យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវមួយ ដែលបានផ្សព្វផ្សាយ កាលពីម្សិលមិញ ដោយអង្គការពលកម្មអន្តរជាតិ (ILO) បានឲ្យដឹងថា ការកើនឡើងនូវការរើសអើងពីសំណាក់រោងចក្រនានា ចំពោះសហជីពទាំងឡាយ និងប្រាក់ឈ្នួលតិចតួច នៅក្នុងវិស័យកាត់ដេររបស់ប្រទេសកម្ពុជា បានធ្វើឲ្យមានការកើនឡើងនូវចំនួនតវ៉ា ពីសំណាក់ក្រុមកម្មកររោងចក្រកាត់ដេរ។
យោងតាមរបាយការណ៍សំយោគរបស់អង្គការពលកម្មអន្តរជាតិ ស្តីពីស្ថានភាពការងារនៅក្នុងវិស័យកាត់ដេររបស់ប្រទេសកម្ពុជា បានឲ្យដឹងថា មានក្រុមកម្មករចំនួន៣៦.០៥៣នាក់ បានចូលរួមធ្វើបាតុកម្មចំនួន២៧លើក ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១១ ដល់ខែមេសា ឆ្នាំ២០១២ ចំនួនការធ្វើបាតុកម្មនេះ បានកើនឡើងដល់ទៅពីរដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
របាយការណ៍សិក្សាស្រាវជ្រាវនេះបង្ហាញឲ្យដឹងថា “ហេតុផលជាទូទៅចំពោះការធ្វើបាតុកម្មនានា គឺការសំុដំឡើងប្រាក់ឈ្នួល និងផលប្រយោជន៍នានា ព្រមទាំងការចោទប្រកាន់ថា មានការរើសអើងចំពោះសហជីព”។ របាយការណ៍នេះ ឲ្យដឹងថែមទៀតថា ការចប់អាណត្តិនៃអនុស្សរណៈយោគយល់គ្នារវាងសមាគមថៅកែរោងចក្រកាត់ដេរកម្ពុជា (GMAC) និងសហជីពរោងចក្រកាត់ដេរទាំងឡាយ នៅក្នុងខែកញ្ញា ដែលអនុស្សរណៈយោគយល់គ្នានេះ បានកំណត់នូវសកម្មភាពបាតុកម្ម បណ្តាលឲ្យមានការកើនឡើងនូវការធ្វើបាតុកម្មនានា។ “ដូច្នេះ វិស័យឧស្សាហកម្មកាត់ដេរខ្វះខាតនូវឥទ្ធិពលសម្របសម្រួលរបស់អនុស្សរណៈយោគយល់គ្នា ក្នុងចំណោមលក្ខខណ្ឌនានា ដែលបានអំពាវនាវឲ្យមានការដោះស្រាយពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយមិនអាចខ្វះបានមុនពេលធ្វើបាតុកម្ម”។
របាយការណ៍សិក្សាស្រាវជ្រាវនេះ ដែលត្រូវបានធ្វើឡើងដោយកម្មវិធីរោងចក្រកាត់ដេរនៅកម្ពុជាកាន់តែប្រសើររបស់អង្គការពលកម្មអន្តរជាតិ បានចេញផ្សាយឲ្យដឹង បន្ទាប់ពីមានការតវ៉ាជាច្រើនចំពោះរោងចក្រកាត់ដេរ នាពេលថ្មីៗនេះ ដោយរួមមានការតវ៉ា កាលពីថ្ងៃអង្គារនៅឯរោងចក្រកាត់ដេរ អឹម អេន វី (M&V) នៅក្នុងខេត្តកំពង់ឆ្នាំង ដោយនៅទីនោះមានកម្មករចំនួន៤.០០០នាក់ បានបិទភ្លើងរោងចក្រ ហើយធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួល។
កាលពីខែមុនកម្មករចំនួនជាង៤.០០០នាក់ ដែលធ្វើការនៅរោងចក្រកាត់ដេរ អេសអិល ហ្គាមិន ប្រូសេសស៊ីង ខេមបូឌា SL Garment Pressing (Cambodia) Co. Ltd នៅរាជធានីភ្នំពេញ បានធ្វើបាតុកម្មហិង្សាមួយ ដោយគប់ដំុថ្មលើបង្អួចរោងចក្រ នៅមុនពេលក្រុមហ៊ុនសម្រេចចិត្តយល់ព្រមតាមការទាមទាររបស់ក្រុមកម្មករ ក្នុងការសំុដំឡើងថ្លៃឈ្នួល។
លោក ឯក សុភក្តី អនុប្រធានសហភាពការងារកម្ពុជា បាននិយាយថា “នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ មានបាតុកម្មជាច្រើនបានផ្ទុះឡើង នៅរោងចក្រកាត់ដេរ ដោយសារតែក្រុមកម្មករចង់សំុដំឡើងប្រាក់ឈ្នួល ដើម្បីបំពេញតម្រូវការមូលដ្ឋានរបស់ពួកគេ ដូចជា ថ្លៃឈ្នួលផ្ទះ ការធ្វើដំណើរ ប្រាក់បន្ថែមម៉ោង ព្រមទាំងប្រាក់ចំណាយលើអាហារជាដើម” ដោយលោកបន្ថែមថា សហជីពរបស់លោកកំពុងធ្វើការលើជម្លោះការងារ នៅតាមរោងចក្រកាត់ដេរជាង៥០កន្លែង។
កាលពីឆ្នាំមុន ប្រាក់ចំណូលពីការនាំចេញរបស់វិស័យកាត់ដេរបានកើនឡើងចំនួន៣៣ភាគរយ ពោលគឺកើនឡើងជាង៤.០០០លានដុល្លារ។ ក៏ប៉ុន្តែ របាយការណ៍របស់អង្គការពលកម្មអន្តរជាតិ ដែលបានពិនិត្យលើរោងចក្រកាត់ដេរចំនួន១៣៦ ក្នុងចំណោមរោងចក្រកាត់ដេរចំនួន៣៣០ នៅតែរកឃើញថា ស្ថានភាពរបស់កម្មករនៅតែមិនមានការផ្លាស់ប្តូរទេ។ ចំណែកឯទិដ្ឋភាពផ្សេងៗទៀតវិញដូចជា ការយកកម្មករមិនគ្រប់អាយុឲ្យមកធ្វើការនៅក្នុងរោងចក្រកាត់ដេរ ពិតជាមានសភាពកាន់តែធ្ងន់ធ្ងរ។
យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវនេះ បានឲ្យដឹងថា ការកំណត់ដោយច្បាប់ចំពោះចំនួនធ្វើការលើសម៉ោង ដែលកំណត់ឲ្យកម្មករធ្វើការថែមម៉ោងបានតែចំនួនពីរម៉ោង ក្នុងមួយថ្ងៃ ផ្ទុយទៅវិញរោងចក្រចំនួន៨៦ភាគរយនៃចំនួនរោងចក្រទាំងអស់ មិនបានគោរពតាមច្បាប់នេះទេ ដោយចំនួននេះបានកើនឡើងពី៧៥ភាគរយ កាលពីឆ្នាំមុន។
របាយការណ៍នេះ ក៏រកឃើញផងដែរថា កម្មករចំនួន៣០នាក់ មានអាយុក្រោម១៥ឆ្នាំ ដែលជាចំនួនខ្ពស់បំផុតនៃកម្មករមិនគ្រប់អាយុធ្វើការ ចាប់តាំងពីអង្គការពលកម្មអន្តរជាតិបានធ្វើការសិក្សាស្រាវជ្រាវ នៅឆ្នាំ២០០៦កន្លងមក។ ចំនួននេះបង្ហាញឲ្យឃើញនូវការធ្លាក់ចុះចំនួន១១ភាគរយ នៅតាមរោងចក្រនានា ដែលធ្វើតាម ដោយប្រើប្រាស់ឯកសារ ដែលគួរឲ្យទុកចិត្ត ដើម្បីបញ្ជាក់ពីអាយុរបស់កម្មកររោងចក្រ។
លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមថៅកែរោងចក្រកាត់ដេរកម្ពុជា មានប្រសាសន៍ថា ទោះបីជាលោកទទួលស្គាល់នូវការព្រួយបារម្ភរបស់ក្រុមកម្មករ នៅក្នុងបាតុកម្មនាពេលថ្មីៗនេះក៏ដោយក៏ការតវ៉ាភាគច្រើនត្រូវបានធ្វើឡើងប្រឆាំងទៅនឹងលក្ខខណ្ឌនានា ដែលបានចែងដោយច្បាប់ការងារដោយសារតែពួកគេបានធ្វើបាតុកម្ម ដោយមិនបានអនុវត្តតាមច្បាប់។
លោកបានបន្ថែមទៀតថា “ ការពិតគឺថា យើងមានសហជីពការងារប្រហែល២.៦០០សហជីព សម្រាប់រោងចក្រជាង៥០០ ដូច្នេះរោងចក្រខ្លះមានសហជីព បួនឬប្រាំ ហើយរោងចក្រខ្លះទៀត មានសហជីពរហូតដល់ទៅ១៨។ ដោយសហជីពមានចំនួនច្រើន ដូច្នេះវាងាយនឹងមានបញ្ហាជាមួយគ្នា ឬក៏ជាមួយរោងចក្រ៕
ប្រែសម្រួលដោយ ហួង កុកទៀន