27.5 C
Phnom Penh

អាជ្ញាធរ​ខេត្ត​កំ​ពង់​ធំ​ រឹប​អូស​គ្រឿងចក្រ​ជីកអាងទឹក​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បាន​ថ្លែង​ថា​ កង​រាជ​អាវុធហត្ថ​ខេត្ត​​កំពង់​ធំ​ បាន​រឹបអូស​គ្រឿងចក្រ​ឈូសឆាយ​​ដី​ចំ​នួន​២៩​គ្រឿង ​និង​បាន​ចាប់​ខ្លួន​អ្នក​បើក​បរ​បួន​នាក់​ ក្នុង​ប្រតិបត្តិការ​មួយ​មាន​​រយៈ​ពេល​បួន​ថ្ងៃ​ ដើម្បី​បញ្ឈប់​ការ​សាង​សង់​អាង​ស្តុក​ទឹក​ខុស​ច្បាប់​នៅ​តំបន់​ជុំ​វិញ​បឹង​ទន្លេ​សាប​ ​ដែល​បាន​បញ្ចប់​កាល​ពី​ម្សិល​មិញ។​

អាង​ស្តុក​ទឹក​ ដែល​​បាន​ប្រើ​សម្រាប់​ស្តុក​ទឹក​ទុក​ធ្វើ​ស្រែ​​នៅរដូវ​ប្រាំង​នោះ​ត្រូវ​បាន​គេ​​ស្តី​បន្ទោស​ថា​ បាន​ធ្វើ​ឲ្យ​ទិន្នផលត្រី​ថយ​ចុះ​ដោយ​​សារតែ​​ការ​បំ​ផ្លាញ​តំ​បន់​​​ត្រី​បង្កាត់​ពូជ​យ៉ាង​សំខាន់​​នៅ​តាម​មាត់​បឹង​។ការ​សាង​សង់​អាង​ស្តុក​ទឹក​នៅ​តាម​មាត់​បឹង​ទន្លេសាប​នោះ​​នៅ​តែ​មានជាហូរហែ​ទោះ​បី​ជា​មាន​ការ​បង្ក្រាប​​ពីក្រុម​អាជ្ញា​ធរ​ជា​ញឹក​ញាប់​យ៉ាង​ណា​​ក៏​ដោយ​ ដើម្បី​ពង្រឹង​ការ​អនុវត្ត​បម្រាម​ឆ្នាំ​២០០៩។

លោក​ឧត្ដម​សេនីយ៍​ត្រី​ ហង្ស​ ថុល ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​ ​មាន​ប្រសា​ស​ន៍​​ថា​អាជ្ញាធរ​បានប្រទះឃើញ​គ្រឿងចក្រ​ឈូស​ដី​ទាំង​នេះ​នៅ​ក្នុង​ឃុំ​​ចំនួន​បី​នៅ​ក្នុង​ស្រុក​ស្ទោង  ដែល​បាន​ប្រើ​សម្រាប់ធ្វើ​អាង​ស្តុក​ទឹក ​និង​សម្រាប់​ឈូស​ឆាយ​តំ​​បន់​ព្រៃ​លិច​ទឹក​នៅក្នុង​​​រដូវ​វស្សា។លោក​បាន​បន្ត​​ថា​ “ ​ខ្ញុំ​​មិន​ដឹង​ថា​អ្នក​ណា​ជា​អ្នក​បញ្ជា​ពួក​គេ​ឲ្យ​​ធ្វើ​រឿង​នេះ​ (​ជីក​អាង​ស្តុក​ទឹក) ទេ។ ឥឡូវ​នេះ​ យើង​កំ​ពុង​ស្វែង​រក​ម្ចាស់​អាង​ស្តុក​​ទឹក ​និង​ម្ចាស់​គ្រឿង​ចក្រទាំង​នោះ។​យើង​កំ​ពុង​តែ​ស៊ើបអង្កេត​​ករណី​ទាំង​នេះ​ហើយ”។

លោក​ ថុល​ បាន​បន្ត​ថា​ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ប៊ិន​ ឈិន ប្រ​ធាន​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយទំនាស់ដី​ធ្លី​បាន​បញ្ជា​ដោយ​ខ្លួន​លោក​ផ្ទាល់​ ឲ្យបើកប្រតិបត្តិ​ការ​បង្ក្រាប​នេះ។លោក​ឧត្ដម​សេនីយ៍​ត្រី ថុល​ បាន​មានប្រសាសន៍​ថា “ មន្ត្រី​ថ្នាក់​ខ្ពស់​ម្នាក់​បាន​បញ្ជា​ឲ្យ​ធ្វើ​ការ​បង្ក្រាប​ការ​ធ្វើអាង​ស្ដុក​ទឹក​ ពី​ព្រោះ​នៅ​តំបន់​នោះ​ជា​តំបន់​រដ្ឋាភិបាលហាម​ឃាត់​មិន​ឲ្យ​​ [ជីក​អាង​ស្ដុក​ទឹក​]​”។

កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០០៩ទី​ស្ដីការ​គណៈ​រដ្ឋមន្ត្រី​​​​​បាន​ចេញ​បញ្ជា ដោយ​អំពាវ​នាវ​ឲ្យ​លុបចោល​សំណង់​អាង​ស្ដុក​ទឹក​​មាន​ទំហំ​រាប់​ពាន់​ហិក​តា​ នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំ​មួយ​ ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​បឹង​ទន្លេសាប​។កាល​ពី​ខែ​ឧសភា​ ដោយ​សង្កេត​ឃើញ​ថាមិន​មាន​ការ​រីក​ចម្រើន​ ក្នុង​ការ​អនុវត្តបទ​បញ្ជា​​នោះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​អំពាវ​នាវ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​បំផ្លាញ​ចោល​​អាង​ស្ដុក​ទឹក​ទាំង​នោះ​។

លោក​ ឃុន ​ប៊ុន​ហូ មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ស្ទោង បានបញ្ជាក់ថា ប្រតិ​បត្តិការ​បង្ក្រាប​​ ដែល​បាន​រឹប​អូស​គ្រឿង​ចក្រ​ចំនួន​បួន​គ្រឿង​ និង​ចាប់​ខ្លួន​អ្នក​បើក​បរ​បួន​នាក់​នោះ​​ចាប់​ផ្ដើម​ កាល​ពី​ថ្ងៃ​សុក្រ​ ហើយ​បាន​បញ្ចប់​កាល​ពី​ម្សិលមិញ​ ក្នុង​ឃុំ​សំព្រោចម្សា​ក្រង​ និង​ឃុំ​ចំណា​ក្រោម​។

លោក​បាន​បន្ដ​ថាវា​មិន​ច្បាស់​ទេ​ថាមាន​ព្រៃ​លិច​ទឹក​ចំនួន​ប៉ុន្មាន​ហិក​តា ដែល​ត្រូវ​បាន​បំផ្លាញ​ និង​រងផល​​ប៉ះ​ពាល់​ដោយ​ការ​ឈូស​ឆាយ​ដី​នោះ​ទេ។ លោក​​មាន​ប្រសាសន៍​​ទៀត​ថា ​អ្នក​បើក​បរ​ត្រាក់​ទ័រ​ ដែល​បាន​ចាប់​ខ្លួន​នោះ​បាន​ប្រាប់​នគរបាល​ថា ពួក​គេ​​ត្រូវ​បានម្ចាស់​ត្រាក់​ទ័រជួលហើយ​ពួក​គេ​​អះអាង​ថា​ មាន​ច្បាប់​អនុញ្ញាត​​​ពី​​មន្ទីរ​ធន​ធាន​ទឹក​ និង​ពីអាជ្ញា​ធរ​ខេត្ដ​។

លោកប៊ុនហូបាន​បន្ដ​ទៀត​ថាលោក​មិន​អាច​ប្រាប់​ឈ្មោះ​ជន​សង្ស័យ​ ដែល​បាន​បញ្ជា​ឲ្យ​ឈូស​ឆាយ​ដី​នោះ​ទេ​ ដោយ​លោក​បា​រម្ភ​​ថា​ អាច​ធ្វើ​ឲ្យ​​ខូច​ការ​ស៊ើប​អង្កេត​។ លោក​ ប៊ុន​ហូ​ មានប្រសាសន៍ថា “ វាជា​ការ​ខុស​ច្បាប់​ ហើយ​​ប្រឆាំង​នឹង​បទ​បញ្ជា​របស់​សម្ដេច​ [ហ៊ុន សែន]។​យើង​នឹង​រៀប​ចំ​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​”។

លោកចាំ​ រដ្ឋាមន្ត្រី​គម្រោង​ប្រ​ចាំ​​អង្គ​ការ​​ជល​ផល​​ហ្វែក (FACT) បាន​មាន​ប្រសាសន៍​ថារដ្ឋា​ភិបាល​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​លុប​បំបាត់​អាង​ស្ដុក​ទឹក​ធំៗ​ នៅ​ក្នុង​តំបន់​នោះ​។ លោក​បន្ថែម​ថា “ ​បើ​តាម​តំណាង​​របស់​យើងនៅ​ក្បែរ​បឹង​ទន្លេសាប​ ​បាន​និយាយ​ថាសកម្ម​ភាព​ខុស​ច្បាប់​ជា​ច្រើន​ទាក់​ទង​នឹង​ការ​ធ្វើអាង​ស្ដុក​ទឹក​ត្រូវ​បាន​បញ្ឈប់​។ ប៉ុន្តែ​ នៅ​មាន​​​ករណី​ខ្លះ​​កើត​ឡើង​ដោយ​សារ​ពួក​គេ​​​នៅ​​​តែ​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក​​ដើម្បី​​ជីក​ប្រឡាយ​ ប៉ុន្តែ ប្រ​ឡាយ​ទាំង​នោះ​មិន​មាន​ទំហំ​ធំ​ទេ​”៕

(រាយ​ការណ៍​បន្ថែម​ដោយ Simon Lewis)​

ប្រែសម្រួល​ដោយឃិនណៃ​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស