40.3 C
Phnom Penh

រដ្ឋ​មន្ត្រី​ក្រ​សួង​ទេសចរណ៍​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ខាង​វិស័យ​ទេសចរណ៍​​ទិញ​ផលិត​ផល​ក្នុង​ស្រុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ លោក​ ថោង​ ខុន​ រដ្ឋ​មន្ត្រី​​ក្រសួង​ទេសចរណ៍​បាន​មាន​ប្រសាសន៍ថា ​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន​កើន​ឡើង​ចំនួន​៧​ភាគរយ ​ពោល​គឺ​កើន​ដល់​ចំនួន​១,៩១ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ២០១១​។​

​ប្រទេស​កម្ពុជា​អាច​រក​ប្រាក់ចំណូលពី​​វិស័យ​ទេសចរណ៍​បាន​​ច្រើន​ជាង​នេះ​ ប្រសិន​បើ​សណ្ឋាគារ​នានា​ប្រើ​ប្រាស់​ទំនិញ​កាន់​តែច្រើន​ដែល​ផលិត​ដោយ​ប្រជា​ជន​ក្នុង​ស្រុក​ ជំនួស​ឲ្យ​ការ​នាំ​ចូល​ទំនិញ​ពី​បរទេស​នោះ។

ដោយ​បាន​ថ្លែង​ក្នុង​សន្និសីទ​ នៅ​រាជធានី​ភ្នំពេញ​ លោក ​ថោង​ ខុន ​មាន​ប្រសាសន៍​​ថា​ប្រាក់​ចំណូល​ក្នុង​វិស័យ​ទេស​ចរណ៍​ អាច​មាន​ការ​កើន​ឡើង​ចំនួន​៥០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ប្រសិន​បើ​ក្រុម​ហ៊ុន​នានា​​ ដែលប្រកបមុខ​ជំនួញ​ក្នុង​វិស័យ​ទេសចរណ៍​ទិញ​ផលិតផលពី​អ្នក​ផ្គត់​ផ្គង់​ក្នុង​ស្រុក​។ លោក​​បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះថា “​យើង​ចង់​កាត់​បន្ថយ​ការ​នាំ​ចូល​ [ចំណីអាហារ]ដែល​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​អាច​ផលិត​បាន​រួច​​ហើយ​នោះ​”។

លោក​ ថោង​ ខុន​ បាន​លើក​ឡើង​បន្ថែម​ទៀត​ថា​ “​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ យើង​បាន​ខិត​ខំ​ធ្វើ​ការ​កាត់​បន្ថយ​ចំពោះ​ការ​នាំ​ចូល​បន្លែ​មួយ​ចំនួន​ ដែល​ប្រជា​កសិករ​របស់​យើង​អាច​ដាំ​ដុះ​បាន​ ដោយ​មិន​ប្រើ​ជីគីមី​ និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​”។

ប៉ុន្ដែ ក្រុម​ហ៊ុន​ជា​ច្រើន​ ដែល​ប្រកប​មុខ​ជំនួញ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​តែបង្ហាញថា ផលិត​ផល​ក្នុងស្រុក​មិន​មាន​គុណ​ភាព​គ្រប់​គ្រាន់​ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ទេសចរ​បរទេស​ទេ​។ លោក ​អាន​ ហាន់ ​(Ann Hann) ប្រធាន​គ្រប់​គ្រង​ផ្នែក​ទទួល​ភ្ញៀវ​នៅឯសណ្ឋាគារ​ Heritage Suites Hotel Relais & Chateaux ក្នុង​ខេត្ត​សៀមរាប​ បាន​លើក​ឡើង​ថា “​ភ្ញៀវ​របស់​​យើង​ភាគ​ច្រើន​​មក​ពី​អឺរ៉ុប​ ហើយ​ដូច្នេះ​យើង​ចម្អិនអាហារ​ ដែល​ពួក​គេ​ចូល​ចិត្ត​”។

លោកអាន ​ហាន់​ ឲ្យ​ដឹង​បន្ថែមទៀត​ថា “​ពួក​គេ​មិន​ចង់​ទទួល​ទាន​អាហារ​ខ្មែរ​ទេ​ ហើយ​នៅទី​នេះ​គ្មាន​ផលិត​ផល​គ្រប់​មុខ ដែល​ពួក​គេ​ត្រូវ​ការ​ទេ​”។ លោក អាន ហាន់ បានមាន​ប្រសាសន៍បន្ដ​ទៀត​ថា“ ប្រសិន​បើ​យើង​ទិញ​ផលិត​ផល​ក្នុង​ស្រុក​ដូច​ជា ស្រា​ទំពាំង​បាយ​ជូ ឬផ្លែ​ឈើ​កំប៉ុង ​យើង​មិន​គ្រាន់​តែ​បារម្ភ​អំពី​គុណ​ភាព​ប៉ុណ្ណោះ​​ទេ​ ក៏ប៉ុន្ដែ ​យើង​បារម្ភអំពី​សុខភាពអតិថិ​ជន​របស់​យើង​ដែរ​”។

​លោកថោង​ ខុន​ បាន​មាន​ប្រសាសន៍​ថាពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ចំនួន​ភ្ញៀវ​ទេសចរសរុប​ ដែល​មក​ដល់​ប្រទេស​កម្ពុជា​កើន​ដល់​ចំនួន​២,៨​លាន​នាក់​ ពោល​គឺ​កើន​ចំនួន​១៤​ភាគ​រយ​។​ ចំនួន​ភ្ញៀវ​ទេសចរទាំង​នេះ​អាច​កើន​ដល់​៣,៣លាន​នាក់​ នៅចុង​ឆ្នាំ​នេះ​៕

ប្រែសម្រួល​ដោយហួងកុកទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស