អ្នកឃ្លាំមើលដំណើរការបោះឆ្នោតម្នាក់បានលើកឡើងកាលពិម្សិលមិញថា ចំនួនស្ត្រីដែលបានជាប់ឆ្នោតតំណែងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមុន បានកើនឡើងត្រឹម២៣ ភាគរយដូច្នេះហើយទើបមានការកត់សម្គាល់ថា ប្រទេសកម្ពុជានៅតែមិនទាន់សម្រេចតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់ខ្លួនសម្រាប់តំណាងស្ត្រី ដែលបានជាប់ឆ្នោត។
លោកគល់បញ្ញានាយកប្រតិបត្តិនៃគណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌បានមានប្រសាសន៍ថាស្ត្រីជាសមាជិកក្រុមប្រឹក្សាចំនួន២.០៣៨នាក់ បានជាប់ឆ្នោតនិងស្ត្រីមេឃុំ-សង្កាត់ចំនួន៩៤នាក់ត្រូវបានតែងតាំងកាលពីខែមុនដែលចំនួននេះបានកើនឡើង ដោយកាលពីឆ្នាំ២០០៧មានស្ត្រីជាសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ត្រឹមតែ១.៦៦២នាក់និងស្ត្រីជាមេឃុំ-ចៅសង្កាត់ចំនួន៦៧នាក់ប៉ុណ្ណោះ។ ប៉ុន្តែនៅមានតំណែងមេឃុំ-ចៅសង្កាត់ចំនួន១.៦៣៣កៅអីទៀត ដែលត្រូវដណ្ដើមយក។
លោក បញ្ញា បានមានប្រសាសន៍ថាស្ត្រីបានកាន់តំណែង១៨ភាគរយនៃតំណែងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺនៅទាបជាងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ឆ្នាំ២០១៥ ដែលត្រូវសម្រេចឲ្យបាន២៥ភាគរយនោះ។
លោកបានមានប្រសាសន៍ថា“រដ្ឋាភិបាលបានកំណត់គោលដៅមួយដើម្បីសម្រេចឲ្យបាន២៥ភាគរយត្រឹមឆ្នាំ២០១៥។ប៉ុន្ដែ ពេលនេះយើងសម្រេចបានប្រហែល១៨ភាគរយ។នៅមានគម្លាតធំណាស់ ខ្ញុំគិតថា រដ្ឋាភិបាលមិនអាចសម្រេច គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់ខ្លួនបានទេ”។
លោក បញ្ញាបានមានប្រសាសន៍ថាវិធីតែមួយគត់ដែលប្រទេសកម្ពុជាអាចសម្រេចគោលដៅអភិវឌ្ឍន៍របស់ខ្លួនបានគឺទាល់តែអស់លោកជាបុរសដែលជាប់ឆ្នោតនោះ បោះបង់តំណែងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួនហើយឲ្យស្ត្រីឡើងកាន់តំណែងជំនួសវិញ។ឧទាហរណ៍ បន្ទាប់ពីការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០០៧ ស្ត្រីកាន់តំណែងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មានចំនួនប្រហែល១៤,៥ ភាគរយ ដែលតួលេខនោះបានកើនឡើងដល់១៦ភាគរយដោយសារតែសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នោះត្រូវបានជំនួស ដោយស្ត្រី មុនពេលការបោះឆ្នោត កាលពីខែមុននេះ។
យោងតាមលោកជាម យៀប សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ឲ្យដឹងថាបេក្ខជនស្ត្រីមកពីគណបក្សកាន់អំណាច ដែលបានឈ្នះឆ្នោតនោះបានកាន់តំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន១.៧៨១អាសនៈ។ លោកបានមានប្រសាសន៍ថាលោកមិនបានដឹងថាតើស្ត្រីជាមេឃុំ-ចៅសង្កាត់ប៉ុន្មាននាក់ទេ ដែលត្រូវបានតែងតាំងក្រោយពីការបោះឆ្នោតមក។
លោកបានមានប្រសាសន៍ថា“សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់យើងបានកើនឡើងមែន បើប្រៀបធៀបនឹងឆ្នាំ២០០៧”។ យោងតាមលោកយឹមសុវណ្ណអ្នកនាំពាក្យគណបក្ស សមរង្ស៊ីបានឲ្យដឹងថា គណបក្ស សមរង្ស៊ីអាចទទួលបានតំណែងមេឃុំ-ចៅសង្កាត់សម្រាប់ស្ត្រីទទួលបានតែមួយអាសនៈទេប៉ុន្ដែតំណែងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទទួលបានចំនួន២៣៧ អាសនៈ។លោកបន្ថែមថាគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍មិនអាចសម្រេចបានទេ។
លោកបានមានប្រសាសន៍ថា“ខ្ញុំគិតថាវាមិនអាចទៅរួចទេដោយសារតែការអប់រំ សុខភាពនិងលទ្ធភាពទទួួលព័ត៌មានសម្រាប់ស្ត្រីនៅមានកម្រិតទាបណាស់។ចំណែកឯការបំភិតបំភ័យនិងការគំរាមកំហែងផ្នែកនយោបាយវិញមានសភាពខ្លាំងក្លា។នៅលើ ក្រដាស [រដ្ឋាភិបាល] គោរពសិទ្ធិមនុស្ស ប៉ុន្ដែធាតុពិត… ពួកគេមិនអាចសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍នោះទេ”។
យោងតាមលោកបញ្ញាបានឲ្យដឹងថា គណបក្សសិទ្ធិមនុស្សឈ្នះបាន១៨ឃុំក្នុងការបោះឆ្នោត ហើយមានចំនួនស្ត្រីតែ១២នាក់ប៉ុណ្ណោះដែលទទួលបានតំណែងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។
លោកបានមានប្រសាសន៍ថា“ជួនកាលខ្ញុំមានអារម្មណ៍ថាពួកគេមិនយល់និងមិនដឹងច្បាស់អំពីសមធម៌យេនឌ័រសម្រាប់តំណាង ដែលបានជាប់ឆ្នោតនៅថ្នាក់ឃុំ-សង្កាត់នោះទេ”។ ប៉ុន្ដែលោក យ៉ែមបុញ្ញឫទ្ធិ អគ្គលេខាធិការគណបក្សសិទ្ធិមនុស្ស បានមានប្រាសាសន៍ថា នេះមិនមែនជាបញ្ហានោះទេ។ លោកបានមានប្រសាសន៍ថា“ពួកគេត្រូវបានបណ្ដុះបណ្ដាល កាលពីសប្ដាហ៍មុនហើយ ហើយយើងក៏លើកទឹកចិត្តស្ត្រីឲ្យចូលរួមក្នុងឆាកនយោបាយដែរ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា