26 C
Phnom Penh

​​ស្ត្រី​ជំនួ​យ​​ការ​​មេ​ផ្ទះ​ជន​ជាតិ​កម្ពុជា​​វ័យ​១៧​ឆ្នាំ​ម្នាក់​ត្រូវ​​ថៅ​កែ​​ជន​ជាតិ​ម៉ាឡេ​ស៊ី​​ ចាប់​​រំលោភ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​​អង្គការ​​ក្រៅ​រដ្ឋាភិបាល​​​មួយ​របស់​​ម៉ាឡេស៊ី​ ​​​​ដែល​​​ជួយ​​ដល់ពល​​​​​​ករ​​ចំណាក​ស្រុក​ បាន​ឲ្យ​ដឹង​ថា បុរស​​​​ជន​ជាតិ​ម៉ាឡេ​​ស៊ី​​ម្នាក់​​​​ត្រូវ​​បាន​ចាប់​ខ្លួន​កាល​ពី​​ថ្ងៃ​អាទិត្យ​​​​​ ពី​បទ​​ចាប់​រំលោភ​ស្ត្រី​ជំនួយ​ការ​មេ​​ផ្ទះ​​​​​កម្ពុជា​​​​វ័យ​​១៧ឆ្នាំ​ម្នាក់​​​​​ កាល​ពី​​ខែ​​មេសា​​។

លោកស្រី ​អាហ្គីឡេ ​​​ហ្វឺណាន់​​ដេស (Aegile​ Fernandez) ប្រធាន​អង្គ​​ការ​​តេណា​​ហ្គា​​នីតា (Tenaganita)​​ បាន​មាន​​​​ប្រ​សាសន៍​​ថា ​​​​​ថៅ​​កែ​​​របស់​​ជន​រង​​គ្រោះ​​​​នេះ​ត្រូវ​​ចាប់​​ខ្លួន​​​កាល​ពី​ថ្ងៃ​អាទិត្យ​​ ហើយ​​​​ជន​រង​គ្រោះ​​នឹង​​ស្នាក់​​នៅ​​​​​ក្នុងអង្គ​​ការ​តេណាហ្គានីតា អំឡុង​​ពេលនគរ​​បាល​ស៊ើប​អង្កេត​​ករណី​នេះ។​​នាង​​បាន​ធ្វើ​​ការ​អស់​រយ:ពេល​ជិត​​ពីរ​​ឆ្នាំ​​​នៅ​កា​ចាង (Kajang) ជា​ទីក្រុង​ម​ួយ​​​​ស្ថិត​ក្នុង​​រដ្ឋ​សេឡាហ្គ័រ (Selagor) របស់​ម៉ាឡេ​​​ស៊ី​​។

លោក​ស្រី ​អាហ្គីឡេ ​​​ហ្វឺណាន់​​ដេសបាន​​មាន​ប្រសាសន៍​ថា“ នាង​ត្រូវ​​ថៅកែ​របស់​ខ្លួន​ចាប់​រំលោភ​ ហើយ​ថៅកែ​រូប​នោះត្រូវ​បាន​ចាប់​ខ្លួន​ហើយ។ នគរបាល​កំពុង​ដោះ​ស្រាយ​​ករណី​នេះ”។ ជន​រង​គ្រោះដែល​ពេល​នេះ​មាន​អាយុ​១៨​ឆ្នាំ​ បាន​និយាយ​ថា នាង​ត្រូវ​បាន​​ទី​ភ្នាក់​ងារ​​ ជ្រើស​រើស​ពលករ​ T&P Co ដែល​ពេល​នេះ​បាន​បិទ​ទ្វារ​ទៅហើយ​នោះ​ ជ្រើស​រើស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ឆ្នាំ​២០១០​​។នាង​​បាន​និយាយ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មេសាថៅកែ​របស់​នាង​បាន​ទាញ​នាង​ចូល​ក្នុង​បន្ទប់​ជាន់​លើ​ រួច​ក៏​រំលោភ​នាង​តែ​ម្ដង​។

នាង​បាន​និយាយថា “ខ្ញុំ​កំពុង​តែ​អង្គុយ​បក​សាច់ក្ដាម​ក្នុង​ផ្ទះ​តែ​ម្នាក់​ឯង។ នៅ​ពេល​នោះ​ស្រាប់​តែ​ថៅកែ​របស់​ខ្ញុំ​ បាន​ហៅ​ខ្ញុំ​ឲ្យ​ឡើង​ទៅ​ជាន់​លើ ប៉ុន្ដែ ខ្ញុំ​និយាយថា ខ្ញុំ​មិនចង់​​ទៅ​ជួប​គាត់​ទេ ហើយ​គាត់​ក៏​បាន​ទាញ​ខ្ញុំ​ចូល​បន្ទប់​ រួច​ក៏​​រំលោភ​​​ខ្ញុំ​តែ​ម្ដង។​​គាត់​​ចាប់​រំលោភខ្ញុំ​បាន​ម្ដង ហើយ​​គាត់បាន​​គំរាម​ធ្វើ​បាប​ខ្ញុំ​ ប្រសិន​​បើ​ខ្ញុំ​ប្រាប់​គេ…។គាត់​ក៏​បាន​ឲ្យ​លុយ​ខ្ញុំ​ចំនួន​២០០​ដុល្លារ​ ដើម្បី​បំបិទ​មាត់​ខ្ញុំ​កំុឲ្យ​និយាយ​រឿង​នេះ​ប្រាប់​គេ​ផង​ដែរ​”។

ជន​រង​គ្រោះ​បាន​និយាយ​ថាទោះ​ជា​យ៉ាងណា​ នាង​បាន​ប្រាប់​ប្រពន្ធ​របស់​ថៅកែ​មិន​យូរ​​ប៉ុន្មាន​ក្រោយ​ពី​កើត​ហេតុ​​នោះ ហើយ​ប្រពន្ធ​របស់​ជន​ល្មើស​ក៏បាន​ប្ដឹង​ទៅ​នគរ​បាល​។នៅពេល​បុរស​ជា​​ថៅកែ​រូប​នេះ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដើរហើរ​ដោយ​សេរី​នោះ ជន​រង​គ្រោះក៏​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​​នៅ​ប៉ុស្តិ៍​នគរបាល​ដោយ​ខ្លួន​ឯង​។

អង្គការ តេណា​​ហ្គា​​នីតា បាន​លើក​ឡើង​​ថាបុរស​រូប​នេះ​បាន​រត់គេច​ខ្លួន ប៉ុន្ដែ ត្រូវ​នគរបាល​រក​ឃើញ​ ន​ិង​ចាប់​ខ្លួន​បាន​ កាល​ពី​ថ្ងៃ​អាទិត្យ​។ មន្ត្រី​នគរបាល​មួយ​រូប​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ក្រុង​កាចាង ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​របស់​ស្ត្រីរង​គ្រោះ ​មាន​ប្រសាសន៍​ថា ការ​ស៊ើប​អង្កេត​ក្នុង​ករណី​នេះ​កំពុង​តែ​ប្រព្រឹត្ត​ទៅ។

រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​បម្រាមមិន​ឲ្យ​ទី​ភ្នាក់​ជ្រើស​រើស​ពលករ​នានា​​បញ្ជូន​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​ទៅ​ធ្វើ​ការ​នៅក្នុង​​ប្រទេស​ម៉ាឡេស៊ីទេ កាល​ពីខែ​តុលា ឆ្នាំ​មុន បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​ជា​ច្រើន​អំពី​ការ​រំលោភ​បំពាន​លើ​ស្ត្រី​ជំនួយ​ការ​មេផ្ទះ​។​ បច្ចុប្បន្ន​មន្ត្រី​ក្រសួង​ការ​ងារ​កំពុង​ធ្វើ​សេចក្ដី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគ​យល់​មួយ​ ដើម្បី​គ្រប់​គ្រង​ស្ត្រី​ជំនួយការ​មេផ្ទះ​កម្ពុជា​ ដែល​​ធ្វើ​ការ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

លោកអាន​ ប៊ុនហាក់​ ប្រធាន​សមាគម​ទី​ភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​កម្ពុជា (ACRA) បាន​មាន​ប្រសាសន៍​ថាលោក​មិន​ដឹង​ពី​ករណី​នេះ​ទេ​ ប៉ុន្ដែលោក​មាន​គម្រោង​ធ្វើ​ការ​ស៊ើប​​អង្កេត​ករណី​នេះ​។ លោក​​មាន​ប្រសាសន៍​ថាក្រុម​ហ៊ុន T&P Co ត្រូវ​បាន​បណ្ដេញចេញ​ពី​សមាគម​ទី​ភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​កម្ពុជា​បន្ទាប់​ពីនគរ​បាល​បាន​ឆ្មក់​ចូល​បង្ក្រាប​ទីភ្នាក់​ងារ​ជ្រើស​រើស​ពលករ​​​នេះ​ កាល​ពី​ខែ​តុលាឆ្នាំ​២០១១ដោយ​សារ​តែ​មាន​ការ​បង្ខាំង​ស្ត្រី​ដោយ​ខុស​ច្បាប់​ និង​​ដោយ​សារ​​ការ​បញ្ជូន​ក្មេង​ស្រី​អាយុ​ក្រោម​១៨​ឆ្នាំ​ទៅ​បរទេស​ឲ្យ​ធ្វើ​ការ​ជា​ស្ត្រី​ជំនួយការ​មេ​ផ្ទះ​។

កាល​ពី​ឆ្នាំមុន ​ក៏​មាន​ការ​ចេញ​ដីកា​ចាប់​ខ្លួន​លោកសំពិសីប្រធាន​ក្រុមហ៊ុន T&P Co ដែល​កំពុង​រត់​គេច​ខ្លួន​នៅឡើយ​ផងដែរ។ លោកអាន​ ប៊ុនហាក់ ​មាន​ប្រសាសន៍​ថា “ ​បន្ទាប់​ពី​ក្រុមហ៊ុន T&P Co បិទ​ទ្វារ​ គ្មាន​នរណា​ម្នាក់​តាម​ដាន​ពី​ស្ថាន​ភាព​របស់​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​ទាំង​អស់​របស់​​ក្រុមហ៊ុន​នេះទេ។ ទី​ភ្នាក់​ងារទាំង​អស់​ត្រូវ​តែ​តាម​ដាន​ពី​​ស្ថានភាពរបស់​​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ស្ថាន​ភាព​របស់​ស្ត្រី​ជំនួយ​ការ​មេផ្ទះ​ទាំង​នោះ​ល្អ​ប្រសើរ​ និង​ត្រូវ​បាន​គេ​មើល​ថែ”។

កាល​ពី​ខែ​មុន អង្គការ​សិទ្ធិ​មនុស្ស​អាដហុកបាន​រាយការណ៍​ថា​​ ចំនួន​គ្រួសារ ​​​ដែលបាន​មក​សុំ​ឲ្យ​ជួយ​ស្វែង​រក​សាច់​ញាតិ​បាត់​ខ្លួន​ពេល​ទៅ​​ធ្វើការ​នៅ​បរទេសនោះ ​បាន​កើន​ឡើង។​ អង្គការ​អាដហុក ​បានធ្វើ​ការ​​សន្និដ្ឋាន​ថា ការ​កើន​ឡើង​នេះ​គឺ​បណ្ដាល​មក​ពី​ការ​បិទ​ទី​ភ្នាក់​ងារ​ជ្រើស​រើស​ពលករ​នានា​ ចាប់​តាំង​ពី​រដ្ឋា​ភិបាល​​បាន​ចេញ​បម្រាម​មក ដោយ​កាត់​ផ្ដាច់​បណ្ដាញ​ទំនាក់​ទំនង​រវាង​ស្ត្រី​ជំនួយ​ការ​មេ​ផ្ទះ​ និង​ក្រុម​គ្រួសារ​​របស់​​ពួកគេ៕ប្រែសម្រួល​ដោយតែមសុខុម

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស