ស្រុកអូរជុំខេត្តរតនគិរី៖ក្រោមកម្តៅថ្ងៃក្ដៅនៃរដូវប្រាំងនាឆ្នាំ១៩៧៧ ពេទ្យទាហានខ្មែរក្រហមវ័យក្មេងម្នាក់ត្រូវបានគេហៅឲ្យទៅបំពេញបេសកកម្មដ៏សម្ងាត់បំផុតមួយ។ វាគឺជាបេសកកម្ម ដែលគាត់មិនបាននិយាយជាសាធារណៈ រហូតមកដល់សព្វថ្ងៃនេះ គឺមានរយៈពេលជិត៣៥ឆ្នាំកន្លងមកហើយ។
បទបញ្ជាបានបញ្ជូនដល់ លោក ជុ សុវ៉ាត់នៅពេលគាត់កំពុងតែចូលរួមវគ្គបំពាក់បំប៉ននៅឯមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្នុងរាជធានីភ្នំពេញ ក្រោមការបង្ហាត់បង្រៀនរបស់លោក ជួន ជឿន ជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅក្នុងរបបប៉ុលពត។
បទបញ្ជា ដែលផ្ញើមកនោះ គឺសរសេរដោយដៃបញ្ជាក់ថា លោក សុវ៉ាត់ និងពេទ្យម្នាក់ទៀត ត្រូវបានជ្រើសរើសឲ្យធ្វើជាអ្នកនាំទំនិញសំខាន់ៗទៅកាន់ប្រទេសចិន។ ពេទ្យមានតួនាទីសំខាន់ណាស់ ដើម្បីធានា សុខភាពតាមផ្លូវអាកាសដល់អ្នកដែលត្រូវបញ្ជូនទៅកាន់គោលដៅចុងក្រោយ ជាកន្លែងដែលលោក សុវ៉ាត់បាននិយាយថាគេមិនអាចប្រាប់គាត់បានទេ ដោយសារតែវាជាប្រតិបត្តិការមួយដ៏សម្ងាត់បំផុត។
ធាតុពិតការបញ្ជូនទាំងនោះ ត្រូវបានគេរក្សាជារឿងសម្ងាត់បំផុតរហូតដល់លោកសុវ៉ាត់បានទៅដល់អាកាសយានដ្ឋានពោធិចិនតុង ដែលឥឡូវគេហៅថាអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នាវេលាព្រឹកមួយ ក្នុងខែមេសាឆ្នាំ១៩៧៧។
អ្វីដែលបានរង់ចាំគាត់នោះ គឺគាត់មិនអាចនឹកស្មានដល់ទាល់តែសោះនោះគឺកូនក្មេងខ្មែរចំនួន៣០០នាក់ កំពុងតែត្រៀមចេញដំណើរនៅពាសពេញកន្លែងនោះ ក្មេងទាំងអស់នោះគ្មាននរណាម្នាក់មានអាយុលើសពីប្រាំឆ្នាំនោះទេ ហើយក្មេងៗភាគច្រើនមានអាយុត្រឹមតែមួយឆ្នាំកន្លះប៉ុណ្ណោះ។
លោក សុវ៉ាត់បានរៀបរាប់ កាលពីថ្ងៃពុធ នៅឯផ្ទះឈើដ៏ទ្រុឌទ្រោមរបស់គាត់ ដែលនៅមិនឆ្ងាយពីទីរួមខេត្តរតនគិរីនោះថាក្មេងៗមួយចំនួនក្នុងចំណោមក្មេងៗទាំងអស់នោះ គឺមិនមានសម្លៀកបំពាក់ដូចពេលដែលពួកគេទើបតែកើតមកអ៊ីចឹង។
ក្មេងផ្សេងៗទៀត ស្លៀកតែខោខ្លីនិងពាក់អាវយឺតប៉ុណ្ណោះ ហើយសម្លៀកបំពាក់ទាំងនោះសុទ្ធតែពណ៌ខ្មៅ។ក្មេងៗទាំងអស់នោះនៅក្មេងណាស់ ដោយអ្នកខ្លះមិនទាន់ចេះនិយាយផង។ លោកសុវ៉ាត់អាយុ៦២ឆ្នាំសមាជិកជនជាតិភាគតិចទំពួន តែមើលទៅក្មេងជាងអាយុនេះ បានលើកឡើងថា“ពួកគេទើបតែចេះនិយាយមួយម៉ាត់ៗប៉ុណ្ណោះ”។
លោកសុវ៉ាត់បានបន្ដថា“ក្មេងៗចំនួន៣០០នាក់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសចិន តាមយន្ដហោះ។ក្មេងៗខ្លះមិនទាន់ចេះនិយាយទេ។ពួកគេមិនទាន់ស្គាល់ឈ្មោះខ្លួនឯងផង”។ លក្ខខណ្ឌចាំបាច់របស់ក្មេងៗត្រូវបានបញ្ជូនតាមយន្ដហោះចំនួនពីរគ្រឿង ដែលមកពីប្រទេសចិននៅថ្ងៃនោះ គឺពួកគេចាំបាច់អាចដើរបានឬក៏ទើបចេះដើរតេះតះដោយខ្លួនឯង។
លោកសុវ៉ាត់បានពន្យល់ប្រាប់ថា ក្មេងទាំងនោះត្រូវបានគេបីឡើងទៅលើយន្ដហោះ ហើយពួកគេស្លៀកពាក់ឯកសណ្ឋានរបស់របប ប៉ុលពត។ ពួកគេត្រូវបានជ្រើសរើសទៅប្រទេសចិន ទាំងអាយុក្មេងបំផុត។លោកសុវ៉ាត់បានពន្យល់ថាគ្មាននរណាមួយប្រាប់លោកជាផ្លូវការថាហេតុអ្វីបានជាក្មេងៗទាំងនេះ ត្រូវបញ្ជូនទៅប្រទេសចិននោះទេ តែទោះជាយ៉ាងណា លោកបានលើកឡើងថាក្មេងៗទាំងនេះត្រូវបានអង្គការជ្រើសរើសឲ្យទៅប្រទេសចិន។
លោក សុវ៉ាត់បានលើកឡើងថាដោយក្មេងៗទាំងនេះនៅមានគំនិតក្មេងខ្ចី ហេតុដូច្នេះហើយនៅថ្ងៃអនាគតអាចក្លាយទៅជាមនុស្ស ដែលងាយស្រួលប្រើ។ក្មេងៗដែលបានបញ្ជូនទៅនេះ ត្រូវបានគេចិញ្ចឹម និងបំពាក់បំប៉ននៅក្នុងប្រទេសចិន ដើម្បីរង់ចាំថ្ងៃណាមួយបញ្ជូនពួកគេត្រឡប់មកប្រទេសកម្ពុជាវិញនៅពេលពួកគេពេញវ័យហើយមានជំនាញបច្ចេកទេស និងមានជំនាញខាងផ្នែកបញ្ចូលមនោគមវិជ្ជា ដែលរៀនពីគ្រូដ៏ល្អនៅប្រទេសចិន។
លោកបានបន្ដថា“ ក្មេងៗទាំងនេះត្រូវបានបញ្ជូនទៅកាន់ប្រទេសចិន ពីព្រោះខួរក្បាលពួកគេ នៅស្អាតដូចជាក្រដាសសអ៊ីចឹង។ពួកគេនៅមិនទាន់មានអ្វីមកដិតដាននៅឡើយទេ។គេចង់បានមនុស្សណា ដែលស្អាតដូចក្រដាសស ព្រោះអាចងាយស្រួលនឹងបញ្ចូលមនោគមវិជ្ជាឲ្យពួកគេ”។
លោកសុវ៉ាត់បានមានប្រសាសន៍ថា“ពួកគេនឹងចិញ្ចឹមក្មេងៗទាំងនោះ ហើយដល់ពេលពួកគេធំពេញវ័យ គេនឹងបំពាក់បំប៉ននៅក្នុង [ប្រទេសចិន]។ក្មេងៗទាំងនេះងាយទទួលមនោគមវិជ្ជាដើម្បីកសាងរបបសង្គមនិយម”។
ក្នុងអំឡុងពេលបច្ចុប្បន្ននេះ ពិភពលោកបានដឹងអំពីការពិសោធក្នុងសង្គមដ៏រន្ធត់ ដែលបានប្រព្រឹត្តឡើងដោយរបបប៉ុលពត ប៉ុន្តែ ការបញ្ជូនកូនក្មេងខ្មែរជាច្រើននាក់ទៅកាន់ប្រទេសចិនក្នុងអំឡុងរបបខ្មែរក្រហមនោះ គឺជាអំពើមួយដ៏សាហាវព្រៃផ្សៃដែលគេដឹងឮតិចតួចបំផុតក្នុងរបបនោះ។
លោក ឆំាង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាកន្លែងផ្ទុកព័ត៌មានធំបំផុតទាក់ទងនឹងរបបប៉ុលពត បានមានប្រសាសន៍ថា ក្មេងៗខ្មែរជាច្រើននាក់ត្រូវបានខ្មែរក្រហមបញ្ជូនទៅកាន់ប្រទេសចិនដើម្បីធ្វើការបំពាក់បំប៉ន។ លោក ឆំាង យុ បន្តថា អ្នកទាំងនោះភាគច្រើនជាកម្មាភិបាលក្មេងៗ និងចេះដឹងគុណចំពោះឱកាស ដែលរបបនោះបានផ្តល់ឲ្យពួកខ្លួន។ លោកបានមានប្រសាសន៍ថាលោកធ្លាប់បានជួបពួកគេខ្លះ ដែលបានត្រឡប់មកប្រទេសកម្ពុជាវិញ។
លោក ឆំាងយុ មានប្រសាសន៍បន្តទៀតថា“ខ្ញុំបានជួបពួកគេខ្លះដែរ។ពួកគេនៅតែមានមោទនភាពចំពោះប្រទេសចិនរហូតដល់សព្វថ្ងៃនេះ។ សម្រាប់ពួកគេ ពួកគេគឺជាកូនអ្នកក្រដែលមិនមានអ្វីសោះនៅក្នុងសង្គម ប៉ុន្តែ ចិនបានផ្តល់ឲ្យពួកគេនូវឋានៈក្នុងសង្គមមួយ”។ លោកបន្តទៀតថា អ្នកទទួលបានការបំពាក់បំប៉ននៅក្នុងប្រទេសចិនទាំងនោះ អាចមានលទ្ធភាពរកការងារបានល្អ ហើយពួកគេមិនបានមើលឃើញអំពីអំពើរអាក្រក់ ដែលរបបប៉ុល ពត បានប្រព្រឹត្តអំឡុងឆ្នាំនៃការកាន់អំណាចដ៏បង្ហូរឈាមរបស់ពួកគេឡើយ។
លោកឆំាងយុ បានថ្លែងបន្តទៀតថា”បទឧក្រិដ្ឋ ដែលបានប្រព្រឹត្តិដោយរបបពួកគេមកលើមនុស្សរាប់លាននាក់នៅក្នុងប្រទេសកម្ពុជារួមទាំងសាច់ញាតិរបស់ពួកគេផងដែរ គឺហាក់ដូចជាអត់អីសោះសម្រាប់ពួកគេ។ ពួកគេពិតជាត្រូវបានលាងខួរក្បាលយ៉ាងស្អាត”។
លោកសុវ៉ាត់មិនដែលនិយាយអំពីការធ្វើដំណើរដោយសម្ងាត់ទៅកាន់ប្រទេសចិននៅពេលនោះទេហើយបច្ចុប្បន្ននេះលោកនៅតែមានការព្រួយបារម្ភក្នុងការនិយាយអំពីរឿងនោះ។
លោកសុវ៉ាត់បានរំលឹកឡើងថា”ខ្ញុំត្រូវនាំកូនក្មេងមានអាយុក្រោមប្រាំឆ្នាំទៅប្រទេសចិន។ខ្ញុំបានសួរមេបញ្ជាការភូមិភាគឦសានឈ្មោះ ស ឃឿន ថាតើមានអ្វីបានជាបញ្ជូនពួកគេទៅកាន់ប្រទេសចិន? គាត់ឆ្លើយថាក្មេងទាំងអស់នោះ គឺជាកូនក្មេងសម្រាប់បញ្ជូនទៅរៀនផ្នែកគ្រឿងចក្រ នៅក្នុងប្រទេសចិន។ក្មេងៗទាំងអស់នោះ មានក្មេងប្រុស និងមានក្មេងស្រី។កូនក្មេងទាំងអស់ គឺជាក្មេងកំព្រារ។ខ្ញុំមិនដឹងថាគេជ្រើសរើសកូនក្មេងទាំងនោះដោយរបៀបណានោះទេ។នៅពេលនោះខ្ញុំមិនហ៊ានសួរសំនួរនេះទេ”។
លោកសុវ៉ាត់ បានបន្ដថា”ខ្ញុំពរកូនក្មេងពីរនាក់ឡើងយន្ដហោះ។ក្មេងខ្លះយំ ប៉ុន្ដែនៅពេលអ្នកបម្រើលើយន្ដហោះឲ្យនំញ៉ាំ ពួកគេក៏ឈប់យំ។ពួកគេយំនៅពេលពួកគេដើរនៅក្នុងយន្ដហោះ ហើយបានបុកកៅអី និងនៅពេលពួកគេដួល”។លោកបានពណ៌នាអំពីយន្ដហោះមួយគ្រឿងដែលផ្ទុកពេញទៅដោយកូនក្មេងចំនួន១៥០នាក់ ដែលមិនគួរឲ្យជឿថាវាស្ងប់ស្ងាត់។
រឿងលម្អិតមួយផ្សេងទៀតរបស់លោកសុវ៉ាត់ហាក់បីដូចជាមានការភ្ញាក់ផ្អើលខ្លះដែរ។ដំបូងលោកពណ៌នា អំពីអ្នកបម្រើលើយន្ដហោះថាជាជនជាតិចិនដើម្បីរៀបចំកន្លែងឲ្យក្មេងៗតាមកៅអីពួកគេរៀងៗខ្លួន តែក្រោយមកលោកបាននិយាយថាគឺមានតែកម្មាភិបាលខ្មែរក្រហមប៉ុណ្ណោះនៅលើយន្ដហោះ ដោយលោកសន្និដ្ឋានថាជាអ្នកមកជួយខ្មែរ ដោយធ្វើដំណើរតាមជើងយន្តហោះមកពីប្រទេសចិន ដើម្បីរៀបចំឲ្យក្មេងៗឡើងលើយន្ដហោះ។
តែនៅពេលរៀបរាប់រំឭកនេះមកដល់ចំណុចនេះ លោកសុវ៉ាត់បានប្ដូរទឹកមុខ។លោកបានទម្លាក់សម្លេងបន្តិច ហើយសួរថា”តើខ្ញុំនឹងមានបញ្ហាទេដោយសាររឿងនេះ?។
ទោះយ៉ាងណាក៏ដោយ លោកសុវ៉ាត់បាននិយាយបន្តទៀត ដោយនិយាយប្រាប់រឿងជិះើយន្ដហោះរបស់គាត់ ដោយគាត់បានពណ៌នាអំពីវិធីគ្រូបង្វឹកមកទទួលក្មេងៗ នៅពេលពួកគេបានទៅដល់អាកាសយានដ្ឋានដ៏ធំក្នុងទីក្រុងមួយរបស់ប្រទេសចិន ដែលគេមិនដែលប្រាប់ថាជាទីក្រុងឈ្មោះអ្វីនោះទេហើយរហូតមកដល់ពេលសព្វថ្ងៃនេះ លោកក៏មិនបានដឹងថាទីក្រុងនោះឈ្មោះទីក្រុងអ្វីដែរ។ លោកបាននិយាយបន្ដទៀតថា”នៅពេលយើងចុះពីលើយន្ដហោះ យើងបានឃើញយន្ដហោះជាច្រើន និងផ្លូវហោះហេើរធំៗជាច្រើន”។