កាលពីម្សិលមិញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ប្រាក់ចំណូលពីវិស័យទេសចរណ៍បានកើនឡើងចំនួន៧ភាគរយ ពោលគឺកើនដល់ចំនួន១,៩១ពាន់លានដុល្លារ នៅឆ្នាំ២០១១។
ប្រទេសកម្ពុជាអាចរកប្រាក់ចំណូលពីវិស័យទេសចរណ៍បានច្រើនជាងនេះ ប្រសិនបើសណ្ឋាគារនានាប្រើប្រាស់ទំនិញកាន់តែច្រើនដែលផលិតដោយប្រជាជនក្នុងស្រុក ជំនួសឲ្យការនាំចូលទំនិញពីបរទេសនោះ។
ដោយបានថ្លែងក្នុងសន្និសីទ នៅរាជធានីភ្នំពេញ លោក ថោង ខុន មានប្រសាសន៍ថាប្រាក់ចំណូលក្នុងវិស័យទេសចរណ៍ អាចមានការកើនឡើងចំនួន៥០០លានដុល្លារក្នុងមួយឆ្នាំ ប្រសិនបើក្រុមហ៊ុននានា ដែលប្រកបមុខជំនួញក្នុងវិស័យទេសចរណ៍ទិញផលិតផលពីអ្នកផ្គត់ផ្គង់ក្នុងស្រុក។ លោកបានមានប្រសាសន៍ឲ្យដឹងដូច្នេះថា “យើងចង់កាត់បន្ថយការនាំចូល [ចំណីអាហារ]ដែលប្រជាពលរដ្ឋក្នុងស្រុកអាចផលិតបានរួចហើយនោះ”។
លោក ថោង ខុន បានលើកឡើងបន្ថែមទៀតថា “រហូតមកដល់បច្ចុប្បន្ននេះ យើងបានខិតខំធ្វើការកាត់បន្ថយចំពោះការនាំចូលបន្លែមួយចំនួន ដែលប្រជាកសិកររបស់យើងអាចដាំដុះបាន ដោយមិនប្រើជីគីមី និងថ្នាំសម្លាប់សត្វល្អិត”។
ប៉ុន្ដែ ក្រុមហ៊ុនជាច្រើន ដែលប្រកបមុខជំនួញក្នុងវិស័យទេសចរណ៍នៅតែបង្ហាញថា ផលិតផលក្នុងស្រុកមិនមានគុណភាពគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរបស់ទេសចរបរទេសទេ។ លោក អាន ហាន់ (Ann Hann) ប្រធានគ្រប់គ្រងផ្នែកទទួលភ្ញៀវនៅឯសណ្ឋាគារ Heritage Suites Hotel Relais & Chateaux ក្នុងខេត្តសៀមរាប បានលើកឡើងថា “ភ្ញៀវរបស់យើងភាគច្រើនមកពីអឺរ៉ុប ហើយដូច្នេះយើងចម្អិនអាហារ ដែលពួកគេចូលចិត្ត”។
លោកអាន ហាន់ ឲ្យដឹងបន្ថែមទៀតថា “ពួកគេមិនចង់ទទួលទានអាហារខ្មែរទេ ហើយនៅទីនេះគ្មានផលិតផលគ្រប់មុខ ដែលពួកគេត្រូវការទេ”។ លោក អាន ហាន់ បានមានប្រសាសន៍បន្ដទៀតថា“ ប្រសិនបើយើងទិញផលិតផលក្នុងស្រុកដូចជា ស្រាទំពាំងបាយជូ ឬផ្លែឈើកំប៉ុង យើងមិនគ្រាន់តែបារម្ភអំពីគុណភាពប៉ុណ្ណោះទេ ក៏ប៉ុន្ដែ យើងបារម្ភអំពីសុខភាពអតិថិជនរបស់យើងដែរ”។
លោកថោង ខុន បានមានប្រសាសន៍ថាពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនភ្ញៀវទេសចរសរុប ដែលមកដល់ប្រទេសកម្ពុជាកើនដល់ចំនួន២,៨លាននាក់ ពោលគឺកើនចំនួន១៤ភាគរយ។ ចំនួនភ្ញៀវទេសចរទាំងនេះអាចកើនដល់៣,៣លាននាក់ នៅចុងឆ្នាំនេះ៕
ប្រែសម្រួលដោយហួងកុកទៀន