លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានប្រារព្ធទិវាមច្ឆជាតិដោយបានជំរុញឲ្យសាធារណជនរាយការណ៍ប្រសិនបើឃើញជនណាម្នាក់នេសាទត្រីក្នុងតំបន់អភិរក្សទន្លេសាប ដែលលោកបានបង្កើតឡើង កាលពីដើមឆ្នាំនេះដើម្បីជួយការពារនិងរក្សាធនធានត្រីដ៏ចាំបាច់នៅក្នុងបឹងនេះ។
លោកបានមានប្រសាសន៍នៅក្នុងទិវាមច្ឆជាតិក្នុងស្រុកក្រូចឆ្មាខេត្តក្រចេះថា“ប្រជាពលរដ្ឋត្រូវតែហ៊ានក្រោកឈរប្រឆាំងនឹងប្រជាពលរដ្ឋប្រឆាំងនឹងអ្នកភូមិ ប្រឆាំងនឹងមេឃុំនិងអភិបាលស្រុកណាដែលប្រើប្រាស់ឡូត៍នេសាទមិនត្រឹមត្រូវ”។
លោកនាយករដ្ឋមន្ត្រី បានប្រកាសរំលាយឡូត៍នេសាទឯកជនចំនួន៣៥កន្លែងក្នុងទន្លេសាបកាលពីខែកុម្ភៈដោយបានប្ដូរឡូត៍នេសាទខ្លះទៅជាតំបន់អភិរក្សដើម្បីរក្សាជលផលក្នុងបឹង ដែលអ្នកនេសាទចិញ្ចឹមជីវិតខ្នាតតូចរាប់ម៉ឺននាក់ពឹងផ្អែកលើនោះ។
លោកបានមានប្រសាសន៍ថា“យើងបានលុបបំបាត់ឡូត៍នេសាទទាំងអស់នេះនិងមិនអនុញ្ញាតឲ្យមានឡូត៍នេសាទកើតមានទៀតទេ។ឡូត៍នេសាទគឺសម្រាប់ប្រជាពលរដ្ឋទូទៅតែប៉ុណ្ណោះ។ ពុំមានឡូត៍នេសាទ [ ឯកជន ] ទៀតទេក្នុងប្រទេសកម្ពុជា”។
ក្នុងអំឡុងពេលប្រារព្ធពិធីនេះកូនត្រីចំនួន៥០០.០០០ក្បាលនិងកូនបង្កង១០០.០០០ក្បាល ត្រូវបានលែងទៅក្នុងបឹងនេះ។លោកហ៊ុនសែនក៏បានជំរុញឲ្យសាធារណជនបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់មិនឲ្យនេសាទនៅក្នុងរដូវហាមឃាត់ ក្នុងរដូវត្រីពងឬក៏កាប់បំផ្លាញព្រៃលិចទឹកផងដែរ។
លោក បានមានប្រសាសន៍ថា“លែងត្រីនៅពេលនេះប៉ុន្តែ ចាប់ត្រីក្នុងរដូវហាមឃាត់ពុំមានន័យអ្វីឡើយ។សូមជួយការពារតំបន់អភិរក្សតាមរយៈការផ្ដល់ព័ត៌មានអំពីជនទុច្ចរិតនិងមន្ត្រីណាដែលព្យាយាមបំផ្លាញតំបន់អភិរក្សនេះ”។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា មិនដល់មួយភាគបួននៃផ្ទៃទឹកទំហំ៤០០.០០០ ហិកតា ដែលធា្លាប់ជាឡូត៍នេសាទឯកជននោះពេលនេះត្រូវបិទទាំងស្រុងមិនឲ្យមានការនេសាទឡើយហើយថា តំបន់ដែលនៅសល់បានបើកចំហសម្រាប់ការនេសាទរួមគ្នា។
លោកមានប្រសាសន៍ថា“ពេលបងប្អូនអុំទូកទៅកន្លែងនោះកុំគិតថាវាជាកន្លែងរបស់អ្នកណាមួយនិងភ័យខ្លាចគេចាប់ខ្លួនឡើយ។ ប្រសិនបើជនណាម្នាក់ហ៊ានចាប់ខ្លួនបងប្អូនជននោះប្រព្រឹត្តបទល្មើសហើយ”។
កាលពីខែមេសា សម្ពន្ធនេសាទកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលបានរាយការណ៍ថាការនេសាទត្រីខុសច្បាប់ពិតជាបានកើនឡើងទ្វេដងមែនចាប់តាំងពីមានការបិទឡូត៍នេសាទឯកជនមក។ មន្ត្រីក្រសួងកសិកម្មនិងរដ្ឋបាលជលផលមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ៕ប្រែសម្រួលដោយ ហម សុផាណ្ណា