38 C
Phnom Penh

ការ​ចេញ​លក់​រថយន្ត​អង្គរ ដែល​ជា​ស្នាដៃ​ដំបូង​របស់​ផលិតករ​ខ្មែរ​ត្រូវ​​ផ្អាក​ដោយ​សារ​បញ្ហា​បច្ចេក​ទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​រចនា​រថយន្ត​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ការ​ផលិត​រថយន្ត​អង្គរ​ ជា​រថយន្តដំបូង​ដែល​ត្រូវ​បាន​រចនា​ និង​ផលិត​ឡើង​នៅ​ក្នុង​ប្រទសេ​កម្ពុជា​ នឹង​ផ្អាក​រយៈ​ពេល​ប្រាំ​មួយខែ​សិន​ គឺ​ផ្អាក​រហូត​ដល់​ខែ​វិច្ឆិកា​ ដោយ​សារ​តែ​មាន​បញ្ហា​បច្ចេក​ទេស​ ទាក់​ទង​នឹង​ការ​បញ្ឆេះ​ និង​ការ​បើក​ទ្វារ​រថយន្ត។

រថយន្ត​អង្គរ​ ដែល​ជា​ប្រភេទ​រថយន្ត​ដើរ​ដោយ​ម៉ាស៊ីន​ប្រើ​ថាម​ពល​អគ្គិស​នី​ មាន​បណ្តោយ​វែង​ជាង​ទទឹង​តែ​បន្តិច​ប៉ុណ្ណោះ។​ រថយន្ត​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​លោក​ ញាន​ ផល្លឹក​ ហើយ​គ្រោង​ដាក់​លក​់ក្នុង​តម្លៃ​៥.០០០​ដុល្លារ​ សម្រាប់​រថយន្ត​មួយ​គ្រឿង។ លោក​ ផល្លឹក​ ផលិត​រថយន្ត​នេះឡើង​ជា​លើកដំបូង​សម្រាប់​គ្រួសារ​របស់​លោកក្នុ​ងឆ្នាំ២០០២​ ហើយ​បាន​សហការ​ជា​មួយក្រុម​ហ៊ុន​ ហេង​ អភិវឌ្ឍន៍​នៅ​ខែ​កក្កដា​ ឆ្នាំ២០១០ដើម្បី​រក​វិនិយោគិន​សម្រាប់​គម្រោងផលិត​រថយន្តនេះ។

នៅ​ខែ​មីនា​ ឆ្នាំ​២០១១​ ទស្សន​វិស័យរបស់​លោក​ក្នុង​ការ​ផលិត​រថយន្ត​ទ្រង់​ទ្រាយ​ធំ​បាន​ក្លាយ​ជា​ការ​ពិត​ បន្ទាប់​ពី​ចរចា​រក​ការ​ព្រមព្រៀង​គ្នា​មួយ​ជា​មួយ​ក្រុម​ហ៊ុន​ Chau Leong Enterprise Group​ ជា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សម្ភារ​អគ្គិសនី​នៅ​ទី​ក្រុង​ហុង​កុង​ ដើម្បី​សាង​សង់​រោង​ចក្រផលិត​​រថយន្ត​អង្គរ​នេះ​ឡើង​នៅ​ក្រុង​តា​ខ្មៅ។

លោក​ ផល្លឹក​ ​ឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា​ ផលិតករ​កំពុង​តែ​មាន​បញ្ហា​ទាក់​ទង​នឹង​ប្រព័ន្ធ​ដំណើរ​ការ​ស្វ័យ​ប្រ​វត្តិ​ពី​ម៉ាស៊ីន​ស្គែន​ក្រយៅដៃ​សម្រាប់​បើក​ទ្វារ​ និង​បញ្ឆេះ​រថយន្ត​ជា​ដើម។

លោក​​និយាយ​ថា “យើងផលិត​​រថយន្ត​បាន​មួយ​ចំនួន​ហើយ​ ក៏​ប៉ុន្តែ​យើង​មិន​ទាន់អាច​បញ្ចេញ​រថយន្ត​ទាំង​នេះ​លក់​បាន​ទេ​ ដោយ​សារ​មាន​បញ្ហា​បច្ចេក​ទេស​។ ការ​ផលិត​រថយន្ត​អង្គរ បាន​ធ្វើ​ឡើង​នៅ​ឯ​រោង​ចក្រ​មួយ​ក្នុង​ខេត្ត​កណ្តាល​ កាល​ពី​ដើម​ឆ្នាំ​នេះដោយ​ផលិត​បាន​រថយន្ត​​បើក​ដំបូល​ពី​រ​កៅ​អីនិង​បួន​កៅ​អីមួយ​ចំនួន។ រថយន្ត​នេះ​អាច​មាន​ល្បឿន​អតិ​បរមា​ចន្លោះ​ពី​៨០​ទៅ​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

លោកញានផល្លឹកបាន​និយាយ​ថាយើង​​ផលិត​រថយន្ត​នេះ​ឡើង ដោយ​មិន​ប្រើសាំង​ទេ ហើយ​រថយន្ត​នេះ មាន​សំឡេង​ស្ងាត់ល្អព្រម​ទាំង​មិន​បញ្ចេញ​ផ្សែង​ទៀត​ផង។ លោក​​បាន​ដំឡើង​រថយន្ត​អង្គរ​នេះ ស្រដៀង​ទៅនឹង​​រថយន្ត​ម៉ាក​ ណាណូ (Nano) ជា​រថយន្ត​ដ៏ពេញ​និយម​ដែល​ផលិត​​នៅ​ប្រទេស​ឥណ្ឌា​។

លោក​បាន​បន្ថែម​ទៀត​ថា រថយន្ត​អង្គរ​​ត្រូវ​ការ​ពេល​ចាប់​ពី​៣ទៅ​៦​ម៉ោង​ ដើម្បីសាក​អាគុយឲ្យ​ពេញ​ ហើយ​អាច​បើក​បរ​បានចម្ងាយ​ចាប់​ពី​១០០​គីឡូម៉ែត្រ ទៅ​៣០០គីឡូម៉ែត្រដោយ​អាស្រ័យ​ទៅ​លើ​ស្ថាន​ភាព​ផ្លូវ​និង​ល្បឿន​របស់​វា។​

រហូត​មក​ដល់​ពេល​នេះ គេ​បាន​ចំណាយ​ទឹក​ប្រាក់​អស់​ចំនួន​ជាង​២០​លាន​ដុល្លារ ហើយទៅ​លើ​គម្រោង​ផលិត​រថ​យន្ត​នេះ ដោយ​ក្រុម​ហ៊ុន​ហេង​អភិវឌ្ឍន៍​​​គ្រប់​គ្រង​ភាគ​ហ៊ុន​៨០​ភាគ​រយ​ នៅ​ក្នុង​អាជី​វកម្ម​ចូល​ទុន​គ្នា​ជាមួយ​ក្រុម​ហ៊ុន​ Chau Leong ។ អ្នក​ស្រី សៀង ចាន់ហេង អគ្គ​នាយិកាក្រុម​​ហ៊ុន​ ហេង ​អភិវឌ្ឍន៍ បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន

នេះ​  នឹង​ការ​ធ្វើ​ការ​វាយ​តម្លៃសា​ជា​ថ្មី​​នូវ​ផែន​ការ​ដំបូង​ ក្នុង​ការ​ផលិត​រថយន្ត​ឲ្យ​បាន​ចំនួន​ពី​៥០០​គ្រឿងដល់១.០០០​គ្រឿងដើម្បី​ដាក់​លក់​លើ​​ទី​ផ្សារ​។ អ្នក​ស្រីបាន​មាន​ប្រសា​សន៍​ថា “យើង​នឹង​មាន​គំនិត​កាន់​តែ​ប្រសើ​រ​ជាង​មុន​ អំពី​ចំនួន​រថយន្ត​ដែល​យើង​គ្រោង​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​ នៅ​ចុង​ឆ្នាំ​នេះ”៕

ប្រែ​សម្រួល​ដោយហួងកុក​ទៀន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស