ក្រុមតំណាងរបស់អង្គការសង្គមស៊ីវិលក្នុងតំបន់បានចេញសេចក្ដីប្រកាសមួយ ដោយរិះគន់គណៈកម្មាធិការសិទ្ធិមនុស្សរបស់អាស៊ាន ព្រោះមិនបានអនុញ្ញាតឲ្យពួកគេអាចពិនិត្យមើលច្បាប់ចម្លងនៃសេចក្ដីព្រាងមួយ ស្តីពីសេចក្ដីថ្លែងការណ៍របស់ក្រុមសិទ្ធិមនុស្សអាស៊ាន នៅពេលដែលពួកគេបានចូលរួមការពិគ្រោះយោបល់លើកទី១ ដើម្បីពិភាក្សាអំពីឯកសារនេះក្នុងទីក្រុងកូឡាឡាំពួកាលពីថ្ងៃសុក្រ។
អង្គការសង្គមស៊ីវិលប្រហែល២០មកពីរដ្ឋជាសមាជិកអាស៊ាន រាប់ទាំងគណៈកម្មាធិការប្រព្រឹត្តិកម្មផង សង្ឃឹមថានឹងអាចផ្ដល់យោបល់ចំពោះសេចក្ដីព្រាងនេះ របស់គណៈកម្មការអន្ដររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស (AICHR) មុនពេលដាក់ឯកសារចុងក្រោយនេះ នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ក្នុងរាជធានីភ្នំពេញនៅខែកក្កដា។
សេចក្ដីប្រកាសចេញកាលពីថ្ងៃសុក្របានឲ្យដឹងថា “ យើងសោកស្ដាយណាស់ដោយការពិគ្រោះយោបល់នេះ មានពេលខ្លី និងយឺតពេក និងគ្មានសេចក្ដីព្រាងសម្រាប់ផ្លល់យោបល់ ហើយសង្គមស៊ីវិលតែមួយចំនួនតូចប៉ុណ្ណោះជាដំណាង ហើយអង្គការខ្លះត្រូវបានគេទាត់ចោល”។ សេចក្ដីប្រកាសនេះបន្ដថា “ នៅដំណាក់កាលនៃដំណើការនេះ ដែល ់គណៈកម្មការអន្ដររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស រៀបចំដើម្បីពិភាក្សាអំពីខ្លឹមសារបទបញ្ញត្តិនីមួយៗ បញ្ហានេះបានរារាំងយ៉ាងធ្ងន់ធ្ងរដល់លទ្ធភាពរបស់អង្គការសង្គមស៊ិវិលក្នុងការចូលរួមដំណើរការនេះឲ្យប្រកបទៅដោយអត្ថន័យ”។
មុនកិច្ចប្រជុំអង្គការសិទ្ធិមនុស្សរាប់ទាំងអង្គការលើកលែងទោសអន្ដរជាតិ អង្គការឃ្លាំមើលសិទ្ធិមនុស្សនិងសហព័ន្ធសិទ្ធិមនុស្សអន្ដរជាតិ បានព្រមានថាដំណើរការពិគ្រោះយោបល់ ដើម្បីបង្កើតសេក្ដីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សនាំឲ្យមានវិបត្តិធ្ងន់ធ្ងរ និងអាចនំាឲ្យឯកសារចុងក្រោយមិនមានតម្លៃ។ អង្គការសិទ្ធិមនុស្សបានលើកឡើងថា “ យើងសុំចូលរួមសំដែងការព្រួយបារម្ភជាមួយអង្គការសង្គមស៊ីវិលជាច្រើននៅក្នុងតំបន់ ដែលបានលើកថា និយាមផ្នែកសិទ្ធិមនុស្សចែងនៅក្នុងសេចក្ដីថ្លែងការណ៍ព្រាងនឹងអាចទាបជាងកម្រិតរបស់សកលលោក”។ អង្គការសិទ្ធិមនុស្សអំពាវនាវដល់អាស៊ាន ឲ្យផ្សព្វផ្សាយសេចក្ដីព្រាងឯកសារនេះ ឲ្យបានកាន់តែឆាប់ កាន់តែប្រសើរ ដើម្បីអនុញ្ញាត ឲ្យមានការពិគ្រោះយោបល់ជាមួយអង្គការសិទ្ធិមនុស្ស៕
ប្រែសម្រួលដោយចេវប៊ុននី