33 C
Phnom Penh

នៅ​តំបន់​ជន​បទ ​បក្ស​ សម រង្ស៊ី និយាយ​ថា ខ្លួន​ទទួល​បាន​សន្លឹក​ឆ្នោត​ ស្រប​ពេល​មាន​ជម្លោះ​ដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​ពេល​​លទ្ធ​ផល​បឋម​ពី​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់ កាលពីថ្ងៃ​អាទិត្យបង្ហាញ​ថា គណ​បក្ស​ សម​ រង្ស៊ី​ បាន​​ទទួល​សម្លេង​ឆ្នោត​ច្រើន​​ក្នុង​ទីក្រុង​នោះ តាម​ពិតគណ​​បក្ស សម រង្ស៊ី បាន​បាត់​បង់​តំណែង​ចៅ​សង្កាត់​ទាំង​​បី​​នៅ​​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ប៉ុន្តែ គណបក្ស​​នេះ ទំនងទទួល​បាន​អាសនៈ​​ច្រើន​នៅ​តាម​តំបន់​ជន​បទ​ ដែលជាប់​ពាក់​ព័ន្ធ​នឹង​​វិវាទ​ដី​ធ្លី។

អ្នក​វិភាគ​​លើក​ឡើង​កាលពី​ម្សិល​មិញ​ថា បើទោះ​ជា​តួលេខ​នេះ​​ជា​លទ្ធ​ផល​​​បឋម​ និងមិនគួរ​ឲ្យជឿ​ជាក់​ក៏ដោយ ក៏​លទ្ធ​ផល​​ដំបូង​ទំនង​ជា​មាន​ការ​ប្រែ​ប្រួល​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត​នៅ​តាមជន​បទ​ ទី​ដែល​មានការ​បាត់​បង់​ដី​​ប្រជាពល​រដ្ឋ​ ដោយ​សារ​តែ​សម្បទាន​ដី​សេដ្ឋកិច្ច។ លទ្ធផល​បឋម​នេះ​បង្ហាញ​ថា គណបក្ស​ សមរង្ស៊ីបាន​ទទួល​អាសនៈ​ច្រើន​នៅ​ក្នុង​ឃុំ​ដែល​​មាន​​វិវាទ​ដីធ្លី​​ក្នុង​ខេត្ត​រតនគិរី​ ក្រចេះ​ កោះ​កុង​ បន្ទាយមាន​ជ័យ​ និង​កំពង់​ឆ្នាំង​។

នៅ​ក្នុង​ឃុំ​ស្រែ​ចានិង​ឃុំ​ស្នួលដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ស្នួលខេត្ត​ក្រចេះ​នោះ​​ អ្នក​ភូមិ​បាន​និង​កំពុង​តែ​មាន​វិវាទ​ជាមួយ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​បីអស់រយៈ​ពេល​ជាង​បួន​ឆ្នាំ​មក​ហើយ។ ក្នុង​ឃុំ​នីមួយៗ​ក្នុង​ចំណោម​ឃុំទាំង​ពីរ​នេះ គណ​បក្ស​ សមរង្ស៊ីទទួលបា​ន​អាសនៈក្រុម​ប្រឹក្សា​ឃុំមួយ​។

បើ​ទោះ​ជាគណ​បក្ស​នេះគ្មាន​តំណែងមុន​​ការ​បោះឆ្នោត​នៅក្នុង​ឃុំ​ចងក្រង​ ស្រុក​ចិត្ត​បុរី ក៏ដូចជា​​ក្នុង​ឃុំ​អូរ​គ្រៀង ឃុំ​ក្បាល​ដំរី និង​ឃុំ​រលួស​មានជ័យ ក្នុង​ស្រុក​សំបូរ​ ក៏ដោយ​ក៏នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​អាទិត្យគណ​បក្ស​នេះ​បាន​ទទួល​​អាសនៈមួយ​ក្នុង​ឃុំ​នីមួយៗ​ក្នុង​ចំណោម​ឃុំ​ទាំង​បួន​នេះដែរ​។

ឃុំ​ទាំង​បួន​នេះជាប់​ពាក់​ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​សម្បទាន​ដី​ចំនួន​បី មក​ពី​ប្រទេស​ចិន​ និង​ប្រទេស​វៀតណាម។ លោក​ ឡុងរីសមាជិក​សភា​គណ​បក្ស​ សម រង្ស៊ីដែល​ជា​ប្រធានគណ​បក្ស​ខេត្ត​​ដែរនោះបាន​ថ្លែង​ថា “ យើង​ទទួលបាន​អាសនៈ​ថែម​ទៀត​ក្នុង​ឃុំ ដែល​​​មាន​ជម្លោះ​ដី​ធ្លី​ច្រើនជា​​មួយក្រុម​ហ៊ុន​ដែល​ទទួល​បាន​​សម្បទាន​ដី​សេដ្ឋកិច្ច និង​អ្នក​ជំនួញ​ដែល​មាន​អំណាច​។ យើង​ទទួល​បាន​៧៥​អាសនៈ​ គឺកើនឡើង​​ពី​៧២​អាសនៈ​ក្នុង​ឆ្នាំ​២០០៧”។

បើ​ទោះ​​ជា​ទទួល​​បាន​អាសនៈ​ច្រើន​​នៅ​ជន​បទ​ក៏ដោយ ក៏លោក​ ឡុង​ រីទទួល​ស្គាល់​ថា បក្ស​ សមរង្ស៊ី ​បាត់​បង់​អាសនៈ​ក្រុមប្រឹក្សាចំនួន​ពីរដែរ ក្នុង​​​ក្រុង​​ក្រចេះ​។ លោកថ្លែងថា “ យើង​បាត់​បង់​អាសនៈ​នៅ​​តាម​ក្រុង​”។ នៅ​ក្នុង​ខេត្ត​កោះ​កុងឯណោះ​វិញក៏​មាន​លទ្ធផល​ស្រដៀង​គ្នា​នេះ​ដែរ គឺគណ​បក្ស​ សមរង្ស៊ីទទួលបាន​ប្រាំ​អាសនៈ​បន្ថែម​ពី​លើ​២០​អាសនៈ​ដែល​ខ្លួន​មាន​បច្ចុប្បន្ន​។

លោក​ ជិនសុផលប្រធាន​​គណបក្ស​​ សមរង្ស៊ីប្រចាំ​ខេត្ត​កោះ​កុង​បាន​ថ្លែងថា “ អាសនៈ​ថ្មី​ដែល​យើងទទួលបាន​នេះ​ត្រូវ​បានប្រជា​ពលរដ្ឋ​ ក្នុង​តំបន់​មាន​​វិវាទ​ដី​ធ្លី​រុាំរ៉ៃ​បោះ​ឲ្យ​​”។ នៅ​ក្នុង​ខេត្ត​រតនគិរី​វិញ គណបក្ស​នេះ​ក៏​ទទួល​បាន​អាសនៈ​ក្រុម​ប្រឹក្សាច្រើន​ដែរ គឺ​កើនឡើង​​ពី​២១​ដល់​​៣៥​អាសនៈ​។

លោករិនកញ្ញាប្រធាន​ក្រុម​ប្រឹក​្សា​ខេត្ត​រតនគិរីរបស់​គណ​បក្ស​ សមរង្ស៊ីបាន​ថ្លែងថា “ នៅ​ឆ្នាំ​នេះ យើង​ទទួល​បានអាសនៈ​ថ្មី​ជា​ច្រើន​ពី​អ្នក​បោះ​ឆ្នោត​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​វិវាទ​ដី​ធ្លី​យូ​រមក​ហើយ​ជាមួយ​នឹង​ក្រុម​ហ៊ុននិង​បុគ្គលដែល​មាន​ខ្នង​ក្រាស់​…។ យើង​ទទួលបាន​អាសនៈ​ច្រើន​ក្នុង​កា​រ​បោះ​ឆ្នោត​នេះ​ បើ​ទោះ​ជា​ប្រជាពល​រដ្ឋ​មិនអាច​បោះ​ឆ្នោត​ ដោយ​ឆន្ទៈ​របស់ខ្លួន​ទាំង​ស្រុង​ក៏ដោយ​”។

លោក​ ស្វេន វ៉េវ អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​ទំពួន ដែលបាន​ជាប់​​ពាក់​ព័ន្ធ​ក្នុ​ង​វិវាទ​ដីធ្លី​មួយ​នៅ​ឃុំបាតាង​ ស្រុក​លំផាត់ ជាមួយ​ក្រុមហ៊ុន​ DM គ្រុបដែល​មាន​ខ្នង​ក្រាស់​ អស់​រ​យៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​នោះបាន​មាន​ប្រសាសន៍ថាការ​ផ្ដាច់​​ទំនាក់​ទំនង​នយោបាយ​​របស់​លោក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ គឺ​ជា​េសចក្ដី​សម្រេច​ដ៏ងាយ​ស្រួល​មួយ​។

លោក​ វ៉េវ ដែលធ្លាប់​​ជា​សមាជិក​របស់​គណ​បក្ស​ប្រជាជន​កម្ពុជានិង​ធ្លាប់​ធ្វើ​ជា​មន្ត្រី​នគរ​បាល​ស្រុកអស់​​រយៈ​ពេល​១០​ឆ្នាំ មុន​ពេល​ធ្វើ​ជា​​តំណាង​ភូមិ​​អំឡុងវិវាទ​នេះបាន​មានប្រសាសន៍ថា “ ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​មន្ត្រី​ឃុំ​ និង​មន្ត្រី​ស្រុក​របស់គណ​បក្ស​ប្រជា​ជន​កម្ពុជាដោយ​សារ​តែពួកគេ​គ្មាន​​សមត្ថភាព​​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​នេះ។ ខ្ញុំ​បាន​ចូល​រួម​ជាមួ​យ​គណ​បក្ស សម រង្ស៊ី និង​បោះ​ឆ្នោត​ឲ្យគណ​បក្ស​ សមរង្ស៊ីនៅ​ឆ្នាំ​នេះ​ ពី​ព្រោះ​ខ្ញុំ​សង្ឃឹម​ថាមន្ត្រី​មក​ពី​គណ​បក្ស​​ សមរង្ស៊ីនឹង​ផ្លាស់​ប្ដូរ​ឃុំ​នេះជាពិសេស​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លីឲ្យ​ប្រជា​ជនក្រីក្រ​”។

លោក​  គល់​ បញ្ញានាយក​ប្រតិបត្តិ​នៃ​គណៈ​​កម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិ​ធម៌​នៅ​​កម្ពុជាបាន​លើក​ឡើង​ថាការ​ទទួលបាន​អាសនៈ​របស់​គណ​បក្ស​ សម រង្ស៊ី​ នៅ​ក្នុង​តំបន់​ទាំង​នេះ​ គឺ​ជាការ​ឆ្លុះ​បញ្ចាំងពី​ការ​មិន​ពេញ​ចិត្ត​កាន់​តែ​​ខ្លាំង​ឡើងពី​សំណាក់​ប្រជាជន​ចំពោះ​ការ​​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​របស់​រដ្ឋាភិបាល​។ លោក​​បាន​ថ្លែងថា “ នៅ​តំបន់​​​ខ្លះ​ ជម្លោះដីធ្លី​​​បាន​អូស​បន្លាយ​ពេល​​យូរ​​ ហើយ​ប្រជា​ជន​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ​…នោះជា​មូល​ហេតុ​ដែល​ពួកគេ​ត្រូវ​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​ថ្មី”។

លោក​បន្ដ​ថា ​ក្នុង​តំបន់​ដែល​រដ្ឋាភិបាល​អាច​រក​ដំណោះ​​ស្រាយ​បាន​ ​បក្ស​​កាន់​អំណាចនៅ​តែ​មាន​ប្រៀប​ បើ​ទោះ​មាន​វិវាទក៏ដោយក៏ប៉ុន្ដែ​ ​តាម​ជន​បទ​ដាច់​ស្រយាល​ ដែល​ពាក់​ព័ន្ធ​នឹង​វិវាទ​ដី​ធ្លី​ អ្នក​បោះ​ឆ្នោត​​មាន​​អារម្មណ៍​ថា ​រង​ការ​គាប​សង្កត់​ច្រើន។ លោក​បាន​ថ្លែង​ថា “​ប្រជា​ពល​រដ្ឋ​ដែល​រង​ប៉ះ​ពាល់​ដោយ​សារ​សម្បទាន​ដី​​ មានការ​ព្រួយ​បារម្ភ​ណាស់ ដូច្នេះ​ពួកគាត់​​ចាំ​បាច់​ត្រូវ​ស្វែង​រក​ដំណោះ​ស្រាយ​ផ្សេង​ចំពោះបញ្ហាេនះ”។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​បង្ហាញ​ពី​សារៈសំខាន់​​នៃ​​បញ្ហា​វិវាទ​ដី​ធ្លី​សម្រាប់​គណ​បក្ស​ប្រជា​ជន​កម្ពុជា នៅ​មុន​​ការ​បោះ​ឆ្នោត ​ដោយ​អំពាវ​នាវ​ឲ្យមាន​ការ​ផ្អាកការ​​ផ្ដល់​ដី​សម្បទានជាបណ្តោះ​អាសន្ន​។មុន​ការ​បោះ​ឆ្នោតនេះ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​​បំពាន​ការ​សន្យារបស់​លោក​ថា នឹង​នៅ​ស្ងៀម​ស្ងាត់​ ប៉ុន្តែ​បែរ​ជា​​ទូរស័ព្ទ​ទៅ​សហ​គមន៍​​នៅ​ក្នុង​ខេត្ត​សៀម​រាបនិង​ខេត្ត​ឧត្តរ​មាន​ជ័យ ​ដើម្បីសន្យាជា​មួយ​​ពួកគាត់​ថា នឹង​រក​ដំណោះ​ស្រាយ​​ល្អៗ​​ ចំពោះ​ជម្លោះ​ដីធ្លីរបស់​ពួកគាត់​៕

(រាយ​ការណ៍​បន្ថែម​ដោយ Abby Seiff)

ប្រែសម្រួល​ដោយ ចេវ​ ប៊ុននី

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស