38 C
Phnom Penh

បញ្ជូន​កូនក្មេងរាប់​រយ​នាក់​ទៅ​កាន់​ប្រទេស​ចិន​ដោយ​សម្ងាត់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​អូរជុំខេត្ត​រតនគិរី៖ក្រោម​កម្តៅ​ថ្ងៃ​ក្ដៅ​នៃ​រដូវ​ប្រាំង​នា​ឆ្នាំ​១៩៧៧ ពេទ្យទាហានខ្មែរ​ក្រហម​វ័យ​ក្មេង​ម្នាក់ត្រូវ​បាន​គេ​ហៅឲ្យ​ទៅ​បំពេញ​បេសកកម្ម​​ដ៏​សម្ងាត់​បំផុត​មួយ។ វា​គឺ​ជា​បេសកកម្ម​ ដែល​គាត់​មិន​​បាន​និយាយ​ជា​សាធារណៈ​ រហូត​មក​ដល់សព្វ​​ថ្ងៃ​នេះ គឺមានរយៈពេលជិត៣៥​ឆ្នាំ​កន្លងមក​ហើយ​។

បទ​បញ្ជា​បានបញ្ជូនដល់​ ​លោក ជុ សុវ៉ាត់នៅ​ពេល​គាត់​កំពុង​តែ​ចូល​រួម​វគ្គបំពាក់បំប៉ននៅ​ឯ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត ក្នុង​រាជ​ធានី​ភ្នំពេញ ក្រោម​ការ​បង្ហាត់បង្រៀន​​របស់​លោក​ ជួន ជឿន ​​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​​នៅ​ក្នុងរបបប៉ុលពត។

បទ​បញ្ជា​​ ដែល​ផ្ញើមកនោះ គឺ​​​សរសេរ​ដោយ​ដៃបញ្ជាក់ថា ​ លោក សុវ៉ាត់ និងពេទ្យ​ម្នាក់​​ទៀត ត្រូវបានជ្រើសរើស​ឲ្យ​​ធ្វើ​ជា​អ្នក​នាំ​ទំនិញ​សំខាន់ៗ​ទៅ​កាន់​ប្រទេស​ចិន។ ពេទ្យ​មានតួនាទី​សំខាន់​ណាស់​ ដើម្បី​ធានា​​ សុខភាពតាមផ្លូវ​អាកាស​ដល់​អ្នក​ដែល​ត្រូវ​បញ្ជូន​ទៅកាន់គោល​ដៅ​ចុង​ក្រោយ​ ជាកន្លែង​ដែល​លោក​ សុវ៉ាត់បាន​និយាយ​ថាគេមិនអាច​​​ប្រាប់គាត់បាន​ទេ​ ដោយ​សារ​តែ​វាជា​ប្រតិ​​​បត្តិ​​​​ការមួយ​ដ៏សម្ងាត់បំផុត។

ធាតុ​ពិតការបញ្ជូន​ទាំង​នោះ​ ត្រូវ​បាន​គេ​រក្សា​ជា​រឿង​សម្ងាត់​បំផុតរហូត​ដល់​លោកសុវ៉ាត់បាន​ទៅ​ដល់​អាកាសយាន​ដ្ឋាន​ពោធិ​​​ចិន​​​តុង​ ដែល​ឥឡូវ​គេ​ហៅ​ថាអាកាស​​​យាន​​​ដ្ឋាន​​​​អន្ដរជាតិ​ភ្នំពេញ​ នាវេលា​ព្រឹក​មួយ​ ក្នុង​ខែមេសាឆ្នាំ​១៩៧៧។

អ្វី​ដែល​បាន​រង់​ចាំ​គាត់​នោះ​ គឺគាត់​មិន​អាច​នឹក​ស្មាន​ដល់ទាល់តែសោះនោះ​​​គឺកូន​​​ក្មេង​ខ្មែរចំនួន​៣០០​នាក់​ ​កំពុង​តែត្រៀម​​​ចេញ​​​​ដំណើរ​នៅ​ពាស​ពេញ​កន្លែង​នោះ​ ក្មេង​ទាំង​អស់នោះ​គ្មាន​នរណា​ម្នាក់​មាន​អាយុ​លើស​ពី​ប្រាំ​ឆ្នាំ​នោះ​ទេ​ ហើយ​ក្មេង​ៗ​ភាគ​ច្រើន​មាន​អាយុ​ត្រឹម​តែ​មួយ​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ​។

លោក​ សុវ៉ាត់បាន​រៀប​រាប់​ កាល​ពី​ថ្ងៃ​ពុធ​ នៅឯ​ផ្ទះ​ឈើ​ដ៏ទ្រុឌទ្រោម​របស់​គាត់​ ដែលនៅ​មិន​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​រតនគិរី​នោះ​ថាក្មេង​ៗ​មួយ​ចំនួន​ក្នុង​ចំណោម​ក្មេង​ៗ​ទាំង​អស់​នោះ​ គឺ​មិន​មាន​សម្លៀកបំពាក់​ដូច​ពេល​ដែល​ពួក​គេ​ទើប​តែកើត​មក​អ៊ីចឹង។

ក្មេង​ផ្សេងៗ​ទៀត​ ស្លៀកតែ​ខោខ្លីនិង​​​ពាក់អាវ​យឺត​ប៉ុណ្ណោះ​ ហើយសម្លៀកបំពាក់​ទាំង​នោះសុទ្ធ​តែ​​ពណ៌ខ្មៅ។ក្មេង​ៗ​ទាំង​អស់​នោះ​នៅ​ក្មេង​ណាស់​ ដោយ​អ្នក​ខ្លះ​មិន​ទាន់​​​ចេះ​​​​និយាយ​ផង​។ លោកសុវ៉ាត់អាយុ​៦២​ឆ្នាំសមាជិក​ជន​ជាតិ​ភាគ​តិច​ទំពួន​ តែ​មើល​ទៅ​ក្មេង​ជាង​អាយុ​​​​នេះ​ បាន​លើក​ឡើង​ថា“ពួក​គេ​ទើបតែ​ចេះ​និយាយ​មួយ​ម៉ាត់​ៗប៉ុណ្ណោះ​”។

លោកសុវ៉ាត់បានបន្ដ​ថា“ក្មេង​ៗ​ចំនួន​៣០០​​​​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់ប្រទេស​ចិន​​​ តាម​យន្ដ​ហោះ​។ក្មេង​ៗ​ខ្លះ​មិន​ទាន់​ចេះ​និយាយ​ទេ​។ពួកគេ​មិន​ទាន់​ស្គាល់​ឈ្មោះ​ខ្លួន​ឯង​ផង​”។ លក្ខខណ្ឌចាំបាច់របស់​​ក្មេងៗ​ត្រូវ​បាន​បញ្ជូន​តាម​យន្ដ​ហោះ​ចំនួន​ពីរ​គ្រឿង​​ ដែល​មក​ពី​ប្រទេស​ចិន​នៅ​ថ្ងៃ​នោះ​ គឺ​ពួកគេ​ចាំ​​​បាច់​​​​​​អាច​​​ដើរ​បានឬ​ក៏​ទើបចេះដើរ​តេះតះ​ដោយ​​​ខ្លួន​ឯង​។

លោកសុវ៉ាត់បាន​ពន្យល់​ប្រាប់​ថា​ ក្មេង​​​ទាំង​​​នោះត្រូវ​បាន​គេ​បីឡើង​ទៅ​លើ​យន្ដ​ហោះ​ ហើយពួកគេ​ស្លៀក​ពាក់​ឯកសណ្ឋាន​​​របស់​​​របប​ ប៉ុលពត។ ពួក​គេ​ត្រូវ​បាន​ជ្រើស​រើស​ទៅ​​ប្រទេស​ចិន​ ទាំង​អាយុ​ក្មេង​បំផុត​។លោកសុវ៉ាត់បាន​ពន្យល់​ថាគ្មាននរណាមួយប្រាប់លោក​ជា​ផ្លូវ​ការ​ថាហេតុ​អ្វី​បាន​ជា​ក្មេង​ៗ​ទាំង​នេះ​ ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ចិន​នោះ​ទេ​ តែ​ទោះ​ជា​យ៉ាង​​​​ណា​ លោក​បាន​លើក​ឡើង​ថាក្មេង​ៗ​ទាំង​នេះ​ត្រូវ​បាន​អង្គការ​ជ្រើស​រើស​ឲ្យ​ទៅ​​ប្រទេស​ចិន​​។

លោក​ សុវ៉ាត់បាន​លើក​ឡើង​ថាដោយ​ក្មេងៗ​ទាំង​នេះ​នៅ​មាន​គំនិត​ក្មេង​ខ្ចី​ ហេតុ​ដូច្នេះ​ហើយ​នៅ​ថ្ងៃ​អនាគតអាច​ក្លាយ​ទៅ​ជា​មនុស្ស​ ដែល​ងាយ​ស្រួល​ប្រើ។ក្មេង​ៗ​ដែល​​​បាន​បញ្ជូន​ទៅ​នេះ​ ត្រូវ​បាន​គេចិញ្ចឹម​ និង​បំពាក់​បំប៉ន​នៅក្នុង​ប្រទេស​ចិន​ ដើម្បី​រង់​ចាំ​ថ្ងៃ​ណាមួយ​បញ្ជូន​ពួក​គេ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញនៅ​ពេលពួក​គេ​ពេញ​វ័យហើយ​មាន​ជំនាញ​បច្ចេក​ទេស​ និង​មាន​ជំនាញ​ខាង​ផ្នែក​បញ្ចូល​មនោគម​វិជ្ជា​ ដែល​រៀន​ពី​គ្រូដ៏​ល្អ​នៅប្រទេស​ចិន។

លោក​បាន​បន្ដ​ថា“ ​ក្មេង​ៗ​ទាំង​នេះ​ត្រូវ​បាន​​​​បញ្ជូន​ទៅ​កាន់ប្រទេស​ចិន​ ពី​ព្រោះ​ខួរ​​​ក្បាល​​​ពួក​គេ​ នៅស្អាតដូច​ជា​ក្រដាស​ស​អ៊ីចឹង​។ពួក​គេ​នៅ​មិន​ទាន់​មាន​អ្វី​មក​ដិតដាន​នៅ​ឡើយ​ទេ​។គេ​ចង់​បាន​មនុស្ស​ណា​ ដែល​ស្អាតដូច​ក្រដាស​ស​ ព្រោះអាច​ងាយ​ស្រួល​នឹង​បញ្ចូល​​​​មនោគមវិជ្ជា​ឲ្យ​ពួក​គេ​”។

លោកសុវ៉ាត់បាន​មាន​ប្រសាសន៍​ថា“​ពួកគេ​នឹង​ចិញ្ចឹម​ក្មេង​ៗ​ទាំង​នោះ​ ហើយ​ដល់​​​ពេល​​​​​ពួកគេ​ធំ​ពេញ​វ័យ​ គេ​នឹង​បំពាក់បំប៉ន​​នៅក្នុង​ [ប្រទេស​ចិន]។ក្មេងៗ​ទាំង​នេះ​ងាយ​​​ទទួល​មនោគ​មវិជ្ជាដើម្បី​កសាងរបប​សង្គម​​​និយម​​”។

ក្នុង​អំ​ឡុង​ពេលបច្ចុប្បន្ន​នេះ​​ ​​ពិភព​លោក​បាន​ដឹង​អំ​ពី​ការ​ពិសោធក្នុង​សង្គម​ដ៏​រន្ធត់​ ដែល​បាន​ប្រព្រឹត្ត​ឡើង​ដោយ​របប​ប៉ុល​ពត​​ ប៉ុន្តែ​ ការ​បញ្ជូន​កូនក្មេង​ខ្មែរជា​ច្រើន​នាក់​ទៅ​កាន់​ប្រទេស​​ចិន​ក្នុង​អំ​ឡុង​របប​ខ្មែរ​ក្រ​ហម​នោះ​ គឺ​ជា​អំពើមួយ​ដ៏​សាហាវព្រៃផ្សៃដែល​គេ​ដឹង​ឮ​តិច​តួច​បំ​ផុតក្នុង​របប​នោះ។

លោក​ ឆំាង​​ យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ដែល​ជា​កន្លែង​ផ្ទុក​ព័ត៌មាន​ធំ​បំផុត​ទាក់​ទង​នឹង​របប​​ប៉ុល​ពត​ បាន​មាន​ប្រ​សាសន៍​ថា ​ក្មេងៗខ្មែរជា​ច្រើន​នាក់ត្រូវ​បាន​ខ្មែរ​ក្រ​ហម​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​ធ្វើ​ការបំពាក់​បំប៉ន។ លោក​​ ឆំាង យុ​ ​បន្ត​ថា អ្នក​ទាំងនោះ​​ភាគ​ច្រើន​ជា​កម្មាភិបាល​ក្មេងៗ​ និងចេះដឹង​គុណ​ចំពោះ​ឱកាស​ ដែល​របបនោះបាន​ផ្តល់​ឲ្យ​ពួកខ្លួន។ ​លោក​បាន​មានប្រសាសន៍ថា​លោក​ធ្លាប់បាន​ជួប​ពួក​គេ​ខ្លះ​ ដែល​បាន​ត្រឡប់​មកប្រទេសកម្ពុជា​វិញ​។

លោក ​ឆំាងយុ ​មាន​ប្រ​សាសន៍​បន្ត​ទៀត​ថា​​“ខ្ញុំបាន​ជួប​ពួក​គេ​ខ្លះដែរ​។​ពួក​គេ​នៅ​តែ​មាន​មោទនភាព​ចំ​ពោះ​ប្រ​ទេស​ចិន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ សម្រាប់​ពួក​គេ​ ពួក​គេ​គឺជា​កូនអ្នកក្រ​​ដែល​មិន​មាន​អ្វី​សោះ​នៅក្នុង​សង្គម ​ប៉ុន្តែ​ ​ចិន​បាន​ផ្តល់​ឲ្យ​ពួក​គេ​នូវ​ឋានៈ​ក្នុងសង្គម​មួយ”។ លោក​​​បន្ត​ទៀត​ថា អ្នក​​ទទួលបានការបំពាក់បំប៉ន​នៅ​ក្នុងប្រទេស​ចិនទាំង​នោះ ​អាច​មាន​លទ្ធ​ភាព​រក​ការងារ​បានល្អ​ ហើយ​ពួកគេ​មិន​បាន​មើល​ឃើញ​អំ​ពី​អំ​ពើរ​អាក្រក់​ ដែលរបប​ប៉ុល ​ពត ​បាន​ប្រ​ព្រឹត្ត​អំ​ឡុង​ឆ្នាំ​នៃ​ការ​កាន់​អំ​ណាច​ដ៏​បង្ហូរ​ឈាម​របស់​ពួក​គេឡើយ​។

លោក​ឆំាងយុ ​​បាន​ថ្លែង​បន្ត​ទៀត​ថា”​បទ​ឧក្រិដ្ឋ​ ដែល​បាន​ប្រ​ព្រឹត្តិ​ដោយ​របប​ពួក​គេ​មកលើមនុស្ស​រាប់​លាន​នាក់​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​​រួម​ទាំង​សាច់​ញាតិ​របស់​ពួកគេ​ផង​ដែរ​​ គឺហាក់ដូចជាអត់អីសោះសម្រាប់ពួកគេ។​ ពួក​គេ​ពិត​ជា​ត្រូវ​បាន​លាង​ខួរ​ក្បាល​យ៉ាង​ស្អាត”។

លោកសុវ៉ាត់មិន​ដែល​និយាយ​អំពី​ការ​ធ្វើ​ដំណើរ​ដោយ​សម្ងាត់​​ទៅ​កាន់​ប្រទេស​ចិន​នៅ​ពេល​នោះ​​ទេ​​ហើយបច្ចុប្បន្ន​នេះ​​លោក​នៅ​តែ​មានការព្រួយ​បារម្ភ​ក្នុងការ​និយាយ​អំ​ពី​រឿង​នោះ។

លោកសុវ៉ាត់បានរំលឹកឡើងថា”ខ្ញុំត្រូវនាំកូនក្មេងមានអាយុក្រោមប្រាំឆ្នាំទៅប្រទេសចិន។ខ្ញុំ​បាន​សួរ​មេ​បញ្ជា​ការ​ភូមិភាគឦសានឈ្មោះ ​ស​ ឃឿន ​ថា​​តើមាន​អ្វី​បានជាបញ្ជូន​ពួកគេទៅ​កាន់​ប្រទេស​ចិន​? គាត់​ឆ្លើយ​ថាក្មេងទាំង​អស់​នោះ​ គឺ​ជា​កូន​ក្មេង​សម្រាប់​បញ្ជូន​ទៅរៀន​ផ្នែក​គ្រឿងចក្រ​ នៅក្នុងប្រទេស​ចិន។ក្មេងៗ​ទាំង​អស់​នោះ​ មាន​ក្មេង​ប្រុស​ និងមាន​​ក្មេង​ស្រី​។កូនក្មេង​ទាំង​អស់​ គឺ​ជា​ក្មេង​កំព្រារ។ខ្ញុំ​មិន​ដឹង​ថាគេ​ជ្រើស​រើស​កូនក្មេង​ទាំង​នោះដោយ​របៀប​ណា​នោះ​ទេ​។នៅ​ពេល​នោះខ្ញុំ​មិន​ហ៊ាន​សួរ​សំនួរ​នេះ​ទេ​”។

លោកសុវ៉ាត់​ បាន​​បន្ដ​ថា”​ខ្ញុំ​ពរកូន​ក្មេង​ពីរ​នាក់​ឡើង​យន្ដ​ហោះ​។ក្មេង​ខ្លះ​យំ​ ប៉ុន្ដែនៅ​ពេល​អ្នក​បម្រើ​លើយន្ដ​ហោះ​ឲ្យ​នំ​ញ៉ាំ​ ពួកគេ​ក៏​ឈប់​យំ។ពួក​គេ​យំ​នៅ​ពេល​​ពួក​គេ​ដើរ​នៅក្នុង​យន្ដ​ហោះ​ ហើយ​បាន​បុក​កៅ​អី​ និង​នៅ​ពេល​ពួក​គេ​ដួល​”។លោកបាន​ពណ៌នា​អំពី​យន្ដ​ហោះ​មួយគ្រឿងដែល​ផ្ទុក​ពេញ​ទៅ​ដោយ​កូនក្មេង​ចំនួន​១៥០​នាក់​ ដែល​មិន​គួរ​ឲ្យ​ជឿ​ថា​វា​ស្ងប់​ស្ងាត់។

រឿង​លម្អិត​មួយ​ផ្សេង​ទៀត​របស់​លោកសុវ៉ាត់ហាក់​បី​ដូច​ជា​​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លះដែរ​។ដំបូងលោក​ពណ៌នា​ អំពី​អ្នក​បម្រើ​លើ​យន្ដ​ហោះ​ថា​ជា​ជន​ជាតិ​ចិន​​ដើម្បីរៀប​ចំ​កន្លែង​ឲ្យ​ក្មេង​ៗ​តាម​កៅ​អី​ពួក​គេរៀងៗ​ខ្លួន​ តែក្រោយ​មក​លោក​​បាន​និយាយ​ថាគឺ​មាន​តែ​កម្មាភិបាល​ខ្មែរ​ក្រហម​ប៉ុណ្ណោះ​​នៅ​លើ​យន្ដ​ហោះ​ ដោយ​លោក​សន្និដ្ឋាន​ថាជា​អ្នក​មក​ជួយ​ខ្មែរ​ ដោយធ្វើដំណើរតាម​ជើង​យន្ត​ហោះ​មកពីប្រទេស​ចិន​ ដើម្បី​រៀប​ចំ​ឲ្យ​ក្មេង​ៗ​ឡើង​លើ​យន្ដ​ហោះ។

តែ​នៅ​ពេលរៀប​រាប់​រំ​ឭក​នេះ​មក​ដល់​ចំ​ណុច​នេះ ​លោកសុវ៉ាត់បាន​ប្ដូរ​ទឹក​មុខ​។លោក​បាន​ទម្លាក់​សម្លេង​បន្តិច​ ហើយ​​​សួរ​ថា”តើខ្ញុំ​នឹង​មាន​បញ្ហា​ទេដោយសារ​រឿង​នេះ​?​។

ទោះយ៉ាង​ណា​ក៏​ដោយ ​លោក​សុ​វ៉ាត់​បាន​និយាយបន្តទៀត ​​ដោយ​​និយាយ​ប្រាប់​រឿង​ជិះើ​យន្ដ​ហោះរបស់គាត់ ​ដោយ​គាត់​បាន​ពណ៌នា​អំពីវិធី​​គ្រូបង្វឹក​មក​ទទួល​ក្មេង​ៗ​ នៅ​ពេល​ពួក​គេ​បាន​ទៅ​ដល់​អាកាសយាន​ដ្ឋាន​ដ៏ធំក្នុង​ទី​ក្រុងមួយរបស់​ប្រទេស​ចិន​ ដែល​គេមិនដែល​ប្រាប់​ថាជា​ទី​ក្រុង​ឈ្មោះ​អ្វី​នោះ​ទេហើយ​រហូត​មក​ដល់​ពេល​សព្វ​ថ្ងៃ​នេះ​ លោកក៏​មិន​បាន​ដឹង​ថាទី​ក្រុង​នោះ​ឈ្មោះ​ទី​ក្រុង​អ្វី​ដែរ។  លោក​បាន​និយាយបន្ដ​ទៀត​ថា”​នៅ​ពេល​យើងចុះ​ពី​លើ​យន្ដ​ហោះ​ យើង​បាន​ឃើញ​យន្ដ​ហោះ​ជា​ច្រើន​ និង​ផ្លូវ​​ហោះហេើរ​ធំៗ​ជា​ច្រើន”។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស