជា​ (GMAC) និង​សហ​ជីព​រោង​ចក្រ​កាត់ដេរ​ទាំង​ឡាយ​ នៅ​ក្នុង​ខែ​កញ្ញា​ ដែលអនុស្សរណៈ​យោគ​យល់​គ្នា​នេះ បានកំណត់​នូវ​សកម្ម​ភាព​បាតុកម្ម​ បណ្តាល​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ការ​ធ្វើ​បាតុកម្ម​នានា។ “ដូច្នេះ​ វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​ខ្វះ​ខាត​នូវ​ឥទ្ធិពល​សម្រប​សម្រួល​របស់​អនុស្សរណៈ​យោគ​យល់​គ្នា​ ក្នុង​ចំណោម​លក្ខខណ្ឌ​នានា ដែលបាន​អំពាវ​នាវ​ឲ្យ​មាន​​ការ​ដោះ​ស្រាយ​ពី​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ ដោយ​មិន​អាច​ខ្វះ​បាន​មុន​ពេល​ធ្វើ​បាតុកម្ម”។

របាយការណ៍​សិក្សា​ស្រាវ​ជ្រាវ​នេះ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយកម្ម​វិធី​រោង​ចក្រ​កាត់​ដេរ​​នៅ​កម្ពុជា​កាន់​តែ​ប្រសើរ​​របស់​អង្គការ​ពលកម្ម​អន្តរ​ជាតិ​ បាន​ចេញ​ផ្សាយ​ឲ្យ​ដឹង​ បន្ទាប់​ពី​មាន​ការ​តវ៉ា​ជា​ច្រើន​ចំពោះ​រោង​ចក្រ​កាត់​ដេរ នាពេល​ថ្មីៗនេះ ដោយ​រួម​មាន​ការ​តវ៉ា​ កាល​ពី​ថ្ងៃ​អង្គារ​នៅ​ឯ​រោង​ចក្រ​កាត់​ដេរ​ អឹម អេន វី (M&V) នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ ដោយនៅ​ទីនោះ​​មាន​កម្មករ​ចំនួន​៤.០០០នាក់ បាន​បិទ​ភ្លើង​រោង​ចក្រ​ ហើយ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល។​

​កាល​ពី​ខែ​មុនកម្មករចំនួន​ជាង​៤.០០០​នាក់​ ​ដែល​ធ្វើការ​នៅ​រោង​ចក្រ​កាត់​ដេរ អេសអិល ​ហ្គាមិន ប្រូសេស​ស៊ីង ខេមបូឌា SL Garment Pressing (Cambodia) Co. Ltd នៅ​រាជ​ធានី​ភ្នំ​ពេញ​ បាន​ធ្វើ​បាតុកម្ម​ហិង្សា​មួយ​ ដោយ​គប់​ដំុថ្ម​លើ​បង្អួច​រោង​ចក្រ​ នៅ​មុន​ពេល​ក្រុម​ហ៊ុនសម្រេច​​ចិត្ត​យល់​ព្រម​តាម​ការ​ទាម​ទារ​របស់​ក្រុមកម្មករ​ ក្នុង​ការ​សំុ​ដំឡើង​ថ្លៃ​ឈ្នួល​។

លោក ឯក សុភក្តី អនុ​ប្រធាន​សហ​ភាព​ការ​ងារ​កម្ពុជា​ បាន​និយាយថា “នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែកន្លង​ទៅ​នេះ មាន​បាតុកម្ម​ជា​ច្រើន​បាន​ផ្ទុះ​ឡើង​ នៅ​​រោង​ចក្រ​កាត់ដេរ​ ដោយ​សារ​តែ​ក្រុម​កម្មករ​ចង់​សំុ​ដំឡើង​ប្រាក់​ឈ្នួល​ ដើម្បី​បំពេញ​តម្រូវ​ការ​មូល​ដ្ឋាន​របស់​ពួក​គេ ដូចជា ថ្លៃ​ឈ្នួល​ផ្ទះ ការ​ធ្វើ​ដំណើរ ​ប្រាក់​បន្ថែម​ម៉ោង​ ព្រម​ទាំង​ប្រាក់​​ចំណាយ​លើ​អាហារ​ជា​ដើម​” ដោយ​លោក​បន្ថែម​ថា សហ​​ជីព​របស់​លោក​​កំពុង​​ធ្វើ​ការ​លើជម្លោះ​ការងារ​ នៅ​តាម​រោង​ចក្រ​កាត់​ដេរ​ជាង​៥០​កន្លែង​។

កាល​ពី​ឆ្នាំ​មុន​ ប្រាក់​ចំណូល​ពី​ការ​នាំ​ចេញ​របស់​វិស័យ​កាត់​ដេរបាន​កើន​ឡើង​ចំនួន​៣៣​ភាគ​រយ ពោល​គឺ​កើន​ឡើង​ជាង​៤.០០០​លាន​ដុល្លារ​។ ក៏ប៉ុន្តែ របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរ​ជាតិ ដែល​បាន​ពិនិត្យ​លើ​រោង​ចក្រ​កាត់​ដេរ​ចំនួន​១៣៦​ ក្នុង​ចំណោម​រោង​ចក្រ​កាត់​ដេរ​ចំនួន​៣៣០​ នៅ​តែ​រក​ឃើញ​ថា ស្ថាន​ភាព​របស់​កម្ម​ករ​នៅ​តែ​មិន​មាន​ការផ្លាស់​ប្តូរ​ទេ។ ចំណែក​ឯ​ទិដ្ឋភាព​ផ្សេង​ៗ​ទៀត​វិញ​ដូច​ជា​ ការ​យក​កម្មករ​មិន​គ្រប់​​អាយុ​ឲ្យ​មក​ធ្វើការ​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​ ពិត​ជា​មាន​សភាព​កាន់​តែ​ធ្ងន់​ធ្ងរ​។

យោង​តាម​របាយការណ៍​សិក្សា​ស្រាវ​ជ្រាវ​នេះ បាន​ឲ្យ​ដឹង​ថា ការ​កំណត់​ដោយ​ច្បាប់​ចំពោះ​ចំនួន​ធ្វើ​ការ​លើស​ម៉ោង​ ដែល​កំណត់​ឲ្យ​កម្មករ​ធ្វើការថែម​ម៉ោង​បានតែ​ចំនួន​ពីរ​ម៉ោង​ ក្នុងមួយ​ថ្ងៃ​ ផ្ទុយ​ទៅ​វិញ​​រោង​ចក្រ​ចំនួន​៨៦​ភាគ​រយ​នៃ​ចំនួន​រោង​ចក្រ​ទាំង​អស់​ មិន​បាន​គោរព​តាម​ច្បាប់​នេះ​ទេ ដោយ​ចំនួន​នេះ​បាន​កើន​ឡើង​ពី​៧៥​ភាគ​រយ​ កាល​ពី​ឆ្នាំ​មុន។

របាយការណ៍​នេះ ក៏​រក​ឃើញ​ផង​ដែរ​ថា កម្មករ​ចំនួន​៣០​នាក់ មាន​អាយុ​ក្រោម​១៥​ឆ្នាំ​ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​នៃ​កម្មករ​មិន​គ្រប់​អាយុ​​ធ្វើ​ការ​ ចាប់​តាំង​ពី​អង្គការ​ពលកម្ម​អន្តរ​ជាតិ​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ នៅ​ឆ្នាំ​២០០៦​កន្លង​មក។​ ចំនួន​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ធ្លាក់​ចុះ​ចំនួន​១១​ភាគ​រយ​ នៅ​តាមរោង​ចក្រ​នានា​ ដែល​ធ្វើ​តាម​​ ដោយ​ប្រើ​ប្រាស់​ឯក​សារ​ ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ ដើម្បី​បញ្ជាក់​ពី​អាយុ​របស់​កម្មករ​រោង​ចក្រ​។

លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​​ថៅកែរោង​ចក្រ​កាត់​ដេរ​កម្ពុជា ​មាន​ប្រសា​សន៍ថា ទោះ​បីជា​លោក​ទទួលស្គាល់​នូវការ​ព្រួយ​​បារម្ភ​របស់​ក្រុម​កម្មករ​ នៅ​ក្នុង​បាតុកម្ម​នាពេល​ថ្មីៗ​នេះ​ក៏​ដោយក៏​ការ​តវ៉ា​ភាគច្រើន​​​ត្រូវ​បាន​ធ្វើ​ឡើង​​ប្រឆាំងទៅ​នឹង​លក្ខខណ្ឌ​នានា ដែលបាន​ចែង​ដោយ​ច្បាប់​ការ​ងារដោយសារ​តែ​​ពួក​គេ​​បាន​ធ្វើ​បាតុកម្ម​ ដោយ​​មិនបាន​​អនុវត្តតាម​ច្បាប់។

លោក​បាន​បន្ថែម​ទៀត​ថា “ ការ​ពិត​គឺថា យើង​មាន​សហជីព​ការ​ងារ​ប្រហែល​២.៦០០​សហ​ជីព​ សម្រាប់​រោង​ចក្រ​ជាង​៥០០ ដូច្នេះ​រោង​ចក្រ​ខ្លះ​មាន​សហជីព​ បួន​​ឬ​ប្រាំ​ ហើយ​រោង​ចក្រ​ខ្លះ​ទៀត​ មាន​សហជីព​រហូត​ដល់​ទៅ​១៨​។ ដោយ​សហជីព​មាន​ចំនួន​ច្រើន ​ដូច្នេះ​វាងាយ​នឹង​មាន​បញ្ហា​ជាមួយ​គ្នា ឬ​ក៏​ជាមួយ​រោង​ចក្រ៕

ប្រែសម្រួល​ដោយ ហួង​ កុកទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស