ក្រសួងការងារបានអំពាវនាវដល់ភ្នាក់ងារជ្រើសរើសពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេសឲ្យបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនតាមកញ្ចក់ទូរទស្សន៍ និងតាមវិទ្យុទៀតដោយសារតែការអះអាងទូទៅនៅក្នុងការផ្សាយពាណិជ្ជកម្មរបស់ពួកគេ គឺជារឿងភូតកុហក។
លោកអាន ប៊ុនហាក់ ប្រធានសមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា ភ្នាក់ងារផ្ដល់ការងារមួយចំនួនបានផ្សព្វផ្សាយភូតកុហកពលករអំពីប្រទេសត្រូវទៅធ្វើការ និងអត្រាប្រាក់ឈ្នួល។
លោក ប៊ុនហាក់ ក៏បានមានប្រសាសន៍ផងដែរថាការហាមមិនឲ្យផ្សព្វផ្សាយពាណិជ្ជកម្មនេះ នឹងអាចជួយបែងចែកឲ្យដាច់ពីគ្នារវាងភ្នាក់ងារជ្រើសរើសពលករមិនប្រកាន់ខ្ជាប់ក្រមសីលធម៌និងភ្នាក់ងារមានក្រមសីលធម៌ល្អ។
លោកបានមានប្រសាសន៍ថា“ប្រសិនបើក្រុមហ៊ុនទាំងនោះជ្រើសរើសពលករដោយត្រឹមត្រូវនោះ ហើយកេរ្តិ៍ឈ្មោះ [របស់ក្រុមហ៊ុននេះ] នៅក្នុងប្រទេសកម្ពុជាល្អនោះ ពេលនោះពួកគេនឹងមិនចាំបាច់ផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ”។ នៅក្នុងលិខិតមួយដែលចុះហត្ថលេខាកាលពីថ្ងៃទី១៩ខែមិថុនា ដោយលោក សេងសក្កដា អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ក្រុមហ៊ុនជ្រើសរើសពលករទៅធ្វើការនៅបរទេសត្រូវបានហាម “មិនឲ្យផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន”។
លោក សក្កដា ក៏បានហាមភ្នាក់ងារជ្រើសរើសពលករនានាមិនឲ្យនិយាយកុហក នៅពេលជ្រើសរើសពលករនោះ។ លោកបានសរសេរក្នុងលិខិតនោះថា “យើងបានផ្តល់ព័ត៌មានដល់លោកនាយកភ្នាក់ងារជ្រើសរើសពលករទាំងអស់ ដែលគ្រប់គ្រង និងបញ្ជូនពលករទៅធ្វើការនៅបរទេសទាំងអស់ថាសូមមេត្តាឈប់ផ្សព្វផ្សាយពាណិជ្ជកម្មជ្រើសរើសពលករតាមកញ្ចក់ទូរទស្សន៍ទៀត។តែអាចផ្សព្វផ្សាយព័ត៌មានតាមរយៈខិត្តប័ណ្ណបាន។
លោកបានបន្ថែមថា “ [ភ្នាក់ងារជ្រើសរើសពលករនានាត្រូវតែប្រាប់ពលករនូវការពិតអំពីការងារ អំពីលក្ខខណ្ឌការងារនិងផលប្រយោជន៍ដែលត្រូវទទួលបានពីការងារនោះ។ កំុនិយាយកុហក និងលាក់លៀមឲ្យសោះ”។ លោក ហូ វុទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានក្រសួងការងារបានមានប្រសាសន៍ថា បទបញ្ជានេះមានគោលបំណងលើកតម្កើងទំនាក់ទំនងរវាងទីភ្នាក់ងារជ្រើសរើសពលករ និងសាធារណជនឲ្យបានល្អប្រសើរជាងមុន។
លោក វុទ្ធី បានមានប្រសាសន៍ថា “គោលបំណងនេះ គឺដើម្បីជំរុញឲ្យក្រុមហ៊ុនជ្រើសរើសពលករនានា និយាយជាមួយពលករនិងប្រាប់គាត់អំពីលក្ខខណ្ឌការងារឲ្យបានសមរម្យ។
ជួនកាលយើងឮពាក្យចចាមអារា៉មពីប្រជាពលរដ្ឋថាការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេមិនសមរម្យឬមិនពិតទាល់តែសោះ”។ លោកបានមានប្រសាសន៍បន្ថែមថា ប្រសិនបើក្រុមហ៊ុននៅ តែបន្តផ្សព្វផ្សាយតាមរយៈព័ត៌មានក្លែងក្លាយដូច្នេះ ពេលនោះវានឹងក្លាយជាបញ្ហាត្រូវប្រឈមចំពោះមុខច្បាប់៕
ប្រែសម្រួលដោយ ហម សុផាណ្ណា