30 C
Phnom Penh

សាលាដំបូង​​​រាជធានីភ្នំពេញកាត់​​​ទោសអតីត​ឧត្តមសេនីយ៍​ទោពីរ​នាក់​​ឲ្យជាប់​ពន្ធនាគារ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​កាត់​ទោស​ឧត្តម​សេនីយ៍​ជាន់​ខ្ពស់​ពីរ​នាក់​ និង​ជន​ស៊ី​វិល​ពីរ​នាក់​ទៀត​ឲ្យ​ជាប់​ពន្ធនាគារ​ពី​១០​ឆ្នាំ​ទៅ​១៦​ឆ្នាំ​​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ និង​រក្សាទុក​​អាវុធ​ខុស​ច្បាប់​។

​លោក​ចៅ​ក្រម ​អឿង​ សៀង ​​ប្រ​ធាន​​ក្រុម​​​​ប្រឹក្សា​​ជំនុំជម្រះ​សាលា​ដំ​បូង​រាជ​ធានីភ្នំ​ពេញ​បាន​ប្រ​កាស​សាល​ក្រម​ផ្តន្ទា​ទាស​​ឧត្តម​សេនីយ៍​​​​​ទោ​​ ឡាយ​​ វីរៈ​ អាយុ​៥៧​ឆ្នាំ​ឲ្យ​ជាប់​ពន្ធ​នាគារ១២​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​២៥​លាន​រៀល​​។​​ឧត្ដមសេនីយ៍ទោ ​ឃួន ​រឿន ​អាយុ​៦០​​​​ឆ្នាំ​ឲ្យ​ជាប់​ពន្ធ​នាគារ​១៦​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​៣២​លាន​រៀល។

លោក​ចៅ​ក្រម​ អឿង ​សៀង ​​បាន​មាន​ប្រ​សាស​ន៍​ថា​ “មនុស្ស​ពីរ​នាក់​​ទៀត​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​រឿង​នេះ​ដែរនោះមាន​ឈ្មោះ​​ ចេង​ ស៊ុន​លី​ អា​យុ​២៦​ឆ្នាំត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគារ​១២​ឆ្នាំ​និង​ពិន័យ​ជា​​​​ប្រាក់​២៥​លាន​រៀល ​​​និងឈ្មោះ ​​ជឿន​សិលា​ អា​យុ​២៨​ឆ្នាំមានទោសជាប់​ពន្ធ​នាគារ​១០​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​២០​លាន​រៀល​។​លោក​បន្ថែម​ទៀត​ថា ​ពួក​គេ​​នឹង​ត្រូវ​ប​ញ្ជូន​ទៅ​ពន្ធ​នា​គារ​ព្រៃ​ស។

អ្នក​ទាំង​បួន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​តុលា​ បន្ទាប់​ពី​នគរ​បាល​បាន​ឃាត់​រថ​យន្ត​របស់​លោក​ ឡាយ​ វីរៈ ​នៅ​ក្នុង​ខណ្ឌ​ដង្កោ ​​រាជ​ធានី​ភ្នំ​ពេញ​។នៅ​ពេល​នោះ ​នគរ​បាល​បាន​រក​ឃើញ​មាន​ថ្នាំ​ញៀន​ខុស​ច្បាប់​មេតំ​​​ហ្វេ​តាមីន​ចំ​នួន​១​គី​ឡូក្រាម ​​កាំ​ភ្លើង​អាកា-៤៧​​​មួយ​ដើម​ កាំភ្លើងខ្លី​មួយដើម ​​និង​ក្បាល​​ចម្លាក់វត្ថុ​​បុរាណ​មួយ​ផង​ដែរ​​ នៅ​ក្នុង​រថយន្ត​របស់​ឧត្ដមសេនីយ៍​កង​យោធពល​ខេមរភូមិន្ទ​រូប​នេះ​។​

នគរ​បាល​បាន​និយាយ​នៅ​ពេល​នោះ​​ថា​ខ្លួន​​បាន​ឃ្លាំ​មើល​​សកម្មភាព​ក្រុម​នេះ​រយៈ​ពេល​ជា​ង​មួយ​ខែ​​ និង​បាន​រក​ឃើញ​អា​វុធ​ជា​ច្រើន​​ទៀត​នៅ​ក្នុង​ផ្ទះ​របស់​ជន​ជាប់​ចោទ​រូប​នេះបន្ទាប់​ពី​បាន​ចាប់​ខ្លួន​។

លោក​ ហេង​ ភួង ​មេធា​វី​​ការ​ពារ​​​ឧត្តម​សេនីយ៍​រូប​នេះ​​​មាន​ប្រសាស​ន៍​ កាល​ពី​ម្សិល​មិញ​ថា​ លោក​មិន​អាច​ទទួល​យក​ការ​កាត់​ក្តី​នេះ​បាន​​ទេ​។ឧត្ដម​សេនីយ៍​ រឿន​ ដែល​ទទួល​​​ទោស​ធ្ងន់​ធ្ងរនេះ​ បានអះអាង​​​ថា ​គាត់​មិន​បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​រត់​ពន្ធ​ថ្នាំ​ញៀន​នោះ​​​​ទេប៉ុន្ដែគាត់​​កំពុង​​តែ​​រង់​ចាំ​នៅ​ឯ​ផ្ទះ​របស់​​​​លោក​​ ឡាយ​ វីរៈ​ ដោយ​មិន​ដឹង​អ្វី​​​សោះ​​​ ​​​ស្រាប់​តែ​គាត់​ត្រូវ​បាន​​​ចាប់​ខ្លួនតែម្តង។

លោកភួងបាន​ថ្លែង​បន្ដ​ថា“​ការ​កាត់​ទោសនេះ​​មិន​យុត្ដិ​ធម៌​ទេ​សម្រាប់​គាត់ [ឧត្ដម​​​សេនីយ៍​​​ទោរឿន] ខ្ញុំ​នឹង​ពិភាក្សា​​ជាមួយ​កូន​ក្ដី​របស់​ខ្ញុំអំពី​​ការ​ប្តឹង​ឧទ្ធរណ៍​ដើម្បី​រក​យុត្តិ​ធម៌​​​។មិន​មាន​ព័ត៌មានច្រើនទេ​អំ​ពី​ការ​កាត់​ទោស​​ជន​ស៊ីវិល​ទាំង​ពីរ​នាក់​នេះ ​​ប៉ុន្តែ​លោក​ឧត្ដមសេនីយ៍ទោ​ វីរៈ​ គឺ​​ជា​អតីត​អភិបាល​រង​រាជ​ធានី​ភ្នំ​ពេញ ​និង​ជា​អតីត​អភិបាល​ខេត្ត​ឧត្ដរ​មាន​ជ័យ​ផង​ដែរ​។

​ឧត្ដមសេនីយ៍ទោ ​ឡាយ​ វីរៈ​ បាន​តស៊ូ​ប្រយុទ្ធ​ជា​មួយ​​ក្រុម​រា​ជា​និយម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ​អំឡុង​ទសវត្សរ៍ឆ្នាំ​​​​១៩៨០​ និងជា​មេ​បញ្ជា​ការ​កង​ទ័ព​ ហ៊្វុន​ស៊ិនប៉ិចអំឡុង​ពេល​ប្រយុទ្ធ​គ្នា​ជា​មួយ​​កង​កម្លាំង​​ស្មោះ​ត្រង់​នឹង​លោក​នាយក​រដ្ឋមន្ត្រីហ៊ុនសែនក្នុង​ឆ្នាំ​១៩៩៧។ ​នៅឆ្នាំ​១៩៩៩លោក​ ឡាយ ​​​​វីរៈត្រូវ​បាន​ផ្តល់​​តួនាទី​មួយ​នៅ​ក្នុង​ជួរកង​យោធពល​ខេមរភូមិន្ទ​​ជា​ផ្នែក​មួយ​​ក្នុង​កម្មវិធី​ការ​ផ្សះ​ផ្សាជាតិ៕ប្រែសម្រួល​ដោយឃិនណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស