មន្ត្រីកម្ពុជានិងមន្ត្រីបារាំងនឹងចាប់ផ្ដើមកម្មវិធីគួរឲ្យចាប់អារម្មណ៍មួយនៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) នៅថ្ងៃនេះ ដែលថ្ងៃណាមួយអាចនាំឲ្យមានអ្នកស្រាវជ្រាវកម្ពុជាកាន់តែច្រើនទៀតធ្វើការសិក្សាស្រាវជ្រាវឲ្យកាន់តែសុីជម្រៅផ្នែកបុរាណវិទ្យា ប្រវត្តិសាស្ត្រ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។
គម្រោងមនុស្សសាស្ត្រ (Project Manusastra)ជាពាក្យសំស្ក្រឹតមានន័យថាចំណេះដឹង និងវិទ្យាសាស្ត្រ មានកម្មវិធីរយៈពេលបីឆ្នាំ នៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលអាចផ្តល់សញ្ញាបត្រទទួលស្គាល់ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសបារាំង។គម្រោងនេះ ក៏នឹងរាប់បញ្ចូលការបង្កើតកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយបន្ទាប់មកបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវថ្នាក់ក្រោយឧត្តមនៅសាកលវិទ្យាល័យនេះផងដែរ។
លោក ដេតថាចប្រធានគម្រោង និងជាភាសាវិទូបារាំងឯកទេសភាសាខ្មែរ ដែលបង្រៀននៅវិទ្យាស្ថាន Inalco ជាវិទ្យាស្ថានជាតិបារាំងផ្នែកភាសា និងអរិយធម៌លោកខាងកើតមានប្រសាសន៍ថា វគ្គសិក្សានឹងមានមុខវិជ្ជាសំខាន់ៗបី។ និស្សិតនឹងសិក្សាពីប្រវត្តិសាស្ត្រ បុរាណវិទ្យា ប្រវត្តិសិល្បៈ សិលាចារឹក និងភាសាវិទ្យា ព្រមទាំងនរវិទ្យាផងដែរ។
គោលបំណងនៃកម្មវិធីនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើងនូវថ្នាក់ឧត្តមសិក្សានៅកម្ពុជាផ្នែកមនុស្សជាតិដែលក្រុមអ្នកស្រាវជ្រាវក្នុងស្រុកអាចចូលរួមចំណែកថែមទៀតដល់វិស័យទាំងនេះឲ្យស្របតាមនិយាមអន្ដរជាតិ និងអាចនាំឲ្យសហសេវិកលោកខាងលិចរបស់ខ្លួនកែប្រែផ្នត់គំនិតជាមូលដ្ឋានខ្លះរបស់ពួកគេ។
ដោយបង្កើតឡើងតាមរយៈអង្គភាពស្រាវជ្រាវមួយនៃស្ថាប័នសំខាន់ៗពីរនៅក្នុងប្រទេសបារាំងនោះគម្រោងមនុស្សសាស្ត្រ មានរយៈពេលបួនឆ្នាំទើបបង្កើតបាន ដោយមានការគាំទ្រពីអង្គការអន្ដរជាតិនិងអង្គការបារាំងជាច្រើន រួមជាមួយក្រសួងវប្បធម៌កម្ពុជា ដែលស្ថាប័នរបស់ខ្លួនមានសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផងដែរ។ លោក ហឹម ឆែមរដ្ឋមន្ត្រីក្រសួងវប្បធម៌ ក៏នឹងធ្វើជាអធិបតីភាពក្នុងពិធីសម្ពោធនៅព្រឹកនេះផងដែរ។
លោកស្រី មា៉នូអែ៊ល ហ្វ្រង់ (Manuelle Franck) អនុប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រនៅវិទ្យាស្ថាន Inalco ដែលបង្កើតគម្រោងនេះដោយមានការសហការជាមួយមជ្ឈមណ្ឌលជាតិបារាំងសម្រាប់ស្រាវជ្រាវវិទ្យាសាស្ត្រ (CNRS) បានថ្លែងថា “ នេះជាការប្ដេជ្ញាដ៏ខ្លាំងមួយ”។
លោកស្រីហ្វ្រង់បានមានប្រសាសន៍ថាសញ្ញាបត្រដែលនិស្សិតកម្ពុជា នឹងទទួលពីវិទ្យាស្ថាន Inalco គឺជាសញ្ញាបត្រកម្រិតសាកលវិទ្យាល័យដំបូង ជាផ្នែកនៃកម្មវិធីភាសាខ្មែរ អក្សរសាស្ត្រ និងអរិយធម៌ខ្មែរ។ លោកស្រីបានបន្ថែមថា “ អ្វីដែលយើងសង្ឃឹម គឺបន្ទាប់ពីនោះមកត្រូវបណ្តុះបណ្តាលនិស្សិតរៀនកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលនឹងបន្ថែមចំណេះដឹង និងធ្វើការស្រាវជ្រាវថ្មីអំពីកម្ពុជា”។
លោកស្រី ហ្វ្រង់ ដែលមកពីប្រទេសបារាំង កាលពីចុងសប្ដាហ៍មុន ដើម្បីចូលរួមពិធីសម្ពោធនេះ បានថ្លែងថា គម្រោងនេះក៏តម្រូវផងដែរឲ្យវិទ្យាស្ថាន Inalco បង្កើតសញ្ញាបត្រសាកលវិទ្យាល័យថ្មីមួយ ដែលនិស្សិតអាចនឹងទទួលបាន បន្ទាប់ពីបញ្ចប់ទាំងកម្មវិធីនេះនិងកម្មវិធីបុរាណវិទ្យារយៈពេលបួនឆ្នាំនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាសញ្ញាបត្រមួយដែលនឹងរៀបចំឲ្យពួកគេបន្ដយកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសបារាំងប្រសិនបើពួកគេចង់។
លោកស្រី សាបផូ ប្រាយអិន (Sapho Briend) អ្នកសម្របសម្រួលគម្រោងបានលើកឡើងថា និស្សិតដែលបានចុះឈ្មោះហើយ នឹងចូលរៀនអំឡុងខែឈប់សម្រាករបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងខែកក្កដា សីហា និង ខែកញ្ញា សម្រាប់រយៈពេលបីឆ្នាំបន្ដបន្ទាប់។ លោកស្រីបានថ្លែងថា“វានឹងមានការពិបាកណាស់។ ពួកគេ
នឹងចូលរៀនចាប់ពីម៉ោង៧ៈ៣០នាទីព្រឹក ដល់ម៉ោង៥ៈ៣០នាទីល្ងាចចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍…។ ពួកគេគ្មានថ្ងៃឈប់សម្រាកសោះឡើយ”។ គម្រោងចូលរៀននេះមានការតឹងតែងណាស់ អំឡុងពេលសម្ភាសជាមួយបេក្ខជនសម្រាប់កម្មវិធីនេះ។ យើងបានសួរពួកគេថា ‘ តើអ្នកត្រៀមបោះបង់ថ្ងៃឈប់សម្រាករបស់អ្នកដែរ ឬទេ ?’ ។
លោកស្រីប្រាយអិនបានថ្លែងថាត្រង់ចំណុចនេះនិស្សិតបុរាណវិទ្យាចំនួន២១រូបក៏យល់ស្របដូច្នេះដែរបន្ថែមទៅនឹងនិស្សិតបួនរូប ដែលមកពីសាកលវិទ្យាល័យជាតិនៃប្រទេសឡាវ និស្សិតបារាំងពីររូប ដែលមកពីវិទ្យាស្ថាន Inalco ក្នុងទីក្រុងបា៉រីស និងគ្រូបង្រៀនម្នាក់របស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និស្សិតម្នាក់ ក្នុងចំណោមនិស្សិត
ទាំងនោះឈ្មោះណងម៉ានីដែលជានិស្សិតបុរាណវិទ្យាឆ្នាំទី៤។និស្សិតអាយុ២៣ឆ្នាំរូបនេះ បានលើកឡើងថា “សុបិនរបស់ខ្ញុំគឺចង់ក្លាយជាគ្រូបង្រៀនម្នាក់នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈហើយខ្ញុំជឿថាកម្មវិធីនេះនឹងជួយឲ្យខ្ញុំសម្រេចបាន។ខ្ញុំយល់ថានេះជាឱកាសមាសមួយ ដើម្បីធ្វើឲ្យចំណេះដឹងរបស់ខ្ញុំប្រសើរឡើង ជាពិសេសប្រសិនបើខ្ញុំដាក់ពាក្យសុំអាហារូបករណ៍សិក្សានៅក្នុងប្រទេសបារាំងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត”។
ដោយទទួលគ្រូបង្រៀនមានសញ្ញាបត្របរិញ្ញាជាន់ខ្ពស់ និងបណ្ឌិតនៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលលោក បុ៊ង សូវ៉ាតសាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានគាំទ្រនូវគម្រោងមនុស្សសាស្ត្រ តាំងពីដំបូងមក។ លោកបានពន្យល់ថា “យើងចង់មានសាកលវិទ្យាល័យមួយ ប្រកបដោយស្ដង់ដារគុណភាពខ្ពស់ដូចបណ្ដាសាកលវិទ្យាល័យវិចិត្រសិល្បៈនៅក្នុងប្រទេសដទៃទៀតដែរ ហើយដើម្បីធ្វើដូច្នោះ យើងត្រូវតែមានគ្រូបង្រៀនដែលមានសមត្ថភាពខ្ពស់របស់យើងផ្ទាល់ និងមានចំនួនគ្រប់គ្រាន់”។
ឈ្មោះ ចាន់ អឿន ជានិស្សិតឆ្នាំទី២ដែលបានចុះឈ្មោះសិក្សាគម្រោងមនុស្សសាស្ត្របានលើកឡើងថាវគ្គសិក្សានេះនឹងរៀនជាភាសាបារាំង ជាភាសាមួយដែលនិស្សិតកម្ពុជាផ្នែកប្រវត្តិសាស្ត្រ និងបុរាណវិទ្យាត្រូវតែចេះស្ទាត់ ប្រសិនបើពួកគេពិតជាចង់រៀនក្នុងមុខវិជ្ជារបស់ខ្លួន។ និស្សិតរូបនេះបន្ដថា “ ប្រទេសយើងត្រូវបានបារាំងត្រួតត្រារយៈពេល៩០ឆ្នាំដែលនេះជាមូលហេតុឯកសារប្រវត្តិសាស្ត្រ និងបុរាណវិទ្យាភាគច្រើនបំផុតត្រូវបានសរសេរជាភាសាបារាំង”។និស្សិតអាយុ២៥ឆ្នាំរូបនេះ ដែលបាននិយាយថា ខ្លួនបានធំធាត់និងបានទៅទស្សនាប្រាសាទសម័យអង្គរនៅស្រុកកំណើតរបស់ខ្លួននៅក្នុងខេត្តបន្ទាយមានជ័យ បាននិងកំពុងតែសិក្សាភាសាបារាំងតាំងពីមានការចាប់ផ្ដើមរៀនភាសានេះនៅសាកលវិទ្យាល័យនេះមកម្លេ៉ះ។
លោក ថាច មានប្រសាសន៍ថា វិទ្យាស្ថានInalco ដែលរាប់បញ្ចូលក្រុមស្រាវជ្រាវ និងនិស្សិតចំនួន៨.០០០នាក់ ដែលសិក្សាស្រាវជ្រាវផ្នែកភាសា និងអរិយធម៌ចំនួន៩៣ បាននិងកំពុងតែសិក្សា និងបង្រៀនភាសាខ្មែរជាងមួយសតវត្សមកហើយ។ លោកបានបន្ដថា ការសិក្សាភាសាអាសុីអាគ្នេយ៍ ដូចជាភាសាខ្មែរបាននាំឲ្យភាសាវិទូលោកខាងលិចធ្វើការពិនិត្យឡើងវិញនូវសញ្ញាណខ្លះដែលពួកគេជឿថាមានលក្ខណៈជាសាកល។ជាឧទាហរណ៍ក្រុមនៃនាម និងកិរិយាស័ព្ទ ដែលពេលមួយត្រូវបានយល់ព្រមឲ្យធ្វើការពិនិត្យឡើងវិញ នៅពេលដែលគេរកឃើញថានាមអាចបម្រើជាកិរិយាស័ព្ទក្នុងភាសាខ្មែរ និងភាសាខ្លះទៀត។
លោកស្រី ហ្វ្រង់ បានលើកឡើងថា“ផ្នត់គំនិតជាច្រើនក្នុងផ្នែកសង្គមសាស្ត្រ មនុស្សសាស្ត្រ ត្រូវបានបង្កើតឡើងក្នុងបរិបទជាក់លាក់មួយ ជាពិសេសគឺលោកខាងលិច”។លោកស្រី បានមានប្រសាសន៍បន្ដថា ការសិក្សាអំពីវប្បធម៌បរទេសធ្វើឲ្យមានការប្រឈមនឹងផ្នត់គំនិតទាំងនោះ។ លោកស្រីបានបន្ថែមថា និស្សិតកម្ពុជា ដែលត្រូវបានបណ្តុះបណ្តាលតាមរយៈគម្រោងមនុស្សសាស្ត្រថ្ងៃណាមួយអាចចូលរួមក្នុងការអភិវឌ្ឍផ្នត់គំនិតថ្មីនៅក្នុងវិស័យទាំងនោះ៕ ប្រែសម្រួលដោយចេវប៊ុននី