29 C
Phnom Penh

​តុលា​ការ​​គួរ​អនុញ្ញាត​ឲ្យ​ជនសង្ស័យនៅ​ក្រៅ​ឃុំ​ និង​រកមេធាវី​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជា​រឿយៗ​ចៅ​ក្រម​​មិន​បាន​ពិចារណា​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​ជន​សង្ស័យ​​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ទេ​ ដែល​ជា​ទូទៅ​បន្ដ​ឃុំ​ពួក​គេ​ក្នុង​ពន្ធ​នា​គារ​ ជន​​ជាប់ឃុំ​ភាគ​ច្រើន​មិន​មាន​ឱកាស​ទទួល​បាន​មេធាវី​ឡើយ ដោយ​សារ​ចំនួន​​មេ​ធាវី​​មិន​យក​កម្រៃក្នុង​ប្រទេស​​គឺ​មិន​សម​ស្រប​ទៅតាម​តម្រូវ​ការ​ជាក់​ស្ដែង ​ជា​ពិសេស​សម្រាប់​អ្នក​ក្រី​ក្រ​។

ក្រ​សួង​យុត្តិ​ធម៌​​ និង​​ការិយាល័យ​នៃ​ឧត្ដម​ស្នង​ការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ​មនុស្ស​​​​​​បាន​ថ្លែង​​ប្រាប់​មន្ត្រី​តុលាកានិង​មន្ត្រី​ក្រ​សួង​យុត្តិ​ធម៌​ក្នុង​អំ​ឡុង​វេ​ទិការ​រយៈ​ពេល​ពី​រថ្ងៃ​ ដែល​រៀប​ចំ​ដោយ​ក្រ​សួង​យុត្តិ​ធម៌​ និង​ឧត្ដម​ស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ​មនុស្សដើម្បីពិភាក្សា​អំពី​កំណែ​ទម្រង់​ច្បាប់ ​ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​សុក្រ​ថា​​ បញ្ហា​ទាំង​នេះ ​គឺ​ជា​បញ្ហា​សំខាន់​មួយ​ចំ​​នួន​ក្នុង​ចំណោម​​បញ្ហា​ជា​ច្រើន​ ដែល​ធ្វើ​ឲ្យ​ការ​អនុវត្ត​នៃ​នីតិ​វិធី​ច្បាប់​​ព្រហ្មទណ្ឌ​មិន​បាន​ត្រឹម​ត្រូវ។

វេទិកា​នោះ​មានការចូល​រួម​ដោយ​មន្ត្រី​ថ្នាក់​ខេត្ត​ មន្ត្រី​យោធា​  ​ចៅ​ក្រម ​​និង​ព្រះរាជអាជ្ញា​តុលាការ​កំ​ពូលជា​ច្រើន​រូបផង​ដែរ​នោះ ​​វេទិការ​នេះបាន​រក​ឃើញ​ថា​ មន្ត្រី​តុលាការ​កំពុង​ខិតខំប្រឹង​ប្រែង​អនុវត្ត​ច្បាប់​នេះ​អស់​រយៈ​ពេល​ប្រាំ​ឆ្នាំ​មក​ហើយ​ បន្ទាប់​ពី​ច្បាប់​នោះ​ត្រូវ​បាន​អនុម័ត។

លោក​ អុិត ​រ៉ាឌី ​អនុរដ្ឋលេខាធិការ​ក្រ​សួង​យុត្តិ​ធម៌​បាន​ថ្លែ​ង​ក្នុង​ពិធី​បិទ​វេទិកា ​នោះ​ថា ​ “តាម​មាត្រា​២០៣​(នៃ​ក្រមនីតិវិធីព្រហ្ម​ទណ្ឌ) ចែង​ថា ​ចៅ​ក្រម​គួរ​តែ​ពិចារ​ណារវាង​ការដាក់ឲ្យស្ថិតក្រោមការ​ឃ្លាំ​មើល​របស់​តុលាការ​ និង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ ដើម្បី​វិនិច្ឆ័យឲ្យ​បាន​សមស្របតាម​សំណុំ​រឿង​។​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ត្រូវ​ធ្វើ​ឡើង​បាន​តែ​ក្នុង​ករណី​​ចាំ​បាច់​ ហើយ​បន្ទាន់​ប៉ុណ្ណោះ ​បើ​​មិន​ដូច្នោះ​ទេ ​ជន​ជាប់​ចោទ​ត្រូវ​ដោះ​លែង​”។

លោក​ រ៉ាឌី​ បាន​ថ្លែង​បន្ត​ថា “ ​តាម​មាត្រា​២០៥​ គួរ​តែ​ធ្វើ​ការ​កែប្រែ​ ដើម្បី​តម្រូវ​ទៅ​តាមភស្តុតាងសម្រាប់ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ហើយ​ទម្រង់​បែប​បទ​របស់​ក្រ​សួង​យុត្តិ​ធម៌​សម្រាប់​ចៅ​ក្រម​បំ​ពេញ​នោះ ​គួរ​តែ​ធ្វើ​ការ​កែ​ប្រែ​ផង​ដែរ​”។

ជា​​ច្រើន​ឆ្នាំ​មក​ហើយ ​ក្រុម​អ្នក​ឃ្លាំមើល​ប្រ​ព័ន្ធ​តុ​​លាការ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោអាសន្ន គួរ​តែ​អនុវត្ត​ឲ្យ​បាន​ច្រើន​ថែម​ទៀត ​ដើម្បីជួយ​កាត់​​បន្ថយ​បញ្ហា​ដ៏​រ៉ាំ​រ៉ៃ​ជា​យូរ​មកហើយ​ គឺ​បញ្ហាគុក​នៅ​ក្នុង​ប្រទេស​កម្ពុជាចង្អៀត​ពេក​។ យោងតាម​តួ​លេខ​​របស់អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រ​សួង​មហា​ផ្ទៃឲ្យ​ដឹង​ថា ​នៅ​ចុង​ឆ្នាំ​២០១១ ​មាន​អ្នក​ជាប់ពន្ធ​នាគារ​ទូទាំង​ប្រទេស​ចំនួន១៥.៤០៤នាក់ ​និង​មាន​អ្នក​ទោស​ជិត​៦.៥០០នាក់​ថែម​ទៀត​ ដែល​លើស​ពី​ចំនួន​កម្រិតពន្ធនាគារអាចទទួលយក ​គឺ​មាន​ការ​កើន​ឡើង​១១​ភាគរយ ​បើប្រៀប​ធៀប​នឹងឆ្នាំ​មុន។

អ្នក​ជាប់ក្នុងពន្ធនាគារជាច្រើន​ក្នុង​ចំ​ណោម​​អ្នក​​ទាំងនោះ គឺ​ជា​អ្នកជាប់​ឃុំ​ខ្លួន​បណ្តោះ​អា​សន្ន​ ដើម្បីរង់ចាំពេលជំនុំជម្រះទោស ​ដែល​​ពេល​ខ្លះ​អាច​អូស​បន្លាយ​រហូត​ដល់​ច្រើន​​ឆ្នាំ​ទៀត​ផង​។ ​អង្គការ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ផង​ដែរ​ថា  មាន​មនុស្ស​ជា​ច្រើន​ត្រូវ​ឃុំ​ខ្លួនបណ្តោះអាសន្ន​ដោយ​មិន​មាន​មេ​ធាវី​ការពារ​ សម្រាប់​បទ​ឧក្រិដ្ឋ​ ដែល​ត្រូវ​គួរ​ចាត់ទុកជា​បទ​ល្មើស​មជ្ឈិម។​

មាត្រាទី​​​២០៣​​​នៃ​​​ច្បាប់​​​ស្ដី​​​ពី​​​នីតិវិធី​​​ព្រហ្ម​ទណ្ឌ បាន​​​ចែងថា “ជា​គោល​ការណ៍ ​បុគ្គល​​​ត្រូវ​​​ចោទ ត្រូវតែមានសេរី​​​ភាព​​” ឬ​​​ក្នុង​ករណី​​​ពិសេស ​ជនត្រូវចោទអាចត្រូវតែ​​​ឃុំខ្លួន​​​បណ្តោះអាសន្ន។ លោក យ៉េង​​​ វីរៈ នាយក​​​ប្រ​​តិបត្តិ​​​នៃ​មជ្ឈ​មណ្ឌល​​​អប់​​​រំ​​​ច្បាប់សម្រាប់សហគមន៍ បាន​​​មាន​​​ប្រសាសន៍ថា តាម​​​ពិត​​​ ការ​​​ឃុំ​​​ខ្លួន​​​បណ្តោះ​

អាសន្នក្ដី ត្រូវ​​​បាន​​​គេ​​​ប្រើ​​​ប្រាស់​​​​លើស​​​លប់​ពេក ហើយ​​​ការ​​​សន្និដ្ឋានទុកជាមុន​​​ថា ​ជាអ្នក​មានទោស ក៏ត្រូវបាន​​​គេប្រើយ៉ាង​​​ពេញ​​​ទំហឹង​​ដែរ​​​នៅ​​​ក្នុង​​​ប្រ​​​ព័ន្ធ​​​តុលាការ។ លោក វីរៈ បានមាន​​​ប្រសាសន៍ថា “យើង​​​យល់​​​អំពី​​​បញ្ហានេះ ហើយ​​​យើង​​​ចង់​​​ឲ្យ​​​អង្គ​​​ចៅ​​​ក្រមធ្វើ​​​ការ​​​ពិចារណា​អំពីបញ្ហា​នេះ។ វាជា​ឆន្ទានុសិទ្ធិ​របស់ចៅក្រម។ ​យើង​​​បាន​​​សង្កេតឃើញថា ​​​ចំពោះករណី​​​មួយ​​​ចំនួន ប្រ​​​ជា​​​ពល​​​រដ្ឋ​​​មិន​​​គួរ​​​ត្រូវ​​​គេ​​​ឃុំ​​​ខ្លួន​សោះ ប៉ុន្តែ ទី​បំផុត​​​ពួកគាត់​​បែរជាត្រូវ​​ឃុំ​​​ខ្លួន​​​ទៅ​​​វិញ​។​បញ្ហា​​​នេះ គឺ​​​ជា​​​ផលវិបាក ​​​​​​​​​ដោយសារ​តែ​ការ​​សន្និដ្ឋានទុកថា ជាអ្នកមានទោស។​វាគឺ​ជា​បញ្ហា​គួរឲ្យ​​​ភ័យ​​​ខ្លាច និង​​​អាច​​​​​​ជាមូល​​​ហេតុ​​​ដែល​​​នាំ​​​ឲ្យ​​​ប្រ​​​ជា​​​ពលរដ្ឋ​​​ស្លូត​​​ត្រង់​​​ត្រូវ​​​ជាប់​​​ពន្ធនា​គារ​។​​​​

​​​​​​របាយការណ៍​​​មួយ​​​ចុះ​​​ផ្សាយ​​​ដោយ​​​អង្គការសិទ្ធិ​​​មនុស្ស​​​លីកាដូ កាល​​​ពី​​​ឆ្នាំ​​​មុន​​​បានលើក​ឡើង​​​​​​ថា “គេ​​​មិន​​​ដែល​​​បាន​​​ឮអំពី​​​ការ​​​កាត់​​​ទោស​​​មិន​ឲ្យ​​​ជាប់​​​ឃុំ​​​នោះទេ ហើយ​​​ការឲ្យ​នៅក្រៅ​​​ឃុំ​​​បណ្ដោះ​​​អាសន្ន​​​ ក៏ពុំសូវ​ឃើញ​មាន​​​​គេប្រើដែរ” ផ្ទុយ​​​ទៅវិញ ​​​អ្នក​​​ដែល​​​ត្រូវ​​​គេ​​​​ឃុំ​​​ខ្លួន​​​បណ្តោះអាសន្ន​មាន​​​រហូត​​​​​​​មួយ​ភាគ​បីនៃ​​​ចំនួនអ្នកជាប់ក្នុងពន្ធនាគារទាំង​​​អស់។

បញ្ហាមួយ​​​ផ្សេង​​​ទៀត​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​អនុវត្តឲ្យ​​​បាន​​​សមរម្យ​​​ នូវ​​​ច្បាប់​​​ស្ដីពី​​​នីតិវិធី​​​ព្រហ្មទណ្ឌ ដែល​​​ត្រូវ​​​បាន​​​ពិភាក្សា​​​កាលពី​​​ថ្ងៃ​​​សុក្រនោះ គឺ​​​ការ​​​អនុវត្តច្បាប់​​​ដោយ​​​ខ្វះ​ចន្លោះ​​​ ក្នុង​​​ចំណោម​​​មន្ត្រី​​​តុលាការ ដែល​មិន​​​បាន​​​ពន្យល់ជនសង្ស័យ​​​អំពីសិទ្ធិ​​​ទទួលបាន​​​មេធាវី​​​ការពារខ្លួន​​ពួកគាត់​​​ទាន់​​​ពេល។  លោក រ៉ាឌី បាន​​​មាន​​​ប្រសាសន៍ថា ទោះ​​​បី​​​ជា​​​ច្បាប់​​​ចែងថា ជន​​​សង្ស័យ​​​អាច​តម្រូវ​ឲ្យជួប​មេធាវីបានត្រឹម​​​​​​តែ​​​៣០​​​នាទី បន្ទាប់​​​ពីត្រូវ​​​ឃុំ​​​ខ្លួន​​​អស់រយៈ​​​ពេល​​​២៤​​​ម៉ោង​​​ក៏​​​ដោយ ក៏​​​ច្បាប់​​​នោះ​​​គួរតែ “ ប្រែប្រួល ជាពិសេស​​​ចំពោះ​​​ករណី​​​ណាដែល​​​ស្មុគស្មាញ”។​​​ ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ដ​​​ថា “ពាក់​​​ព័ន្ធ​​​នឹង​​​លទ្ធភាព​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​មេ​​​ធាវី​ការពារ​​​​ ខ្លួន ប្រ​​​ជាពល​​​រដ្ឋ​​​គួរតែ​​​ត្រូវ​​​បាន​​​គេ​​​ពន្យល់​​​អំពី​​​សិទ្ធិ​​​នោះ​​​ភ្លាមៗដែរ។ លទ្ធភាពក្នុង​​​ការ​​​ស្វែង​​​រក​​​មេធាវី​​​ការ​​​ពារ​​​ខ្លួន បន្ទាប់​​​ពី​​​នគរបាល​​​ឃុំ​​​ខ្លួនអស់​​​២៤​ម៉ោង​​​នោះ មិនគួរត្រូវ​​​គេ​បដិសេធនោះទេ។ ការ​​​អនុវត្ត​​​ច្បាប់​​​នេះ​​​គួរ​តែ​​​​ត្រូវ​​​បាន​​​គេត្រួត​​​ពិនិត្យ​​​ឲ្យបាន​​​ល្អិត​​​ល្អន់”។

លោក យ៉េង​​​ វីរៈ នាយក​​​ប្រ​​តិបត្តិ​​​នៃ​មជ្ឈ​មណ្ឌល​​​អប់​​​រំ​​​ច្បាប់​​​សម្រាប់សហគមន៍ បាន​​​មាន​​​ប្រសាសន៍ថា ច្បាប់់នេះគួរតែប្រសើរ​​​ជាង​​នេះ និង​​​អនុញ្ញាតឲ្យ​​​ជន​​​សង្ស័យ​​​គួរមាន​លទ្ធភាព​​​ស្វែង​​​រក​​​មេធាវី​​​ការពារ​​​ខ្លួន​​​ភ្លាម​នៅ​ពេល​​​ពួកគាត់​​​ត្រូវ​​​គេ​​​ឃុំខ្លួន។ លោកបាន​​​មាន​​​ប្រសាសន៍ថា “ខ្ញុំគិត​​​ថា​​​ការ​​​អនុវត្តច្បាប់ គឺ​​​ជា​​​បញ្ហា។ ជារឿយ​​​ៗ គ្មាន​​​នរណា​​​ម្នាក់​​​ត្រូវ​​​បាន​​​គេ​​​អនុញ្ញាត​​​ឲ្យ​​​ជួប​​​អ្នក​​​ជាប់​​​ឃុំ​​​នោះ​​​ទេ ក្នុង​​​រយៈពេល​​​២៤​​​​​​ម៉ោង​​​ដំបូង​​​ប៉ុន្តែ​​​ លទ្ធភាព​​​ស្វែងរក​​​មេធាវីការ​​​ពារ​​​ខ្លួន​​​គួរ​តែអនុញ្ញាតតាំងពីនាទី​​​ទី១មកម៉្លេះ​”។

លោក រ៉ាឌី បាន​មាន​​​ប្រសាសន៍​​​បន្ថែម​ទៀត​ថា គណៈមេធាវី​​​កម្ពុជាចាំបាច់​​​ត្រូវ​​​ធ្វើ​ឲ្យ​​​​ប្រាកដ​ថា មាន​​​មេធាវី​​​មិន​យក​កម្រៃ ​នៅ​ក្នុង​​​​ប្រទេសឲ្យបានគ្រប់គ្រាន់ ដើម្បី​​​ឆ្លើយ​​​តប​​​តាម​​​តម្រូវ​​​ការ​​​របស់​​​ប្រជាពលរដ្ឋ ​ជា​ពិសេស សម្រាប់​​​ប្រ​​​ជាពល​​​រដ្ឋ​​​ក្រី​​​ក្រ។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ មិន​ទាន់​មាន​មេ​​​ធាវីការពារ​​​ប្រ​​​ជា​​​ពលរដ្ឋ​​​ក្រី​​​ក្រ​​​ឲ្យ​បាន​គ្រប់​​​គ្រាន់​​​នោះ​​​ទេ”។​​​

លោក​​បន្ដ​ថា “ គណៈ​​​មេធាវី​​​កម្ពុជា​​​​គួរ​​​តែ​​​បង្កើន​​​ចំនួន​​​មេធាវី ផ្ដល់ការ​​​បណ្ដុះ​​​បណ្ដាល​បន្ថែម និង​​​ស្នើ​​​សុំ​​​ថវិកា សម្រាប់​​​រក​​​មេធាវី​​​ការ​​​ពារ​​​ប្រជាពលរដ្ឋ​​​ក្រី​​​ក្រដោយមិន​​យក​កម្រៃ។​នៅមាន​​​ការ​​​ខ្វះ​​​ខាត​​​មេ​​​ធាវី​​​សម្រាប់​ការ​ពារ​​​ប្រ​​​ជាពលរដ្ឋ​​​តាម​បណ្ដាខេត្ត​នានា​”​៕

ប្រែ​​​សម្រួល​​​ដោយ ឃិន ណៃ 

និង ហម សុផាណ្ណា​​​​​​​​​​​​

 

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស