កាលពីម្សិលមិញ កម្មកររោងចក្រប្រហែល២.០០០នាក់ធ្វើការនៅរោងចក្រផ្គត់ផ្គង់សម្លៀកបំពាក់ឲ្យក្រុមហ៊ុនអាមេរិក យីហោ លីវ៉ាយ ស្រ្តស (Levi Strauss) ក្រុមហ៊ុន ហ្គេប(Gap)និងក្រុមហ៊ុន អូលណេវី(Old Navy) ត្រូវបានកម្លាំងសន្តិសុខរារាំងកាលពីម្សិលមិញ ខណៈពេលពួកគេប៉ុនប៉ងដើរក្បួនតវ៉ាពីខេត្តកណ្តាលទៅកាន់ក្រសួងការងារដើម្បីតវ៉ាទាមទារអត្ថប្រយោជន៍បន្ថែមទៀតនិងប្រាក់បំណាច់ការងារ។
ការតវ៉ានៅមុខរោងចក្រ ថៃយ៉ាង អីុនធើ ប្រាយ( Tai Yang Enterprises)នៅក្នុងស្រុកអង្គស្នួលនេះបានកើតឡើងចាប់តាំងពីខែឧសភាមកម្លេ៉ះ ពេលដែលកម្មករបានដឹងថារោងចក្រនេះបានប្តូរឈ្មោះទៅជាថៃណាន (Tai Nan) ហើយពួកគេព្រួយបារម្ភខ្លាចបាត់បង់ប្រាក់បំណាច់របស់ពួកគេ។កម្មករក៏បានទាមទារថ្លៃធ្វើដំណើរនិងថ្លៃឈ្នួលផ្ទះប្រចាំខែសរុបចំនួន៣០ដុល្លារផងដែរក្នុងម្នាក់ៗ។
ក្រុមកម្មករគ្រោងដើរក្បួនតវ៉ាពីរោងចក្រទៅក្រសួងការងារក្នុងរាជធានីភ្នំពេញក្រោយមកបន្តទៅស្ថានទូតអាមេរិកនិងទៅគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដាក់ញតិ្តទាមទាររបស់ពួកគេ។ប៉ុន្តែក្រុមកម្មករត្រូវបានមន្រ្តីកងរាជអាវុធហត្ថនិងនគរបាលរារាំង ក្រោយពីពួកគេបានមកដល់សង្កាត់ចោមចៅ ហើយសន្យាថា ក្រសួងការងារនឹងជួយដោះស្រាយបញ្ហារបស់ពួកគេ។
កម្មការិនី ឌុច ចិន្តា អាយុ២៨ ឆ្នាំបាននិយាយថា“យើងមិនបានដើរក្បួនតវ៉ាទៅកាន់ក្រសួងការងារនោះទេ ពីព្រោះកងកម្លាំងប្រដាប់អាវុធបានរារាំងយើង ហើយប្រាប់ថា ពួកគេនឹងជួយដោះស្រាយបញ្ហានេះ”។គាត់បានបន្ថែមទៀតថា នគរបាលបានរុញច្រានពួគគេដោយខែលនិងដំបងហើយបានបណ្តាលឲ្យរងរបួសតិចតួច។
លោកទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា នគរបាលមិនចង់ឲ្យកម្មករទាំងនោះដើរក្បួនតវ៉ានៅតាមផ្លូវជាតិលេខ៤នោះទេ ពីព្រោះវានឹងបណ្តាលឲ្យកកស្ទះចរាចរណ៍។ លោកបន្ថែមថា “រាល់ពេលកម្មករដើរដង្ហែក្បួននិងនគរបាលព្យាយាមរារាំងពួកគេនោះតែងតែមានការប្រវាយប្រតប់គ្នា”។
លោក សាត សាមុត អនុរដ្ឋលេខាក្រសួងការងារ ថ្លែងថា កិច្ចប្រជំុរវាងតំណាងសហជីពនិងបុគ្គលិកក្រុមហ៊ុនមិនមានផ្លែផ្កាទេ។ លោកអះអាងថា “យើងមិនអាចទទួលបានដំណោះស្រាយឥឡូវនេះទេ ហើយថ្ងៃស្អែកយើងនឹងពិភាក្សាម្តងទៀត។ភាគីទាំងពីរបានលើកបញ្ហាជាច្រើន ហើយយើងនឹងពិភាក្សាពីបញ្ហាទាំងនេះ”។
លោកស្រី ម៉ាយលីន ចឹង(Mylinh Cheng)ប្រធានផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយប្រចាំតំបន់អាសុីប៉ាសុីហ្វិករបស់ក្រុមហ៊ុនលីវ៉ាយ ស្រ្តស បានមានប្រសាសន៍ថា ក្រុមហ៊ុនលីវ៉ាយ ស្រ្តស កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការតវ៉ានៅរោងចក្រថៃយ៉ាង អីុនធើ ប្រាយ។
លោកស្រី ចឹង បានមានប្រសាសន៍បន្តដូច្នេះទៀតថា “យើងលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធរកដំណោះស្រាយប្រកបដោយការទទួលខុសត្រូវ”។
ក្រុមហ៊ុន លីវ៉ាយ ស្រ្តស បន្តធ្វើការជាមួយកម្មវីធីរោងចក្រល្អប្រសើររបស់អង្គការពលកម្មអន្តរជាតិ(ILO)ដើម្បីជួយគាំទ្រសិទ្ធិកម្មករ និងបានលើកកម្ពស់ទំនាក់ទំនងឧស្សាហកម្មក្នុងប្រទេសកម្ពុជា៕ប្រែសម្រួលដោយ លី ដារ៉ូ