35 C
Phnom Penh

ការ​កើន​ឡើង​ឈ្មួញ​ និងកសិករ​ចិញ្ចឹម​ក្រពើ​ខុស​ច្បាប់​ធ្វើ​ឲ្យ​តម្លៃ​ក្រពើ​ធ្លាក់​ចុះជាង​ពាក់​កណ្តាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ ក្រុម​កសិករ​ចិញ្ចឹម​ក្រពើ​បាន​និយាយ​ថា​ ការ​កើន​ឡើង​នូវ​ក្រុម​អ្នកជួញ​ដូរសត្វ​ក្រពើ​ ដែល​កំពុង​ជួញ​ដូរ​ក្រពើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត និង​ការ​នាំ​ចេញ​ក្រពើទៅ​​វៀត​ណាម​ បាន​បណ្តាល​ឲ្យ​តម្លៃ​ក្រពើ​ធ្លាក់​ចុះ​ជាង​ពាក់​កណ្តាល​ បើ​ប្រៀបធៀប​ទៅ​​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

លោក​ លួន​ ណាម​ ប្រធាន​​សមាគមកសិករ​​ចិញ្ចឹម​ក្រពើ​ ដែល​មាន​ក្រពើ​ចំនួន​៦០០ក្បាល​ នៅ​ក្នុង​ខេត្ត​សៀមរាប​ បាន​និយាយ​ថា​ តម្លៃ​ក្រពើ​ បាន​ធ្លាក់​ចុះ​ចំនួន​៥៥​ភាគ​រយ​ គឺ​ធ្លាក់ចុះ​មក​នៅ​ត្រឹម​តែ​១២​ដុល្លារ​សម្រាប់​កូន​ក្រពើ​មួយ​ក្បាល​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ខែ​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ការ​ធ្លាក់​ចុះ​នូវ​តម្លៃ​ក្រពើ​នេះ​ បណ្តាលមកពី​ការ​កើន​ឡើង​ក្រុម​អ្នក​ចិញ្ចឹម​ និង​អ្នក​ជួញដូរ​ក្រពើ​ខុស​ច្បាប់​ ចាប់​តាំង​ពី​រដ្ឋា​ភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​អំពី​ផែន​ការ​ពង្រីក​ការ​ចិញ្ចឹម​ក្រពើ​របស់​ប្រទេស​កម្ពុជា ​កាល​ពី​ឆ្នាំ​មុន​ ដោយ​ណែ​នាំ​ក្រុម​អាជ្ញា​ធរ​ខេត្ត​ឲ្យ​បង្កើតការិ​យា​ល័យ​ជា​ច្រើន​ ដើម្បី​ឲ្យ​ក្រុម​កសិករ​ចិញ្ចឹម​ក្រពើ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​លិខិ​តអនុញ្ញាត​​​​ដឹក​ជញ្ជូន​សត្វ​ក្រពើ​របស់​ពួក​គាត់​បាន​ពី​ខេត្ត​​​មួយ​ទៅ​ខេត្ត​មួយ​ទៀត។  អាជ្ញាធរ​មូល​ដ្ឋាន​ក៏​មាន​​បំណង​ផ្តល់​ព័ត៌មានដល់​ក្រុម​កសិករ​ អំពី​របៀប​ដាក់​ពាក្យ​ស្នើ​សុំ​លិខិត​អនុញ្ញាតផងដែរ។លោក​ លួន​ ណាម​ បាននិយាយ​ថា​ “យើង​យល់​ឃើញ​ថា​ មាន​ឈ្មួញ​រាប់​រយ​នាក់​ ដែល​គ្មាន​លិខិត​អនុញ្ញាតមក​ពី​មន្ទីរ​និង​ក្រសួង។​ អ្នក​ទាំង​នោះ​កំពុង​តែ​ជួញ​ដូរ​សត្វ​ក្រពើដោយ​​ខុស​ច្បាប់​ ហើយ​កំពុង​តែ​ធ្វើ​ឲ្យ​តម្លៃ​ក្រពើ​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ ដែល​មិន​ធ្លាប់​មាន”។​ លោក​បាន​បន្ថែម​ទៀត​ថា​ ការ​ជួញ​ដូរ​សត្វ​ក្រពើ​ស្ទើរ​តែ​ទាំង​អស់​ គឺ​ទៅ​ប្រទេស​វៀត​ណាម​ ខណៈ​ដែល​ការ​នាំ​ចេញ​ក្រពើ​ទៅ​​ប្រទេស​ថៃ​បាន​ថយ​ចុះ​ ដោយ​សារ​តែ​កសិករ​ចិញ្ចឹម​ក្រពើ​នៅ​ប្រទេស​ថៃ​បាន​ចាប់​ផ្តើម​បង្កើន​ការ​ចិញ្ចឹម​ក្រពើ។

លោក​ ហេង​ សុវណ្ណារ៉ា​ អនុ​ប្រធាននាយក​ដ្ឋាន​អភិរក្ស​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ឲ្យ​ដឹង​ថា​ កាល​ពីសប្តាហ៍​មុន​ រូប​លោក​​បាន​ទទួលពាក្យ​បណ្តឹង​ជា​ច្រើន​ពី​សំណាក់​ក្រុម​កសិករ​ចិញ្ចឹម​ក្រពើ​ ដែល​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​នៃ​ក្រុម​អ្នក​ចិញ្ចឹម​ និង​ឈ្មួញ​ជួញ​ដូរ​ក្រពើ​ខុស​ច្បាប់។​ លោក​បាន​បន្ត​ដូច្នេះ​ទៀត​ថា​ “ខ្ញុំ​បាន​បញ្ជូន​អ្នក​ជំនាញ​មួយ​ក្រុម​ឲ្យ​ទៅ​ធ្វើ​ការ​ស៊ើបអង្កេត​​បញ្ហា​នេះហើយ​  ហើយ​យើង​កំពុង​តែ​ធ្វើការ​​ដើម្បី​ស្វែង​រក​បន្ថែម​ទៀត” ដោយ​លោក​បន្ថែម​ថា​ មាន​កសិករ​ចិញ្ចឹម​ក្រពើ​សរុប​ចំនួន​៥០០​នាក់​​ដែល​មាន​លិខិត​អនុញ្ញាតនៅទូ​ទាំង​ប្រទេសកម្ពុជា។

ខណៈ​ដែល​មាន​កសិករ​ចិញ្ចឹម​ក្រពើ​រាប់រយ​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​តែ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ចំនួន​ប្រាំ​មួយ​ប៉ុណ្ណោះ​ ដែល​បាន​ចុះ​បញ្ជី​ជា​មួយអនុ​សញ្ញា​ស្តី​ពី​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ ព្រៃ​ឈើ​ និងសត្វ​ព្រៃ​ជិត​ផុត​ពូជហៅ​ថា​ (CITES)​ នៅ​ទី​ក្រុង​ហ្សឺ​ណែវ​ នេះ​គឺ​ជា​កិច្ច​ព្រម​ព្រៀង​អន្តរ​ជាតិ​មួយ​ ដែល​ធ្វើ​ឡើងរវាង​​រដ្ឋា​ភិបាល​ ដែលត្រូវ​បានបញ្ចូល​ជា​ធរមាន​ ដើម្បី​​ធា​នា​ថា​ ការ​ធ្វើ​ពាណិជ្ជ​កម្ម​សត្វ​ព្រៃ​ និង​រុក្ខជាតិ​លក្ខណៈ​អន្តរជាតិ​ មិន​មាន​ការ​គំរាម​កំហែង​ដល់​ជីវិត​រុក្ខ​ជាតិ​ និង​សត្វព្រៃជិត​ផុត​ពូជ​ទាំង​នោះទេ។

កសិដ្ឋាន​ចិញ្ចឹម​សត្វក្រពើ​ទាំង​ប្រាំ​មួយ​នេះ​ ដែល​កសិដ្ឋាន​មួយ​ចំនួន​ គឺ​ជា​កសិដ្ឋាន​របស់​លោក​ស្រី​ មាស ស៊ីថន ជា​ភរិយា​របស់​លោក​ ណៅ ធួក ប្រធាន​រដ្ឋបាល​ជល​ផល​ កំពុង​តែ​ចិញ្ចឹម​ក្រពើ​មួយ​ចំនួន​ ប៉ុន្តែ ត្រូវ​បាន​គេ​ដឹង​ថា គឺ​ជា​កសិដ្ឋាន​​​​ដ៏សំខាន់​​​ ដែលទិញ​កូន​ក្រពើ​ភ្ញាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា៕ ប្រែ​សម្រួល​ដោយ ហួង កុកទៀន

 

                 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស