កាលពីម្សិលមិញ លោក កឹមសុខាប្រធានគណបក្សសិទ្ធិមនុស្ស បានផ្សព្វផ្សាយពីលទ្ធភាពនៃការរួមបញ្ចូលគ្នាតែមួយរវាងគណបក្សរបស់លោក និងគណបក្ស សម រង្ស៊ី ឲ្យបានមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំក្រោយនេះបន្ទាប់ពីលោកបានលើកឡើងថា លទ្ធផលការបោះឆ្នោតឃុំ-សង្កាត់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បញ្ជាក់ថា ចំណាត់ការបែបនេះអាចបង្កើតជម្រើសមួយ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលគ្រប់គ្រងអំណាច។
ប្រធានបទស្តីពីការរួមបញ្ចូលគ្នារវាងគណបក្សទាំងពីរ ត្រូវបានពិភាក្សាម្ដងហើយម្ដងទៀតតាំងពីឆ្នាំ២០០៨មកម្លេ៉ះ ក៏ប៉ុន្ដែការចងសម្ពន្ធភាពមួយបែបនេះ មិនទាន់ទទួលបានលទ្ធផលផ្លែផ្កានៅឡើយទេ។
នៅឯសន្និសីទកាសែតមួយនៅស្នាក់ការកណ្តាលរបស់គណបក្សសិទ្ធិមនុស្ស កាលពីម្សិលមិញ លោក សុខា បានថ្លែងថា លោកនឹងទូរស័ព្ទទៅលោក សមរង្ស៊ីប្រធានគណបក្ស សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនក្នុងទីក្រុងបារីស ឲ្យគិតឡើងវិញចំពោះគំនិតនេះ។ លោក សុខា មានប្រសាសន៍ថា “ខ្ញុំត្រូវទូរស័ព្ទទៅលោក រង្ស៊ី ដោយផ្ទាល់ ដើម្បីឲ្យដឹងនិងពិភាក្សាថា តើត្រូវរួមបញ្ចូលគណបក្ស សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សដោយរបៀបណា”។ លោកបានមានប្រសាសន៍ថា “កន្លងមកយើងបានព្យាយាមរួមបញ្ចូលគ្នា ប៉ុន្ដែពេលនោះ គណបក្សទាំងពីរបានព្យាយាមប្រមូលអ្នកគាំទ្ររបស់ខ្លួនផ្ទាល់”។
លោក កឹម សុខា បានមានប្រសាសន៍ថា “ ពេលនេះ គណបក្សទាំងពីរទទួលបានលទ្ធផលបោះឆ្នោតប្រហាក់ប្រហែលគ្នា ដូច្នេះប្រសិនបើគណបក្ស សមរង្ស៊ីពិតជាចង់ឈ្នះគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាចមែន ប្រជាពលរដ្ឋ និងជាតិ ត្រូវតែរួមបញ្ចូលគ្នា”។គណបក្ស សិទ្ធិមនុស្ស អះអាងថា ខ្លួនដណ្តើមបានតំណែងប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន១៨ ក្នុងចំណោមតំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន១.៦៣៣ទូទាំងប្រទេស កាលពីថ្ងៃអាទិត្យ។ វាជាលើកដំបូង
ហើយដែលគណបក្សនេះបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់។លទ្ធផលនេះរឹតតែគួរឲ្យខកចិត្តទៅទៀតសម្រាប់គណបក្ស សមរង្ស៊ី ដែលលើកឡើងថាខ្លួនដណ្តើមបានតំណែងមេឃុំ-សង្កាត់ តែ២២ប៉ុណ្ណោះ គឺបាត់អស់តំណែងមេឃុំ-សង្កាត់ ចំនួនប្រាំមួយ បើធៀបទៅនឹងការបោះឆ្នោតឃុំ-សង្កាត់ក្នុងឆ្នាំ២០០៧។
លោក សុខាបានថ្លែងថាជ័យជម្នះរបស់គណបក្សលោក កាលពីថ្ងៃអាទិត្យ គឺជាសមត្ថភាពរបស់ខ្លួនក្នុងការទាញយកសំឡេងឆ្នោតពីគណបក្សប្រជាជនកម្ពុជា មិនមែនគណបក្ស សម រង្ស៊ី ទេ។ លោកថ្លែងថា “ខ្ញុំបានដកមេឃុំ-ចៅសង្កាត់ ចំនួន១៨ពីគណបក្សប្រជាជនកម្ពុជា មិនមែនគណបក្ស សមរង្ស៊ីទេ”។
លោកយឹមសុវណ្ណអ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានមានប្រសាសន៍ថា គណបក្ស សមរង្ស៊ី មានគំនិតផ្ទាល់ខ្លួនស្តីពីរបៀបដែលគណបក្សទាំងពីរនេះអាចធ្វើការជាមួយគ្នា ដោយប្រសិទ្ធភាព ក៏ប៉ុន្ដែ លោកមិនបានដឹងថា តើលោក សុខា បានទូរស័ព្ទទៅរកលោក សម រង្ស៊ីហើយឬយ៉ាងណាទេ។
លោកសុវណ្ណបានមានប្រសាសន៍ថា “ពីកិច្ចពិភាក្សាគ្នាជាយូរមកហើយ យើងមានបំណងរួមបញ្ចូលគ្នា”។ លោក សុវណ្ណ បានមានប្រសាសន៍ថា ជំហានបន្ទាប់ គឺត្រូវចាប់ផ្ដើមពីកម្លាំងថ្នាក់មូលដ្ឋានរបស់គណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ឲ្យមានសកម្មភាពកាន់តែខ្លាំងក្លាថែមទៀត។
លោក សុវណ្ណ បានមានប្រសាសន៍ថា“យើងសូមអំពាវនាវដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងរបស់គណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្ស ធ្វើសេចក្ដីសម្រេចរួម ដើម្បីបោះឆ្នោតប្រធានភូមិទៅតាមឆន្ទៈរបស់ប្រជាជន និងដើម្បីជួយការពារដីរបស់ពួកគេ ព្រមទាំងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផងដែរ”។លោកបានបន្ថែមថា ជាដំបូង ត្រូវតែមានសាមគ្គីគ្នារវាងគណបក្សទាំងពីរនេះហើយ “បន្ទាប់មក យើងនឹងពិភាក្សាអំពីការរួមបញ្ចូលគ្នា”។
លោក ជាម យៀប សមាជិកសភាគណបក្សប្រជាជនកម្ពុជា មិនបារម្ភចំពោះលទ្ធភាពនៃការរួមបញ្ចូលគ្នារបស់គណបក្សប្រឆាំងឡើយ។លោកបានមានប្រសាសន៍ថា“គណបក្សប្រជាជនកម្ពុជា មិនខ្លាចចំពោះការរួមបញ្ចូលគ្នារបស់គណបក្ស សមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្ស ឡើយ។គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សគ្រប់គ្រងអំណាច ដែលមានអ្នកគាំទ្រចំនួន៥,៥លាននាក់នៅទូទំាងប្រទេស”៕
ប្រែសម្រួលដោយចេវប៊ុននី