គ្រឿងចក្រឈូសឆាយ១២គ្រឿងក្នុងចំណោម២៩គ្រឿង ដែលកម្លាំងកងរាជអាវុធហត្ថដកហូតក្នុងខេត្តកំពង់ធំ អំឡុងការឆ្មក់បង្ក្រាបរបស់កងរាជអាវុធហត្ថកាលពីថ្ងៃច័ន្ទទៅលើអាងស្តុកទឹកខុសច្បាប់នៅបឹងទន្លេសាបនោះត្រូវបានរឹបអូសពីសហគមន៍កសិកម្មមួយកន្លែងគ្រប់គ្រងដោយមេឃុំទើបជាប់ឆ្នោតថ្មីម្នាក់មកពីគណបក្សប្រជាជនកម្ពុជា។
លោកពាញប៉ុល ប្រធានសហគមន៍ស្រែប្រាំងបានជាប់ឆ្នោតជាមេឃុំនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់កាលពីខែមុន ប៉ុន្តែមិនទាន់ស្បថចូលកាន់តំណែងនៅឡើយទេ។ លោកបានមានប្រសាសន៍ថាលោកគិតថា លោកកំពុងជួសជុលអាងស្តុកទឹកដែលមិនស្ថិតនៅក្នុងតំបន់ការពារ។
លោកបានមានប្រសាសន៍ថា“នៅក្នុងឃុំរបស់ខ្ញុំ យើងមិនបានឈូសឆាយធ្វើអាងស្តុកទឹកនៅក្នុងតំបន់៣នោះឡើយ។គ្រឿងចក្រឈូសឆាយទាំងនោះជួលពីរាជធានីភ្នំពេញ…។
ខ្ញុំគិតថា ខ្លួនខ្ញុំផ្ទាល់និងអ្នកភូមិទាំងនោះមិនបានធ្វើអ្វីខុសច្បាប់ឡើយ។យើងចង់ឲ្យអាជ្ញាធរដោះស្រាយរឿងនេះពីព្រោះយើងចង់ជួសជុលទំនប់អាងស្តុកទឹករបស់យើងអំឡុងរដូវវស្សានេះ”។ លោកបានលើកឡើងទៀតថា មិនគួរដកហូតគ្រឿងចក្រនៅក្នុងតំបន់១និងតំបន់២ទេពីព្រោះវានៅឆ្ងាយពីបឹង និងអាចអនុញ្ញាតឲ្យធ្វើអាងស្តុកទឹកបាន។
គ្រឿងចក្រចំនួន២៩គ្រឿងត្រូវបានដកហូតអំឡុងប្រតិបត្តិការរយៈពេលបួនថ្ងៃនេះនៅក្នុងស្រុកស្ទោង ក្នុងគោលបំណងបង្ក្រាបអាងស្តុកទឹកទាំងនេះដែលត្រូវបន្ទោសចំពោះការធ្វើឲ្យធ្លាក់ចុះបរិមាណត្រី។ គួរបញ្ជាក់ថា មានបម្រាមមិនឲ្យសង់អាងស្តុកទឹកទាំងនេះទេចាប់តាំងពីឆ្នាំ២០០៩មក។
យោងតាមលោកឧត្តមសេនីយ៍ត្រី ហង្សថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកគ្រឿងចក្រមួយចំនួនទៀតដែលគេប្រើនៅក្នុងការសង់អាងស្តុកទឹកខុសច្បាប់ជុំវិញបឹងទន្លេសាប។
លោកបានមានប្រសាសន៍ថា អ្នកបើកបរគ្រឿងចក្របួននាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងការបង្ក្រាបកាលពីថ្ងៃច័ន្ទនោះត្រូវបានដោះលែងវិញហើយ ប៉ុន្តែត្រូវបានចាត់ទុកជាសាក្សី។លោកបានបន្តថា“សូមបញ្ជាក់ថា តំបន់៣គឺជាតំបន់ហាមឃាត់”។
លោក ជាតិ ស៊ីវុត្ថា ប្រធានមន្ទីរធនធានទឹកខេត្តបានមានប្រសាសន៍ថា ម្ចាស់អាងស្តុកទឹកម្នាក់ឈ្មោះ ធាងធា ទទួលបានការអនុញ្ញាតឲ្យឈូសឆាយនៅក្នុងតំបន់២កាលពីខែមេសាប៉ុន្តែថាលោកធា បានចាប់ផ្តើមឈូសឆាយសង់អាងស្តុកទឹកមួយស្ងាត់ៗក្នុងតំបន់៣។
លោកបានមានប្រសាសន៍ថា“អាជ្ញាធរខេត្តរបស់យើងបានហាមឃាត់គាត់ពីរបីដងរួចមកហើយប៉ុន្តែគាត់មិនគោរពតាមការសម្រេចរបស់យើងទេ ដូច្នេះហើយបានជាពេលនេះ យើងធ្វើការបង្ក្រាបថ្នាក់ជាតិតែម្តងទៅ”។
លោក ឃុន ប៊ុនហូ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទោង បានមានប្រសាសន៍ថាកំពុងមានការស្រាវជ្រាវរកគ្រឿងចក្របន្ថែមទៀត។លោកលើកឡើងទៀតថា “ប្រសិនបើយើងប្រមូលភស្តុតាងនិងឯកសារបានគ្រប់គ្រាន់យើងនឹងបញ្ជូនករណីនេះទៅតុលាការ”៕
ប្រែសម្រួលដោយ តែមសុខុម