28.4 C
Phnom Penh

សាលា​ដំ​បូងរាជធានីបើក​សវនាការកាត់​ក្តី​ទីប្រឹក្សា​​លោក ជា ស៊ីម ដោយ​គ្មានអវត្តមាន​ចុងចោទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​​ ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​​បើក​សវនាការ​កាត់​ទោស​មន្ត្រី​ម្នាក់​ទៀត​របស់​លោក​ ជា ស៊ីម​ ប្រធាន​ព្រឹទ្ធ​សភា នៅពេល​អតីត​ទី​ប្រឹក្សា​ម្នាក់​ប្រឈម​​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​ ទាក់​ទង​នឹងកិច្ច​ព្រម​ព្រៀង​ទិញលក់​ដី​មួយ​កន្លែង​ក្នុង​ឆ្នាំ​២០០៨។

យោង​តាមលោកប៉ែនស៊ីម៉នក្រឡា​បញ្ជី​សាលាដំបូង​ បាន​ឲ្យ​ដឹង​ថា លោក មីុ រដ្ឋាអាយុ​​៤១​ឆ្នាំ អតីត​ទី​ប្រឹក្សា ដែល​មិន​បាន​ចូលខ្លួនក្នុងតុលាការ​​ កាល​ពី​ម្សិល​មិញ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង់​ប្រាក់​ឲ្យ​ដៃ​គូ​ជំនួញ​របស់​ខ្លួន​ គឺ លោក ឆន សារ៉ាន់ អាយុ​៣៦​ឆ្នាំ ដោយ​ប្រើប្រាស់​មូល​ប្បទាន​បត្រ​ក្លែង​ក្លាយចំនួន​បី មាន​ទឹក​ប្រាក់​ដល់​ទៅ​២៥0.០០០​ដុល្លារ​ កាល​ពី​​ខែ​មីនាឆ្នាំ២០០៩។

លោក ស៊ីម៉ន បាន​មាន​ប្រសាសន៍ថាលោកសារ៉ាន់បាន​ធ្វើ​ពាក្យ​បណ្តឹង​ នៅ​ពេល​ដែល​មូលប្បទានបត្រ សម្រាប់​បង់​​ប្រាក់​ឲ្យ​​លោកសារ៉ាន់​ ក្នុង​ការ​ព្រម​ព្រៀងទិញ​លក់ដី​សង់រោង​ចក្រ​មួយ នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញទាំងនោះ ជាមូលប្បទានបត្រក្លែងក្លាយ​ ពីព្រោះ ​​លោក រដ្ឋា មិន​បាន​ទទួល​​ប្រាក់​គ្រប់​គ្រាន់​ ក្នុង​គណនី​ធនាគារ​របស់​លោក​ឡើយ​។

លោក សៅ នឿន មេធាវី​របស់​លោក​​​ សារ៉ាន់បាន​មាន​ប្រ​សាសន៍​ថា “​កូន​ក្តី​របស់​ខ្ញុំនិង​លោក រដ្ឋា បាន​ព្រម​ព្រៀង​សហការ​គ្នា​ ក្នុងនាម​ជាអ្នក​រកសុី​ទិញ​លក់​​ដី​ក្នុង​ឆ្នាំ​២០០៨។ពួក​គេ​បាន​ទិញ​ដី​តម្លៃ​ប្រហែល​២​លាន​ដុល្លារ​ នៅ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​២ខណ្ឌ​ឫស្សី​កែវ រាជ​ធានី​ភ្នំ​ពេញ ហើយ​មាន​ការ​សន្យាថា​ លោក រដ្ឋា នឹង​ទទួល​បាន​ប្រាក់​ចំនួន៥០០​.០០០​ដុល្លារប្រសិន​បើ​​ការ​លក់​ដី​​នេះបាន​ជោគ​ជ័យ”។

លោកសៅនឿនបាន​មាន​ប្រសា​សន៍ថានៅ​ពេល​ដែល​លោកសារ៉ាន់មិន​​បានទទួល​ប្រាក់​នោះ លោក​បាន​បន្ថយ​ការ​ទាមទារ​របស់​លោក​មកនៅ​ត្រឹម​២៥០.០០០​ដុល្លារវិញ​ ក៏​ប៉ុន្តែ​មូល​ប្បទាន​បត្រ​ទាំង​បី​ដែល​មួយ​មាន​ទឹកប្រាក់​ចំនួន​១១០​.០០០​ដុល្លារ​និង​មួយ​ទៀត​មាន​ចំនួន​​១៤០.០០០​ដុល្លារនោះ តាមពិត​សុទ្ធ​តែ​ជា​មូល​ប្ប​ទានបត្រក្លែង​ក្លាយ​ទាំងអស់​។

លោក​ចៅ​ក្រម​ជំនំុ​ជម្រះ​ គឹម ដានី បាន​មាន​ប្រសាសន៍​ថាលោក​មិន​ដឹង​ថាហេតុ​អ្វី​ លោក​ រដ្ឋាអវត្តមាន​​មិនចូល​ខ្លួនក្នុង​តុលាការទេ​ ក៏​ប៉ុន្តែ លោក​បាន​មាន​ប្រសាសន៍​ថា លោករដ្ឋាមិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ដីកា​កោះ​ហៅ​​​ពី​តុលាការ​នោះ​ឡើយ។

លោក​មេធាវី សៅ នឿន បាន​​ស្នើ​ឲ្យ​តុលាការ​ចេញ​ដីកាចាប់​ខ្លួន​លោករដ្ឋា។  លោក​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​គិត​ថាជន​សង្ស័យ​មាន​បំណង​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​របស់​កូន​ក្តី​ខ្ញុំ​ ដូច្នេះ​តុលាការ​ត្រូវ​តែ​ចេញ​ដីកាចាប់​ខ្លួន​”។

នៅ​ក្នុង​រឿង​ក្តី​ដោយ​ឡែក​មួយ​ទៀត​ សាលា​ឧទ្ធរណ៍​ បាន​ចេញ​ដីកា​ចាប់​ខ្លួនលោក​រដ្ឋាកាល​ពី​ក្នុង​ខែ​តុលា ប៉ុន្តែគេ​មិន​ច្បាស់​ថាតើ​គាត់​ត្រូវ​បាន​តាម​ចាប់​ខ្លួន​ពី​បទ​អ្វី​នោះ​ទេ។

លោកឧត្តមសេនីយ៍ឯក  យឹម  លាង ​ប្រធាន​​អង្គភាព​កង​អង្គរក្ស​របស់​លោកជាស៊ីមបាន​មាន​ប្រសាសន៍​ថា លោក រដ្ឋា លែង​ជា​ទី​ប្រឹក្សា​​របស់​លោក​ ជាស៊ីមទៀត​ហើយ​។

លោក​ឧត្តមសេនីយ៍បាន​មាន​ប្រសាសន៍​បន្ថែមទៀតថា “ លោករដ្ឋា ត្រូវ​បាន​បញ្ឈប់​ពី​តួ​នាទី​​ជា​ទី​ប្រឹក្សា​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១២​ហើយ  ពី​ព្រោះ​​យើង​បាន​ទទួល​លិខិត​​ពី​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញអំពី​បញ្ហា​របស់​គាត់​”៕​​​​​

ប្រែសម្រួលដោ​យ ចេវ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស