ក្រុមអង្គការសិទ្ធិមនុស្សបានលើកឡើងកាលពីម្សិលមិញថាការធ្វើទារុណកម្មលើជនសង្ស័យ នៅអំឡុងពេលឃុំខ្លួនរបស់នគរបាល គឺកំពុងរីករាលដាលនៅទូទាំងប្រទេសកម្ពុជា ដែលក្នុងរបាយការណ៍ ស្តីពីការធ្វើទារុណកម្មដោយការវាយដំ និងឆក់ខ្សែភ្លើងមានជាង១០០ករណី កាលពីឆ្នាំកន្លងទៅ។
សម្ពន្ធអង្គការមួយ រួមមានអង្គការសិទ្ធិមនុស្សអាដហុក និងអង្គការលីកាដូបានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅរាជធានីភ្នំពេញដែលរៀបចំឡើង ដើម្បីអបអរសាទរខួបទិវាអន្តរជាតិស្តីពីការគាំទ្រជនរងគ្រោះដោយការធ្វើទារុណកម្មរបស់អង្គការសហប្រជាជាតិបានលើកឡើងថា នៅពេលដែលការធ្វើទារុណកម្មលើជនជាប់ឃុំ នៅតែគេយកមកប្រើជាវិធីមួយដើម្បីទទួលបានចម្លើយសារភាពនៅតែមាននៅឡើយនោះជាទូទៅអ្នកប្រព្រឹត្តទាំងនោះ គឺមិនត្រូវបានដាក់ទោសនោះទេ។
លោក ធន សារាយ នាយកអង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុក បានមានប្រសាសន៍ថា “ការធ្វើទារុណកម្មនៅតែមានយ៉ាងច្បាស់ក្រឡែត និងយ៉ាងរាលដាលនៅទូទាំងប្រទេស”។ លោក សារាយ បានមានប្រសាសន៍បន្ដទៀតថា “នៅកន្លែងឃុំខ្លួនរបស់នគរបាល ជនសង្ស័យបានជួបនឹងអំពើអមនុស្សធម៌យ៉ាងច្រើន រួមមានការវាយដំ ដាក់ខ្នោះដៃ និងដាក់ច្រវាក់ជើងរយៈពេលយូរ និងមានការបំភិតបំភ័យឬការគំរាមកំហែងដល់សាច់ញាតិរបស់អ្នកជាប់ឃុំ ដើម្បីទទួលបានចម្លើយសារភាព ”។
លោក ចាន់ សុវ៉េត អនុប្រធានកម្មវិធីអង្កេតរបស់អង្គការអាដហុក មានប្រសាសន៍ថា អង្គការអាដហុកបានទទួលពាក្យបណ្ដឹងចំនួន៧៦ករណី ស្តីអំពីការធ្វើទារុណកម្មនៅកន្លែងឃុំខ្លួនរបស់នគរបាលក្នុងឆ្នាំ២០១១ បើធៀបទៅឆ្នាំ២០១០ គឺមានត្រឹមតែ៨៥ករណីប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមានន័យថា ការធ្វើទារុណកម្មបានធ្លាក់ចុះនោះទេ។
លោកបានមានប្រសាសន៍បន្តថា “តាមពិត អង្គការអាដហុកបានទទួលពាក្យបណ្ដឹងច្រើនជាង១០០ករណីនៅក្នុងឆ្នាំ២០១១ ប៉ុន្ដែអ្នកដាក់ពាក្យបណ្ដឹងភាគច្រើនបានសម្រេចចិត្តដកពាក្យបណ្ដឹងប្រឆាំងនឹងនគរបាលវិញ ដោយសារពួកគេទទួលរងការបំភិតបំភ័យ ឬក៏បានទទួលប្រាក់សំណង”។
លោកស្រីពុងឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថាអង្គការរបស់លោកស្រី បានទទួលពាក្យបណ្ដឹងចំនួន១៣៥ករណី ស្តីអំពីការធ្វើទារុណកម្ម នៅកន្លែងឃុំខ្លួនរបស់នគរបាល បន្ទាប់ពីអង្គការលោកស្រីបានសម្ភាសអ្នកទោសនានានៅក្នុងពន្ធនាគារចំនួន១៨ និងនៅមជ្ឈមណ្ឌលកែប្រែទូទាំងប្រទេស បានរកឃើញថា មានការកើនឡើង៣០ករណី បើប្រៀបធៀបទៅឆ្នាំមុន។
លោក ជែហ្វវ៉ាយ (Jeff Vize) មន្ត្រីប្រឹក្សាគម្រោងផ្នែកពន្ធនាគារបានមានប្រសាសន៍ថា “វាតែងតែជួបការលំបាកក្នុងការវិនិច្ឆ័យថា វាល្អប្រសើរ ឬអាក្រក់ជាង នៅពេលដែលអ្នកទោសត្រូវបានធ្វើទារុណកម្មនៅក្នុងពន្ធនាគារ ឬនៅឯទីកន្លែងឃុំខ្លួនរបស់នគរបាល… ពីព្រោះការសម្ភាសភាគច្រើនរបស់យើង មានការត្រួតពិនិត្យពីនគរបាល ដែលធ្វើឲ្យអ្នកទោសមានការភ័យខ្លាច”។
លោកបានមានប្រសាសន៍បន្តទៀតថា “ភាគច្រើនបំផុតនៃករណីទាំងនេះពាក់ព័ន្ធនឹងអំពើរំលោភខាងរាងកាយនៅកន្លែងឃុំខ្លួនរបស់នគរបាល ហើយការធ្វើទារុណកម្មលើជនជាប់ចោទ គឺដើម្បីទទួលបានចម្លើយសារភាពចំពោះបទឧក្រិដ្ឋ”។ បើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអាដហុកឲ្យដឹងថា មានការកាត់ទោសមន្ត្រីរដ្ឋាភិបាលម្នាក់ជាចុងក្រោយពីបទបានប្រព្រឹត្តបទឧក្រិដ្ឋទាក់ទងនឹងការធ្វើទារុណកម្ម កាលពីឆ្នាំ២០០៦ ។
លោក សុក សំអឿននាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ថ្លែងថា អាជ្ញាធរគួរតែធ្វើការពិនិត្យសុខភាពជនជាប់ចោទជាមុន ដោយឯករាជ្យ និងចាំបាច់ ដូច្នេះនៅពេលដែលពួកគេបានមកដល់ពន្ធនាគារជាលើកដំបូង ហើយក្រោយមក បើសិនជាពួកគេត្រូវទទួលរងការធ្វើទារុណកម្មនោះយើងនឹងមានភស្ដុតាងបញ្ជាក់ច្បាស់លាស់។
នៅក្នុងឆ្នាំ១៩៩២ ប្រទេសកម្ពុជាបានផ្ដល់សច្ចាប័នលើសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិស្ដីអំពីការប្រឆាំងនឹងការធ្វើទារុណកម្ម និងអំពើអមនុស្សធម៌ផ្សេងទៀត ឬការប្រព្រឹត្តមិនត្រឹមត្រូវ ឬការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរមកលើអ្នកទោស ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថាការធ្វើទារុណកម្ម គឺជារឿងរបស់បុគ្គលមិនមែនជាបញ្ហារបស់ស្ថាប័នរដ្ឋនោះទេ។ លោក ស៊ីផាន បានមានប្រសាសន៍បន្ដថារដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យនរណាម្នាក់ធ្វើទារុណកម្មលើអ្នកទោសនៅក្នុងពន្ធនាគារ ឡើយ។ អ្នកណាមួយធ្វើខុស គឺជាការទទួលខុសត្រូវរបស់បុគ្គលនោះ៕
(រាយការណ៍បន្ថែមដោយ Kate Bartlett)
ប្រែសម្រួលដោយឃិនណៃ