ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើរឹបអូសឈើប្រណីតបានចំនួន១៥ម៉ែត្រគូបពីរថយន្តមួយគ្រឿងជាកម្មសិទ្ធិរបស់លោក ទ្រី ភាព ឧកញ៉ាសណ្ឋាគារ និងកាស៊ីណូក្នុងខេត្តកំពង់ធំ។
លោក សុតម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើ ខេត្តបានថ្លែងកាលពីថ្ងៃទី២១ខែមិថុនាថាមន្ត្រីរបស់លោកបានឃាត់រថយន្តមួយគ្រឿងរបស់ក្រុមហ៊ុនទ្រី ភាព អាហរ័ណ នីហរ័ណនៅក្នុងស្រុកសន្ទុក កាលពីថ្ងៃអាទិត្យទី១៧ ខែមិថុនាហើយបានរឹបអូសឈើទាំងអស់ ដែលផ្ទុកលើសពី២៥ម៉ែត្រគូបដែលមានច្បាប់អនុញ្ញាតឲ្យដឹកជញ្ជូន។ លោកបន្តថា“យើងរឹបអូសឈើគ្រញូងប្រហែល១៥ម៉ែត្រគូបពីព្រោះវាលើសចំនួនកំណត់ដែលច្បាប់អនុញ្ញាតឲ្យដឹក។យើងធ្វើការរឹបអូសតាមបញ្ជារបស់មន្ត្រីថ្នាក់លើ”។
លោក ម៉ារី បានលើកឡើងថា ឈើទាំងនោះ ត្រូវបានកាប់ចេញពីតំបន់សម្បទានសេដ្ឋកិច្ចមួយរបស់លោក ទ្រី ភាព ក្នុងស្រុករវៀង ខេត្តព្រះវិហារ ហើយថាឈើរឹបអូសបានទាំងនោះត្រូវបានបញ្ជូនទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើក្នុងខេត្តនេះហើយ។ លោក កែវ ច័ន្ទថន តំណាងក្រុមហ៊ុនបានបញ្ជាក់ថា រដ្ឋបាលព្រៃឈើពិតជា ចុះធ្វើការត្រួតពិនិត្យមែន ហើយលោកបានបន្ទោសបុគ្គលិកក្រុមហ៊ុនបីឬបួននាក់ រួមទាំងអ្នកបើកបររថយន្តនេះនិងគណនេយ្យករម្នាក់ផងថា បានឃុបឃិតគ្នាដើម្បីលួចឈើនេះ។ លោកបានបន្តថា“ ក្រុមហ៊ុន ទ្រី ភាពមិនដែលរកស៊ីខុសច្បាប់ឡើយ។មានបុគ្គលិកក្រុមហ៊ុនពីរបីនាក់ ដែលបានឆ្លៀតឱកាសរកចំណេញពីការដឹកជញ្ជូននេះ។ឥឡូវនេះ យើងបានបណ្តេញពួកគេ ចេញពីក្រុមហ៊ុនហើយពីព្រោះពួកគេធ្វើខុស”។
លោកបានបន្ថែមថា “យើងក៏ទទួលស្គាល់ដែរថា នេះជាការធ្វេសប្រហែសរបស់ក្រុមហ៊ុន។ក្រុមហ៊ុនរបស់យើងមិនបានបញ្ជាពួកគេឲ្យធ្វើដូច្នោះទេ”។ លោកច័ន្ទថនបានលើកឡើងថា ឈើប្រណីតទាំងនោះគឺសម្រាប់នាំចេញទៅក្រៅ ប្រទេស ប៉ុន្តែលោកមិនបានបញ្ជាក់ថាទៅប្រទេសណាទេ។ លោក ម៉ារី បានថ្លែងថា ខណ្ឌរដ្ឋបានព្រៃឈើរបស់លោកមិនបានធ្វើការចោទប្រកាន់បុគ្គលិកក្រុមហ៊ុនទាំងនេះទេ ពីព្រោះឈើប្រណីតទាំងនោះត្រូវបានដឹកដោយក្រុមហ៊ុន
ដែលទទួលបានច្បាប់អនុញ្ញាតឲ្យដឹកចំនួន២៥ម៉ែត្រគូប។ លោកបានបដិសេធមិនពន្យល់ថាហេតុអ្វីបានជាគួរការពារពួកគេពីការផ្តន្ទាទោសនោះឡើយ។ការរត់ពន្ធឈើគ្រញូងទៅកាន់ទីផ្សារបរទេសគឺជាមុខរបរដ៏កាក់កបនៅកម្ពុជា និងអាចលក់បានតម្លៃរាប់ពាន់ដុល្លារក្នុងឈើប្រណីតមួយម៉ែត្រគូប៕
ប្រែសម្រួលដោយ ឃិនណៃ