មន្ត្រីរដ្ឋាភិបាល និងអង្គការសិទ្ធិមនុស្សបានលើកឡើងកាលពីម្សិលមិញថា ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ដែលភាគច្រើនមានជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីនោះ នឹងមានសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់ក្រោមនយោបាយដ៏មានមហិច្ឆតាថ្មី ប្រកាសដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្ដាហ៍មុន។
ទោះជាយ៉ាងណា ក៏នៅមានប្រជាពលរដ្ឋរាប់រយគ្រួសារនៅទូទាំងប្រទេស ត្រូវបានជាប់ក្នុងអន្ទាក់តុលាការពីបទញុះញង់ និងការកាន់កាប់ដីរដ្ឋខុសច្បាប់។ លោក បេងហុង សុជាតិ ខេមរ៉ូ អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថា “ ក្រសួង[រៀប ចំដែនដី នគរូបនីយកម្ម និងសំណង់] កំពុងខិតខំ អនុវត្តគោលនយោបាយកំណែទម្រង់ដីធ្លីរយៈពេលវែងរបស់រដ្ឋាភិបាល តាមរយៈការធ្វើតាមគោលនយោបាយថ្មី ក្នុងការចេញប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ”។ទោះបីជាលោក ពុំមានតួលេខពិតប្រាកដក៏ដោយ ក៏លោក សុជាតិ ខេមរ៉ូ បានប៉ាន់ប្រមាណថា តាមរយៈគម្រោងនេះ “ប្រជាពលរដ្ឋរាប់ម៉ឺននាក់” នឹងមានសិទ្ធិកាន់កាប់ដីធ្លី។
កាលពីថ្ងៃទី១៤ខែមិថុនា លោកហ៊ុន សែន បានប្រកាសអំពីគោលនយោបាយកាន់ កាប់ដីធ្លីយ៉ាងលម្អិតមួយសម្រាប់អ្នកភូមិ ដែលរស់នៅលើដីព្រៃរបស់រដ្ឋ ក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច និងក្នុងអតីតតំបន់ព្រៃសម្បទានហើយលោកបានមានប្រសាសន៍ថា លោកបានទុកពេលប្រាំមួយខែឲ្យក្រសួង និងអាជ្ញាធរខេត្ត ធ្វើការវាស់វែងដី និងចុះបញ្ជីកាន់កាប់ដីធ្លី។
លោក សុជាតិ ខេមរ៉ូ មានប្រសាសន៍ថាក្រុមការងារត្រូវបានបង្កើតឡើងតាមបណ្តាខេត្តនីមួយៗ ដើម្បីគូសផែនទីដី និងប្រមូលអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ និងតាមដានប្រវត្តិនៃការកាន់កាប់ដីធ្លីរបស់ពួកគាត់។ ក្នុងគ្រានេះដែរ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លុបចោលកម្មវិធី ចូលរួមកិច្ចប្រជុំនៅក្រៅប្រទេសដែលបានគ្រោងទុកមួយចំនួន ដើម្បីបំពេញការងារធ្វើកំណែទម្រង់ក្នុងរយៈពេលប្រាំមួយខែនេះ។
ទោះយ៉ាងណា ផែនការដែលមានល្បឿន លឿន និងហាក់ដូចជាខ្វះសេចក្ដីលម្អិត អំពីរបៀបក្នុងការប្រគល់សិទ្ធិកាន់កាប់ដីធ្លីទៅឲ្យប្រជាពលរដ្ឋដោយរបៀបណានោះ នៅតែជាបញ្ហាមិនទាន់ដោះស្រាយបានច្បាស់លាស់នៅឡើយទេ។ នាសប្ដាហ៍នេះ អង្គការសិទ្ធិមនុស្ស បានគូសបញ្ជាក់នូវចំនួនដ៏គួរឲ្យភ្ញាក់ផ្អើលនៃជម្លោះដីធ្លី ដែលបានបង្កឲ្យប្រជាពលរដ្ឋជាប់ក្នុងបណ្តឹងតុលាការ និងបានចោទសួរថា តើគោលនយោបាយថ្មីនេះនឹងអាចជួយឲ្យប្រជាពលរដ្ឋរួចផុតពីការចោទប្រកាន់ដែរឬទេ?
លោក ចាន់ សុវ៉េត អនុប្រធានផ្នែកអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា “ ប្រសិនបើបណ្ដឹងរដ្ឋប្បវេណីពាក់ព័ន្ធនឹងជម្លោះដីធ្លីនឹងត្រូវគេដោះស្រាយ ហើយប្រជាពលរដ្ឋត្រូវទទួលបានដី ដែលខ្លួនបានតវ៉ាមែននោះ ចុះចំណែកឯប្រជាពលរដ្ឋដែលត្រូវបានតុលាការចោទប្រកាន់ និងកំពុងប្រឈមមុខនឹងការចោទប្រកាន់ នោះ គួរតែត្រូវលើកយកមកពិចារណា ដើម្បីដោះលែង ឬក៏លុបចោលបទចោទទាំងអស់តែម្ដងតាមរយៈយន្ដការច្បាប់បានដែរឬទេ”។
លោក សុវ៉េត ដែលបានកត់សម្គាល់ថាប្រជាពលរដ្ឋរាប់រយនាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទឧក្រិដ្ឋពាក់ព័ន្ធនឹងជម្លោះដីធ្លី កាលពីឆ្នាំមុននោះ បានប៉ាន់ស្មានថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋយ៉ាងហោចណាស់ចំនួន ៣0.000គ្រួសារ ដែលជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លី នឹងមានសិទ្ធិកាន់កាប់ដីដោយស្របច្បាប់តាមគោលនយោបាយថ្មីនេះ។
យោងតាមតួលេខរបស់អង្គការអាដហុកបានឲ្យដឹងថា ប្រជាពលរដ្ឋ៤២៧នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទធ្វើការតវ៉ាទាមទារសិទ្ធិកាន់កាប់ដីធ្លីកាលពីឆ្នាំមុន។ ក្នុងចំណោមអ្នកទាំងនោះ មាន៩៥នាក់ ត្រូវចាប់ខ្លួន និង៤៨នាក់ត្រូវបានផ្ដន្ទាទោស និងត្រូវឃុំខ្លួន។ ចំណែកឯប្រជាពលរដ្ឋ៤៩នាក់ទៀតត្រូវបានចាប់ខ្លួនតាំងពីខែមករា នៃឆ្នាំនេះ។
លោក សុជាតិ ខេមរ៉ូ បានមានប្រសាសន៍ថា បញ្ហានៅត្រង់ថា តើករណីទាំងនេះនឹងត្រូវលុបចោលតាមរយៈគោលនយោបាយនេះឬអត់នោះ គឺមិនទាន់ដឹងច្បាស់នៅឡើយ ព្រោះវាមិនស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងទេ។ លោក សំ ប្រជាមានិត ប្រធានខុទ្ទកាល័យ ក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថាពុំមានគោលនយោបាយថ្នាក់ជាតិណាមួយ ដែលបង្ហាញអំពីផលវិបាកខាងផ្លូវច្បាប់ ដោយសារគម្រោងផ្ដល់សិទ្ធិកាន់កាប់ដីធ្លីនេះទេ។ផ្ទុយទៅវិញ អាស្រ័យលើឆន្ទានុសិទ្ធិរបស់តុលាការឬមន្ត្រីតុលាការប៉ុណ្ណោះ។ លោក ប្រជាមានិត មានប្រសាសន៍ថា “ករណីនេះ វាអាស្រ័យលើចៅក្រមស៊ើបសួរ ជាអ្នកពិនិត្យឡើងវិញ លើបណ្ដឹងនីមួយៗ”។
តាមមើលទៅ តុលាការមួយចំនួន ក្នុងប្រទេសកម្ពុជាកំពុងចាត់វិធានការខ្លះហើយ។ កាលពីថ្ងៃអង្គារ សាលាដំបូងខេត្តសៀមរាបបានពន្យារពេលបើកសវនាការជំុនំជម្រះ បន្ទាប់ពីប្រជាពលរដ្ឋជាង២០០នាក់ មកពីឃុំត្បែង បានប្រមូលផ្ដុំគ្នានៅខាងមុខតុលាការ ដើម្បីគាំទ្រតំណាងរបស់ខ្លួនបួននាក់ ដែលត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនពីបទ “រំលោភយកទ្រព្យសម្បត្តិសាធារណៈ” នៅក្នុងជម្លោះដីធ្លីដ៏អូសបន្លាយនៅក្នុងតំបន់នោះ។
មុននេះមួយថ្ងៃ មន្ត្រីឃុំ និងមន្ត្រីស្រុក បានចាប់ផ្ដើមប្រមូលទិន្នន័យរបស់គ្រួសារ ដែលមានជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លី ដោយសន្យាថា នឹងផ្ដល់សិទ្ធិកាន់កាប់ដីធ្លីឲ្យពួកគាត់។ លោក ហៀប ថា មេឃុំត្បែង បានថ្លែងថា “ពេលប្រជាពលរដ្ឋត្រូវបានគេប្រគល់សិទ្ធិកាន់កាប់ដីនោះវាបង្ហាញថា ពួកគាត់គឺជាម្ចាស់ ដីនោះដោយស្របច្បាប់។ បទល្មើសដែលចោទប្រកាន់នោះ ក៏គួរតែលុបចោលដែរ”៕
ប្រែសម្រួលដោយ ហម សុផណ្ណា