34 C
Phnom Penh

បក្ស​​​ប្រជាជន​​​​​​ឈ្នះ​​​​​​អាសនៈ​​​ក្រុម​​​ប្រឹក្សា​​​ឃុំ-សង្កាត់​​​ចំនួន​​​៧២​​​ភាគរយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ​​​ គណបក​​្សប្រជាជន​​​កម្ពុជា​​​​បាន​​​ប្រកាស​​​អំពី​​​ជ័យ​​​ជម្នះ​​​នៅក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ-សង្កាត់​​​កាល​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ ដោយ​​​លើក​​​​ឡើង​​​ថា ខ្លួន​​​ទទួលបាន​​​អាសនៈ​​​ក្រុម​​​ប្រឹក្សា​​​ឃុំ-សង្កាត់​​​ចំនួន​​​៧២​​​ភាគរយ​​​ និង​ទទួល​​​បានមុខ​​​​តំណែង​​​​ជា​​​មេឃុំ​​​-ចៅ​​​សង្កាត់​​ជិត​៤១​​​ភាគរយ​​​ក្នុង​​​ចំណោម​​មុខតំណែង​​​ជា​​​មេឃុំ-ចៅសង្កាត់​​​ទាំង​​​​១.៦៣៣​​​។

ណែកគណបក្ស​​​ សម រង្ស៊ី បាន​​​ឲ្យ​​​ដឹង​​​ថាខ្លួន​​​ទទួល​​​បាន​​​អាសនៈ​​​ក្រុម​​​ប្រឹក្សា​​​ឃុំ-សង្កាត់​​​ចំនួន​​​១៩​​​ភាគរយ​​​ និង​​​​រក្សា​​​​​​មុខ​​​តំណែង​​​មេឃុំ-ចៅសង្កាត់​​​បានតែ​​​២២​​​ប៉ុណ្ណោះ​​​ក្នុង​​​ចំណោម​​​​មុខ​​​តំណែង​​​ចំនួន​​​២៨​​​ ដែល​​​ខ្លួន​​​ទទួល​បាន​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ-សង្កាត់​​​ឆ្នាំ​​​២០០៧​​​។

ឥឡូវ​​​នេះ​​ បក្ស​​​ប្រជាជនកម្ពុជា ​​​​និយាយ​ថា ខ្លួន​​​គ្រប់​​​គ្រង​​​១.៥៩២​​​ឃុំ​​​-សង្កាត់​​​ គឺ​​មាន​ការ​​​កើន​​​ឡើង​​​មុខ​​​តំណែង​​​មេឃុំ​- ចៅ​សង្កាត់​ចំនួន​​​មួយ​​​​​​លើស​​​លទ្ធផល​​​បោះ​​​ឆ្នោត​​​របស់​​​ខ្លួន​​​ក្នុង​​​ឆ្នាំ​​​២០០៧​​​ ហើយ​​​លើក​​​ឡើង​​​ទៀត​​​ថា​ខ្លួន​​​ឈ្នះ​​​បាន​​​អាសនៈ​​​ក្រុម​​​ប្រឹក្សាឃុំ-សង្កាត់​​​ចំនួន​​​៨.២៨៣​​​​​ក្នុង​​​ចំណោម​​​១១.៤៥៩​​​អាសនៈ​​​។

លោក​​​ ជាម យៀប សមាជិ​​កសភា​ជាន់​​​ខ្ពស់​​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​លទ្ធផល​​​បោះ​​​ឆ្នោតបឋម​នេះ​ថា “ គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ទទួល​​​បាន​​​ជ័យ​​​ជម្នះ​​​យ៉ាង​​​ច្រើន​​​នៅក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ-សង្កាត់​​​លើក​​​នេះ​​​។​​​ យើង​​​គ្រប់​​​គ្រង​​​ជាង​​​១.០០០​​​ឃុំ-សង្កាត់​​នៅ​ទូទាំង​​​ប្រទេស​​​ ហើយ​​​​យើង​​​សប្បាយ​​​រី​​​រាយ​​​​ចំពោះ​លទ្ធផល​​​នេះ​​​ ហើយ​​​យើង​​​សូម​​​អរគុណ​​​ដល់​​​អ្នក​​​គាំទ្រ​​​របស់​​​យើង​​​”។ លោកបាន​​​បន្ថែម​​​ទៀត​​​ថា “ ប្រជា​ជន​​​ជាង​​​៣,៨លាន​​​នាក់​​​បាន​​បោះ​​​ឆ្នោត​​​ឲ្យ​​​គណ​​បក្ស​​​ប្រជាជន​​​កម្ពុជា”។

យោង​​​តាម​​​គេហទំព័រ​​​ផ្លូវ​​​ការ​​​របស់​​​គណ​បក្សប្រជាជនកម្ពុជា បាន​​​បង្ហាញ​ថា  គណបក្ស​​​សម រង្ស៊ី ដែល​​​ធ្លាប់​​​ទទួល​​​បានជ័យ​​​ជម្នះ​​​ច្រើន​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​២០០៧​​​នោះ ​ទទួលបាន​​​​​អាសនៈ​​​ក្រុម​​​ប្រឹក្សា​​​ឃុំ-សង្កាត់​​​តែ​​​២.១៥៥​​​ប៉ុណ្ណោះ​​​ គឺ​ធ្លាក់​ចុះ​​​ពី​​​​២.៦៦០​​​អាសនៈ​ ដែល​​​គណបក្ស​​​នេះ​កាន់​កាប់​​​ នៅ​​​​មុន​ពេល​​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ថ្ងៃ​​​អាទិតុ្យ​​​នេះ។

លោក យឹម សុវណ្ណ​​​ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សម រង្ស៊ី បាន​​​មានប្រសាសន៍​​​ថា “យោង​​​តាម​​​លទ្ធផល​​​​បឋម​ យើង​​​ទទួល​​​បាន​សន្លឹក​​​​​​ឆ្នោត​​​​​យ៉ាង​​​តិច​​​ណាស់​​​ចំនួន​​​២១​​​ភាគរយ​​​នៃ​សន្លឹក​​​ឆ្នោត​​​សរុប​​​​​​ ហើយ​​​គ្រប់​​​គ្រង​​​ចំនួន​​​២២​​​ឃុំ-សង្កាត់​​​”។ លោក​បាន​​​មាន​​​ប្រសាសន៍​​​ថា ​លោក​សង្ឃឹម​​​ថា ចំនួន​​​នេះ​​​នឹង​​​កើន​​​ឡើង​​​ បន្ទាប់​​​ពី​​​គណបក្ស សម រង្ស៊ី ដាក់​​​ពាក្យ​​​បណ្ដឹង​​ទៅ​​​កាន់​​​គណៈកម្មាធិការ​​​ជាតិរៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​ជុំ​​​វិញ​​​ភាព​​​មិន​​​ប្រក្រ​​​តី​​​ ដែល​​​កើត​​​មាន​​​ក្នុង​​​ពេល​​​បោះ​​​ឆ្នោត​​​។ លោកអះ​​​អាង​​​ផង​​​ដែរ​​​ថា អ្នក​​​បោះ​​​ឆ្នោត​​​ចំនួន​​​៤លាន​​​​នាក់​មិន​​​អាច​​​រក​​ឈ្មោះ​​​​របស់​​​​ពួក​​​គេ​​​នៅ​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​​​​ឃើញ​​​ទេ​​​​​។

លោក យឹម សុវណ្ណ​​​ បាន​​​បន្ដ​​​ទៀត​​​ថា “នឹងមាន​​​ឃុំ-សង្កាត់​​​លើស​​​ពី​​​នេះ​​​ទៀត​​​ ដែល​​​ត្រូវ​​​គ្រប់​​​គ្រង​​​ ពី​​​ព្រោះ​​​ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​តែ​​​រៀ​​ប​​​ចំ​​​ពាក្យ​​​បណ្ដឹង​​​”។ លោក ទេព នីថា អគ្គលេខាធិការ​​​គណៈ​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​បាន​​​មាន​ប្រសាសន៍​​​ថា លទ្ធផល​​​បោះ​​​ឆ្នោត​​​ជា​​​ផ្លូវ​​​ការ​​​នឹង​​​មិន​​​ទាន់​​​ប្រកាស​​​ឲ្យ​​​ដឹងនៅ​​​ឡើយ​​​ទេ​​​ រហូត​ដល់​​​ថ្ងៃ​​​ទី​​​២៤​​​ ខែ​​​មិថុនា ព្រោះ​​​ គ.ជ.ប ​ជា​ធម្មតា​​​​ទុក​​​ពេល​​​ប្ដឹង​​​តវ៉ា​​​​​​បន្ទាប់​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​។

ការ​​​ភ្ញាក់​​​ផ្អើល​​​ដ៏​​​ខ្លាំង​​​បំផុត​​​នៅក្នុង​​​ការ​​​បោះ​​​ឆ្នោ​​​កាល​​​ពី​​​ថ្ងៃអាទិត្យ​​​គឺ​ថា​ ​​គណបក្ស​​​សិទ្ធិមនុស្ស​​​ទទួល​​​បាន​​​មុខ​​​តំណែង​​​មេឃុំ​​​-ចៅ​សង្កាត់​​​ចំនួន​​​១៨​​​ ទោះ​​​បី​​​ជា​​​គណបក្ស​​​នេះ​​​ទើប​ឈរ​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ឃុំ-សង្កាត់​​​លើក​​​​ដំបូង​​​​ក៏ដោយ​​​។ លោក កឹម សុខា ​​​ថ្លែង​​​ទៅកាន់​​​សន្និ​សីទ​​​​សារព័ត៌មានកាលពី​​​ម្សិលមិញ​​​ ដែល​​​នៅ​​ទី​​​នោះ​​​លោកបាន​​​លើក​​​ឡើង​​​ពី​​​លទ្ធភាព​​​នៃ​​​ការ​​​រួប​​​រួម​​​គ្នា​​​ជា​​​មួយ​​​គណបក្ស​​​ សម រង្ស៊ី នៅ​​​មុន​​​ពេល​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​ក្រោយ​​​ថា “​​​យើងយក​​​​មុខ​​​តំណែង​​​មេឃុំ​​​ចំនួន​​​១៨​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ​​​មិន​​​មែន​​​យក​​​ពី​​​គណបក្ស​​​សម រង្ស៊ី ទេ​​​។

លោក សម គន្ធាមី អ្នក​​​សម្រប​​​សម្រួល​​​គណៈ​កម្មាធិការ និកហ្វិក​​​ ​​​បាន​​​មាន​​​ប្រសាសន៍​ថា ការ​​​បញ្ចូល​​​គ្នា​​​រវាង​​​សំឡេងឆ្នោត​​​គណបក្ស​​​សម រង្ស៊ី និង​​​គណបក្ស​​​សិទ្ធិមនុស្ស​​​​ ធ្វើ​ឲ្យ​គណ​បក្ស​​​ប្រជាជន​កម្ពុជា​​​ ទទួលបាន​​​ជ័យ​​​ជម្នះ​​​តែ​​​បន្ដិច​​​បន្ដួច ​​​​និង​អាចជា​​​សញ្ញា​​​វិជ្ជមាន​​​​​​សម្រាប់​​គណបក្ស​​​តូច​​​ៗ​​​នៅក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​ក្រោយ​​​។ លោកបាន​​​បន្ដ​​​ទៀត​​​ថា “ សម្រាប់​​​គណបក្ស​​​ប្រជាជនកម្ពុជា​​​វិញ ខ្ញុំ​​​យល់​​​ឃើញ​​​ថា អ្នក​​​បោះ​​​ឆ្នោត​​​នៅ​​​តែ​​​មាន​​​ចំនួន​​​ដូច​​ការ​​​បោះ​​​ឆ្នោត​​​លើក​​​មុន​​​។ គណបក្ស​​​ប្រជា​ជន​កម្ពុជា មាន​​​អ្នក​​​បោះ​​​ឆ្នោត​​​គាំទ្រ​​​ចំនួន​​​៣​លាន​នាក់​​​ គឺ​​​នៅ​​​មាន​​​ចំនួន​​​ដដែល​​​ ប៉ុន្ដែអ្នក​​​បោះ​ឆ្នោត​២​លាន​​​នាក់​​​ផ្សេង​​​ទៀត​​​បាន​​​បោះ​​​ឆ្នោត​​​ឲ្យ​​​គណបក្ស​​​សិទ្ធិមនុស្ស​​​ គណបក្ស​​​ សម​ រង្ស៊ី​និង​​​គណបក្ស​​ ហ្វុ៊នស៊ិនប៉ិច។ ខ្ញុំ​​​គិត​​​ថា សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​នាពេល​​​ខាង​​​មុខ ​​​គណបក្ស​​​ប្រឆាំង​​​នឹង​​​ទទួល​​​បាន​​​អាសនៈ​​​ច្រើន​​​ជាង​​​នេះ​​​[នៅក្នុង​​​រដ្ឋសភា] ដោយ​​​ផ្អែក​​​លើ​​​លទ្ធផល​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​។

គណៈ​កម្មាធិការនិកហ្វិក​​​ បានឲ្យ​​​ដឹងថា​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​កាលពី​​​ថ្ងៃ​​​អាទិត្យ​មិន​​​មែន​​​ជា​​​ក្ដី​​​សង្ឃឹម​​​សម្រាប់​​​គណបក្ស​​​រាជា​​​និយម​​​ទេ។ គណបក្ស​​​ នរោត្តម រណប្ញទ្ធិ មិន​​​បាន​​​ទទួល​​​កៅអី​​​មេឃុំ​​-សង្កាត់​ណាមួយ​​​ឡើយចំណែក​​​ឯគណបក្ស​​​ ហ្វុ៊ន​​​សិុនប៉ិច បាន​បាត់បង់​​​តំណែង​​​មេឃំុ​​​ពីរដែលខ្លួនបានឈ្នះ​​​កាលពី​​​ឆ្នាំ២០០៧​​​ ។  ចំនួ​​​​​ន​​​អ្នក​​​បោះឆ្នោត​​​កាលពី​​​ថ្ងៃអាទិត្យ​​​តិច​​​ជាង​​​កាលពី​​​ការបោះ​​​ឆ្នោត​​​លើក​​​មុនៗ​​​ ហើយ​​​ចំនួន​​​​​​នេះ​​​ក៏ខុសគ្នា​​​ទៅ​​​តាម​​​អ្នក ​​​ដែល​​​ផ្ដល់​​​ចម្លើយ​​​ផង​​​ដែរ ។

គ.ជ.ប បាន​​​លើក​​​ឡើង​​​ថា​​​ ៦៤ភាគ​រយ​​​នៃ​​​​អ្នក​​​ចុះ​ឈ្មោះ​បោះឆ្នោត​​​​​​ទាំង​​​៩,២​លាន​នាក់​​​នៅ​​​ទូទាំង​​​ប្រទេស​​​បានទៅ​បោះ​ឆ្នោតគឺ​​​​ធ្លាក់​​​ចុះ​​​ពី​​​៦៧ភាគរយ​​​ក្នុង​​​ឆ្នាំ​​​២០០៧ និង​​​ធ្លាក់ពី​​​៨៧ភាគរយ​​​ក្នុង​​​ឆ្នាំ​​​២០០២​​​។ ទោះជា​​​យ៉ាង​​​ណា​​​ អ្នក​​​អង្កេតការ​​​នយោ​បាយ​​ឯករាជ្យ​​​បាន​​​លើក​​​ឡើង​​​ថា​​ ចំនួន​​​អ្នក​​​បោះ​​​ឆ្នោត​​​នេះ​តិច​​​ជាង​​​ពី​​​មុនឆ្ងាយ​​​ណាស់​​​។ លោក គល់ បញ្ញា នាយក​​​ប្រតិបត្តិ​​​​គណៈ​កម្មាធិការ​ខុមហ្វ្រែល​​​​ បាន​​​មាន​​​ប្រសាសន៍ថា​​​មាន​​​អ្នកចុះ​ឈ្មោះ​​បោះ​ឆ្នោត​តែ​៦១​ភាគរយ​ប៉ុណ្ណោះ​បាន​​ទៅ​​​​បោះឆ្នោត​។

លោក​​​​​​ប្រសាសន៍​​​នៅឯសនិ្នសីទ​កាសែត​កាលពី​​​ម្សិល​​​មិញ​​​ថា​​​​​​ “ ចំនួន​​​ប្រជាពលរដ្ឋ​​​ដែល​​​បាន​​ទៅ​បោះឆ្នោត​​​បាន​​​ធ្លាក់​​​ចុះ​​​ពី​​​៦៧​ភាគរយ​​​ក្នុង​​​ឆ្នាំ​​​២០០៧​​​មក​​​ត្រឹម​​​៦១ភាគរយ​​​ក្នុង​​​ឆ្នាំ​​​នេះ​​​ ដូច្នេះ​​​ហើយ​​គណៈ​កម្មាធិការ​ខុមហ្វ្រែល កំពុង​​​ព្យាយាម​​​ស្វែង​​​រក​​​មូល​​​ហេតុ​​​ដែល​​​ប្រជា​​​ពលរដ្ឋ​​​ជាច្រើន​​​មិ​​ន​​​បាន​​​ទៅ​​​បោះ​​ឆ្នោត​​​និងអ្នក​​​​ដែល​រង​​​ផល​​​ប៉ះពាល់​​​…។ យើង​​​កំពុង​​​ស្រាវ​​​ជ្រាវ​​​រក​​​មូល​​​ហេតុ​​​”។

លោកគល់ បញ្ញា​​​ បាន​​​មាន​​​ប្រសាសន៍​ថា​​​៦១ភាគរយ​​​នៃ​​​អ្នក​​​បោះឆ្នោត​​​បាន​​​ទៅ​​​បោះ​​​ឆ្នោត​​​ ចំណែក​​​ឯ​​​គណៈ​កម្មាធិ​ការ​និកហ្វិក​​​ បាន​ ​​​អះអាងថា​​​ ចំនួនអ្នក​​​ទៅ​​​បោះ​​​ឆ្នោត​​​មាន​​​​​​តែ​​​៥៤ភាគរយ​​ប៉ុណ្ណោះ​​។ លោក​​​ គន្ធាមី​​ បាន​ថ្លែង​ថា ៥៤​ភាគរយ​​​នៃ​​​​អ្នក​​​​ចុះ​​​ឈ្មោះ​​​បាន​​​ទៅ​​​បោះ​​​ឆ្នោត​​​។ លោក​​​បានមាន​​​ប្រសាសន៍ថា​​​ “ ខ្ញុំ​​​គិត​​​ថា​​​បញ្ហា​​​មួយ​​​គឺ ពាក់ព័ន្ធ​​​នឹង​​​កម្មករ​​​រោង​​​ចក្រ។​ជាធម្មតា​​ពួកគាត់ត្រូវទៅផ្ទះ​​​ដើម្បី​​​បោះ​​​ឆ្នោត​​​ ដែលមាន​​​ន័យ​​​ថា​​​ ពួកគាត់​​​ត្រូវ​​​ចំណាយ​​​ប្រាក់​​​ក្នុង​​​ការ​​​ធ្វើដំណើរ​​​ ដូច្នេះ​​​ពួកគាត់​​​មិន​​​បានទៅ​​​បោះឆ្នោតទេ​​​។ ខ្ញុំបាន​​​និយាយ​​​ជាមួយកម្មករ​​​រោងចក្រ​​​ជាច្រើន​​​នាក់​​​ អំពី​​​ការ​​​បោះឆ្នោត​​​ ហើយ​​​ពួកគាត់​​​និយាយថា​​​ ពួកគាត់​​​គ្មាន​​​ប្រាក់់​​​សម្រាប់​​​ធ្វើដំណើរ​​​ទេ​​​”។

លោកបាន​​​មាន​​​ប្រសាសន៍បន្តថា​​​ “ បញ្ហា​​​មួយ​​​ទៀត​​​គឺ​​​ពាក់ព័ន្ធជា​​​មួយ​​​ការ​​​ចុះ​​​ឈ្មោះ​​​បោះឆ្នោត​​​។ ប្រជាពលរដ្ឋ​​​បាត់​​​ឈ្មោះ​​​របស់​​​ពួកគាត់​​​។ ពួកគាត់​​​ត្រូវ​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​វិញ​​​ដោយ​​​មិន​​​អាច​​​ប្រើសិទ្ធិ​​​របស់​​​គាត់​​​ដើម្បី​​​បោះឆ្នោតបាន​​​”៕

(រាយការណ៍បន្ថែមដោយ​​​ ឃី សុវុឌ្ឍី)

ប្រែសម្រួលដោយ ហួង កុក​​​ទៀង​​​និង​​​ ហម​​​ សុផាណ្ណា​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស