31 C
Phnom Penh

​ក្រុម​កសិករ​ស្រែ​អំបិល​មិន​អាច​ប្រមូល​ផល​អំបិល​បាន​គ្រប់​គ្រាន់​ទេដោយ​សារ​ភ្លៀង​ធ្លាក់​ច្រើន​ពេក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កសិករ​ស្រែ​អំបិល​បាន​ឲ្យ​ដឹង​កាល​ពីម្សិល​​មិញ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​ខែ​មេសា និង​ខែ​ឧសភា​  បាន​ធ្វើ​ឲ្យ​ទិន្នផល​អំបិល​នៅក្នុង​ខេត្ត​កែប​ និង​ខេត្ត​កំពត​ ធ្លាក់​ចុះ​​ចំនួន​មួយ​​ភាគ​​បី​ បើទោះ​ជា​ក្រុម​កសិករ​បានពន្យារ​ពេល​ប្រមូល​​ផល​អំបិលរយៈ​ពេល​មួយ​ខែ​បន្ថែម​ទៀត​ហើយក៏​ដោយ​។

លោក​ អ៊ំុ ឈុន ប្រធាន​សហគមន៍​ផលិត​អំបិល​កែប​-កំពត ​បាន​ឲ្យ​ដឹង​ថា ​កាល​ពី​ឆ្នាំ​មុន​ កសិករ​ស្រែ​អំបិល​មាន​លទ្ធភាព​ប្រមូល​ផល​អំបិល​បាន​ចំនួន​៩០.០០០​តោន​ លើ​ផ្ទៃ​ដី​ចំនួន​៤.៥០០​ហិកតា។

ប៉ុន្ដែ​ទិន្នផល​អំបិល​ឆ្នាំ​នេះ​បានធ្លាក់​ចុះ​មក​នៅត្រឹម​តែ​៦០.០០០​តោន​​ប៉ុណ្ណោះ​។ ការ​ធ្លាក់​ចុះនេះ​នៅ​តែ​កើត​មានឡើង​ ទោះ​បី​ជា​កសិករ​បានសម្រេច​ចិត្ត​បន្ដ​ប្រមូល​ផល​អំបិល​រយៈ​ពេល​មួយ​ខែ​បន្ថែម​ ដោយ​បាន​បន្ត​ប្រមូល​ផលរហូត​ដល់​ខែ​ឧសភា ដើម្បី​​ដោះ​ស្រាយ​បញ្ហា​​ដោយ​សារ​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​ហើយ​ក៏​ដោយ។

លោក អ៊ុំ ឈុន​ បាន​មាន​ប្រសាសន៍ថា “​ទឹកភ្លៀង​ គឺ​ជា​បញ្ហាមួយ​ដែល​ធ្វើ​ឲ្យ​​កសិករ​របស់​យើង​មិន​អាច​ប្រមូល​ផល​អំបិលបាន​ច្រើន​​។ យើងបាន​បន្ដប្រមូលផល​អំបិល​រយៈ​ពេល​មួយ​ខែ​បន្ថែម​ទៀត​ដែរ ប៉ុន្ដែនៅ​តែ​​ប្រមូល​ផលអំបិលបន្ថែម​បាន​​​តិច​​ ដោយ​សារ​តែភ្លៀង​​ចេះ​តែ​បន្ដ​ធ្លាក់​ខ្លាំង​។ទោះជា​យា៉ង​ណា​ យើង​នៅ​តែ​​មានអំបិល​​គ្រប់គ្រាន់​​សម្រាប់​​ឆ្នាំ​នេះ ដោយសារ​យើង​មាន​សល់​នៅ​ក្នុង​ស្តុក​ច្រើន​​”។

លោក​ អ៊ុំ​ ឈុន​ បានមាន​ប្រសាសន៍បន្ថែម​ទៀតថា ​ទោះ​ជា​ទិន្នផល​អំបិល​បានធ្លាក់​ចុះ​ក៏​ដោយ ក៏​តម្លៃ​អំបិលនៅ​តែ​មាន​តម្លៃ​ថេរ​ដដែលទេ​ ​គឺ​​​ប្រហែល​២០០​រៀល​ (០,០៥​ដុល្លារ) ក្នុង​​មួយ​គីឡូក្រាម​ ដោយ​សារ​តែ​​​អំបិល ដែល​នៅ​សល់​​ក្នុង​ស្តុក ​កាល​ពី​ឆ្នាំ​មុន​ត្រូវ​បាន​បញ្ចេញ​លក់​។

លោក​ ស៊ុន​ នួន​ អ្នក​ផលិត​អំបិល​នៅក្នុង​ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ បាន​និយាយ​ថា​ ខ្លួន​មាន​លទ្ធ​ភាព​ប្រមូល​ផល​អំបិល​បាន​ប្រមាណ​១.០០០​តោន​បន្ថែម​ទៀត​ កាល​ពី​ខែ​មុន​ ដើម្បីបង្កើនទិន្នផល​អំបិល​សរុប​របស់​ខ្លួន​ឲ្យបាន​ចំនួន​២.០០០​តោន​។  ប៉ុន្ដែ បរិមាណ​នេះ​នៅ​តែ​ទាប​ខ្លាំងជាង​បរិមាណ​អំបិល​ចំនួន ​៣.៦០០​តោន​ ដែលលោក​ប្រមូល​បាន​ កាល​ពី​ឆ្នាំ​មុន​។ ​ លោក​ ស៊ុន ​នួន​ បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌​មាន​​ថា “ វា​នៅ​មិន​ទាន់គ្រប់​គ្រាន់ទេ​។ ឆ្នាំ​នេះ​យើង​នឹង​រង​ការ​ខាត​បង់ ពី​ព្រោះ​យើង​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ទៅ​លើ​កម្លាំង​ពលកម្ម​ និង​ប្រេង​សាំង​”។ ​

លោក ស៊ុន នួន​ បាន​និយាយបន្តទៀត​ថា “ទាល់​តែ​យើង​​ប្រមូល​ផល​អំបិល​​ បាន​​ចំនួន ៣.៦០០​តោន​ ទើប​យើង​អាច​រក​ប្រាក់​ចំណេញ​បាន​”។  គួរ​បញ្ជាក់​ថា តម្លៃ​អំបិល​ បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ចាប់​តាំង​ពី​​ឆ្នាំ​២០១០​មក​ ពេល​ដែល​​តម្រូវ​ការ​មាន​ចំនួនតិច​ជាង​ការ​ផ្គត់​ផ្គង់​ខ្លាំង ​នៅ​តាម​ទី​ផ្សារ​ក្នុង​ស្រុក​។

ការ​លិច​លង់​ធ្ងន់​ធ្ងរ​ ដោយសារ​ទឹក​ភ្លៀង​បាន​ធ្វើ​ឲ្យ​ផ្ទៃ​ដី​ស្រែ​អំបិល​ជិត​១.៥០០​ហិក​តា​រង​ការ​ខូច​ខាត​នាឆ្នាំ​​នោះ​។ ការ​ធ្លាក់​ចុះ​បរិមាណ​អំបិល​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នេះ មាន​ន័យ​ថា ប្រទេសកម្ពុជា​​​ត្រូវ​​នាំ​ចូល​អំបិល​រាប់​ពាន់​តោន​ពី​ប្រទេស​ចិន​ ដើម្បី​បំពេញ​តម្រូវ​​ការក្នុង​ស្រុក​ ហើយ​តម្លៃ​នៅ​តាម​ទីផ្សារ​ក្នុង​ស្រុក ​បាន​​កើនឡើង​​ដល់​ទៅ​២១.០០០​រៀល​ (៥,២៥​ដុល្លារ) ក្នុង

​​​មួយ​ការុ៉ង​ ​ដែល​មាន​ទម្ងន់៥០គីឡូ​ក្រាម​៕

ប្រែ​សម្រួល​ដោយហួង​ កុកទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស