កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសឧត្តមសេនីយ៍ជាន់ខ្ពស់ពីរនាក់ និងជនស៊ីវិលពីរនាក់ទៀតឲ្យជាប់ពន្ធនាគារពី១០ឆ្នាំទៅ១៦ឆ្នាំពីបទជួញដូរគ្រឿងញៀន និងរក្សាទុកអាវុធខុសច្បាប់។
លោកចៅក្រម អឿង សៀង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទាសឧត្តមសេនីយ៍ទោ ឡាយ វីរៈ អាយុ៥៧ឆ្នាំឲ្យជាប់ពន្ធនាគារ១២ឆ្នាំនិងពិន័យជាប្រាក់២៥លានរៀល។ឧត្ដមសេនីយ៍ទោ ឃួន រឿន អាយុ៦០ឆ្នាំឲ្យជាប់ពន្ធនាគារ១៦ឆ្នាំ និងពិន័យជាប្រាក់៣២លានរៀល។
លោកចៅក្រម អឿង សៀង បានមានប្រសាសន៍ថា “មនុស្សពីរនាក់ទៀតដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះដែរនោះមានឈ្មោះ ចេង ស៊ុនលី អាយុ២៦ឆ្នាំត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ១២ឆ្នាំនិងពិន័យជាប្រាក់២៥លានរៀល និងឈ្មោះ ជឿនសិលា អាយុ២៨ឆ្នាំមានទោសជាប់ពន្ធនាគារ១០ឆ្នាំនិងពិន័យជាប្រាក់២០លានរៀល។លោកបន្ថែមទៀតថា ពួកគេនឹងត្រូវបញ្ជូនទៅពន្ធនាគារព្រៃស។
អ្នកទាំងបួននាក់ត្រូវបានចាប់ខ្លួនកាលពីខែតុលា បន្ទាប់ពីនគរបាលបានឃាត់រថយន្តរបស់លោក ឡាយ វីរៈ នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។នៅពេលនោះ នគរបាលបានរកឃើញមានថ្នាំញៀនខុសច្បាប់មេតំហ្វេតាមីនចំនួន១គីឡូក្រាម កាំភ្លើងអាកា-៤៧មួយដើម កាំភ្លើងខ្លីមួយដើម និងក្បាលចម្លាក់វត្ថុបុរាណមួយផងដែរ នៅក្នុងរថយន្តរបស់ឧត្ដមសេនីយ៍កងយោធពលខេមរភូមិន្ទរូបនេះ។
នគរបាលបាននិយាយនៅពេលនោះថាខ្លួនបានឃ្លាំមើលសកម្មភាពក្រុមនេះរយៈពេលជាងមួយខែ និងបានរកឃើញអាវុធជាច្រើនទៀតនៅក្នុងផ្ទះរបស់ជនជាប់ចោទរូបនេះបន្ទាប់ពីបានចាប់ខ្លួន។
លោក ហេង ភួង មេធាវីការពារឧត្តមសេនីយ៍រូបនេះមានប្រសាសន៍ កាលពីម្សិលមិញថា លោកមិនអាចទទួលយកការកាត់ក្តីនេះបានទេ។ឧត្ដមសេនីយ៍ រឿន ដែលទទួលទោសធ្ងន់ធ្ងរនេះ បានអះអាងថា គាត់មិនបានជាប់ពាក់ព័ន្ធក្នុងការរត់ពន្ធថ្នាំញៀននោះទេប៉ុន្ដែគាត់កំពុងតែរង់ចាំនៅឯផ្ទះរបស់លោក ឡាយ វីរៈ ដោយមិនដឹងអ្វីសោះ ស្រាប់តែគាត់ត្រូវបានចាប់ខ្លួនតែម្តង។
លោកភួងបានថ្លែងបន្ដថា“ការកាត់ទោសនេះមិនយុត្ដិធម៌ទេសម្រាប់គាត់ [ឧត្ដមសេនីយ៍ទោរឿន] ខ្ញុំនឹងពិភាក្សាជាមួយកូនក្ដីរបស់ខ្ញុំអំពីការប្តឹងឧទ្ធរណ៍ដើម្បីរកយុត្តិធម៌។មិនមានព័ត៌មានច្រើនទេអំពីការកាត់ទោសជនស៊ីវិលទាំងពីរនាក់នេះ ប៉ុន្តែលោកឧត្ដមសេនីយ៍ទោ វីរៈ គឺជាអតីតអភិបាលរងរាជធានីភ្នំពេញ និងជាអតីតអភិបាលខេត្តឧត្ដរមានជ័យផងដែរ។
ឧត្ដមសេនីយ៍ទោ ឡាយ វីរៈ បានតស៊ូប្រយុទ្ធជាមួយក្រុមរាជានិយមប្រឆាំងនឹងរដ្ឋាភិបាលក្រុងភ្នំពេញ អំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និងជាមេបញ្ជាការកងទ័ព ហ៊្វុនស៊ិនប៉ិចអំឡុងពេលប្រយុទ្ធគ្នាជាមួយកងកម្លាំងស្មោះត្រង់នឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងឆ្នាំ១៩៩៧។ នៅឆ្នាំ១៩៩៩លោក ឡាយ វីរៈត្រូវបានផ្តល់តួនាទីមួយនៅក្នុងជួរកងយោធពលខេមរភូមិន្ទជាផ្នែកមួយក្នុងកម្មវិធីការផ្សះផ្សាជាតិ៕ប្រែសម្រួលដោយឃិនណៃ